ការជម្លៀសពលរដ្ឋបរទេសលើកដំបូងចេញពីប្រទេសចិនបានកើតមានឡើងកាលពីថ្ងៃពុធនៅពេលដែលមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកពិចារណាហាមឃាត់ជើងហោះហើរអាកាសចរណ៍ទាំងអស់រវាងប្រទេសទាំង២។ មានសេចក្តីរាយការណ៍ថា ពួកមន្រ្តីសេតវិមានបានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិកនៅឯជំនួបកាលពីថ្ងៃអង្គារថា រដ្ឋបាលរបស់លោកត្រាំមិនទាន់សម្រេចនៅឡើយថា ធ្វើការហាមឃាត់នេះដែរឬទេ ក៏ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំកំពុងបន្តធ្វើការវាយតម្លៃអំពីស្ថានការណ៍នេះ។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយនៅក្នុងការឆ្លើយតបដល់សំណួររបស់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃពុធអំពីថាតើការហាមឃាត់ការធ្វើដំណើរទៅកាន់ប្រទេសចិន ត្រូវពិចារណាដែរឬទេ។ លោកបាននិយាយទៀតថា «ក្រសួងការបរទេស វាយតម្លៃជានិច្ចនូវហានិភ័យដល់ពួកអ្នកធ្វើដំណើរ។ យើងនឹងវាយតម្លៃអំពីបញ្ហានេះជារៀងរាល់ម៉ោង»។
នៅពេលដែលចំនួនមនុស្សស្លាប់មកពីការផ្ទុះឡើងនូវមេរោគកូរ៉ូណាបានឡើងដល់១៣២នាក់ ហើយករណីនៃការឆ្លងមេរោគនោះបានកើនឡើងដល់ជាង៥ពាន់៩រយ៧៤ករណី ដោយមានចំនួនលើសការផ្ទុះឡើងនូវជំងឺ SARS នៅចន្លោះឆ្នាំ២០០២និង២០០៣ វិធានការនៃការជម្លៀសមនុស្សចេញពីចិនដីគោកបានកើនឡើង។
យន្តហោះដឹកអ្នកដំណើរបានដឹកពលរដ្ឋជប៉ុន ២០៦នាក់ចេញពីទីក្រុងវូហាន ដែលជាចំណុចនៃការផ្ទុះឡើងមេរោគនោះទៅកាន់ចំណតយន្តហោះហាណេដានៅក្រុងតូក្យូកាលពីថ្ងៃពុធ។ អ្នកដំណើរ៤នាក់ បានត្រូវគេដឹកយកទៅមន្ទីរពេទ្យបន្ទាប់ពីបានត្អូញត្អែថាឈឺ។ បុគ្គលិកសុខាភិបាលបានស្ថិតនៅលើយន្តហោះនោះដើម្បីពិនិត្យឆែកឆេរពួកអ្នកដំណើរមុនពេលយន្តហោះចាកចេញនិងម្តងទៀតនៅពេលដែលយន្តហោះចុះ។
យន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៀត បានជម្លៀសពលរដ្ឋអាមេរិកាំងប្រហែល ២រយនាក់ចេញពីទីក្រុងវូហានតាមជើងហោះហើរ Anchorage របស់រដ្ឋអាឡាស្កា ដែលពួកគេត្រូវបានឆ្លងកាត់ការពិនិត្យសុខភាពមុនបន្តដំណើរចូលក្នុងរដ្ឋកាលីហ្វ័រញ៉ាខាង លិចសហរដ្ឋអាមេរិក។
ប្រទេសអូស្រ្តាលី ញូវ៉ែលហ្សេឡង់ បារាំង រុស្ស៊ី និងប្រទេសផ្សេងៗទៀត ក៏បានប្រកាសផែនការជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាននៅសប្តាហ៍ដែរ៕