ប្រវត្តិសាស្ត្របង្ហាញថាការគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យក្នុងរដ្ឋសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិកអាចចប់នៅក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខនេះ។
ប៉ុន្តែ សេចក្តីសម្រេចគ្មានប្រជាប្រិយភាពរបស់តុលាការកំពូលដែលមានសមាជិកភាគច្រើនជាពួកអភិរក្សនិយមដើម្បីបញ្ចប់សិទ្ធិតាមរដ្ឋធម្មនុញ្ញនៃការរំលូតកូនអាចជាកាតាលីករមួយដែលប្រឆាំងនឹងប្រវត្តិសាស្ត្រ។
លោក Mark Rozell ជាព្រឹទ្ធបុរសនិងជាសាស្ត្រាចារ្យខាងគោលនយោបាយនិងរដ្ឋាភិបាលនៅសាកលវិទ្យាល័យ George Mason នៅរដ្ឋ Virginia។ លោកនិយាយថា៖ «ជាប្រវត្តិសាស្ត្រ គណបក្សនយោបាយរបស់ប្រធានាធិបតីសឹងតែបាត់បង់អាសនៈជានិច្ចក្នុងសភានៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ ដូច្នេះ បើការណ៍នេះគ្រាន់តែជាការបោះឆ្នោតធម្មតាមួយនៅពាក់ណ្តាលអាណត្តិ យើងរំពឹងថាពួកសាធារណរដ្ឋនឹងបានចំណេញច្រើនក្រាស់ក្រែល ជាពិសេសដោយសារវាមិនគ្រាន់តែជាទំនោរជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ តែដោយសារមានប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យដែលមិនសូវមានប្រជាប្រិយភាពផងដែរ»។
ការបោះឆ្នោតពាក់កណ្តាលអាណត្តិតែងតែធ្វើឡើងនៅពាក់កណ្តាលអាណត្តិរយៈពេលបួនឆ្នាំរបស់ប្រធានាធិបតីម្នាក់។ អាសនៈទាំងអស់ចំនួន ៤៣៥ នៃរដ្ឋសភា ដែលនៅទីនោះក្រុមសមាជិកបម្រើការក្នុងអាណត្តិពីរឆ្នាំ និងអាសនៈចំនួន ៣៥ក្នុងបណ្តាអាសនៈទាំងអស់ចំនួន ១០០ នៃព្រឹទ្ធសភានឹងដាក់ឱ្យមានការបោះឆ្នោតជ្រើសរើសឡើងវិញ។
នៅទូទាំងប្រទេស អាសនៈក្នុងអង្គនីតិបញ្ញត្តិរបស់រដ្ឋជាច្រើននិងប្រមាណពាក់កណ្តាលនៃតំណែងអភិបាលរដ្ឋក៏ត្រូវបានដាក់ឱ្យមានការបោះឆ្នោតជ្រើសរើសឡើងវិញផងដែរ។ ដោយសារមានការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យក្នុងសភាសហរដ្ឋអាមេរិក ប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden បានទទួលជ័យជម្នះខាងនីតិបញ្ញត្តិជាច្រើនហើយលោកបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ឱ្យទៅជាច្បាប់ដោយពង្រឹងការគ្រប់គ្រងកាំភ្លើង រៀបចំហេដ្ឋារចនាសម្ព័ន្ធសហរដ្ឋអាមេរិកជាថ្មី ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនិងដាក់កម្រិតតម្លៃឱសថ។
លទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនឹងមានផលប៉ះពាល់ដល់លទ្ធភាពរបស់លោកក្នុងការបន្តអនុវត្តរបៀបវារៈរបស់លោកសម្រាប់ប្រទេសនៅរយៈពេលពីរឆ្នាំទៀតនៃអាណត្តិរបស់លោក។
លោកស្រី Mary Brennan ជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនិងជាព្រឹទ្ធបុរសមហាវិទ្យាល័យអក្សរសាស្ត្រនៃសាកលវិទ្យាល័យ Texas State ។ លោកស្រីនិយាយថា៖ «គណបក្សដែលមានសមាជិកភាគច្រើនក្នុងសភាគ្រប់គ្រងការតែងតាំងសមាជិកក្នុងគណៈកម្មាធិការនានា ហើយ...ពួកគេនឹងកំណត់អំពីបញ្ហាដែលនឹងត្រូវលើកយកទៅពិភាក្សាគ្នាក្នុងសភា។ លោកស្រីថ្លែងបន្ថែមទៀតថា៖ «ដោយសន្មតថាគណបក្សប្រឆាំងគ្រប់គ្រងសភា ពួកគេអាចរារាំងរបៀបវារៈប្រធានាធិបតីបាន»។
តាមប្រវត្តិសាស្ត្រ កាលពីសតវត្សរ៍មុន គណបក្សរបស់ប្រធានាធិបតីបានឈ្នះឆ្នោតទទួលអាសនៈច្រើននៅពាក់កណ្តាលអាណត្តិប្រធានាធិបតីតែបីដងប៉ុណ្ណោះ។ លើកទីមួយ កាលពីឆ្នាំ ១៩៣៤ នៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ គ្រាដែលលោក Franklin Delano Roosevelt ជាអគ្គមេបញ្ជាការកងយោធពលសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៨ នៅក្រោយការចោទប្រកាន់លោកប្រធានាធិបតី Bill Clinton ហើយនឹងនៅឆ្នាំ២០០២ គឺក្នុងរយៈពេលខ្លីនៅក្រោយការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
លោក Rozell និយាយថា៖ «ក្នុងករណីនីមួយៗក្នុងចំណោមករណីទាំងបីនេះ មានការគាំទ្រយ៉ាងខ្លាំងដល់ប្រធានាធិបតីកំពុងកាន់តំណែងដូចជានៅពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរកាលពីឆ្នាំ ១៩៣៤ ជាដើម។ ការប្ដឹងទម្លាក់លោក Clinton ពីតំណែងដែលត្រូវបានដឹកនាំដោយពួកសាធារណរដ្ឋ មិនទទួលបានប្រជាប្រិយភាព។ ហើយបន្ទាប់មក លោកប្រធានាធិបតី George W. Bush មានប្រជាប្រិយភាពខ្លាំងណាស់នៅឆ្នាំ២០០២នៅក្រោយការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១»។ លោក Rozellបានថ្លែងទៀតថា៖ «ដូច្នេះ ស្ថានការណ៍ទាំងបីនេះជាកាលៈទេសៈវិសាមញ្ញ។ កាលពី១០០ឆ្នាំមុននេះ នៅគ្រប់ពេលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី គណបក្សដែលគ្រប់គ្រងសេតវិមានបាត់បង់អាសនៈក្នុងចំនួនច្រើនគួរសម»។
ជាធម្មតា ចំនួនអ្នកទៅបោះឆ្នោតនៅពាក់កណ្តាលអាណត្តិប្រធានាធិបតីមានតិចជាងនៅពេលបោះឆ្នោតប្រធានាធិបតី។ អត្រា ៥៣ ភាគរយនៃពលរដ្ឋមានសិទ្ធិបោះឆ្នោតបានទៅបោះឆ្នោតកាលពីឆ្នាំ២០១៨ ដែលជាចំនួនច្រើនបំផុតនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងពេលបួនទសវត្សរ៍កន្លងមកនេះ។
នៅឆ្នាំ២០១៤ មានតែ ៤១,៩ ភាគរយនៃក្រុមជនមានសិទ្ធិបោះឆ្នោតប៉ុណ្ណោះដែលបានទៅបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី ចំណែកឯ ៦៦,៨ ភាគរយនៃពលរដ្ឋមានសិទ្ធិបោះឆ្នោតបានបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០២០។
លោកស្រី Brennan ថ្លែងថា៖ «ហេតុផលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីមិនបានផ្តល់ជ័យជម្នះឱ្យគណបក្សកាន់អំណាច ពីព្រោះក្រុមអ្នកគាំទ្រពួកគេមានការពេញចិត្តស្រេចហើយ ដូច្នេះពួកគេនៅផ្ទះ មិនទៅបោះឆ្នោតទេ ហើយក្រុមមនុស្សដែលមិនសប្បាយចិត្តជាអ្នកដែលទៅបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី»។
ពួកសាធារណរដ្ឋសង្ឃឹមថា ក្រុមអ្នកបោះឆ្នោតនឹងថ្លឹងថ្លែងដាក់ទណ្ឌកម្មពួកប្រជាធិបតេយ្យអំពីអតិផរណាខ្ពស់ជាច្រើនទសវត្សរ៍មកនេះ ភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ច បញ្ហាធ្វើអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនរវាងសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិកដែលមិនអាចគ្រប់គ្រងបាន ការដកថយដោយច្របូកច្របល់របស់ក្រុមទាហានអាមេរិកាំងពីប្រទេសអាហ្វហ្គានីស្ថាននិងកត្តាឯទៀតៗ។
ក្រុមប្រជាធិបតេយ្យសង្ឃឹមថាសមិទ្ធផលរបស់ពួកគេនៅរដ្ឋធានីវ៉ាស៊ីនតោននិងដំណឹងច្រើនអំពីអតីតប្រធានាធិបតីលោក Donald Trump នៅក្នុងកាសែតនានានឹងជំរុញក្រុមអ្នកគាំទ្រស្នូលរបស់ពួកគេឱ្យទៅបោះឆ្នោត។
ពួកប្រជាធិបតេយ្យក៏សង្ឃឹមដែរថា ការមិនសប្បាយចិត្តរបស់សាធារណជនអំពីសេចក្តីសម្រេចកាលពីពេលថ្មីៗនេះដោយតុលាការកំពូលសហរដ្ឋអាមេរិកដែលសមាជិកភាគច្រើនជាពួកអភិរក្សនិយម នឹងបង្អាក់សន្ទុះរបស់ពួកសាធារណរដ្ឋនៅពេលបោះឆ្នោតលើកនេះ។
កាលពីខែមិថុនា តុលាការកំពូលបានប្រែក្រឡាស់សេចក្តីសម្រេចកាលពីពេលមុនអំពីការរំលូតកូន Roe v. Wade ដោយបញ្ចប់សិទ្ធិតាមរដ្ឋធម្មនុញ្ញជាច្រើនទសវត្សរ៍មកនេះរបស់ស្ត្រីក្នុងការរំលូតកូន ហើយទុកឱ្យរដ្ឋជាអ្នកសម្រេចថាតើគួរហាមប្រាមឬមួយអនុញ្ញាតឱ្យមានការរំលូតកូន។
ការស្ទង់មតិបង្ហាញថាការសម្រេចនេះរបស់តុលាការកំពូលគ្មានប្រជាប្រិយភាពទេក្នុងចំណោមក្រុមអ្នកបោះឆ្នោត ដោយរួមមានទាំងពួកអ្នកបោះឆ្នោតឯករាជ្យផងដែរដែលជាញឹកញយមានសារៈសំខាន់ក្រៃលែងក្នុងការប្រកួតប្រជែងដែលមានលក្ខណៈប្រកៀកប្រកិតគ្នារបស់គណបក្សទាំងពីរនេះ។
ប៉ុន្តែ តើការណ៍នេះ ជាមួយសេចក្តីសម្រេចឯទៀតៗរបស់តុលាការកំពូលដូចជាការធ្វើឱ្យទន់ខ្សោយដល់ការគ្រប់គ្រងកាំភ្លើងនិងបទបញ្ញត្តិបរិស្ថានជាដើម គ្រប់គ្រាន់ដែរឬទេដើម្បីផ្លាស់ប្ដូរលទ្ធផលនៃការបោះឆ្នោតនេះនិងធ្វើឱ្យក្រុមអ្នកបោះឆ្នោតដែលធ្លាប់តែមិនអើពើនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាំគ្នាទៅបោះឆ្នោត?
លោក Rozell និយាយថា៖ «យើងមានកាលៈទេសៈខ្លះក្នុងការបោះឆ្នោតបែបនេះដែលមិនធម្មតាដែលអាចធ្វើឱ្យសេចក្តីសម្រេចរបស់ក្រុមអ្នកបោះឆ្នោតខុសប្លែកពីធម្មតា។ ទាំងនេះជាអ្វីៗដែលអាចផ្លាស់ប្ដូរទម្លាប់»។
«សេចក្តីសម្រេចរបស់តុលាការកំពូលអំពីការរំលូតកូនជាឧទាហរណ៍មួយក្នុងឆ្នាំនេះ។
ការណ៍នេះប្រហែលកែប្រែថាមភាពនៃការប្រកួតប្រជែងមួយចំនួនដើម្បីកាន់កាប់អាសនៈក្នុងសភាសហរដ្ឋអាមេរិកនៅឆ្នាំនេះដែលមានការប្រជែងខ្លាំងដែលអនុគ្រោះដល់ពួកប្រជាធិបតេយ្យដោយសារសេចក្តីសម្រេចរបស់តុលាការកំពូលមិនមានប្រជាប្រិយភាពនៅទូទាំងប្រទេស»។
លោកស្រី Brennan និយាយថា៖ កត្តាសាមញ្ញនិងពិបាកកំណត់ច្រើនជាងមុនក៏រួមចំណែកនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាឆ្នាំនេះផងដែរ។
លោកស្រីថ្លែងថា៖ «មនុស្សច្រើនតែគិតថាការណ៍នេះមិនធ្វើឱ្យមានការខុសប្លែកច្រើនទេ។ វាមិនមែនជាការបោះឆ្នោតប្រធានាធិបតីទេ។ ពួកគេមិនបានឃើញការឃោសនាបោះឆ្នោតទាំងអស់ទេ។ ពួកគេមិនដឹងច្រើនទេ។ វាដូចជាអាកាសធាតុដែរ គឺថាមានភ្លៀង ខ្ញុំមិនអាចចេញទៅក្រៅបានទេ។ វាអាចក្តៅខ្លាំង ខ្ញុំមិនអាចឈរតម្រង់ជួរបានទេ។ ខ្ញុំគ្មានអ្វីជិះទៅបោះឆ្នោតបានទេ ឬថាមណ្ឌលបោះឆ្នោតនឹងបិទនៅមុនខ្ញុំចេញពីធ្វើការ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ