កុមារកម្ពុជាជាមធ្យម ៥ នាក់ បានស្លាប់ដោយសារការលង់ទឹកក្នុងមួយថ្ងៃ ខណៈការលង់ទឹកនៅតែជាមូលហេតុចម្បងដែលឆក់យកជីវិតមនុស្សក្នុងប្រទេសកំពុងអភិវឌ្ឍន៍និងក្រីក្រ។ នេះបើតាមអង្គការយូនីសេហ្វកម្ពុជា (UNICEF Cambodia)។
អង្គការយូនីសេហ្វកម្ពុជាដែលធ្វើការទាក់ទងនឹងបញ្ហាកុមារបានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយលើកឡើងថា ការលង់ទឹកគឺជាបញ្ហាមួយដែលគំរាមកំហែងដល់ជីវិតរបស់កុមារអាយុពី ៥ ទៅ ១៤ឆ្នាំ នៅតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក។
លោក អានៀរបាន ឆាតឺរជី (Anirban Chatterjee) នាយកស្តីទីរបស់អង្គការយូនីសេហ្វកម្ពុជា ប្រាប់វីអូអេកាលពីថ្ងៃពុធ តាមសារអេឡិចត្រូនិចអ៊ីមែលថា ហានិភ័យដែលបណ្ដាលឱ្យកុមារស្លាប់ដោយសារការលង់ទឹក ភាគច្រើនតែងកើតឡើងនារដូវក្ដៅ និងរដូវទឹកជំនន់។ លោកថា កត្តាទាំងនោះកើតឡើងដោយសារកង្វះជំនាញហែលទឹក ការធ្វេសប្រហែសរបស់អាណាព្យាបាលក្នុងការមើលថែកុមារ និងការយល់ដឹងអំពីគ្រោះថ្នាក់ និងកុមារលេងជិតប្រភពដោយគ្មានរបាំងការពារ រួមផ្សំនឹងបញ្ហាការប្រែប្រួលអាកាសធាតុដែលបណ្តាលឱ្យមានទឹកជំនន់ញឹកញាប់ផងដែរ។
លោកបន្ថែមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «កុមារប្រឈមនឹងការលង់ទឹក ដោយសារពួកគេតែងលេងនៅក្បែរប្រភពទឹក ដែលមិនមានការត្រួតពិនិត្យ ឬការពារដោយរបាំង។ វាបង្កហានិភ័យខ្ពស់ចំពោះកុមារតូចៗ ដែលមិនមានជំនាញ ឬការយល់ដឹងដើម្បីចៀសវាងគេចផុតពីគ្រោះថ្នាក់ដែលបង្កដោយទឹក ជាពិសេសក្នុងអំឡុងពេលដែលអាកាសធាតុក្តៅ ឬទឹកជំនន់។ ដូច្នេះ ការអប់រំកុមារ និងអ្នកថែទាំរបស់ពួកគេអំពីសុវត្ថិភាពទឹក និងការការពារការលង់ទឹក គឺជារឿងសំខាន់»។
នាយកស្តីទីរបស់យូនីសេហ្វរូបនេះបន្ថែមដោយយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកថា បើធៀបតួលេខនៃការស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗ តួលេខរបស់កុមារអាយុចន្លោះពី ១ឆ្នាំ ទៅ ៤ឆ្នាំស្លាប់ដោយសារលង់ទឹក មានចំនួនច្រើនជាង។ ជាទូទៅ លទ្ធផលក្រោយការលង់ទឹកត្រូវបានគេមើលឃើញថា ភាគច្រើនតែងស្លាប់ ឬអាចមានជីវិតមកវិញ តែរស់ដោយមានរបួស ឬពិការ និងអាចរស់រានមានជីវិតបាន ប្រសិនបើជួយសង្រ្គោះត្រឹមត្រូវនិងទាន់ពេលវេលា។ នេះបើតាមអង្គការ Swim កម្ពុជា។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច ប្រាប់វីអូអេថា លោកមិនទាន់ទទួលបានរបាយការណ៍ទាក់ទងនឹងចំនួនកុមារស្លាប់ដោយសារការលង់ទឹកក្នុងឆ្នាំ ២០២៣ នៅឡើយទេ។ លោកបន្តថា កន្លងមកក្រសួងធ្លាប់អនុវត្តយន្ដការចុះអប់រំណែនាំអំពីគ្រោះថ្នាក់ដែលបង្កឱ្យមានការលង់ទឹក ដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់មានប្រភពទឹក។
លោក តូច ចាន់នី ថ្លែងថា៖ «កន្លងមក បញ្ហានឹងយើងមិនមែនទុកចោល មិនដោះស្រាយនោះទេ។ ការណ៍ពិតយើងបានណែនាំ ពិសេសអប់រំទៅតាមសហគមន៍ ឪពុកម្ដាយផ្ទាល់នៅតាមសហគមន៍ ក្មេងៗដែលគាត់ទៅលេងទឹក ពិសេសនៅកន្លែងដែលមានបញ្ហាប្រឈមគឺតាមសហគមន៍។ ក្រសួងបានណែនាំ ដល់ពេលរដូវវស្សា រដូវទឹកជំនន់មក តែងមានការណែនាំឱ្យឪពុកម្ដាយមានការប្រុងប្រយ័ត្នចំពោះក្មេង ចំពោះកូនខ្លួនឯង»។
ចំណែកអ្នកនាំពាក្យក្រសួងអប់រំ អ្នកស្រី ឃួន វិច្ឆិកា ប្រាប់វីអូអេថា ចំពោះបញ្ហានេះក្រសួងអប់រំតែងពិនិត្យមើលទៅលើបញ្ហានេះ ដោយក្រសួងតែងមានវិធានការអប់រំណែនាំដល់គ្រូបង្រៀនទាំងអស់ ត្រូវអប់រំផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សឱ្យប្រុងប្រយ័ត្នចំពោះការលង់ទឹក និងវិធីសាស្រ្ដបឋមក្នុងការជួយសង្រ្គោះ។
អ្នកស្រីថ្លែងថា៖ «ក្រសួងអប់រំ យុវជន និងកីឡាតែងធ្វើការជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជាដើម្បីធ្វើការបណ្ដុះបណ្ដាលផ្នែកសង្គ្រោះបឋមជូនទៅដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ដែលដំណើរការនេះបានរៀបចំជាបណ្ដើរៗ ដើម្បីធ្វើយ៉ាងណាឱ្យលោកគ្រូអ្នកគ្រូមានសមត្ថភាពក្នុងការជួយសង្គ្រោះបន្ទាន់នេះ»។
អ្នកស្រីបន្តថា ដើម្បីទប់ស្កាត់បញ្ហាលិចទឹក និងសុវត្ថិភាពកុមារនៅក្នុងអំឡុងពេលរដូវវស្សាជាពិសេសចំពោះសាលារៀនដែលនៅម្តុំបឹងទន្លេសាប ក្រសួងអប់រំបានផ្លាស់ប្ដូរកាលបរិច្ឆេទចូលរៀនពីខែកញ្ញា ទៅខែវិច្ឆិកា ដោយសារតែបញ្ហាកូវីដ។ អ្នកស្រីថា បច្ចុប្បន្នក្រសួងកំពុងរំកិលកាលបរិចេ្ឆទចូលរៀនឱ្យត្រឡប់មកសភាពដើមវិញ សម្រាប់ដាក់ឱ្យសិស្សចូលរៀនក្នុងខែមករា ដើម្បីធានាថា មិនមានបញ្ហាប្រឈមការលិចទឹកនៅពេលសិក្សា។
ក្នុងរយៈពេលពីរខែនៃដើមឆ្នាំ ២០២៣ ករណីលង់ទឹកជាច្រើនត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះ យ៉ាងហោចណាស់កុមារចំនួន ១៦ នាក់ត្រូវបានរាយការណ៍ថាស្លាប់ដោយសារលង់ទឹក។ នេះមិនរាប់បញ្ចូលករណីមនុស្សធំលង់ទឹកស្លាប់ និងករណីមិនត្រូវបានរាយការណ៍នោះទេ៕
វេទិកាបញ្ចេញមតិ