ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​និង​ការ​តានតឹង​នៅ​បរទេស​បង្កើន​ការ​ព្រួយ​កង្វល់​ពី​សន្តិសុខ​ម្ហូប​អាហារ​ក្នុង​ប្រទេស​ចិន


រូប​ឯកសារ៖ សណ្តែក​សៀង​ដែល​ត្រូវ​បាន​នាំ​ចូល​ ត្រូវ​បាន​គេ​បញ្ជូន​ចូល​នៅ​កំពង់ផែ​មួយ ក្នុង​ក្រុង Nantong ខេត្ត Jiangsu ប្រទេស​ចិន​ កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨។
រូប​ឯកសារ៖ សណ្តែក​សៀង​ដែល​ត្រូវ​បាន​នាំ​ចូល​ ត្រូវ​បាន​គេ​បញ្ជូន​ចូល​នៅ​កំពង់ផែ​មួយ ក្នុង​ក្រុង Nantong ខេត្ត Jiangsu ប្រទេស​ចិន​ កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨។

ការ​ទទួល​ទាន​បែប​ខ្ជះខ្ជាយ​របស់​ពលរដ្ឋ​ចិន​ ជាពិសេស​ពួក​មន្ត្រី​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រមាន​ពី​លោក​ស៊ី ជីនពីង​ ប្រធានាធិបតីចិន។ ​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​បាន​ឱ្យ​ដឹង​ថា​ តម្លៃ​ម្ហូប​អាហារ​ក្នុង​ប្រទេស​ចិន​បាន​ឡើង​ថ្លៃ​ប្រហែល​១០​ភាគរយ​ក្នុង​ខែ​កក្កដា​ បើ​ប្រៀប​ធៀប​ទៅនឹង​កាលពី​មួយ​ឆ្នាំ​មុន​ តម្លៃ​ពោត​បាន​ឡើង​ថ្លៃ​២០​ភាគរយ។

ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​ជំរុញ​ឱ្យ​ប្រទេស​របស់​លោក​ចាត់​វិធានការ​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​អ្វីដែល​លោក​បាន​ហៅ​ថា បញ្ហា​ខ្ជះខ្ជាយ​ម្ហូប​អាហារ​ដ៏គួរ​ឱ្យ​រន្ធត់​និង​គ្រោះ​ថ្នាក់​នៅពេល​មាន​ទឹក​ជំនន់​អាក្រក់​បំផុត​នៅ​តាម​បណ្តោយ​ទន្លេ​យ៉ាង សេ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ​ដែល​គំរាម​កំហែង​ដំណាំ​ស្រូវ​ដ៏​មាន​សារៈសំខាន់​របស់​ប្រទេស​ចិន។​

ក្នុង​សេចក្តី​ណែនាំ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន​លោក​ប្រធានាធិបតី​ស៊ី​បាន​ជំរុញ​ឱ្យ​ប្រទេស​នេះ​យក​ចិត្ត​ទុកដាក់​ដល់​គ្រោះថ្នាក់​នៃ​សន្តិសុខ​ម្ហូប​អាហារ​ហើយ​បាន​និយាយ​សង្កត់​ពី​បញ្ហា​ដ៏ធ្ងន់ធ្ងរ​ដែល​ប្រទេស​នេះ​ប្រឈម​នៅ​ពេល​មាន​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​ដែល​ជំរុញ​ឱ្យ​មាន​ការ​ព្រួយ​កង្វល់​អំពី​ការ​រឹត​បន្តឹង​ការ​ផ្គត់ផ្គង់​និង​ធ្វើ​ឱ្យ​តម្លៃ​ម្ហូបអាហារ​ឡើង​ថ្លៃ។

ពួក​អ្នក​វិភាគ បាន​ប្រាប់​ VOA​ ថា​ សម្ពាធ​កាលពី​ពេល​ថ្មីៗ​នេះ​លើ​សន្តិសុខ​ម្ហូប​អាហារ​របស់​ប្រទេស​ចិន​បណ្តាល​មកពី​មហន្តរាយ​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​ និង​ទំនាក់​ទំនង​កាន់​តែ​អាក្រក់​ឡើង​ជាមួយ​ដៃគូ​ពាណិជ្ជ​ជាច្រើន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ការ​ខ្ជះខ្ជាយ​ម្ហូប​អាហារ​របស់​ចិន

របាយ​ការណ៍​ឆ្នាំ​២០១៨​ដោយ​បណ្ឌិត​វិទ្យាសាស្រ្ត​ចិន​បាន​រក​ឃើញ​ថា ចិន​បាន​ខ្ជះខ្ជាយ​ម្ហូប​អាហារ​រហូត​ដល់​ចំនួន​១៨​លាន​តោន​នៅ​ក្នុង​ទីក្រុង​ធំៗ​ចំនួន​៤​ គិតត្រឹម​តែ​ក្នុង​ឆ្នាំ​២០១៥ ​ដែល​ល្មម​គ្រប់គ្រាន់​ចិញ្ចឹម​មនុស្ស​ពី​៣០​ទៅ​៥០​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

មនុស្សម្នា​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន Quanjude Pekin នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។
មនុស្សម្នា​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន Quanjude Pekin នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។

របាយ​ការណ៍​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ​ទីក្រុង​របស់​ចិន ​បាន​មាន​កាក​សម្រាម​ចំនួន​២៥​ភាគ​រយ​នៃ​សំរាម​ពិភពលោក​ហើយ​កាក​សម្រាម​ភាគច្រើន​ជា​ម្ហូប​អាហារ។​ ពួក​អតិថិជន​របស់​ឧស្សាហកម្ម​ម្ហូប​ចំណី​របស់​ចិន​ បាន​ខ្ជះ​ខ្ជាយ​ម្ហូប​អាហារ​របស់​ពួក គេ​ជា​មធ្យម​ចំនួន​១១,៧​ភាគរយ។​

តាម​ការវាយ​តម្លៃ​ឆ្នាំ​២០១៥​របស់​អង្គការ​ម្ហូប​អាហារ​និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ ​ឬ (FAO) ​បាន​ឱ្យ​ដឹង​ថា​ ប្រទេស​ចិន​បាន​ខ្ជះខ្ជាយ​ម្ហូបអាហារ​រហូត​ដល់​៣៥​ លាន​តោន​ក្នុង​មួយ​ឆ្នាំ។ ​ចំនួន​នេះ​គឺ​ជិត​៦​ភាគរយ​នៃ​ផលិតផល​ម្ហូប​អាហារ​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​នេះ។​

អង្គការ FAO ​បាន​ប៉ាន់ស្មាន​ទៀត​ថា ​ ប្រហែល​១ភាគ៣​នៃ​ម្ហូប​អាហារ​ទាំងអស់​ដែល​ត្រូវ​បាន​ផលិត​បាន​បាត់បង់​ ឬ​ខ្ជះខ្ជាយ​ក្នុង​អំឡុង​នៃការ​ផលិត ​ដឹក​ជញ្ជូន​និង​ប្រើប្រាស់។ ទោះជាយ៉ាងណា​ក៏​ដោយ ​ស្ថានភាព​នេះ​មាន​លក្ខណៈ​ខុស​គ្នា​នៅ​ក្នុង​ប្រទេស​នីមួយៗ។​

តើ​នរណា​ខ្ជះខ្ជាយ​ម្ហូប​អាហារ​នៅ​ក្នុង​ប្រទេស​ចិន?

នៅ​ក្នុង​សង្គម​ចិន ​មនុស្ស​ជាធម្មតា​ពួកគេរាប់​អាន​គ្នា​ទៅ​វិញ​ទៅមក​តាម​រយៈ​ម្ហូប​អាហារ​ដើម្បី​បង្កើត​មិត្តភក្តិ ​ឬ​បង្កើន​ចំណង​ទាក់ទង​ ហើយ​ចំនូន​ម្ហូប​អាហារ​ថ្លៃៗ​និង​កម្រ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ការ​គោរព​ភ្ញៀវ។ ការ​សិក្សា​នៅ​ឆ្នាំ​២០១៥ ​ឱ្យ​ដឹង​ថា ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច ​រួមមាន​ម្ហូប​ត្រជាក់​ពី​៤​ទៅ​៦​មុខ ​និង​ម្ហូប​ក្តៅ​ពី​៨​ទៅ​១០​មុខ​ ដោយ​មាន​ស៊ុប​និង​ផ្លែឈើ។​ ការ​រៀបចំ​ឬ​កុម្មង់​ម្ហូប​អាហារ​ច្រើន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​និមិត្ត​រូប​នៃ​ការ​ទទួល​ស្វាគមន៍​រាក់ទាក់​ក្នុង​ប្រទេស​ចិន។ ​លោក ​Zhu Qizhen ​ជា​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ​កសិកម្ម​ បាន​ប្រាប់​កាសែត​ South China Morning Post​ ថា ​ពីព្រោះ​តែ ប្រពៃណី​នេះ​ «ចំនួន​ម្ហូប​អាហារ​ដែល​នៅ​សល់​បាន​ក្លាយ​ជា​បទដ្ឋាន​សម្រាប់​ការ​ជប់លៀង​យ៉ាង​ខ្ជះខ្ជាយ»។​

លោក ​Heng Hei ​អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ​បាន​និយាយ​ថា ​បញ្ហា​ដ៏​សំខាន់​មួយ​ដែល​ទា​ក់​ទិន​នឹង​បញ្ហា​ខ្ជះខ្ជាយ​ម្ហូប​អាហារ​របស់​ប្រទេស​ចិន​គឺ​ជាប់​ទាក់​ទិន​នឹង​ភាព​ហូរហៀរ​ហ៊ឺហារ​ដ៏​លើសលប់​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។​.

លោក​បាន​និយាយ​ទៀត​ថា៖​ «កម្រិត​នៃ​ការ​ខ្ជះខ្ជាយ​ម្ហូបអាហារ​នេះ​មាន​ជាប់​ទាក់ទង​នឹង​វប្បធម៌​ហ៊ឺហារ​ហួសហេតុ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន»។​

ការស្ទង់​មតិ​នៅ​ឆ្នាំ​២០១៣​ ដោយ​កាសែត ​Beijing Youth Daily ​ដែល​ជា​កាសែត​រដ្ឋ​ចិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ពួក​អ្នក​ឆ្លើយ​តប​ដ៏គួរ​ឱ្យ​តក់ស្លុត​ចំនួន ៩៨,៨ ​ភាគរយ ​និយាយ​ថា ​ ពួក​មន្រ្តី​ចិន​បាន​ខ្ជះខ្ជាយ​ថវិកា​សាធារណៈ។ ថវិកា​ចំនួន​៣៣,៨ ​ភាគរយ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ពិធី​ជប់លៀង​ផ្លូវការ​ រួមមាន​អាហារ​ពេល​ល្ងាច​ដ៏​ខ្ជះខ្ជាយ។

លោក​ប្រធានាធិបតី​ស៊ី ជីនពីង​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ជា​មធ្យោបាយ​ដើម្បី​ទប់ស្កាត់​អំពើ​ពុករលួយ​យ៉ាង​ខ្លាំង។​ ទោះ​ជាយ៉ាង​ណាក៏​ដោយ ​ ពួក​អ្នក​វិភាគ​បាន​ចង្អុល​បង្ហាញ​ថា ​យុទ្ធនាការ​នេះ ក៏​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​កំចាត់​សត្រូវ​នយោបាយ​របស់​លោក​ដែរ។​ កាសែត​ Global Times ​របស់​រដ្ឋ​ចិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ចិន​ក៏​បាន​ចាប់​ផ្តើម​ «យុទ្ធនាការ​បរិភោគ​ឱ្យអស់​ពី​ចាន»​ នៅ​ឆ្នាំ​២០១៣​ដែល​មាន​គោល​បំណង​បញ្ចប់​អំពើដ៏​ខ្ជះខ្ជាយ​របស់​ពួក​មន្រ្តី​ក្នុង​ពិធី​ជប់លៀង​ធំៗ។​

សន្តិសុខ​ម្ហូបអាហារ​

លោក​ស៊ី​ដែល​ជា​មេដឹកនាំ​ចិន​ បាន​ភ្ជាប់​សន្តិសុខ​ម្ហូបអាហារ​ទៅ​នឹង​សន្តិសុខ​ជាតិ​របស់​ចិន​ជា​យូរយារ​ណាស់​មក​ហើយ។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​ Heilongjiang ​ដែល​ជា​ទីកន្លែង​ផលិត​សណ្តែក​សៀង​ដ៏ធំ​បង្អស់​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​២០១៨ ​ លោក​ស៊ី​បាន​និយាយ​ថា ​ចាន​បាយ​របស់​ពលរដ្ឋ​ចិន​ក្នុង​ស្ថានភាព​ណាក៏​ដោយ​ត្រូវតែ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ពួកគេ​យ៉ាង​ណែន។​

ទិដ្ឋាភាព​ពី​លើ​អាកាស​បង្ហាញ​ពី​ទីក្រុង​លិច​ទឹក​មួយ​នៅ​ក្នុង​ខេត្ត Anhui​ ក្នុង​ប្រទេស​ចិន កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
ទិដ្ឋាភាព​ពី​លើ​អាកាស​បង្ហាញ​ពី​ទីក្រុង​លិច​ទឹក​មួយ​នៅ​ក្នុង​ខេត្ត Anhui​ ក្នុង​ប្រទេស​ចិន កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

ឆ្នាំ​២០២០​មាន​បញ្ហា​២​កើត​មាន​ឡើង​ដល់​ប្រទេស​ចិន​ដែល​មាន​សេដ្ឋកិច្ច​ធំ​បង្អស់​ទី​២​ក្នុង​ពិភព​លោក។ ​ចិន​កំពុង​ជួប​ប្រទះ​ទឹក​ជំនន់​ដ៏អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​ ដោយ​បាន​បំផ្លាញ​ដីស្រែ​ចំការ​រាប់សែន​ហិកតា​នៅតាម​បណ្តោយ​ដង​ទន្លេ​យ៉ាងសេ។​ ដោយ​មាន​រហ័សនាម​ថា​ «ទឹកដី​ស្រូវ​អង្ករ និង​ត្រី»​ តំបន់​អាង​ទន្លេ​យ៉ាងសេ​ផ្តល់​ផលិត​ផល​ស្រូវ​៧០​ភាគរយ​នៃ​ផលិត​ផល​ស្រូវ​ទាំងអស់​របស់​ចិន។​

តាម​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​តម្លៃ​ម្ហូប​អាហារ​ក្នុង​ប្រទេស​ចិន​បាន​ឡើង​ថ្លៃ​ប្រហែល​១០​ភាគរយ​ក្នុង​ខែ​កក្កដា​ បើ​ប្រៀប​ធៀប​ទៅនឹង​កាលពី​មួយ​ឆ្នាំ​មុន​ ​ដែល​តម្លៃ​ពោត​បាន​ឡើង​ថ្លៃ​២០​ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ទៅ។​ តម្លៃ​សណ្តែក​សៀង​បាន​ឡើង​ថ្លៃ​៣០​ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​កាល​ពី​ចុង​ឆ្នាំ​ទៅ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ធ្វើ​ការ​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​នេះ​ដោយ​ការ​បញ្ចេញ​គ្រាប់​ធញ្ញជាតិបម្រុង​ទុក​របស់​ខ្លួន​ដើម្បីធ្វើ​ឱ្យ​មាន​ស្ថិរភាព​ដល់​ការ​ផ្គត់​ផ្គង់។ ​ក្រុម​រក្សា​គ្រាប់​ធញ្ញជាតិ​ចិន​ បាន​ប្រាប់​ឱ្យ​ដឹង​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បញ្ចេញ​អង្ករ​ចំនួន ៦២,៥​លាន​តោន​ ពោត​ចំនួន​៥០​លាន​តោន ​និង​សណ្តែកសៀង​ជាង​៧​សែន​៦ម៉ឺន​តោន​កាលពី​ចុង​ខែ​កក្កដា​ ជា​ចំនួន​ដែល​ជិត​ស្មើ​២​ដង​នៃ​ចំនួន​ដែល​បាន​បញ្ចេញ​ក្នុង​អំឡុង​ឆ្នាំ​២០១៩​ទាំង​មូល។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ​ទំនាក់​ទំនង​កាន់តែ​យ៉ាប់យ៉ឺន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​ខ្លះ​អាច​ធ្វើ​ឱ្យ​មាន​ភាព​មិន​ប្រាកដ​ប្រជា​សម្រាប់​សង្វាក់​ផ្គត់ផ្គង់​ម្ហូប​អាហារ​របស់​ចិន។​ ឧទាហរណ៍ ចិន​បានពឹង​ផ្អែក​លើ​ការ​នាំចូល​មក​ពី​សហរដ្ឋ​អាមេរិក​ដើម្បី​ព្យាយាម​ធ្វើ​ឱ្យ​តម្លៃ​ម្ហូប​អាហារ​មាន​ស្ថិរភាព​និង​បំពេញ​តាម​ការ​សន្យា​របស់​ខ្លួន​ដើម្បី​ទិញ​ផលិតផល​កសិកម្ម​របស់​សហ​រដ្ឋ​អាមេរិក។

តាម​ទិន្នន័យ​មក​ក្រសួង​គយ​របស់​ចិន ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ​ចិន​បាន​នាំចូល​គ្រាប់​ធញ្ញជាតិ​ជិត​៦១​លាន​តោន​ដែល​កើន​ឡើង​ចំនួន​២១​ភាគរយ​ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​ទៅ។​ ការ​នាំ​ចូល​ពោត​ សណ្តែក​សៀង​និង​ស្រូវ​សាលី​ ក៏​បាន​កើន​ឡើង​ដែរ៕​

ប្រែសម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG