ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​ស្នើ​សម្រាល​ទោស​សកម្មជន​ដែល​ត្រូវ​ចោទ​ប្រកាន់«ពាក់អាវ​យោធា​ខុស​ច្បាប់»


ស្លាកគណបក្សភ្លើងទៀនត្រូវបានឃើញនៅតាមដងផ្លូវជាតិក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
ស្លាកគណបក្សភ្លើងទៀនត្រូវបានឃើញនៅតាមដងផ្លូវជាតិក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ក្រុម​គ្រួសារ​របស់​សកម្ម​ជន​គណបក្ស​ជំទាស់​ក្នុង​ខេត្ត​ស្វាយរៀង​បាន​អំពាវនាវ​ឱ្យ​ដោះលែង​លោក ​ពៀក វណ្ណា ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ស្លៀកពាក់​សម្លៀក​បំពាក់​យោធា​ខុស​ច្បាប់។​


លោក ​ពៀក វណ្ណា ​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ស្វាយរៀង ​កាល​ពី​ថ្ងៃ​ទី​ ២៩​ ខែ​កក្កដា ​ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សម្លៀក​បំពាក់​ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ​ ខណៈ​លោក​បាន​ស្លៀកពាក់​សម្លៀក​បំពាក់​យោធា ​(អាវ​ប៉ារ៉ា)​ទៅ​ប្រើប្រាស់​ជា​សាធារណៈ ​ចាប់​តាំង​ពី​អំឡុង​ខែ​កក្កដា​ ឆ្នាំ​ ២០២៤​ រហូត​ដល់​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ ឆ្នាំ ​២០២៤​ នៅ​កន្លែង​លក់​ដូរ​របស់​ខ្លួន​ព្រម​ទាំង​ពាក់​ទៅ​ចូលរួម​ប្រជុំ​នៅ​ក្នុង​ក្រុម​បក្ស​របស់​ខ្លួន​ទាំង​ដែល​ខ្លួន​មិន​មែន​ជា​មន្ត្រី​យោធា។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ខេត្ត​ស្វាយរៀង។​

លោក ​រិន ភក្តី ​អាយុ​២៤​ឆ្នាំ​ រស់​នៅ​ភូមិ​ចេក​ សង្កាត់​ចេក​ ក្រុង​ស្វាយរៀង ​ខេត្ត​ស្វាយរៀង​ប្រាប់​វីអូអេ​ថា​ ការណ៍​ដែល​ឪពុក​របស់​លោក​តែងតែ​ស្លៀក​សម្លៀក​បំពាក់​ជា​យោធា ​ដោយ​សារតែ​ការ​ស្រឡាញ់ ​និង​យល់​ថា​ ងាយ​ស្រួល​ក្នុង​ការ​ស្លៀក​ពាក់ ​និង​ថា​ ឪពុក​មិន​បាន​មាន​ចេតនា​ស្លៀក​ពាក់​សម្លៀក​បំពាក់​យោធា​ដើម្បី​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «គាត់​ចូល​ចិត្ត​ពាក់​អាវ​ហ្នឹង​ ដោយសារ​អាវ​ហ្នឹង​វា​ក្រាស់​ស្រួល​ពាក់​ ព្រោះ​គាត់​ចូល​ចិត្ត​តាំង​ពី​យូរ​ហើយ​ តាំង​ពី​ដើម​មក​ហើយ។​ គាត់​មិន​ដែល​ថា​ ពាក់​អាវ​ហ្នឹង​ដើម្បី​បញ្ចេញ​អំណាច​ឬ​ក៏​តួនាទី​អី​គឺ​អត់​មាន​ទេ​បង! ​គាត់​អត់​ដឹង។ ​ អត់​ដឹង​បាន​គាត់​ស្លៀក​ពាក់។ ​ណា​មួយ​អត់​មាន​ខាង​ណា​ដែល​ប្រាប់​គាត់​ថា​ ពាក់​អាវ​ហ្នឹង​មាន​ទោស​ឬ​ក៏​ម៉េច!​ បើ​សិន​ប្រាប់​គាត់​ឬ​ក៏​ព្រមាន​គាត់​ជា​លើក​ទី​មួយ​ហើយ​ លើក​ទី​ពីរ​គាត់​នៅ​តែ​បន្ត​ធ្វើ​ពាក់​អាវ​ហ្នឹង​ទៅ​ទៀត​ឬ​ពាក់​ទៅ​រក​ស៊ី​ទៀត​ វា​សម​តែ​ដាក់​ទោស​គាត់។​ តែ​នេះ​គាត់​អត់​ដឹង​ផង ហើយ​ខោ​អាវ​គាត់​ពាក់​យូរ​ហើយ​ ដល់​ឥឡូវ​ទើប​ដឹង​ថា​ ពាក់​អាវ​ហ្នឹង​មាន​ទោស»។​

លោក ​រិន ភក្តី ​ដែល​ជា​កូន​ច្បង​ក្នុង​ចំណោម​កូន​ប្រុស​៣​នាក់​របស់​លោក ​ពៀក វណ្ណា​ ស្នើ​សុំ​ឱ្យ​តុលាការ​សម្រាល​ទោស​លើ​ឪពុក​របស់​លោក។​

លោក​បញ្ជាក់​ថា៖​ «ការ​កាត់​ក្តី​របស់​តុលាការ​ ខ្ញុំ​គិត​ថា​ អត់​ត្រឹម​ត្រូវ​ដោយ​សារ​ទី១​យើង​គ្មាន​ចេតនា​ក្នុង​ការ​ពាក់​សម្លៀក​បំពាក់​ហ្នឹង​ទេ។ ​យើង​អត់​មាន​គោល​បំណង​ថា​ ពាក់​ទៅ​ដើម្បី​បង្ហាញ​ថា​ ជា​យោធា​ឬ​ជា​ទាហាន​អី​ទេ។ ​ គ្រាន់​តែ​គាត់​ពាក់​ធម្មតា​ជា​ប្រជា​ពលរដ្ឋ។ ​ខ្ញុំ​សុំ​ចង់​ឱ្យ​តុលាការ​សម្រាល​ទោស​ឱ្យ​គាត់​រួច​ខ្លួន​ ហើយ​ធ្វើ​លិខិត​ព្រមាន​អី​ចំពោះ​គាត់។ បើ​សិន​ជា​មាន​លើក​ក្រោយ​ទៀត​ត្រូវ​ធ្វើ​ទៅ​តាម​ច្បាប់​នីតិវិធី​ទៅ»។​

អគ្គ​លេខាធិការ​គណបក្ស​ភ្លើងទៀន ​លោក​ លី សុធារ៉ាយុត្តិ ​ប្រាប់​វីអូអេ​ថា​ ការ​ចាប់​ខ្លួន​សមាជិក ​និង​សកម្ម​ជន​គណបក្ស​ជំទាស់​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្នុង​នោះ​មាន​លោក ​ពៀក វណ្ណាផង ​ជា​ការ​គំរាម​កំហែង​សកម្ម​ជន​ដដៃ​ទៀត​ឱ្យ​មាន​ការ​ភ័យ​ខ្លាច ​និង​មិន​ហ៊ាន​ចូល​រួម​សកម្ម​ភាព​នយោបាយ​ជា​មួយ​គណបក្ស​ជំទាស់។​

លោក​ ឈីវ អ៊ិចគង់​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ​និង​ជា​អ្នក​នាំ​ពាក្យ​ប្រាប់​វីអូអេ​ថា​ ការ​លើក​ឡើង​របស់​ក្រុម​គ្រួសារ​របស់​លោក ​ពៀក វណ្ណា ​គ្រាន់​តែ​ជា​ចម្លើយ​មួយ​តែ​ប៉ុណ្ណោះ​ និង​ថា​ ការ​សម្រេច​គឺ​អាស្រ័យ​លើ​សិទ្ធិ​របស់​ចៅ​ក្រម​ជំនុំ​ជម្រះ។​

លោក​ថ្លែង​ថា៖ ​«ពាក់ព័ន្ធ​ការ​លើក​ឡើង​របស់​ក្រុម​គ្រួសារ​ សំខាន់​ខ្លាំង​បំផុត​គឺ​ចម្លើយ​របស់​គាត់​ដែល​គាត់​ជា​ជន​ជាប់​ចោទ​សព្វ​ថ្ងៃ​គឺ​ជា​ជន​ត្រូវ​ចោទ​ផ្ទាល់​ក្នុង​សំណុំ​រឿង។​ ការ​បន្ធូរ​បន្ថយ​ឬ​យ៉ាង​ណា​នោះ​ អាហ្នឹង​វា​នៅ​ជា​សិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ​ជំនុំ​ជម្រះ​ទេ។​ សម្រាប់​ខាង​អយ្យការ​ យើង​អាច​ជម្រាប​លោក​ស្រី​បាន​ពី​នីតិវិធី​ដែល​ដំណាក់​កាល​ដែល​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ»។​
លោក​បន្ថែម​ថា​ ​មក​ដល់​ពេល​នេះ​ ជន​ត្រូវ​ចោទ​ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។​

ការ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ​មាន​បញ្ញត្តិ​ឱ្យ​ផ្តន្ទា​ទោស​តាម​មាត្រា​ ៦១២​នៃ​ក្រម​ព្រហ្មទណ្ឌ ​ដែល​អាច​ជាប់​ពន្ធនាគារ​ពី​ ១​ខែ​ទៅ​ ១​ឆ្នាំ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ពេជ្រ វីរៈ ​ស្នង​ការ​នគរបាល​ខេត្ត​ស្វាយរៀង​បាន​នៅ​ឡើយ​ទេ។​

កាល​ពី​ថ្ងៃ​ទី ​៣០​ ខែ​កក្កដា ​ឆ្នាំ​២០២៤ ​តុលាការ​ខេត្ត​ស្វាយរៀង​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ​ ២០២៤ ​ការិយាល័យ​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​បាន​បញ្ជូន​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ ករណី​ឈ្មោះ ​ពៀក​ វណ្ណា ​«បាន​ធ្វើ​សកម្ម​ភាព​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សម្លៀក​បំពាក់​យោធា ​(អាវ​ប៉ារ៉ា)​ទៅ​ប្រើប្រាស់​ជា​សាធារណៈ ​ចាប់​តាំង​ពី​អំឡុង​ខែ​កក្កដា​ ឆ្នាំ​ ២០២៤​ រហូត​ដល់​ថ្ងៃ​ទី២៨​ ​ខែ​កក្កដា​ ឆ្នាំ ​២០២៤​ ដោយ​បាន​ប្រើប្រាស់​សម្លៀក​បំពាក់​នេះ​ នៅ​កន្លែង​លក់​ដូរ​របស់​ខ្លួន​ ក៏ដូច​ជា​បាន​ពាក់​ទៅ​ចូលរួម​ប្រជុំ​នៅ​ក្នុង​ក្រុម​បក្ស​របស់​ខ្លួន​ទាំង​ដែល​ឈ្មោះ ​ពៀក​ វណ្ណា ​ឈ្មោះ​ហៅ​ក្រៅ ​ឡូញ ​មិន​មែន​ជា​មន្ត្រី​យោធា​នោះ​ទេ»។​

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក​ នី សុខា ​យល់​ឃើញ​ថា​ ជា​ទូទៅ​ឯក​សណ្ឋាន​យោធា​មាន​តែ​យោធា​ទេ​ដែល​មាន​សិទ្ធិ​ស្លៀកពាក់ ​ហើយ​ពលរដ្ឋ​ធម្មតា​មិន​មាន​សិទ្ធិ​ស្លៀក​ពាក់​ឯក​សណ្ឋាន​ទាំង​អស់​នោះ​ដែរ ​ព្រោះ​វា​អាច​នឹង​មាន​ការ​ភាន់​ច្រឡំ​ និង​រំលោភ​ច្បាប់​យោធា។ ​ទោះ​ជាយ៉ាង​ណា​លោក​ថា​ គួរតែ​មាន​ការ​សម្រាល​ទោស​លើ​លោក ​ពៀក វណ្ណា ​ប្រសិន​បើ​លោក​គ្រាន់​តែ​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា​តែ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស។​

លោក​ថ្លែង​ថា៖​ «រឿង​នេះ​មិន​មែន​ជា​រឿង​ធ្ងន់​ស្រាល​អី​ទេ។​ ថ្វី​ដ្បិត​វា​ជា​កំហុស​មែន​ តែ​វា​មិន​មែន​ជា​កំហុស​មួយ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ទេ​ ព្រោះ​គាត់​ក៏​មិន​បាន​ស្លៀក​សម្លៀក​បំពាក់​ហ្នឹង​យក​ទៅ​ប្រព្រឹត្ត​នូវ​បទ​ល្មើស​អី​ផ្សេងៗ​ដែរ។​ ខ្ញុំ​គិត​ថា​ គួរតែ​មាន​ស្ថាន​សម្រាល​មួយ​ឱ្យ​គាត់​អាច​រួច​ផុត​ពី​ទុក្ខ​ភ័យ ​ការ​ចោទ​ប្រកាន់​ ឬ​ឱ្យ​រួច​ផុត​ពី​ការ​ឃុំ​ឃាំង​ ដើម្បី​សម្រាល​ទោស​គាត់​ទៅ ​ឱ្យ​គាត់​រាង​ចាល ​ឱ្យ​គាត់​ដឹង​អំពី​ថា ​តើ​សម្លៀក​បំពាក់​ហ្នឹង​វា​ខុស។ ​ទីពីរ​គាត់​អាច​ទៅ​រស់​នៅ​ក្នុង​គ្រួសារ​គាត់​ដែល​អាច​មាន​លទ្ធភាព​ចិញ្ចឹម​ប្រពន្ធ​កូន​គាត់។​ វា​ជា​រឿង​មួយ​ដើម្បី​ប្រយោជន៍​សង្គម​ទេ​ ព្រោះ​គាត់​ក៏​មិន​មាន​កំហុស​អី​ធ្ងន់ធ្ងរ​ដែរ»។​

លោក​ នី សុខា ​ក៏​ជំរុញ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​អាជ្ញា​បណ្ណ​ម្ចាស់​ទី​តាំង​លក់​ឯក​សណ្ឋាន​យោធា​ទាំង​អស់​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​កុំ​ឱ្យ​ពលរដ្ឋ​ភាន់​ច្រឡំ​ក្នុង​ការ​ស្លៀក​ពាក់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG