ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រយុទ្ធគ្នា​​រវាង​ក្រុម​ហាម៉ាស់​និង​អ៊ីស្រាអែល​​​បន្ត​ឡើង​វិញ​​ក្នុង​តំបន់​ហ្កាហ្សា​


ផ្សែង​បាន​ហុយឡើង​ពីអគារ​មួយ​ដែល​ត្រូវបាន​វាយប្រហារដោយអ៊ីស្រាអែល​ក្នុង​ការប្រយុទ្ធគ្នា​រវាង​ហាម៉ាស់​និង​អ៊ីស្រាអែលកាលពីថ្ងៃទី​០១ ធ្នូ ឆ្នាំ២០២៣។
ផ្សែង​បាន​ហុយឡើង​ពីអគារ​មួយ​ដែល​ត្រូវបាន​វាយប្រហារដោយអ៊ីស្រាអែល​ក្នុង​ការប្រយុទ្ធគ្នា​រវាង​ហាម៉ាស់​និង​អ៊ីស្រាអែលកាលពីថ្ងៃទី​០១ ធ្នូ ឆ្នាំ២០២៣។

ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​ហាម៉ាស់​និង​អ៊ីស្រាអែលបាន​បន្ត​ឡើងវិញ​ហើយ​ក្នុង​តំបន់​ហ្កាហ្សា។​ នេះ​បើ​តាមការ​ឱ្យ​ដឹង​របស់​កងកម្លាំង​ការពារ​អ៊ីស្រាអែល​នៅ​ថ្ងៃ​សុក្រ​នេះ។

កងទ័ព​អ៊ីស្រាអែល​បាន​ឱ្យ​ដឹង​ថា ការ​បន្ត​ការ​ប្រយុទ្ធ​គ្នា​ឡើង​វិញ​នេះ កើតមាន​ឡើង​បន្ទាប់​ពី​មាន​ការ​បំពាន​របស់​ក្រុម​ហាម៉ាស់​ទៅលើកិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ជា​បណ្តោះ​អាសន្ន ដោយ​ក្រុមសកម្ម​ប្រយុទ្ធ​នេះ​បាន​វាយប្រហារ​ដោយ​គ្រាប់រ៉ុក្កែត​ទៅ​លើ​អ៊ីស្រាអែល។​

យោធា​អ៊ីស្រាអែល​បាននិយាយ​លើ​បណ្តាញ​សង្គម​X ​ថា​ ​ខ្លួន​បានបាញ់​កម្ទេច​គ្រាប់​រ៉ុក្កែតដែល​បាញ់​ចេញ​ពី​តំបន់​ហ្កាហ្សានោះ​ដោយ​ជោគជ័យ។​
គេ​នៅ​ពុំទាន់​ឃើញ​មាន​ការ​អះអាង​ទទួល​ខុសត្រូវភ្លាមៗ​ពី​ក្រុម​ហាម៉ាស់ ​ជុំវិញ​ការវាយ​ប្រហារ​ដោយ​គ្រាប់រ៉ុក្កែត​នោះ​ឡើយ។​

ការ​វិល​ត្រឡប់ទៅ​រក​ការប្រយុទ្ធ​គ្នាឡើង​វិញនេះកើត​មាន​ឡើង​ ក្រោយ​ពី​មាន​បទ​ឈប់​បាញ់​គ្នា​ចំនួន​៧​ថ្ងៃ​ ​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ចំណាប់​ខ្មាំង​អ៊ីស្រាអែល ដែល​ក្រុម​ហាម៉ាស​បាន​ចាប់​ក្នុង​ការ​វាយប្រហារលើ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​៧​ ខែតុលា​កន្លង​ទៅ​ ជា​មួយ​នឹង​ក្រុម​អ្នក​ទោស​ជនជាតិ​ប៉ាឡេស្ទីន​ ដែល​អ៊ីស្រាអែលបាន​ឃុំ​ខ្លួន។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រុម​ហាម៉ាស់​ បានដោះលែង​ចំណាប់​ខ្មាំងអ៊ីស្រាអែលចំនួន​៨​នាក់​ទៀត​ក្នុង​តំបន់​ហ្កាហ្សា​ ​នៅ​ក្រោម​បទ​ឈប់បាញ់​ដែល​ត្រូវ​បាន​ពន្យារពេល ហើយ​បន្តិច​ក្រោយ​មក​អ៊ីស្រាអែល​ក៏​បាន​ដោះលែងអ្នក​ទោស​ប៉ាឡេស្ទីន​ចំនួន​៣០នាក់ ខណៈពេល​ដែលអ្នក​ចរចា​បាន​ព្យាយាម​ ដើម្បី​ពន្យារពេលកិច្ចព្រមព្រៀង​បទ​ឈប់បាញ់​គ្នា​នោះ។

ស្ត្រី​ចំណាប់​ខ្មាំង២​នាក់​ត្រូវ​បាន​ដោះ​លែង​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​៦​នាក់​ទៀត​ត្រូវ​បាន​ដោះលែង​នៅ​ពេល​យប់​ជ្រៅ។ ​នេះ​ជា​ក្រុម​ចំណាប់​ខ្មាំងទី៧​ហើយ ​ដែល​ត្រូវ​បាន​ដោះ​លែង​នៅ​ក្រោមកិច្ច​ព្រមព្រៀងឈប់បាញ់គ្នា​ជា​បណ្តោះអាសន្ន​ រវាង​ក្រុម​ហាម៉ាស់និងអ៊ីស្រាអែល។​

រហូត​មក​ដល់​ពេល​នេះ ក្រុម​ហាម៉ាស់​បាន​ដោះ​លែង​ចំណាប់​ខ្មាំងអស់​ចំនួន​១០៥​នាក់​ហើយ​ ខណៈ​អ៊ីស្រាអែល​បាន​ដោះលែង​អ្នក​ទោសប៉ាឡេស្ទីន​ចំនួន​២៤០នាក់​។​

រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក​ Antony Blinken បាន​ជួប​ជា​មួយប្រធានាធិបតីអ៊ីស្រាអែល​ លោក Isaac Herzog​ ​ ក្នុង​ទីក្រុង Tel Aviv​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។​ ​នៅ​ពេល​ចាប់ផ្តើមកិច្ចប្រជុំនោះ​លោក Blinken​ បាន​ប្រាប់​ប្រធានាធិបតី​អ៊ីស្រាអែល​ថា​ សហរដ្ឋ​អាមេរិក​ជឿជាក់​ថាបទ​ឈប់​បាញ់​គ្នានោះ​ទទួល​បាន​លទ្ធផល​ល្អ​ ហើយ​វា​គួរ​បន្តទៅ​មុខ​ទៀត៕ ​

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​Associated Press, Agence France-Presse ​និង​Reuters

XS
SM
MD
LG