ក្រុមគ្រួសារប្រពន្ធកូនរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ នៅថ្ងៃសុក្រនេះ បានព្យាយាមយកញត្តិទៅថ្វាយព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហមុនី ដើម្បីស្នើសុំព្រះរាជអន្តរាគមន៍ ឲ្យមានការដោះលែងស្វាមី និងឪពុករបស់ពួកគេ។
ក៏ប៉ុន្តែ ពុំមានមន្ត្រីក្នុងព្រះបរមរាជវាំងចេញមកទទួល ហើយពួកគាត់ត្រូវបានប្រាប់ដោយអាជ្ញាធរខណ្ឌដូនពេញថា ពួកគាត់គួរទៅដាក់ញត្តិនៅរដ្ឋសភា ឬព្រឹទ្ធសភាវិញ។
អ្នកស្រី ព្រុំ ចន្ថា ជាអ្នកតវ៉ា និងដែលជាតំណាងអ្នកដាក់ញត្តិម្នាក់ បានស្រែកនៅក្រៅរបងព្រះបរមរាជវាំងនៅពេលប៉ូលិស ៣នាក់ បានស្នើឲ្យអ្នកស្រីចាកចេញពីច្រកចូលព្រះបរមរាជវាំងមួយ ដែលមានក្រុមប៉ូលិសមួយចំនួនទៀត ឈរយាមកាមយ៉ាងតឹងរ៉ឹង។
«តែប៉ុណ្ណឹងសោះ ដេញដែរ ខ្ញុំឆ្ងល់ដែរនៀក អត់យល់!...ហើយព្រះអង្គទៅណាហើយ ព្រះអង្គទៅណាហើយព្រះអង្គ កូនចៅវេទនាណាស់ កូនចៅវេទនាណាស់...កូនចៅវេទនាណាស់។ ប្តីកូនចៅជាប់គុក»។
ស្វាមីរបស់អ្នកស្រីឈ្មោះ កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ហើយលោកកំពុងជាប់ឃុំជាមួយអតីតមន្រ្តីបក្សប្រឆាំងផ្សេងទៀត។
អ្នកស្រី ព្រុំ ចន្ថា និងស្រ្តីផ្សេងទៀតជាង១០នាក់ បានបន្តការតវ៉ា នៅពេលពួកគេមកឈរនៅទល់មុខនឹងច្រកចូលព្រះបរមរាជវាំង ដែលនៅមិនឆ្ងាយប៉ុន្មានពីតុលាការកំពូល។ ក្រុមអ្នកតវ៉ាដែលមានទាំងកុមារផងនោះ ត្រូវបានកងសន្តិសុខខណ្ឌដូនពេញ មិនឲ្យចូលទៅជិតរបងព្រះបរមរាជវាំងទេ។ ពួកគេបានកាន់ព្រះឆាយលក្ខណ៍អង្គមហាក្សត្រ និងរូបថតសាច់ញាតិដែលជាប្តី និងឪពុក។
លោក គឹម វុត្ថា ប្រធានកងសន្តិសុខខណ្ឌដូនពេញប្រាប់ក្រុមអ្នកតវ៉ាថា ពួកគាត់មិនបានធ្វើតាមលំដាប់នៃការដាក់ញត្តិ ដោយលោកថា ត្រូវដាក់ទៅស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា។
«បងឯងភ្លឹបមកព្រះមហាក្សត្រ ហើយលោកទៅយាងនៅក្រៅប្រទេសនៅឡើយទេ យល់អ៊ីចេះ»។
ព្រះមហាក្សត្រគ្រោងយាងពីប្រទេសចិនវិញ នៅថ្ងៃសៅរ៍ស្អែកនេះ ក្រោយព្រះអង្គបានចេញទៅពិនិត្យព្រះរាជសុខភាព អស់រយៈពេលមួយខែមកហើយ។
ក្រុមសមាជិកគណបក្សសង្គ្រោះជាតិ ប្រមាណ២០នាក់ ដែលភាគច្រើនជាអតីតក្រុមប្រឹក្សា និងមន្ត្រីថ្នាក់ឃុំសង្កាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ និងត្រូវបានចាប់ឃុំខ្លួន ដោយសារការអត្ថាធិប្បាយ និងចែករំលែកព័ត៌មានទាក់ទិនស្ថានភាពសេដ្ឋកិច្ចប្រទេស និងវិបត្តិជំងឺឆ្លងកូវីដ១៩ និងការគាំទ្រគម្រោងវិលត្រឡប់ចូលប្រទេសវិញរបស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
ការតវ៉ានៅថ្ងៃនេះ ក្រុមសាច់ញតិ្តរបស់អតីតមន្ត្រីគណបក្សប្រឆាំង ក៏បានទាមទារឲ្យមានការដោះលែងសកម្មជន ដែលជាប់ឃុំដោយសារតែការតវ៉ា ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនរ៉ុង ឈុន មេដឹកនាំសហជីព។
ស្ត្រីអ្នកតវ៉ាមួយរូប គឺអ្នកស្រី សេង ចាន់ថន ភរិយារបស់លោក ស៊ុន ធន់ អតីតសមាជិកក្រុមប្រឹក្សាស្រុកក្នុងខេត្តកំពង់ធំ បានស្រែកសួររកមន្ត្រីវាំងឲ្យមកទទួលញត្តិ។ អ្នកស្រីប្រាប់វីអូអេថា ការមកស្នើសុំជំនួយពីព្រះមហាក្សត្រនេះ ដោយសារស្វាមីអ្នកស្រី មិនបានប្រព្រឹត្តកំហុស ប៉ុន្តែត្រូវប្រឈមនឹងការជាប់ឃុំ។
«ក្នុងនាមគាត់ជាបិតា ប្រទេសទាំងមូល អ៊ីចឹងរាល់ការដែលកូនចៅមានទុក្ខលំបាកទំាងអស់ហ្នឹង គាត់គួរតែជួយមើល ជួយដោះទុក្ខ កូនចៅទាំងអស់ហ្នឹង»។
កញ្ញា ហេង ម៉ារ៉ូឡា វ័យ១៧ឆ្នាំ កំពុងកាន់រូបថតរបស់ឪពុកនាង គឺលោក ហេង ច័ន្ទសុទ្ធី អតីតមន្ត្រីគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យ។ យុវតីរូបនេះ ក៏មិនសុខចិត្តនឹងការចាប់ឃុំខ្លួនឪពុករបស់នាងដែរ។
«ចង់ឲ្យព្រះមហាក្សត្រជួយសម្រាលទោស ក៏ដូចជាមើលដល់អ្នកទោសនយោបាយទាំងអស់ដែលគាត់អត់មានកំហុសហ្នឹង។ ជួយសម្រាលទោសឲ្យពួកគាត់»។
បើតាមញត្តិដែលមានភ្ជាប់បញ្ជីឈ្មោះអ្នកជាប់ឃុំ៣២នាក់ ក្រុមអ្នកតវ៉ាទូលព្រះមហាក្សត្រអំពីដំណើររឿងនៃការចាប់ និងឃុំខ្លួនសាច់ញាតិរបស់ពួកគាត់ និងក្រុមសកម្មជនជាច្រើននាក់ដែលកំពុងជាប់ឃុំ។
ក្រុមអ្នកតវ៉ាបានលើកឡើងក្នុងញត្តិនោះថា៖ «ទូលព្រះបង្គំយើងខ្ញុំជាកូនចៅព្រះអង្គមានការរងា ភ័យព្រួយ កើតទុក្ខ មិនសុខចិត្តនឹងតុលាការនិងអាជ្ញាធរភ្នំពេញដែលបានចាប់គ្រួសារពួកទូលព្រះបង្គំទៅដាក់ពន្ធនាគារ ធ្វើឲ្យគ្រួសារកូនដែលក្រីក្រស្រាប់ កាន់តែក្រីក្រថែមទៀត ហើយគ្មានមុខរបរ គ្មានប្រាក់ចំណូល នាំឲ្យកូនចៅវេទនា បោះបង់ការរៀនសូត្រហាក់គ្មានពន្លឺសោះទៅអនាគត»។
ញត្តិដដែលបន្ថែមថា៖ «អាស្រ័យដូចបានទូលថ្វាយខាងលើ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់...ទ្រង់ព្រះមេត្តាមានព្រះរាជតម្រិះលើកលែងទោសចំពោះអ្នកដែលមានសាលក្រមដាក់ទោស និងសូមព្រះអង្គធ្វើព្រះរាជអន្តរាគមន៍ឲ្យតុលាការច្រានចោលរាល់ការចោទប្រកាន់មកលើកូនចៅស្លូតត្រង់របស់ព្រះអង្គដែលកំពុងរងទុក្ខក្នុងពន្ធនាគារសព្វថ្ងៃ»។
VOA មិនទាន់អាចទាក់ទងសុំការអធិប្បាយពីមន្ត្រីនៅព្រះបរមរាជវាំងបានទេ នៅថ្ងៃសុក្រនេះ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់វីអូអេថា ការតវ៉ារបស់ស្ត្រីទាំងនោះ មានលក្ខណៈនយោបាយ ដែលគ្មានប្រយោជន៍ខាងច្បាប់ ដើម្បីជួយដល់សាច់ញាតិជាប់ឃុំពួកគេនោះឡើយ។
«ការដាក់ញតិ្តអីនេះ វាជារូបភាពនយោបាយទេ ដែលមានការរៀបចំចាត់ចែង ពីអង្គការចាត់តាំងនយោបាយ ហើយដើម្បីតែចំណេញផលប្រយោជន៍នយោបាយ។ ក៏ប៉ុន្តែ ជាទិដ្ឋភាពច្បាប់ វាមិនមែនជាមធ្យោបាយ តាមផ្លូវច្បាប់ ដើម្បីធើ្វការការពារខ្លួនឲ្យរួចផុតពីការចោទប្រកាន់នោះទេ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ កត់សម្គាល់ថា ការតវ៉ារបស់ស្ត្រីដែលជាភរិយា និងកូនរបស់សាច់ញាតិរបស់អតីតមន្ត្រីបក្សជំទាស់ ទំនងជាមិនបានលទ្ធផលជាដុំកំភួននោះទេ ដោយសារការចាប់ឃុំខ្លួនអតីតមន្ត្រីគណបក្សសង្គ្រោះជាតិទាំងនោះ ត្រូវគេមើលឃើញថាមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
នៅមុនធ្វើដំណើរមកព្រះបរមរាជវាំងដើម្បីដាក់ញត្តិ ក្រុមអ្នកតវ៉ាដែលភាគច្រើនជាស្ត្រីបានទៅតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញដូចសព្វដង ប៉ុន្តែលើកនេះ ពួកគេមិនរងការបង្ក្រាបហិង្សាពីកងសន្តិសុខ ដែលតែងតែមកការពារសណ្តាប់ធ្នាប់នៅតុលាការក្រុងនោះទេ។
គួរបញ្ជាក់ថាក្រុមគ្រួសាររបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ តែងតែចេញមុខរៀងរាល់ថ្ងៃសុក្រ ដើម្បីទាមទារឲ្យដោះលែងក្រុមគ្រួសាររបស់ពួកគេចំនួន១៥នាក់។ បើតាមអង្គការលីកាដូ ចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០២០ គ្រួសាររបស់អតីតសមាជិកគណបក្សជំទាស់ត្រូវបានអូសទាញទាត់ធាក់ និងវាយដំ អំឡុងពេលដែលពួកគាត់តវ៉ា៕