ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ បន្ត​តវ៉ា​ហើយ​ត្រូវ​អូស​ចេញ​ដោយ​កម្លាំង​សន្តិសុខ


រូបឯកសារ៖ អ្នកស្រី ​នួន នឿន​ រងរបួស​នៅខ្នងដៃ​​ស្តាំ បន្ទាប់ពីត្រូវ​បាន​អូសទាញ​ដោយកងសន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។​ (ហ៊ុល​ រស្មី/វីអូអេ)

ក្នុងការ​តវ៉ា​នៅ​សប្តាហ៍ទី​៧​នេះ ក៏ដូច​ការតវ៉ា​សប្តាហ៍​មុនៗ​ដែរ ក្រុម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ ត្រូវ​កម្លាំង​សន្តិសុខ​អូស​ចេញ​ពី​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

ក្រុម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំខ្លួន​ នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ ​បន្ត​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដោយ​ពួក​គាត់​ប្រឈមការ​អូសចេញ​ដោយ​កម្លាំង​សន្តិសុខ។

នេះ ជា​សប្តាហ៍ទី​៧​នៃ​ការតវ៉ា។ ​កន្លង​ទៅ​ពួកគាត់​ធ្លាប់​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​ធំៗ ​ដូចជា​ស្ថានទូត​សហភាព​អឺរ៉ុប ​ស.រ.អា ​និង​អង់គ្លេស​ជាដើម។​

ក្នុង​ការតវ៉ា​របស់ពួក​គាត់​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ កម្លាំង​សន្តិសុខ​អូស​ពួកគាត់​ ដែល​ភាគ​ច្រើន​ជាស្រ្តីនោះ ​ក្រោម​ហេតុផល​ថា​ ពួកគេ​មិន​មាន​ច្បាប់​អនុញ្ញាត ​ហើយ​ថា​ អាជ្ញាធរ​រៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​ នៅ​ខាង​មុខ​តុលាការ។ ​ស្រ្តី​តវ៉ា​ទាំង​នោះ​លើក​ឡើង​ថា​ពួកគាត់​មក​ទីនេះ​ទាមទារ​ឲ្យ​ដោះលែង​«អ្នកទោស​នយោបាយ»​ចំនួន​១៥​នាក់។ ​ពួក​គាត់​យល់​ថា​ ការ​ចាប់ខ្លួន​សមាជិក​ក្រុម​គ្រួសារ​របស់ពួក​គាត់​ ជារឿង​អយុត្តិធម៌។​

រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)
រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

ក្នុង​ការ​តវ៉ា​កន្លង​ទៅ ​ពួកគាត់​ដែល​ជាស្រ្តី​ត្រូវ​បាន​កម្លាំង​សន្តិសុខ​អូសទាញ ​និង​សែង​ចេញ​ពី​មុខ​តុលាការ​ ដែល​នាំឲ្យ​ពួកគាត់​មួយ​ចំនួន​រង​របួស​ផង​ដែរ។​

បើតាម​ញត្តិ​របស់​អ្នក​តវ៉ា ​ អ្នកទាំង​១៥​នាក់​នោះ ​ត្រូវ​បាន​ចាប់​ខ្លួន​តាំងពី​ដើម​ឆ្នាំ​២០២០។ ​ពួកគាត់​លើក​ឡើង​ថា ​គ្រួសារ​របស់​ពួកគាត់ ​មិន​បាន​ប្រព្រឹត្ត​អ្វី​ដែល​ខុស​ច្បាប់​ជាតិ ​និង​អន្តរជាតិ​នោះ​ទេ។​

អ្នកទាំង​១៥​នាក់​នោះ​ ត្រូវ​បាន​ចាប់​ខ្លួន​តាម​ការ​ចោទ​ប្រកាន់«រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ​និង​ញុះញង់​ឲ្យ​យោធា​មិន​ស្តាប់​បង្គាប់»។ ​នេះ​បើ​តាម​មេធាវី​របស់​ពួកគាត់​ គឺ​លោក ​សំ សុគង់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG