ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​របស់​អភិបាល​រដ្ឋ Florida តាម​បណ្តាញ Twitter ជួប​បញ្ហា​បច្ចេកទេស​


អភិបាល​រដ្ឋ Florida ខាង​គណបក្ស​សាធារណរដ្ឋ លោក​ Ron DeSantis ប្រកាស​ថា ​លោក​នឹង​ចូល​រួម​ប្រកួត​ក្នុង​​ការ​បោះឆ្នោត​ប្រធានាធិបតីឆ្នាំ២០២៤​ កាលពី​ថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៣។​ Twitter @RonDeSantis/Handout via REUTERS
អភិបាល​រដ្ឋ Florida ខាង​គណបក្ស​សាធារណរដ្ឋ លោក​ Ron DeSantis ប្រកាស​ថា ​លោក​នឹង​ចូល​រួម​ប្រកួត​ក្នុង​​ការ​បោះឆ្នោត​ប្រធានាធិបតីឆ្នាំ២០២៤​ កាលពី​ថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៣។​ Twitter @RonDeSantis/Handout via REUTERS

អភិបាល​រដ្ឋ Florida ខាង​គណបក្ស​សាធារណរដ្ឋ លោក​ Ron DeSantis បាន​ចូល​រួម​ប្រកួត​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​ជា​ផ្លូវការ​ហើយ ដោយ​នឹង​ប្រឈមមុខ​ជាមួយ​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​គេ​សន្មត​ទុក​ជាមុន​គឺ​ប្រធានាធិបតី​ដែល​កំពុង​កាន់​តំណែង​បច្ចុប្បន្ន​ លោក Joe Biden។

ប៉ុន្តែ លោក DeSantis នឹង​ត្រូវ​ផ្តួល​សម្ព័ន្ធមិត្ត​ដែល​ឥឡូវ​ជា​គូប្រជែង​ដ៏​គួរ​ឲ្យ​ខ្លាច​របស់​លោក​ជាមុន​សិន​ គឺ​អតីត​ប្រធានាធិបតី លោក Donald Trump។

ពាក្យ​សម្តី​ដំបូង​របស់​លោក DeSantis ក្នុង​នាម​ជា​បេក្ខជន​ប្រធានាធិបតី ត្រូវ​បាន​បង្អាក់​ពេល​នៅ​ពេល​ការ​ជជែក​គ្នា​ជា​សំឡេង​តាម​កម្មវិធី Twitter Spaces ដែល​មាន​អ្នក​ស្តាប់​តាម​បណ្តាញ​អ៊ីនធឺណិត​រាប់​សែន​នាក់​កាល​ពី​យប់​ថ្ងៃ​ពុធ បាន​ជួប​បញ្ហា​បច្ចេកទេស​ជាច្រើន​ រួម​ទាំង​ការ​អត់​ឮ​សំឡេង​រយៈ​ពេល​យូរ​ជាច្រើន​ដង ពេល​ដែល​គេ​មិន​អាច​ឮ​សំឡេង​របស់​អ្នក​សម្របសម្រួល ​បេក្ខជន និង​ម្ចាស់​ក្រុមហ៊ុន Twitter លោក Elon Musk។

តែ​ការ​បើក​យុទ្ធនាការ​ឃោសនា​ជា​វីដេអូ​លើកដំបូង​របស់​លោក DeSantis ដំណើរ​ការ​ដោយ​រលូន​ជាង ដែល​ក្នុង​នោះ​លោក​បាន​ប្រកាស​ថា៖ «ខ្ញុំ​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី ដើម្បី​ដឹកនាំ​ការ​វិលត្រឡប់​មក​រក​ភាព​អស្ចារ្យ​របស់​អាមេរិក​យើង​ឡើង​វិញ»។
ការ​ស្ទង់មតិ​បង្ហាញ​ថា​ អភិបាល​រដ្ឋ​ Florida រូប​នេះ​ដែល​មាន​អាយុ​៤៤​ឆ្នាំ កំពុង​ឈរ​នៅ​លំដាប់​ទី​២​បន្ទាប់​ពី​លោក Trump ដែល​មាន​អាយុ​៧៧​ឆ្នាំ​នៅ​ខែ​ក្រោយ។

លោក Trump បាន​ព្យាយាម​បំបាក់​ទឹកចិត្តលោក​ DeSantis កុំ​ឲ្យ​ឈរ​ឈ្មោះ​ ដោយ​ព្រមាន​លោក DeSantis ថា លោក​នឹង​វាយប្រហារ​គូប្រជែង​របស់​លោក​ដោយ​ឥត​សំចៃ​មាត់​ទេ។ នេះ​ជា​វិធីសាស្ត្រ​មួយ​ដែល Trump បាន​ប្រើ​នៅ​ឆ្នាំ​២០១៦ ដើម្បី​ផ្តួល​គូប្រជែង​របស់​លោក​ខាង​គណបក្ស​សាធារណរដ្ឋ ហើយ​ទីបំផុត​លោក​បាន​ឡើង​កាន់​តំណែង​កំពូល​នៅ​សេតវិមាន។

ប៉ុន្តែ​អ្វី​ដែល​សារព័ត៌មានចាប់​អារម្មណ៍​ផ្សព្វផ្សាយ​នោះ​គឺ​ការ​អត់​ឮ​សំឡេង​រយៈ​ពេល​យូរ​ជាច្រើន​ដង​ក្នុង​អំឡុង​ពេល​ពិធី​បើក​យុទ្ធនាការ​ឃោសនា​តាម​បណ្ដាញ​អ៊ីនធឺណិត ដោយ​ម្ចាស់​ក្រុមហ៊ុន Twitter ​លោក Elon Musk ទម្លាក់​កំហុស​ទៅលើ​ការ​ចូល​ស្តាប់​ច្រើន​ហួស​សមត្ថភាព​កុំព្យូទ័រ​មេ​ (server) របស់​កម្មវិធី​នេះ។

ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​ដូច​ជា Fox News, The New York Times និង​ Politico ជា​ដើម​បាន​ហៅ​ការ​បើក​យុទ្ធនាការ​តាម​កម្មវិធី Twitter ​នេះ​ ថា ​ជា​មហន្តរាយ​បច្ចេកទេស៕

XS
SM
MD
LG