អាជ្ញាធរបាគីស្ថានបាននិយាយថាមានមនុស្សយ៉ាងតិចណាស់៥៨នាក់បានត្រូវសម្លាប់ហើយជាង៥០នាក់ទៀតបានត្រូវរបួសនៅក្នុងការផ្ទុះគ្រាប់បែកខ្លាំងមួយនៅឯព្រះវិហារ Shi'ite មួយក្នុងខេត្ត Sindh នៅពេលសូត្រធម៌កាលពីថ្ងៃសុក្រ។
ការផ្ទុះគ្រាប់បែកនេះបានកើតមានទ្បើងនៅក្នុងតំបន់ Lakidar នៃក្រុង Shikarpur ឋិតនៅចម្ងាយប្រមាណ៤៧០គ.ម.ខាងជើងក្រុងកំពង់ផែ Karachi។ គេនិយាយថាមនុស្សមួយចំនួនក្នុងចំណោមអ្នកត្រូវរបួសឋិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្រុម Jundallah ដែលជាក្រុមមួយបំបែកខ្លួនចេញពីក្រុមតាលីបង់បាគីស្ថានបានអះអាងទាមទារទទួលខុសត្រូវដល់ការវាយប្រហារនេះដែលជាការវាយប្រហារថ្មីបំផុតនៅក្នុងកំណើនអំពើហិង្សាខាងនិកាយសាសនានៅក្នុងប្រទេសបាគីស្ថាន។
ក្រុមអ៊ីស្លាម Sunni ជ្រុលនិយមជាញឹកញយបានយកស្ថាប័នសាសនានៃក្រុម Shi'ites ជាទិសដៅនៃការវាយប្រហារ។ ក្រុម Shi'ites មានចំនួនមួយភាគប្រាំនៃប្រជាពលរដ្ឋបាគីស្ថាន។
ក្រុម Shi'ites ជាង៨០០នាក់បានត្រូវសម្លាប់នៅក្នុងប្រទេសបាគីស្ថានកាលពីពីរឆ្នាំកន្លងទៅនេះ។
ប្រទេសបាគីស្ថានបានប្រុងប្រយ័ត្នខ្លាំងអំពីការវាយប្រហារដោយក្រុមជនសកម្មប្រយុទ្ធចាប់តាំងពីមានការវាយប្រហារមួយដោយក្រុមតាលីបង់កាលពីខែធ្នូក្នុងសាលារៀនមួយក្នុងក្រុង Peshawar ដែលបានបណ្តាលឱ្យមនុស្ស១៤៥នាក់ស្លាប់ដោយភាគច្រើនបំផុតជាកុមារ៕