ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សីថា សម្តេចឪ​នរោត្តម សីហនុ​គង់​នៅ​ភ្នំពេញ​រហូត​ដល់​កងទ័ព​វៀតណាម​ចូល​ដល់​


សម្តេចឪ ​នរោត្តម​ សីហនុ​
សម្តេចឪ ​នរោត្តម​ សីហនុ​
ភ្នំពេញ៖ សាក្សី​សក្តានុពល​ លោក​រចឹម ​ទន់ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប៉ុល​ ពត​ និង​អៀង​ សារី​ បាន​រៀបចំ​ជម្លៀស​សម្តេចឪ ​នរោត្តម​ សីហនុ​ ពី​ទីក្រុងភ្នំពេញ​នៅ​ពេល​ដែល​កងទព័វៀតណាម​ហៀបនឹង​កាន់​កាប់​ទីក្រុង​នេះ​ទាំងស្រុង។

យោងតាម​ឯកសារ​នានា អតីត​ព្រះមហាក្សត្រ ​នរោត្តម​ សីហនុ ​បានក្លាយ​ជា​ប្រមុខរដ្ឋ​ដែល​គ្មាន​អំណាច​ក្នុង​របប​ខ្មែរក្រហម​រហូត​ដល់​ឆ្នាំ ​១៩៧៦។ បន្ទាប់​មក​មុខ​ដំណែង​នេះ​ត្រូវ​ប្រគល់​ឲ្យទៅ​ខៀវ សំផន។ ថ្វីបើ​គ្មាន​តួនាទី​ក្នុង​ការដឹកនាំ ព្រះអង្គ​បាន​ស្ថិត​នៅ​ក្នុង​របប​ខ្មែរក្រហម​រហូត​ដល់​ពួក​ខ្មែរក្រហម​ត្រូវ​បាន​ផ្តួល​រំលំ​ដោយ​កងទ័ព​វៀតណាម​សហការ​ជាមួយ​នឹង​កងទ័ព​តស៊ូ​កម្ពុជា​នៅ​ថ្ងៃ​ទី​៧ ​ខែ​មករា​ ឆ្នាំ ​១៩៧៩។

លោក​រចឹម​ ទន់​ បាន​ឆ្លើយ​សំណួរ​របស់​សហ​មេធាវី​អន្តរជាតិ​របស់​អៀង​ សារី ​គឺ​លោក​ ម៉ាយឃើល​ ខាណាវ៉ាស ​(Michiel Karnavas)​ តាមរយៈអ្នក​បកប្រែ​ថា៖

«បង​កែន​ទៅ​ហៅ​ខ្ញុំ។ គាត់​ថា​ តា​(ប៉ុល ពត) ​ចង់​ជួប។ ដល់​ពេល​ខ្ញុំ​ទៅ​ជួប​ គាត់​ថា​យប់​នេះ​ត្រូវ​តែ​ជម្លៀស​សម្តេចឪ​ទៅ​ទិស​ខាង​លិច។ ទៅ​ស៊ីសុផុន។ យ៉ាងម៉េច​ដែរ? ខ្ញុំ​ថា​អត់​បញ្ហា​អី​ទេ​ពីព្រោះ​ថា​នៅ​កំពង់ឆ្នាំង​ពួក​ខ្ញុំ​ក៏មាន​ដែរ នៅ​ពោធិ៍សាត់​ ហើយ​ដល់​បាត់ដំបង​ពួក​ខ្ញុំ​ក៏​មាន​ដែរ ហើយ​ដល់​ស៊ីសុផុន​ខ្ញុំ​ប្រាប់​គាត់​ថា កម្លាំង​ខ្ញុំ​ក៏​មាន​នៅ​ទៅ​នោះ​ដែរ។ គាត់​ថា​បើ​អញ្ចឹង​រៀបចំ​ទៅ»។

លោក​រចឹម​ ទន់​ បាន​អះអាង​យ៉ាង​ដូច្នេះ​ក្នុង​ការកាត់ទោស​សំណុំ​រឿង ​០០២ ​ដោយ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម។ សំណុំរឿង​នេះ​ដែល​មាន​ជនជាប់ចោទ ​នួន​ ជា​ អៀង ​សារី​និង​ខៀវ​ សំផន។

អតីត​ប្រធាន​មន្ទីរ​ប ១​របស់​ក្រសួង​ការបរទេស​ខ្មែរក្រហម​ដែល​ទទួល​បន្ទុក​ផ្នែក​ពិធីការ និង​រដ្ឋបាល​ផង​ដែរ លោក​រចឹម ​ទន់​ បាន​បញ្ជាក់​ថា ​លោក​អៀង​ សារី ​ដែល​កាលនោះ​ជា​រដ្ឋមន្ដ្រី​ការបរទេស​គឺជា​អ្នករៀបចំ​ក្បួន​ជម្លៀស​សម្តេចឪ​នរោត្តម​ សីហនុ ​ដោយ​ផ្ទាល់។

«អ៊ុំ​អៀង ​សារី​ គាត់​រៀបចំ​ល្អិត​ជាង​ទៀត។ គាត់​ឲ្យ​ក្មួយ​មក​មួយ​ទៀត​ពីព្រោះ​មាន​សម្តេចឪ​ផង សម្តេច​ប៉ែន​ នុត​ ផង។ គាត់​ថា ​សម្តេចឪ​ឡាន​ខ្មៅ​មួយ​ទៅ ​សម្តេច​ប៉ែន ​នុត ​ឡាន​ខ្មៅ​មួយ​ទៅ។​ហើយ​គាត់​ថា ​យោធា​ការពារ​យក​ឡាន​អាហ្ស៊ីប​ ខាង​មុខ​មួយ​ទៅ ​ខាង​ក្រោយ​មួយ​ទៅ។ ហើយ​ចេញ​ដំណើរ​ទាំង​យប់​ម៉ោង​៩ ​ដល់​បាត់ដំបង​ម៉ោង​៥​កន្លះ​ព្រឹក»។

យោងតាម​សក្សី​ជាច្រើន​បង្ហាញ​នៅ​ក្នុង​ការកាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ថា ​អតីត​ព្រះមហា​ក្សត្រ​បាន​យាង​ទៅ​ចុះ​ពិនិត្យ​មូលដ្ឋាន​របស់​ពួក​កងទ័ព​តស៊ូ​ខ្មែរក្រហម​ផង​ដែរ​មុន​នឹង​ពួក​នេះ​បាន​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី​១៧ ​ខែ​មេសា​ ឆ្នាំ ​១៩៧៥។ ព្រះអង្គ​ត្រូវ​បាន​លើក​ឲ្យ​កាន់​មុខ​ដំណែង​មួយ​រយៈ​ហើយ​ព្រះអង្គ​ធ្លាប់​បាន​អះអាង​ថា ព្រះអង្គ​ជា​ជនរងគ្រោះ​ម្នាក់​ដែរ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​នោះ។

ដោយឡែក​មុន​ពេល​កងទ័ពវៀតណាម​និង​កងទ័ព​រណសិរ្សសាមគ្គីសង្គ្រោះជាតិ​កម្ពុជា​ចូល​កាន់កាប់​ទី​ក្រុង​ភ្នំពេញ​ទាំង​ស្រុង​សម្តេចឪ ​នរោត្តម ​សីហនុ ​បាន​សម្រេច​ព្រះទ័យ​ចាកចេញ​ពី​កម្ពុជា​តាមការ​អម​ដំណើរ​ការពារ​របស់​ពួក​ខ្មែរក្រហម​បន្ត​ទៀត។ ហើយ​ក្រោយ​មក​ព្រះអង្គ​បាន​ថ្លែង​សុន្ទរកថា នៅ​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​នឹង​របប​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម​ក្នុង​ក្រុងភ្នំពេញ​និង​បាន​យាង​ទៅ​គង់​ជា​ប្រចាំ​នៅ​ប្រទេស​ចិន​និង​ប្រទេស​កូរ៉េ​ខាង​ជើង៕
XS
SM
MD
LG