ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ជំទាស់​ចំនួន​៥​រក្សា​ជំហរ​ស្នើ​ឱ្យ​កែ​សម្រួល​សមាស​ភាព​​ដឹកនាំ​គ.ជ.ប ​​​​​​


លោក ប្រាជ្ញ ចន្ទ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដឹកនាំ​កិច្ច​ប្រជុំ​មួយ​របស់​​គ.ជ.ប​​ ​នៅ​ទីស្តីការ​គ.ជ.ប​​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត)
លោក ប្រាជ្ញ ចន្ទ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដឹកនាំ​កិច្ច​ប្រជុំ​មួយ​របស់​​គ.ជ.ប​​ ​នៅ​ទីស្តីការ​គ.ជ.ប​​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត)

ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ គណបក្ស​ជំទាស់​មួយ​ចំនួន​ បាន​អះអាង​ពី​ភាព​មិន​ប្រក្រតី​ ដែល​កើត​ឡើង​ក្នុង​ថ្ងៃ​បោះឆ្នោត​ និង​ពេល​រាប់​សន្លឹកឆ្នោត ហើយ​បាន​ចោទ​ថា ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) មាន​ភាព​លម្អៀង​ខាង​នយោបាយ​ទៅ​រក​គណបក្ស​កាន់​អំណាច។​

ហេតុផល​នៅ​ពី​ក្រោយ​ភាព​លម្អៀង​នោះ​ គឺ​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ ឬ​តំណាង​គណបក្ស​ជំទាស់​ ពន្យល់​ថា បណ្តាល​មក​ពី​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ គ.ជ.ប​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដូច​យ៉ាង​ប្រធាន​គ.ជ.ប​ បច្ចុប្បន្ន​ដែល​ធ្លាប់​កាន់​តំណែង​ជាច្រើន​នៅ​ក្រសួង​មហាផ្ទៃ និង​ជា​អតីត​អភិបាល​ខេត្ត។

អនុប្រធាន​គណបក្ស​ភ្លើងទៀន​ លោក ថាច់ សេដ្ឋា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​គណបក្សលោក​នឹង​សហ​ការ​ជាមួយ​គណបក្ស​ផ្សេង​ទៀត ដើម្បី​ដាក់​ញត្តិ​ទៅ​គ.ជ.ប​ ដើម្បី​ឱ្យ​មាន​ការ​ពិចារណា​ឡើង​វិញ​លើ​សមាសភាព​ដឹក​នាំ​ គ.ជ.ប និង​ការ​សម្រួល​ចំណុច​ផ្សេង​ទៀត​ ទាក់​ទិន​នីតិវិធី​រៀប​ចំ​ការ​បោះឆ្នោត​ និង​បែង​ចែក​អាសនៈ ដើម្បី​ធានា​ឱ្យ​ការ​បោះឆ្នោត​មួយ​មាន​លក្ខណៈ​សេរី​ និង​ស្មើភាព​សម្រាប់​គ្រប់​គណបក្ស​នយោបាយ។​

លោក​និយាយ​ថា៖ ​«យើង​ក៏​មាន​គោលការណ៍​ ចង់​ឱ្យ​មាន​ការ​កែទម្រង់​ កែ​សម្រួល​គ.ជ.ប​ ដូច​គណបក្ស​មួយ​ចំនួន​ដែល​មាន​ គោល​ដៅ​ដូច​គ្នា​ដែរ។ អ៊ីចឹង​ យើង​នឹង​អាច​រួម​គ្នា​ នៅ​ក្នុង​ញត្តិ​មួយ​ ដើម្បី​ស្នើ​ទៅ គ.ជ.ប​ ឱ្យ​មាន​ការ​កែ​សម្រួល​ ដើម្បី​យើង​ធានា​ដល់ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ឱ្យ​យើង​ទទួល​យក​បាន​ទាំង​អស់​គ្នា​ នោះ​ចំណុច​ទី១»។ ​

លោក​បន្ថែម​ថា​ឯករាជ្យ​ភាព​របស់​គ.ជ.ប​ ក៏​ជា​ការ​ព្រួយ​បារម្ភ​របស់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រជែង​យក​អំណាច​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ​ព្រោះ​បើ​ផ្អែក​តាម​ការ​បោះឆ្នោត​កន្លង​ទៅ​នេះ​ សកម្មភាព​របស់​មន្ត្រី​គ.ជ.ប មិន​បាន​បង្ហាញ​ភាព​ជា​អាជ្ញា​កណ្តាល​ទេ។

ក្រោយ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ថ្ងៃ​ទី​៥ ខែ​មិថុនា​ ឆ្នាំ​២០២២​នេះ​ គណបក្ស​ភ្លើងទៀន​ បាន​បញ្ជាក់​ជំហរ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ការ​បោះឆ្នោតឃុំ​សង្កាត់​កន្លង​ទៅ​ថ្មីៗ​នេះ «មិន​មាន​បរិយាកាស​ស្មើ​ភាព​ ពលរដ្ឋ​មិន​មាន​សេរីភាព​ក្នុង​ការ​ចូលរួម​កិច្ច​ការ​នយោបាយ​ និង​ការ​បញ្ចេញ​មតិ​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ​ ហើយ​ស្ថាប័ន​បោះឆ្នោត​ទៀត​សោត​ ក៏​មិន​ទាន់​ឯក​រាជ្យ​ ព្រោះ​ការ​ចាត់​ចែង​ និង​ការ​សម្រេច​លើ​ការ​ងារ​មួយ​ចំនួន​ធំ គឺ​ធ្វើ​ដោយ​លម្អៀង រួម​ទាំង​មាន​សមាស​ភាព​សមាជិក​ដឹកនាំ​ស្ថាប័ន​នេះ​ ពី​លើ​ដល់​ក្រោម ជា​សមាជិក​មក​ពី​គណបក្ស​កាន់​អំណាច​ស្ទើរ​តែ​ទាំង​អស់»។

​ប្រធាន​គ.ជ.ប លោក ប្រាជ្ញ ចន្ទ​ គឺ​ជា​អតីត​អភិបាល​ខេត្ត​បាត់ដំបង និង​ជា​អតីត​តំណាងរាស្រ្ត​មួយ​រូប​របស់​គណបក្ស​កាន់​អំណាច។ ​លោក​ក៏​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ធ្លាប់​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួងមហាផ្ទៃ​ផងដែរ។ នេះ​បើ​តាម​ជីវប្រវត្តិ​សង្ខេប​របស់​លោក​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក និង​តាម​គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ប្រាជ្ញ ចន្ទ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (កណ្តាល) ដឹកនាំ​កិច្ច​ប្រជុំ​មួយ​របស់គ.ជ.ប ​នៅ​ទីស្តីការ​គ.ជ.បក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត)
លោក ប្រាជ្ញ ចន្ទ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (កណ្តាល) ដឹកនាំ​កិច្ច​ប្រជុំ​មួយ​របស់គ.ជ.ប ​នៅ​ទីស្តីការ​គ.ជ.បក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០២២។ (ហ្វេសប៊ុក/គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត)

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក​ ឡឹក សុធារ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថាឧបសគ្គ​អាច​មាន​ច្រើន​នៅ​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​កែ​សម្រួល​សមាសភាព​គ.ជ.ប ​ដែល​បច្ចុប្បន្ន​ជា​ស្ថាប័ន​ធម្មនុញ្ញ​ ហើយ​សភា​ជាតិ​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ឯង។

ប៉ុន្តែ​លោក​យល់​ថា​ការ​កែសម្រួល​សមាសភាព​នេះ​ អាច​ធ្វើ​ទៅ​បាន​បើ​គណបក្ស​កាន់​អំណាច​មាន​ឆន្ទៈ​នយោបាយ​ចំពោះ​រឿងនេះ។​ លោក​និយាយ​ថា​៖ «បាល់​ស្ថិត​នៅ​ក្នុង​ដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​ប្រជាជន​កម្ពុជា​ចង់​លេង​ មិន​ចង់​លេង​ក៏​ហី ពី​ព្រោះ​ថា​ គាត់​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​គ្រប់​យ៉ាង ក្នុង​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ក្តី​ កែប្រែ​ច្បាប់​ និង​នីតិវិធី​ផ្សេងៗ​ក្តី​ ពី​ព្រោះ​ថា​ គាត់​ជា​គណបក្ស​តែ​មួយ​គត់​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា»។

ស្រដៀង​គ្នា​នេះ​ដែរ​ ប្រធាន​គណបក្ស​កែ​ទម្រង់​កម្ពុជា​លោក ​អ៊ូ ច័ន្ទរ័ត្ន​ គាំទ្រ​ឱ្យ​មាន​ការ​កែប្រែ​សមាសភាព​ដឹកនាំ​គ.ជ.ប ​ ដើម្បី​ធានា​បាន​ឯករាជ្យ​ភាព​ និង​សុក្រឹតភាព​ក្នុង​ការ​រៀប​ចំការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ទៀត។

បើ​តាម​លោក អ៊ូ ច័ន្ទរ័ត្ន គណបក្ស​កែ​ទម្រង់​កម្ពុជា និង​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ ព្រម​ទាំង​គណបក្ស​ឯ​ទៀត​ កំពុង​ធ្វើ​សេចក្តី​ព្រាង​ស្នើ​សុំ​ឱ្យ​មាន​ការ​កែ​ទម្រង់​គ.ជ.ប។

លោក​ថ្លែង​ថា៖ «យើង​កំពុង​តែ​ព្រាងញត្តិ​ហ្នឹង​ ស្នើ​សុំ​អី​ខ្លះ​ រួម​ទាំង​សមាសភាព​ គ.ជ.ប រូប​មន្ត​នៃ​ការ​បែង​ចែក​អាសនៈ​ ជាដើម​នោះ​បាទ»។

ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ធ្លាប់​ឆ្លង​កាត់​ការ​កែ​ទម្រង់​តាម​រយៈ​ការ​ចរចា​នយោបាយ​ជាច្រើន​ខែ​រវាង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​រំលាយ។

ស្ថាប័ន​នេះ​បាន​ប្រែ​ក្លាយ​ជា​ស្ថាប័ន​ធម្មនុញ្ញ​ដោយ​មាន​សមាសភាព​៩​រូប​ ដោយ​បួន​រូប​ចេញ​ពី​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល និង​៤​រូប​ទៀត​មក​ពី​គណបក្ស​មាន​អាសនៈ​នៅ​រដ្ឋសភាហើយ​មួយ​រូប​ទៀត​បាន​ពី​ការ​ព្រម​ព្រៀង​គ្នា​រវាង​គណបក្ស​មាន​អាសនៈ​នៅ​សភា។

មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុម​ហ្វ្រែល​លោក​ កន សាវាង្ស​ ​លើក​ទឹក​ចិត្ត​ឱ្យ​ភាគី​គណបក្ស​នយោបាយ​ចំនួន​៥​ដែល​ចង់​កែប្រែ​សមាសភាព​បោះឆ្នោត​ និង​គណបក្ស​កាន់​អំណាចពិភាក្សា​លើ​ការ​កែ​សម្រួល​សមាសភាព​ ឱ្យ​បាន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣។

លោក​ កន សាវាង្ស ថ្លែង​ថា៖ «ខ្ញុំ​លើក​លទ្ធភាព​ថា​សុំ​ឱ្យ​មាន​ការ​ជជែក​គ្នា​ សម្រប​សម្រួល​ជា​មួយ​គណបក្ស​កាន់​អំណាច​ដើម្បី​ធ្វើ​ការ​រក​ចំណុច​ដែលអាច​ត្រូវ​រ៉ូវ​គ្នា​ ធ្វើ​ម៉េច​រុញ​ស្ថាប័ន​គ.ជ.ប​ហ្នឹង​ ឱ្យ​កា្លយ​ទៅ​ជា​ស្ថាប័ន​អាជ្ញា​កណ្តាល​ដែល​គ្រប់​ភាគី​ពាក់​ព័ន្ធ​ហ្នឹង​ គឺ​លោក​នឹង​អាច​ទុក​ចិត្ត​បាន»។

បើ​តាម​លោក ​កន សាវាង្ស​ គណបក្ស​នយោបាយ​ចំនួន​៥ រួមមាន​គណបក្ស​ភ្លើងទៀន កម្ពុជា​និយម​ ឆន្ទៈខ្មែរ​ ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែ​ទម្រង់​កម្ពុជា​ កំពុង​ព្យាយាម​ទាម​ទារ​ឱ្យ​មាន​ការ​កែសម្រួល​សមាស​ភាព​ដឹក​នាំ​គ.ជ.ប​បច្ចុប្បន្ន​ ដែល​ខុស​គ្នា​ពី​សមាស​ភាព​ដែល​ចាត់​តាំង​ដោយ​មាន​វត្តមាន​សំឡេង​បក្ស​ជំទាស់​នៅ​សភា។​

អគ្គ​លេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ លោក ​សោម សូរីដា​ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នានា​ ដែល​ថា​ គ.ជ.ប​ មាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។

មន្ត្រី​ជាន់​ខ្ពស់​របស់​គ.ជ.ប រូប​នេះ​ ថា​គ.ជ.ប​គ្មាន​សិទ្ធិ​អំណាច​ស្នើ​ឱ្យ​មាន​ការ​កែ​សម្រួល​រចនា​សម្ព័ន្ធ​ដឹកនាំ​ខ្លួន​នោះ​ទេ​ ព្រោះ​ស្ថាប័ន​នេះ​អនុវត្ត​ទៅ​តាមរដ្ឋធម្មនុញ្ញ​ និង​ប្បញ្ញត្តិ​ច្បាប់​ផ្សេង​ទៀត​ពាក់​ព័ន្ធនឹង​ការ​រៀប​ចំការ​បោះឆ្នោត​ ​ហើយ​ក៏​បាន​បំពេញ​ការងារ​រៀបចំ​ការ​បោះឆ្នោត​ ដោយ​មិន​លម្អៀង​ទៅ​គណបក្ស​នយោបាយ​ណា​មួយ ឬ​រំលោភ​លើ​ក្រប​ខណ្ឌ​ច្បាប់នោះ​ដែរ។

​វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច ​លោក ​សុខ ឥសាន បាន​ទេ​ តាម​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ថ្ងៃ​អង្គារ​នេះ។ ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា​ គណបក្ស​កាន់​អំណាច​គ្មាន​ចំណាប់​អារម្មណ៍​លើ​សំណើ​គណបក្ស​ជំទាស់​នានា​ឱ្យ​មាន​ការ​កែ​ទម្រង់​គ.ជ.ប។

យ៉ាងណា​ក៏ដោយ​ លោក​ ថាច់ សេដ្ឋា អះអាង​ថា​ គណ​បក្ស​ភ្លើងទៀន​មាន​សំឡេង​គាំទ្រ​១​លាន​៦​សែន​សំឡេង​ដែរក្នុង​ការ​បោះឆ្នោត​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ដែល​អាច​ឱ្យ​គណបក្ស​កាន់​អំណាច​ពិចារណា​លើ​សំណើ​ពិភាក្សា​អំពី​ការ​កែទម្រង់​ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត គ.ជ.ប៕

XS
SM
MD
LG