ការប្រយុទ្ធគ្នានៅសេណេហ្កាល់នៅបន្ដ
ទីក្រុងដាកា៖ ការប្រយុទ្ធគ្នានៅបន្តមាននៅប្រទេសសេណេហ្កាល់ (Senegal )នាភាគខាងត្បូងក្នុងតំបន់កាសាម៉ង្ស(Casamance)ទីដែលក្រុមមន្រ្តី និយាយកាលពីថ្ងៃច័ន្ទថាទាហានសេណេហ្កាល់៧នាក់ត្រូវគេសម្លាប់ក្នុងអំឡុងការវាយប្រហាររបស់ក្រុមបះបោរនៅក្នុងទីក្រុងមួយ។
លោក វរសេនីយ៍ឯកអាប់ឌួរ៉ាហ៊ីម កេបេ (Abdourahim Kebe) អ្នកនាំពាក្យយោធាសេណេហ្កាល់ ថ្លែងកាលពីថ្ងៃច័ន្ទថាក្រុមយុទ្ធជនបះបោរ របស់ចលនាកម្លាំងលទ្ធិប្រជាធិបតេយ្យនៃក្រុងកាសាម៉ង្ស បានបើកការវាយប្រហារមួយកាលពីថ្ងៃ អាទិត្យទៅលើភូមិមួយនៅជិតព្រំដែនប្រទេសហ្កាមប៊ី (Gambia)។
ប្រភពព័ត៌មាននិយាយថាកម្លាំងយោធាយាមល្បាតបានប្រយុទ្ធនឹងក្រុមបះបោរដែលនាំបណ្តាលឲ្យ មានការបើកការប្រយុទ្ធគ្នាយ៉ាងហិង្សាធ្វើឲ្យមានអ្នកស្លាប់ទាំងសង្ខាង ទោះជាយ៉ាងនេះក្តីពួកបះបោរមិនបានបញ្ចេញ ព័ត៌មានអ្វីឲ្យដឹងទេ។
អ្នកនាំពាក្យ ម្នាក់របស់យោធានិយាយថាទាហានទាំងនោះ ស្លាប់នៅក្នុងការប្រយុទ្ធ គ្នាកាលពីថ្ងៃអាទិត្យនិងក្នុងការស្ទាក់ វាយប្រហារកាលពីថ្ងៃច័ន្ទ។
ក្រុមសាក្សី និយាយថាអ្នកស្រុកច្រើនរយនាក់បានរត់ឆ្លងកាត់ ព្រំដែនទៅក្រុង ជាច្រើននៅក្នុងប្រទេសហ្កាមប៊ីដែលលយចូលកណ្តាល ប្រទេសសេណេហ្កាល់ ហើយដែលខណ្ឌតំបន់ កាសាម៉ង្ស ពីប្រទេសសេណេហ្កាល់ទាំងអស់។
លោកស្រី អាយដាឌីអូប (Aida Diop) ថ្លែងថាលោកស្រី បានចេញពីភូមិ ជាមួយកូន៣នាក់ដោយ
ទុករបស់របរជាច្រើនចោលនៅផ្ទះ។ លោកស្រីថ្លែងថាសាច់ញាតិលោកស្រីបានទៅប្រទេសហ្កាមប៊ី។ លោកស្រីថាលោកស្រី ព្រួយចិត្ត ហើយថាល្មម ដល់ពេលរករបៀបស្ថាបនាសន្តិភាពមួយជាប់លាប់ហើយ ពីព្រោះស្ថានការណ៍សព្វថ្ងៃពិបាកណាស់។
ក្រុមបះបោរដែលគេស្គាល់ជាអក្សរកាត់តាមភាសាបារាំងថា MFDCនោះបានប្រយុទ្ធក្នុងការបះបោរកម្រិតទាប ទាមទារឯករាជ្យនៅកាសាម៉ង្សតាំងពីដើមទសវត្សរ៍១៩៨០មក។ នេះជាការប្រយុទ្ធដែលអូសបន្លាយយូរជាងគេ នៅក្នុងទ្វីបអាហ្វ្រិក។
រដ្ឋាភិបាលសេណេហ្កាល់ហើយនឹងក្រុមបះបោរ បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមួយនៅ ឆ្នាំ២០០៤ តែ អំពើហិង្សាដែលមានយូរៗម្តង នៅតែបន្តធ្វើឲ្យល្អក់កករក្នុងតំបន់ហើយនឹងធ្វើឲ្យប្រជាជនស៊ីវិលផ្លាស់ប្តូរទីលំនៅ៕
ប្រែសម្រួលដោយ អ្នកស្រី នៅ សារឹម