ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Fauci ថា លោក​មិន​ទទួល​បាន​ការ​ណែនាំ​ឲ្យ​កាត់​បន្ថយ​ការ​ធ្វើ​តេស្ត​រក​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ទេ


អ្នក​ជំនាញ​ខាង​ផ្នែក​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក លោក Anthony Fauci ថ្លែងនៅនុង​សវនាការ​របស់​គណៈកម្មាធិការ​ថាមពល និង​ពាណិជ្ជកម្ម​នៃ​រដ្ឋសភាស្ដី​អំពី​វិធានការ​ឆ្លើយតប​របស់​រដ្ឋបាល​លោក Trump ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ កាលពិថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

អ្នក​ជំនាញ​ខាង​ផ្នែក​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក លោក Anthony Fauci បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោកនិង​សមាជិក​ផ្សេង​ទៀត​នៃ​ក្រុម​ការងារ​ពិសេស​សេតវិមាន​ទទួល​បន្ទុក​កិច្ចការ​វីរុស​កូរ៉ូណា មិន​ទទួល​បាន​ការ​ណែនាំ​ឲ្យ​កាត់​បន្ថយ​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ដូច​ការ​អះអាង​របស់​លោក​ប្រធានាធិបតី Donald Trump ដែល​ថា លោក​បាន​ណែនាំ​ឲ្យ​ធ្វើ​ដូច្នេះ​នោះ​ទេ។

លោក Fauci បាន​បញ្ជាក់​នៅ​ក្នុង​សវនាការ​របស់​គណៈកម្មាធិការ​ថាមពល និង​ពាណិជ្ជកម្ម​នៃ​រដ្ឋសភាស្ដី​អំពី​វិធានការ​ឆ្លើយតប​របស់​រដ្ឋបាល​លោក Trump ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ថា៖ «ក្នុង​នាម​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ការងារ​ពិសេស និង​ក្នុង​នាម​សហសេវិក​របស់​ខ្ញុំ​នៃ​ក្រុម​ការងារ​ពិសេស ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​តាម​អ្វី​ដែល​ខ្ញុំ​ដឹង​កន្លង​មក​ថា គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើង​ទាំង​អស់​គ្នា​ទទួល​បាន​ការ​ណែនាំ​ឲ្យ​កាត់​បន្ថយ​ការ​ធ្វើ​តេស្ត​នោះ​ទេ។

ការ​លើក​ឡើង​របស់​លោក Fauci បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump នៅតែ​បញ្ជាក់​ថា លោក​មិន​មែន​លេងសើច​ទេ​ជាមួយ​នឹង​អ្វី​ដែល​លោក​បាន​និយាយ​នៅ​ពេល​លោក​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ក្នុង​ទីក្រុង Tulsa រដ្ឋ Oklahoma នោះ។ នៅ​ពេល​នោះ​លោក​បាន​បញ្ជាក់​ថា លោក​បាន​ស្នើ​រដ្ឋបាល​របស់​លោក​ឲ្យ​កាត់​បន្ថយ​ការ​ធ្វើ​តេស្ត ដោយសារ​ការ​ធ្វើ​តេស្ត​ច្រើន​គឺ​នឹង​ឃើញ​អ្នក​ឆ្លង​កាន់តែ​ច្រើន។

ចាប់​តាំង​ពី​ពេល​នោះ​មក មន្ត្រី​សេតវិមាន​បាន​ព្យាយាម​កែ​សម្រួល​ការ​លើក​ឡើង​របស់​លោក Trump ​ដោយ​ថា ពាក្យ​សម្ដី​របស់​លោក​ទាំង​នោះ​គ្រាន់តែ​ជា​ការ​និយាយ​លេង​ធម្មតា​ប៉ុណ្ណោះ។

ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​កាសែត​សួរ​លោក Trump កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ អំពី​ថា​តើ​ការ​លើក​ឡើង​របស់​លោក​ទាំង​នេះ​គ្រាន់តែ​ជា​ការ​លេងសើច​ឬ​ក៏​យ៉ាង​ណា​នោះ លោក​បាន​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​មែន​និយាយ​លេង​សើច​ទេ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG