ក្រុមអ្នកអភិរក្សកំពុងអំពាវនាវសុំការគាំទ្រ ដើម្បីការពារតំបន់អភិរក្សសត្វព្រៃដ៏ធំមួយនៅរដ្ឋ Karenប៉ែកខាងជើងប្រទេសមីយ៉ាន់ម៉ា ដែលពួកគេនិយាយថា កំពុងរងការគំរាមកំហែងពីទំនប់វារីអគ្គិសនីមួយដែលប្រទេសចិនឧបត្ថម្ភ នៅលើទន្លេ Salween។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេ Salween ដែលជាទន្លេវែងជាងគេបង្អស់ដែលគ្មានទំនប់វារីអគ្គិសនីនៅតំបន់ដីគោកអាស៊ីអាគ្នេយ៍ នៅតែជាបញ្ហាចម្រូងចម្រាសនៅឡើយ។ នាពេលបច្ចុប្បន្ន គម្រោងសាងសង់ទំនប់ចំនួន៧ ត្រូវបានស្នើឡើង នៅលើដងទន្លេ Salweenនេះ។
ប៉ុន្តែ ទំនប់វារីអគ្គីសនី Hatgyi ដែលមានសមត្ថភាពផលិតអគ្គិសនីបាន ១.៣៦៥មេហ្គាវ៉ាត់ ត្រូវបានគេយល់ឃើញថា ជាការគំរាមកំហែងទៅលើតំបន់អភិរក្សសត្វព្រៃពីរកន្លែងនៅរដ្ឋKaren ប៉ែកខាងជើងប្រទេស។ ទំនប់នេះ គឺជាគម្រោងរួមគ្នារវាងក្រុមហ៊ុន Sinohydro របស់ប្រទេសចិន និងអាជ្ញាធរថាមពលអគ្គិសនី (Electricity Generating Authority/EGAT) របស់ប្រទេសថៃ។
ប្រធានបណ្ដាញបរិស្ថាន និងសកម្មភាពសង្គមរដ្ឋ Karen ( Karen Environmental and Social Action Network/KESAN) លោក Saw Paul Sein Twa និយាយថា ទំនប់វារីអគ្គិសនីនេះ ជាការគំរាមកំហែងដោយផ្ទាល់មួយទៅលើតំបន់អភិរក្ស ហើយលោកកំពុងអំពាវនាវសុំឲ្យមានការពន្យារគម្រោងនេះ។
លោកនិយាយថា៖ «ទំនប់នេះនឹងពន្លិចតំបន់ដែលយើងរកឃើញថា មានពូជសត្វជាច្រើន ដូចជាសត្វខ្លា ជាដើម ដែលយើងត្រូវការការការពារជាចាំបាច់។ យើងត្រូវតែធ្វើការស្រាវជ្រាវ និងការចុះវាស់វែងដល់ទីកន្លែងបន្ថែមទៀត ដើម្បីស្វែងយល់ពីស្ថានភាពរបស់ពួកវា»។
លោក Saw Paul ប្រាប់ VOAថា៖ «យើងបានរកឃើញសត្វមួយចំនួនហើយ ប៉ុន្តែយើងត្រូវតែធ្វើការបន្ថែមទៀត។ ប៉ុន្តែ តំបន់នេះនឹងត្រូវលិចទឹក មុនពេលយើងអាចធ្វើការងារនៅលើដីគោកបាន។ នេះជាមូលហេតុដែលយើងត្រូវប្រកាសឲ្យមានការពន្យារ ដើម្បីបញ្ឈប់ការសាងសង់ទំនប់ និងពិនិត្យមើលលើការស្រាវជ្រាវសត្វព្រៃវិញ»។
ក្នុងទស្សនាវដ្ដី Oryx ចេញផ្សាយថ្ងៃទី៦ ខែកុម្ភៈ សហអ្នកដឹកនាំការស្រាវជ្រាវ លោក Saw Sha Bwe Moo លោកGraden Froese និងលោកThomas Gray បានរៀបរាប់យ៉ាងលម្អិតពីលទ្ធផលនៃការអង្កេតស្រាវជ្រាវនៅតំបន់អភិរក្សសត្វព្រៃនៃរដ្ឋ Karen។ ពួកគេនិយាយថា ក្នុងការដាក់កាំម៉េរ៉ាថតចោលក្នុងព្រៃចំនួន៩.៥១១យប់ ពួកគេថតបានសត្វខ្លា ខ្លាដំបង ខ្លាឃ្មុំខ្មៅអាស៊ី និងដំរី ចំនួន ៤.១៩១ ដង។
រូវបានចាត់ទុកថា កំពុងរងការគំរាមកំហែង ងាយរងគ្រោះ ឬជិតផុតពូជក្នុងបញ្ជី«ក្រហម»របស់អង្គការសម្ព័ន្ធអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ ( International Union for the Conservation of Nature/IUCN)។
ក្រុមអ្នកស្រាវជ្រាវបានប្រកាសឲ្យមានសកម្មភាពជាបន្ទាន់ ដើម្បីផ្ដល់ជំនួយដល់ប្រជាជននៅរដ្ឋ Karen ក្នុងការការពារ «ប្រព័ន្ធអេកូចម្រុះ និងសម្បូរបែបចុងក្រោយគេនៅតំបន់អាស៊ីអាគ្នេយ៍»។
ការស្រាវជ្រាវរយៈពេល៥ឆ្នាំនេះ ទទួលបានការគាំទ្រនៅលើឆាកអន្តរជាតិ ដែលក្នុងនោះមានអង្គការ មូលនិធីសត្វព្រៃពិភពលោក ដើម្បីធម្មជាតិ (World Wide Fund for Nature) សមាគមសត្តវិទ្យានៅប្រទេសស្កុតឡែន និងអឺរ៉ុប និងអង្គការក្រៅរដ្ឋាភិបាល Wildlife Asia នៅអូស្ត្រាលី។
ប្រធានអង្គការ Wildlife Asia គឺលោកស្រី Clare Campbell បាននិយាយថា ការការពារតំបន់នេះពីការគំរាមកំហែង ដែលកំពុងតែកើនឡើង រួមមានការអភិវឌ្ឍន៍និងការប្រមាញ់ខុសច្បាប់គឺត្រូវការការគាំទ្រជាអន្តរជាតិ។
លោកស្រី Campbell បានប្រាប់ VOAថា៖ «ការគំរាមកំហែងគឺកើតមានឡើងគ្រប់ពេល ហើយការគំរាមកំហែងមួយចំនួនទាមទារការប្រើប្រាស់ធនធានជាច្រើន ការយល់ដឹង និងចំណាប់អារម្មណ៍អន្តរជាតិ។ កត្តាមួយទៀតគឺ ថាតើសហគមន៍ក្នុងស្រុកអាចមើលឃើញទស្សនវិស័យសម្រាប់តំបន់នេះ ដែលអាចនឹងខុសពីទស្សនវិស័យរបស់អ្នកអភិវឌ្ឍបរទេសឬទេ»។
កម្មវិធីមួយដើម្បីការពារតំបន់អភិរក្សប្រឆាំងនឹងការប្រមាញ់ខុសច្បាប់ បាននាំឲ្យមានក្រុមអ្នកស្រុក រដ្ឋKaren ដែលដើរល្បាតប្រឆាំងនឹងការប្រមាញ់សត្វ ហើយពួកគេទទួលបានជំនួយឧបត្ថម្ភផ្នែកសព្វាវុធពីក្រុមឧទ្ទាមសហភាពជាតិ (KNU)។
លោកស្រី Campbell និយាយថា ពួកគេមានគម្រោងពង្រីកតំបន់ដែលក្រុមទាំងនេះដើរល្បាត ប៉ុន្តែនឹងត្រូវការធនធានច្រើនជាងនេះ។
រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា សម្រេចបានបទឈប់បាញ់គ្នាជាមួយកងកម្លាំងប្រដាប់អាវុធជនភាគតិច ដែលមានទាំងជនភាគតិច Karenផង ស្របពេលដែលស្ថិរភាពនយោបាយ និងកំណែទម្រង់បានបើកផ្លូវឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ទោះជាយ៉ាងនេះក្ដី ការថយចុះនៃជម្លោះបានបើកឱកាសឲ្យមានការប្រមាញ់ខុសច្បាប់ និងការជួញដូរសត្វព្រៃ។
តាំងពីឆ្នាំ២០១២ ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ការកើនឡើងនៃការប្រមាញ់សត្វដំរីដល់ទៅ១០ដង គឺប្រមាណពី២៥ទៅ៣០ក្បាលក្នុងមួយឆ្នាំ ដោយក្រុមអាជ្ញាធរបានទម្លាក់កំហុសទៅលើកង្វះខាងព័ត៌មាន និងតម្រូវការសរីរាង្គសត្វ ជាពិសេសពីប្រទេសចិន។
ការកាប់បំផ្លាញព្រៃឈើ ក៏បានកើតឡើងផងដែរ។ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (UN's Food and Agricultural Organization/ FAO) បានចាត់ចំណាត់ថ្នាក់ដាក់ប្រទេសមីយ៉ាន់ម៉ា ក្រោយប្រទេសប្រេស៊ីល និងប្រទេសឥណ្ឌូណេស៊ីប៉ុណ្ណោះ ក្នុងបរិបទបាត់បង់ព្រៃឈើ។
ប៉ុន្តែក្រុមអ្នកអភិរក្ស មានការភ័យខ្លាចថា កំណើនឥទ្ធិពលរបស់ប្រទេសចិន អាចធ្វើឲ្យមានការបាត់បង់ការគាំទ្រពីថ្នាក់ដឹកនាំក្រុមឧទ្ទាមនៅរដ្ឋ Karen ក្នុងការបន្តការគាំទ្រតំបន់អភិរក្ស តាមរយៈកងទ័ពរំដោះជាតិ Karen (Karen National Liberation Army/KNLA) ដែលជាក្រុមឧទ្ទាមប្រដាប់អាវុធរបស់សហភាពជាតិ KNU។
ក្នុងអំឡុងពេលចរចារពីបទឈប់បាញ់គ្នានាពេលថ្មីៗនេះ ប្រធានក្រុមឧទ្ទាមសហភាពជាតិ (KNU) លោក Mutu Say Poe បានក្លាយជាអ្នកដឹកនាំក្រុមឧទ្ទាម Karen ដំបូងដែលធ្វើទស្សនកិច្ចនៅប្រទេសចិន។
លោកSaw Paul ប្រធានបណ្ដាញបរិស្ថាន និងសកម្មភាពសង្គមនៅរដ្ឋ Karen និយាយថា នៅមានការព្រួយបារម្ភថា ក្រុមឧទ្ទាមសហភាពជាតិអាចនឹងបោះបង់ការគាំទ្រចំពោះតំបន់អភិរក្សនេះ។
លោកនិយាយថា៖ «យើងបារម្ភថា ភាគីចិននឹងលើកឡើងពីគម្រោង(តំបន់អភិរក្ស)នេះ ពេលនិយាយអំពីការសហការជាមួយនឹងក្រុមឧទ្ទាមសហជីពជាតិ ឬក្នុងដំណាក់កាលស្វែងរកសន្តិភាព។ ខ្ញុំមិនដឹងដែរ។ ប៉ុន្តែ ប្រាកដណាស់ ដោយសារភាគីពាក់ព័ន្ធចម្បងក្នុងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះគឺប្រទេសចិន ហើយទីពីរគឺអាជ្ញាធរអគ្គិសនី EGAT របស់ប្រទេសថៃ ដូចនេះ យើងពិតជាមានការព្រួយបារម្ភមែន»។
VOA មិនអាចទាក់ទងក្រុមឧទ្ទាមសហភាពជាតិ ដើម្បីស្នើសុំការអធិប្បាយសម្រាប់រឿងនេះបានទេ។
ក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យឈប់គាំទ្រការសាងសង់ទំនប់វារីអគ្គិសនី Hatgyi ប្រជាជនភាគតិចរដ្ឋ Karenបានបង្កើតគំនិតផ្ដួចផ្ដើមក្រុមអភិរក្សសត្វព្រៃការ៉ែន(Karen Wildlife Conservation Initiative/ KWCI) ដើម្បីផ្សព្វផ្សាយពីការអភិវឌ្ឍតាមមធ្យោបាយដទៃវិញ។
ក្រុមអភិរក្សសត្វព្រៃការ៉ែន (KWCI) បានសហការជាមួយនឹងក្រសួងរុក្ខាប្រមាញ់ Karen បណ្ដាញបរិស្ថាន និងសកម្មភាពសង្គមនៅរដ្ឋ Karen និងអង្គការWildlife Asia។ គម្រោងដែលមានឈ្មោះថា សួនសន្តិភាព(Peace Park)បានកំណត់យកតំបន់មួយរហូតដល់តំបន់ទំនប់ ជាតំបន់អភិរក្សវប្បធម៌ និងសហគមន៍ ហើយក៏ជាតំបន់អភិរក្សសត្វព្រៃមួយផងដែរ។
លោកSaw Paul ប្រធានបណ្ដាញបរិស្ថាន និងសកម្មភាពសង្គមនៅរដ្ឋ Karen បាននិយាយថា៖ «កម្មវិធីដែលយើងកំពុងតែពិនិត្យមើលនេះ គឺជាជម្រើសមួយ ជំនួសគម្រោងអភិវឌ្ឍធំៗរបស់រដ្ឋាភិបាល»៕
ប្រែសម្រួលដោយ វិញ សុជាតា