ការកើនឡើងចំនួនសហគមន៍នៅសហរដ្ឋអាមេរិក កំពុងប្រឈមទៅនឹងការពិតថ្មីមួយ។ ពួកគេកំពុងអស់កន្លែងបញ្ចុះសព ដែលនាំឲ្យការបញ្ចុះសពតាមប្រពៃណី ជាពិសេសនៅទីក្រុងមានតម្លៃថ្លៃយ៉ាងខ្លាំង។ ជនជាតិអាមេរិកកាន់តែច្រើនកំពុងជ្រើសរើសយកការបូជាសពវិញ។ ក្រុមហ៊ុនថ្មីមួយផ្តល់កន្លែងពិសេស ដើម្បីបញ្ចុះអដ្ឋិធាតុដែលបានបូជារួច។
ម៉ារី អេនហៀលី (Mary Anne Healy) និងម៉ារីយ៉ុន អេបើហាឌ (Marion Eberhardt) ដើរចុះតាមផ្លូវធំមួយ ដែលនៅអមសងខាងដោយព្រៃក្រាស់។ បើទោះជាមើលទៅដូចជាកន្លែងអភិរក្សព្រៃឈើក៏ដោយ តែវាគឺជាកន្លែងបញ្ចុះអដ្ឋិធាតុ។ ហៀលី និងអេបើហាឌកំពុងរកដើមឈើមួយប្រភេទ នៅតាមចិញ្ចើមផ្លូវដែលជាកន្លែងមួយដែលពួកគេជ្រើសរើសសម្រាប់ជាកន្លែងចុងក្រោយនៅពេលគេស្លាប់។
នេះជាព្រៃឈើបរិស្ថានអមត (Eco Eternity Forest) ដែលជាកន្លែងមួយក្នុងចំណោមកន្លែងបួននៅអាមេរិក។ លោក ជេកស៍ ឡូវ៉េ (Jack Lowe) ជាប្រធានក្រុមហ៊ុន ដែលបានបើកកន្លែងនេះ ដែលជាព្រៃសម្រាប់បញ្ចុះអដ្ឋិធាតុលើកដំបូងនៅរដ្ឋវើជីញៀ (Virginia) កាលពីខែតុលាឆ្នាំ២០០៧។ លោកថ្លែងថា៖
«យើងបានបើកពីរកន្លែងទៀតក្នុងឆ្នាំ២០០៨ និងមួយកន្លែងក្នុងឆ្នាំ២០០៩។ យើងមិនបានបើកកន្លែងណាផ្សេងទៀតទេនៅឆ្នាំនេះ ប៉ុន្តែយើងមានប្រហែល៦កន្លែង នៅក្នុងដំណាក់កាលអភិវឌ្ឍ។ មានមនុស្ស៥៣នាក់ ដែលត្រូវបានបញ្ចុះអដ្ឋិធាតុនៅក្នុងព្រៃទាំងបួននោះ ហើយមានមនុស្សប្រហែលពី២៧០នាក់ទៅ២៨០នាក់ បានកក់កន្លែងទុករួចជាស្រេច»។
ទស្សនៈស្តីពីការបញ្ចុះសពនៅក្នុងព្រៃហាក់ដូចជាបានចាប់ផ្តើមនៅក្នុងប្រទេសស្វីស។ ទស្សនៈនេះក៏មានប្រជាប្រិយភាពនៅកូរ៉េខាងត្បូងដែរ។ លោកឡូវ៉េមានប្រសាសន៍ថា ហេតុផលមួយដ៏សំខាន់ ដែលពលរដ្ឋអាមេរិកចាប់អារម្មណ៍ចំពោះទស្សនៈនោះគឺតម្លៃ។ បើទោះជាការចំណាយខុសគ្នាទៅតាមទីតាំងក៏ដោយ បុណ្យសពតាមប្រពៃណីអាមេរិក ដែលបូកបញ្ចូលទាំងក្តារមឈូស និងការផ្តល់សេវាសម្រាប់អ្នកចូលរួមទាំងឡាយ ត្រូវចំណាយប្រាក់ប្រហែល១ម៉ឺនដុល្លារ ហើយជារឿយៗច្រើនជាងនេះទៀតផង។ តាមការប្រៀបធៀប លោកឡូវ៉េបានឲ្យដឹងទៀតថា៖
«ទាំងការបូជាសព ការបញ្ចុះអដ្ឋិធាតុនៅក្នុងព្រៃ និងអ្វីៗគ្រប់យ៉ាង មានតម្លៃប្រហែលជា២ពាន់៨០០ដុល្លារ»។
លោកឡូវ៉េនិយាយថា អតិថិជនរបស់លោកភាគច្រើនពិតជាគ្មានគម្រោងដើម្បីធ្វើបុណ្យសព និងបញ្ចុះសពរបស់ពួកគេទេ ឬសូម្បីតែអដិ្ឋធាតុរបស់អ្នកដែលទើបតែស្លាប់ថ្មីៗ។ លោកមានប្រសាសន៍ថា៖
«ជាង៥០ភាគរយនៃជំនួញរបស់យើងចាប់ផ្តើមជាមួយអ្នកដែលមានអដ្ឋិធាតុនៅផ្ទះ»។
អ្នកស្រីខារ៉ូល សថែល (Carol Sawtell) ជាមនុស្សម្នាក់ក្នុងចំណោមអ្នកទាំងអស់នោះ។ ស្វាមីរបស់អ្នកស្រី ឈ្មោះរ៉ូប៊ើត (Robert) បានស្លាប់តាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ អ្នកស្រីមានប្រសាសន៍ថា៖
«ខ្ញុំទុកអដ្ឋិធាតុរបស់គាត់នៅក្នុងកោដ្ឋដ៏ល្អ និងគួរឲ្យស្រឡាញ់នៅលើធ្នើរស្ថិតនៅក្នុងបន្ទប់គេងរបស់ខ្ញុំ។ ខ្ញុំនឹងរក្សាទុកអដ្ឋិធាតុនេះរហូតដល់ខ្ញុំស្លាប់ ហើយឲ្យគេយកអដ្ឋិធាតុទាំងពីរ ទៅបាចចោលនៅលើភ្នំខាសខេដ (Cascade Mountains) ជាមួយគ្នា ប៉ុន្តែខ្ញុំមិនទាន់អាចរកនរណាម្នាក់ ដែលស្ម័គ្រចិត្តបាចអដ្ឋិធាតុរបស់ខ្ញុំពីលើយន្តហោះបានសោះ។ អញ្ចឹង ខ្ញុំនឹងឲ្យគេយកអដ្ឋិធាតុរបស់ខ្ញុំបញ្ចុះនៅទីនេះដែរ»។
អដ្ឋិធាតុត្រូវបានបញ្ចុះនៅក្នុងព្រៃបរិស្ថានអមត ដោយដាក់អដ្ឋិធាតុនៅនឹងឬសឈើ ក្នុងកោដ្ឋដែលផលិតពីម្សៅពោតដែលមានលក្ខណៈបរិស្ថាន។ បន្ទះទង់ដែងតូចមួយដែលសរសេររំឭកដល់អ្នកជាទីស្រឡាញ់ ត្រូវបានភ្ជាប់ខាងក្រោយដើមឈើនោះ ដូច្នេះអ្នកមិនអាចមើលឃើញបន្ទះទាំងនោះបានទេ នៅពេលដែលអ្នកដើរតាមផ្លូវព្រៃនោះ។ កន្លែងធម្មជាតិគឺជារឿងមួយ ដែលទាក់ទាញអេបើហាឌ និងហៀលី។
អេបើហាឌ ពោលថា៖ «ព្រៃនេះស្រស់ស្អាតណាស់។ ហើយ យើងស្ថិតនៅក្នុងកោដ្ឋមានលក្ខណៈបរិស្ថាន ដែលនឹងរលាយ ហើយផ្តល់ជីវជាតិដល់ដើមឈើ។ ខ្ញុំពេញចិត្តគំនិតទាំងអស់នេះ»។
ហៀលី៖ «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនបំពុលផែនដីទេ»។
យោងតាមព្រឹត្តិប័ត្រណែនាំរបស់ក្រុមហ៊ុន «ដើមឈើនឹងស្រូបយកសារធាតុចិញ្ចឹមពីអដិ្ឋធាតុទាំងអស់នោះ»។ យោងតាមលោក រីក ដូសុន ដែលទទួលបានការគោរពខ្ពស់ នេះគឺជាវិធីលាចាកលោកដោយមានលក្ខណៈជួយបរិស្ថានជាងការបញ្ចុះសពតាមលក្ខណៈប្រពៃណីអាមេរិក។ លោកថ្លែងថា៖
«នៅពេលយើងចាប់ផ្តើមពិនិត្យមើលអំពីរបៀបបញ្ចុះសពមនុស្ស ដោយមានសារជាតិគីមីទាំងឡាយដែលត្រូវបានដាក់នៅសាកសព ហើយនឹងទំហំដីដែលយើងប្រើ វាហាក់ដូចជាយើងប្រើប្រាស់បរិស្ថានមិនបានល្អទេ។ ដូច្នេះ ការធ្វើបែបនេះ យើងកំពុងបម្រើសហគមន៍ ប៉ុន្តែយើងក៏កំពុងបម្រើព្រះ និងពិភពលោកដែរ តាមរយៈការផ្តល់កន្លែងបែបនេះ»។
លោកដូសុន បព្វជិតគ្រិស្តប្រូតេស្តង់ ជានាយកប្រតិបត្តិជំរំ Camp High Road ដែលជាជំរំ និងកន្លែងស្ងប់ស្ងៀមសម្រាប់រដូវក្តៅនៃសាសនាគ្រិស្តប្រូតេស្តង់ ដែលគ្រប់គ្រងព្រៃឈើទំហំមួយហិកតា។ ដីនេះជាតំបន់ទ្រនាប់រវាងសហគមន៍ និងការបោះជំរំ ចាប់តាំងពីតំបន់នេះ ត្រូវបានបង្កើតឡើងកាលពីជាង៦០ឆ្នាំមុន។ សម្រាប់លោកដូសុន ការប្រែក្លាយព្រៃឈើនេះទៅជាទីតាំងបញ្ចុះសពមានភាពល្អឥតខ្ចោះត្រូវនឹងសាសនារបស់លោក។ លោកមានប្រសាសន៍ថា៖
«យើងធ្វើពិធីមុជទឹកលាងបាបនៅទីនេះ។ យើងឲ្យក្មេងៗមកបោះជំរំនៅកន្លែងនេះ។ ពួកគេ មកកន្លែងនេះដើម្បីស្វែងរកភាពស្ងប់ស្ងៀម។ ពួកគេមករៀបការនៅទីនេះ។ ដូច្នេះគំនិតនេះគឺល្អឥតខ្ចោះសម្រាប់ពួកយើង»។
មានដើមឈើចំនួន៣០០ដើម ដែលត្រូវបានជ្រើសរើសធ្វើជា «បូជនីយដ្ឋានមានជីវិត»។ ដើមឈើទាំងអស់ត្រូវបានដាក់លេខសំគាល់ និងអាចរកឃើញនៅលើផែនទីនៅច្រកចូលព្រៃនេះ។ ដើមឈើខ្លះត្រូវបានកក់ទុកពីសំណាក់ក្រុមគ្រួសារ ឬក្រុមមិត្តភ័ក្តិទាំងឡាយ។ ដើមឈើខ្លះជារបស់សហគមន៍ ដែលបុគ្គលម្នាក់ៗអាចរក្សាកន្លែងទុក។
យោងតាមលោក ជេកស៍ ឡូវ៉េ ប្រធានព្រៃឈើបរិស្ថានអមត ថ្លៃឈ្នួល៤ពាន់៥០០ដុល្លារសម្រាប់ដើមឈើមួយដើម ឬ៩០០ដុល្លារសម្រាប់កន្លែងមួយនៅក្នុងព្រៃសហគមន៍ ជួយថែរក្សាព្រៃឈើ ដែលការធានាលើកិច្ចសន្យាជួលនឹងត្រូវបានរក្សាទុកសម្រាប់រយៈពេល៩៩ឆ្នាំ។ លោកបន្តថា៖
«នេះជាការបង្កើតដោយព្រះ ហើយទឹកដីនេះមានលក្ខណៈធម្មជាតិ។ នៅពេលដែលមនុស្សមកទីនេះ ពួកគេគ្មានអារម្មណ៍ថា ពួកគេស្ថិតនៅក្នុងទីតាំងបញ្ចុះសពទេ។ ពួកគេមកទីនេះដើម្បីនៅជាមួយអ្នកជាទីស្រឡាញ់ ប៉ុន្តែក៏នៅជាមួយព្រះ និងធម្មជាតិផងដែរ។
លោក ដូសុន ដែលទទួលបានការគោរពខ្ពស់ និយាយថា ដូចដែលវិហារសាសនាគ្រិស្តប្រូតេស្តង់ចាប់អារម្មណ៍ ឥឡូវនេះ ព្រៃឈើជាទីកន្លែងស័ក្តិសិទ្ធិ ហើយព្រៃឈើនៅទីនេះ មិនត្រឹមតែមានរយៈពេល៩៩ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែនៅជារៀងរហូត៕
ប្រែសម្រួលដោយ លី សុខឃាង