ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ្រួសារ​ខ្មែរ​នៅ​អាមេរិក​បន្ត​ស្វែងរក​អន្តរាគមន៍​ដើម្បី​បញ្ឈប់​ការ​បញ្ជូន​សមាជិក​គ្រួសារ​៨នាក់​ទៅ​កម្ពុជា


លោកស្រី ជូន ឃឿន បងស្រី​របស់​លោក ជូន ភឿយ ដែល​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​ម្នាក់ ចូល​ជួប​នឹង​តំណាង​មន្ត្រី​កម្ពុជា​ប្រចាំ​ស្ថានទូត​ខ្មែរ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

អ្នកស្រី ជូន ឃឿន តែង​ស្រមៃ​ថា អ្នក​ស្រី និង​បងប្អូន​ទាំង​៥នាក់​របស់​អ្នកស្រី នឹង​លែង​បែកគ្នា​តទៅទៀត​ហើយ ក្រោយ​ពី​បាន​រួច​រស់​ជីវិត​ពី​របប​ខ្មែរ​ក្រហម និង​បាន​ភៀស​ខ្លួន​មក​រស់នៅ​ទឹកដី​សហរដ្ឋ​អាមេរិក​តាំង​ពី​ឆ្នាំ​១៩៨០មក​នោះ។

គ្រួសារ​ខ្មែរ​អាមេរិកាំង​៨គ្រួសារ​នៅ​ក្នុង​រដ្ឋ​មីនីសូតា​កំពុង​ធ្វើការ​តវ៉ា និង​ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរ​អាមេរិក និង​អាជ្ញាធរ​ខ្មែរ​ដើម្បី​ជួយ​ឲ្យ​ស្វាមី កូន​ប្រុស និង​បងប្អូន​ប្រុស​របស់​ពួក​គេ​អាច​បន្ត​រស់នៅ​សហរដ្ឋ​អាមេរិក​ជួបជុំ​គ្រួសារ ខណៈពេល​ដែល​អ្នក​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា ​ដោយ​សារ​តែ​ពួក​គេ​បាន​បាត់បង់​សិទ្ធិ​រស់នៅ​សហរដ្ឋ​អាមេរិក ព្រោះ​តែ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​មួយ​ចំនួន។

អ្នកស្រី ជូន ឃឿន តែង​ស្រមៃ​ថា អ្នក​ស្រី និង​បងប្អូន​ទាំង​៥នាក់​របស់​អ្នកស្រី នឹង​លែង​បែកគ្នា​តទៅទៀត​ហើយ ក្រោយ​ពី​បាន​រួច​រស់​ជីវិត​ពី​របប​ខ្មែរ​ក្រហម និង​បាន​ភៀស​ខ្លួន​មក​រស់នៅ​ទឹកដី​សហរដ្ឋ​អាមេរិក​តាំង​ពី​ឆ្នាំ​១៩៨០មក​នោះ។

ក៏ប៉ុន្តែ ក្តី​ស្រមៃ​របស់​ស្ត្រី​វ័យ​៦០ឆ្នាំ​ផ្លាយ​រូបនេះ​ ដែល​បច្ចុប្បន្ន​រស់នៅ​រដ្ឋ​មីនីសូតា​ ហាក់​មិន​ប្រាកដ​នៅ​ឡើយ​ទេ ដោយសារ​ប្អូន​ប្រុស​ម្នាក់​របស់​អ្នកស្រី ​នឹង​ត្រូវ​អាជ្ញាធរ​អាមេរិក​គ្រោង​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា។

សមាជិក​គ្រួសារ​អ្នក​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា រួម​ជាមួយ​នឹង​សកម្មជន​សហគមន៍ និង​មេធាវី​អន្តោប្រវេសន៍​ជួប​ពិភាក្សា​ជាមួយ​នឹង​តំណាង​មន្ត្រី​កម្ពុជា​នៅ​ស្ថានទូត​ខ្មែរ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)
សមាជិក​គ្រួសារ​អ្នក​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា រួម​ជាមួយ​នឹង​សកម្មជន​សហគមន៍ និង​មេធាវី​អន្តោប្រវេសន៍​ជួប​ពិភាក្សា​ជាមួយ​នឹង​តំណាង​មន្ត្រី​កម្ពុជា​នៅ​ស្ថានទូត​ខ្មែរ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

អ្នកស្រី ជូន ឃឿន ដែល​ជា​បង​ស្រី បាន​ប្រាប់ VOA នៅ​ក្នុង​ដំណើរ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថានទូត​ខ្មែរ ឲ្យ​ជួយ​កុំ​ឲ្យ​មាន​ការ​បញ្ជូន​ប្អូន​ប្រុស​អ្នក​ស្រី គឺ​លោក ជូន ភឿយ ទៅ​កម្ពុជា ជា​ទី​ដែល​លោក​មិន​ដែល​ស្គាល់ និង​ធ្លាប់​រស់នៅ​ពី​មុន​ថា៖

«‍ខ្ញុំ​មិនមាន​អី​ទេ ចង់​ឲ្យ​គេ​ទុក​ប្អូន​ខ្ញុំ​តែ​ប៉ុណ្ណឹង ព្រោះ​ដែល​ថា​បញ្ជូន​ទៅ​នេះ ខ្ញុំ​ក៏​ភ័យ​ដែរ។ ខ្ញុំ​មិន​ចង់​ឲ្យ​ប្អូន​ខ្ញុំ​ទៅ​ទេ ព្រោះ​ទី១ គ្មាន​បងប្អូន​នៅ​ស្រុក​ខ្មែរ​ទេ ហើយ​បងប្អូន​មាន​សល់​តែ​ប្រាំ​នាក់ រួច​ពី​ស្លាប់​មក។ ម្តាយ​ខ្ញុំ​ស្លាប់​ទៅ ខ្ញុំ​ជា​អ្នក​ទទួល​បន្ទុក​ប្អូន​ខ្ញុំ​ទាំង​អស់។ បងប្អូន​ខ្ញុំ​ប្រាំ​នាក់»។

អ្នកស្រី​រៀបរាប់​ថា ប្អូន​ប្រុស​របស់​អ្នកស្រី​ ដែល​កើត​នៅ​ជំរំ​សារិន​នៃ​ប្រទេស​ថៃ បាន​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​មួយ​របស់​ក្រុម​ក្មេង​ទំនើង ដែល​លោក​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០ឆ្នាំ​កាលពី​ឆ្នាំ​១៩៩៨។ លោក ជូន ភឿយ បាន​ជាប់​ទោស​រួច​រាល់​ហើយ។ តាំងពី​ឆ្នាំ​២០០៨​មក លោក ជូន ភឿយ​បាន​ចាប់ផ្តើម​ជីវិត​ថ្មី និង​មាន​ភរិយា​រស់នៅ​ក្នុង​ជីវភាព​សាមញ្ញ។

ក៏​ប៉ុន្តែ នៅ​ខែ​សីហា ឆ្នាំ​២០១៦​នេះ លោក ជូន ភឿយ រួម​ទាំង​បុរស​៧នាក់​ផ្សេង​ទៀត ត្រូវបាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​គយ និង​អន្តោប្រវេសន៍​អាមេរិក ហើយ​ត្រូវ​រង់ចាំ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កម្ពុជា។

ការ​ចាប់​ខ្លួន​ និង​ការ​បញ្ជូន​ខ្លួន​អ្នក​ទាំង​៨នាក់​នេះ​កើត​មាន​ឡើង ដោយសារ​តែ​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៦​ដ៏​តឹងរ៉ឹង​របស់​សហរដ្ឋ​អាមេរិក និង​កិច្ច​ព្រមព្រៀង​ធ្វើ​មាតុភូមិនិវត្ត​ឆ្នាំ​២០០២​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក ដែល​មិន​អាច​ទុក​ពួក​គេ​នៅ​សហរដ្ឋ​អាមេរិក​បាន​ទេ ទោះ​បី​ជា​ពួក​គេ​បាន​ជាប់​ទោស​រួច​ហើយ​ក្តី និង​កែប្រែ​ខ្លួន​ក្តី។

លោក ជូន ភឿយ (Chuon Phoeuy) និង​ភរិយា និង​ក្រុម​គ្រួសារ​នៅ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)
លោក ជូន ភឿយ (Chuon Phoeuy) និង​ភរិយា និង​ក្រុម​គ្រួសារ​នៅ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)

កាលពី​ឆ្នាំ​១៩៩៦ រដ្ឋ​សភា​អាមេរិក​បាន​អនុម័ត​ច្បាប់​អន្តោប្រវេសន៍​ដ៏​តឹងរឹង​មួយ ដែល​បាន​ពង្រីក​និយម​ន័យ​នៃ​ប្រភេទ​«‍ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ» ដោយ​រួម​បញ្ជូល​ទាំង​ករណី​តូចតាច​ដូចជា​ការ​លួច​ឆក់ ការ​ក្លែងបន្លំ​ឯកសារ​ និង​«ការ​ប្រព្រឹត្ត​អំពើ​ហិង្សា‍» ដែល​អាច​ប៉ះពាល់​ដល់​រូបរាង​កាយ និង​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ដទៃ​ជាដើម។ ជា​ទូទៅ ច្បាប់​នៅ​តាម​រដ្ឋ​ជាច្រើន​នៅ​សហរដ្ឋ​អាមេរិក ចាត់ទុក​ប្រភេទ​«‍ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ»​ថា​ ជា​ការ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ និង​ព្រៃផ្សៃ​ដូចជា​ការ​ធ្វើ​ឃាត និង​ការ​រំលោភ​សេពសន្ថវៈ​តែ​ប៉ុណ្ណោះ។

បន្ថែម​លើ​នេះ ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​ចៅក្រម​នៃ​តុលាការ​អន្តោប្រវេសន៍​អាមេរិក​ដក​សិទ្ធិ​រស់នៅ​ស្របច្បាប់​ជា​និរន្ត​របស់​ជន​ណា​ដែល​មិនមែន​ជា​ពលរដ្ឋ​អាមេរិកាំង​ តែ​មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់ ហើយ​បញ្ជូន​ជន​នោះ​ទៅ​កាន់​ប្រទេស​ដើម​កំណើត​របស់​ពួក​គេ​វិញ។

យ៉ាងណាមិញ រដ្ឋាភិបាល​អាមេរិក​មិន​អាច​បញ្ជូន​ជន​ណាមួយ​ទៅ​ប្រទេស​ដែល​ចាត់ទុក​ថា​ជា​ដើម​កំណើត​របស់​ពួក​គេ​បាន​ទេ បើសិន​ជា​រដ្ឋាភិបាល​ប្រទេស​នោះ​មិន​មាន​កិច្ច​ព្រមព្រៀង​ធ្វើ​មាតុភូមិនិវត្ត​ជាមួយ​អាមេរិក​នោះ។ ដូច្នេះ ដើម្បី​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន នៅ​ឆ្នាំ​២០០២ រដ្ឋាភិបាល​អាមេរិក​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កិច្ច​ព្រមព្រៀង​មាតុភូមិនិវត្ត ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក ហើយ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ទៅ​ប្រទេស​កម្ពុជា។

​តាំង​ពី​ឆ្នាំ​២០០២​មក​ មាន​ពលរដ្ឋ​ខ្មែរ​ដែល​បាន​កើត​នៅ​ជំរំ​ជន​ភៀស​ខ្លួន ហើយ​បាន​រស់នៅ​និង​ធំ​ដឹង​ក្តី​នៅ​សហរដ្ឋ​អាមេរិក​ប្រមាណ​ជាង​៥០០នាក់ ​ត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា និង​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ក្តី សមាជិក​គ្រួសារ​របស់​បុរស​ទាំង​៨​នាក់​នៅ​រដ្ឋ​មីនីសូតា​នេះ​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​អន្តរាគមន៍​ដើម្បី​ឲ្យ​បុរស​ទាំង៨​នាក់​បាន​នៅ​ជុំ​ប្រពន្ធ​កូន និង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ពួកគេ។

លោក ជិត នីន (Ched Nin) និង​ភរិយាគឺ​អ្នកស្រី ជែននី ស្រី (Jenny Srey)​ និង​កូនៗនៅ​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)
លោក ជិត នីន (Ched Nin) និង​ភរិយាគឺ​អ្នកស្រី ជែននី ស្រី (Jenny Srey)​ និង​កូនៗនៅ​ថ្ងៃ​រៀបអាពាហ៍ពិពាហ៍។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)

អ្នក​ស្រី ជិត សេន ដែល​ជា​ម្តាយ​របស់​លោក ជិត នីន ដែល​កំពុង​ជាប់​ឃុំ​ខ្លួន និង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា បាន​ប្រាប់ VOA ទាំង​ទឹក​ភ្នែក​ថា កូន​ប្រុស​របស់​អ្នក​ស្រី​គឺជា​មនុស្ស​ល្អ បើ​ទោះ​បី​ជា​កូន​ប្រុស​អ្នកស្រី​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បន្តិច​បន្តួច​ពី​អតីតកាល​ក្តី។

«‍ខ្ញុំ​ចង់​ឲ្យ​កូន​ខ្ញុំ​នៅ​ទីនេះ​បាន​ជួប​ចៅ​ខ្ញុំ។ ចង់​និយាយ​ប្រវត្តិ​កូន​ខ្ញុំ។ បើ​លោក​យក​កូន​ខ្ញុំ​ទៅ​ទៀត កូន​ខ្ញុំ​កំព្រា។ ចៅ​ខ្ញុំ​កំព្រា អត់​មាន​ឪពុក​ទេ។ ចៅ​ខ្ញុំ​កំព្រា​អត់​មាន​ឪពុក ដេក​វះ​បេះដូង។ តែ​លោក​ផ្តាច់​ជីវិត​ខ្លួន​ទាំងពីរ​ទាំង​បី​ទៅ ខ្ញុំ​អត់​មាន​ទឹក​ចិត្ត​ទេ»។

អ្នក​ស្រី ជិត សេន បាន​ឲ្យ​ដឹង​ថា លោក ជិត នីន បាន​ជាប់​ពន្ធនាគារ​រយៈពេល​ជិត​ពីរ​ឆ្នាំ​ពី​បទ​បង្ក​អំពើ​ហិង្សា ហើយ​បាន​ចេញ​ពី​ពន្ធនាគារ និង​កសាង​ជីវិត​ថ្មី មាន​ភរិយា និង​កូន​សរុប​ចំនួន​៥នាក់ រួម​ទាំង​កូន​ជាមួយ​នឹង​ភរិយា​មុន​របស់​លោក។ លោក ជិត នីន កើត​នៅ​ជំរុំ​ខាវអ៊ីដាង នៅ​ឆ្នាំ​១៩៨០ មុន​ក្រុម​គ្រួសារ​លោក និង​លោក​បាន​ទទួល​សិទ្ធិ​ជា​ជន​ភៀខ្លួន​រស់នៅ​រដ្ឋ​មីនីសូតា សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៨៦។

អ្នកស្រី ជែននី ស្រី (Jenny Srey) ដែល​ជា​ភរិយា​ទី២​របស់​លោក ជិត នីន បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ដែល​រដ្ឋាភិបាល​អាមេរិក​យល់​ថា​ ជា​ពលរដ្ឋ​ខ្មែរ​នោះ​ខ្វះ​ភាព​មនុស្ស​ធម៌ ដោយសារ​តែ​អ្នក​ទាំង​នេះ​ ជាពិសេស​ស្វាមី​របស់​អ្នក​ស្រី មិន​បាន​កើត​នៅ​ប្រទេស​កម្ពុជា​ទេ។

«‍អ្នក​ទាំង​នេះ​បាន​ភៀស​ខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​តូច។ ពួក​គេ​គឺ​ដូច​ពលរដ្ឋ​អាមេរិកាំង​ផ្សេង​ទៀត​ដែល​កើត​នៅ​សហរដ្ឋ​អាមេរិក​នេះ។ អ្នក​ខ្លះ​មក​ទីនេះ​តាំង​ពី​មាន​អាយុ​៣ខែ។ ពេល​ពួក​គេ​គិត យល់សុបិន្ត និយាយ គឺ​ជា​ភាសា​អង់គ្លេស​ទាំង​អស់។ ពួកគេ​ជា​ជន​រងគ្រោះ​ដោយសារ​តែ​សង្គ្រាម»។

លោក ញៀន សាម៉េត (Nhean Sameth) និងភរិយាគឺអ្នកស្រី សុខា គុល (Sokha Kul) និង​ក្រុម​គ្រួសារ។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)
លោក ញៀន សាម៉េត (Nhean Sameth) និងភរិយាគឺអ្នកស្រី សុខា គុល (Sokha Kul) និង​ក្រុម​គ្រួសារ។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)

រីឯ​អ្នកស្រី គុល សុខា (Sokha Kul) ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ដែរ​នោះ បាន​ស្នើសុំ​ឲ្យ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​សហរដ្ឋ​អាមេរិក​ជួយ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ស្វាមី​របស់​អ្នក​ស្រី​បាន​រស់នៅ​ជួបជុំ​គ្រួសារ​វិញ។

«‍ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ទាំងពីរ​លុបចោល​កិច្ច​ព្រមព្រៀង​នេះ ដែល​ធ្វើការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទៅ​កម្ពុជា ពីព្រោះ​ខ្ញុំ​យល់​ថា អ្នក​ទាំង​នេះ​មិន​គួរ​ត្រូវ​បែកបាក់​គ្រួសារ​ទេ ពីព្រោះ​ពួកគេ​បាន​កែខ្លួន​ហើយ»។

ស្វាមី​របស់​អ្នក​ស្រី​គឺ​លោក ញៀន សាម៉េត (Nhean Sameth) ត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ខែ ប៉ុណ្ណោះ​ពី​បទ​បង្ក​ការ​ខូចខាត​ទ្រព្យ​សម្បតិ្ត​កាលពី​ឆ្នាំ​២០០០។ ក្រោយ​ពី​ចេញ​ពី​មន្ទីរ​ឃុំឃាំង លោក​ ញៀន សាម៉េត ​បាន​ចាប់​ដៃ​គ្នា​សាង​គ្រួសារ​ មាន​កូន​ពីរ​នាក់។ លោក ញៀន សាម៉េត មិន​ដែល​ស្គាល់​ប្រទេស​កម្ពុជា​ឡើយ ដោយសារ​លោក​បាន​កើត​នៅ​ជំរំ​កាំពុត (Kamput) នៅ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​១៩៨២ មុន​ពេល​ទទួល​បាន​សិទ្ធិ​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន​នៅ​ឆ្នាំ​១៩៨៥។

មិន​ខុស​ពី​គ្រួសារ​ដទៃ​ទៀត អ្នកស្រី សុជាតា ផាសិត ដែល​ជា​ភរិយា​របស់​លោក ឆេន អ៊ំ (Chan Om) សុំ​អង្វរ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​កែប្រែ​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០០២​នេះ​ ដើម្បី​ជួយ​ស្វាមី​លោក​ស្រី និង​អ្នក​ទាំង​៧នាក់​ផ្សេង​ទៀត ដោយសារ​តែ​ពួកគេ​ជា​មនុស្ស​ល្អ ហើយ​បាន​ជាប់​ទោស​រួច​ហើយ។

«‍ខ្ញុំ​យល់​ថា អ្នក​ទាំង​៨នាក់​ហ្នឹង អ្វី​ដែល​គាត់​បាន​ធ្វើ គឺ​បាន​កន្លង​ហួស​ទៅ​ហើយ ហើយ​គាត់​បាន​ទទួល​ទោស​រួច​ហើយ។ ហើយ​រយៈពេល​ក្រោយ​មក គាត់​បាន​ធ្វើ​ជា​មនុស្ស​ល្អ។ ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​យើង​ហ្នឹង​យល់​ពី​បញ្ហា​គាត់​រាល់​ថ្ងៃផង ហើយ​នឹង​ការ​រស់នៅ​របស់​គាត់ ដែល​បាន​កែ​ខ្លួន​ទៅ​ជា​មនុស្ស​ថ្មី មាន​ជីវិតថ្មី​មួយ​ទៀត​ហើយ»។

លោក ឆេន អ៊ំ (Chan Om) និង​ភរិយា​គឺ​អ្នកស្រី សុជាតា ផាសិត។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)
លោក ឆេន អ៊ំ (Chan Om) និង​ភរិយា​គឺ​អ្នកស្រី សុជាតា ផាសិត។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)

អ្នកស្រី លឹម ម៉ន ក៏​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​អន្តាគមន៍​លើ​ករណី​បញ្ជូន​កូន​ប្រុស​ច្បង​របស់​អ្នក​ស្រី​ទៅ​កាន់​ប្រទេស​កម្ពុជា ពីព្រោះ​កូន​ប្រុស​របស់​អ្នក​ស្រី​បាន​ជាប់​ទោស​រួច​ហើយ ហើយ​ក៏​បាន​កសាង​ជីវិត​ថ្មី​ដូច​ពលរដ្ឋ​អាមេរិកាំង​ទូទៅ​ដែរ។

«‍ខ្ញុំ​ចង់​ប្រាប់​ថា សូម​ឲ្យ​គាត់​ទុក​កូន​ខ្ញុំ​នៅ​ទីនេះ ឲ្យ​ខ្ញុំ​បាន​ជួបជុំ​កូន ព្រោះ​បងប្អូន​វា​នៅ​ទីនេះ។ ខ្ញុំ​អត់​មាន​បងប្អូន​នៅ​ទីនោះ [ស្រុក​ខ្មែរ] ហើយ​កូន​ខ្ញុំ​វា​អត់​ចេះ​ខ្មែរ អត់​មាន​បងប្អូន​នៅ​ស្រុក​ខ្មែរ​ទៀត អត់​ចេះ​រក​ស៊ីអី ព្រោះ​វា​កើត​នៅ​មន្ទីរ​ខាវអ៊ីដាង ហើយ​វា​ជាប់​មន្ទីរ​ឃុំឃាំង​តំាង​ពី​អាយុ​១៤ឆ្នាំ ហើយ​វា​មិន​មែន​ខ្មែរ​ឯណា។ និយាយ​តែ​អង់គ្លេស»។

កូន​ប្រុស​របស់​អ្នក​ស្រី គឺ​លោក ឆេង សឿន (Chheng Soeun) ត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២៥ឆ្នាំ​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​រវាង​ក្រុម​ក្មេង​ទំនើង​តាំងពី​លោក​មាន​អាយុ​១៤ឆ្នាំ​ម្ល៉េះ។ លោក ឆេង សឿន បាន​ចេញ​ពី​មន្ទី​ឃុំឃាំង​មុន​នៅ​ឆ្នាំ​២០១២ ក្រោយ​ពី​បាន​ជាប់​ឃុំ​រយៈពេល​ជាង​១៧ឆ្នាំ ដោយ​សារ​អាកប្បកិរិយា​ល្អ។

លោក ឆេង សឿន (Chheng Soeun) ដែល​ស្គាល់​ថា ឆេង ប៉ូស៊ី (Chheng Posy) និង​ម្តាយ​គឺ​អ្នកស្រី លឹម ម៉ន​ និង​ភរិយា​របស់​លោក​នៅ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)
លោក ឆេង សឿន (Chheng Soeun) ដែល​ស្គាល់​ថា ឆេង ប៉ូស៊ី (Chheng Posy) និង​ម្តាយ​គឺ​អ្នកស្រី លឹម ម៉ន​ និង​ភរិយា​របស់​លោក​នៅ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)

អ្នកស្រី លឹម ម៉ន បាន​រៀបរាប់​ថា ក្រោយ​ពី​បាន​ចេញ​ពី​មន្ទី​ឃុំឃាំង លោក ឆេង សឿន បាន​ប្រកប​មុខ​របរ​ជា​ជាង​កាត់សក់ មាន​ផ្ទះ​នៅ មាន​គ្រួសារ និង​បង់ពន្ធ​ជូន​រដ្ឋ​ដូច​គ្នា​នឹង​ពលរដ្ឋ​ដទៃ​ទៀត​ដែរ។

ក្រៅ​ពី​លោក ជូន ភឿយ លោក ជិត នីន លោក ឆេង សឿន លោក ឆេន អ៊ំ និង​លោក ញៀន សាម៉េត បុរស​បី​នាក់​ទៀត​ដែល VOA មិន​អាច​ទាក់ទង​សមាជិក​ក្រុម​គ្រួសារ​បាន​រួមមាន លោក អន រ៉ន (An Ron) លោក អ៊ូច ចាន់ហេង (Ouch Chan Heng) និង​លោក ផាន ចំរើន (Phan Chamroeun)។

បុរស​ទាំង​៨នាក់​នេះ​កំពុង​ទន្ទឹង​រង់ចាំ​ជោគ​វាសនា​របស់​ពួកគេ ដោយ​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ពិចារណា​កែប្រែ​កិច្ច​ព្រមព្រៀង​មាតុនិវត្ត​ជាមួយ​រដ្ឋាភិបាល​អាមេរិក ដើម្បី​បញ្ឈប់​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​បាន​កែប្រែ​ខ្លួន។

លោក អន រ៉ន (An Ron) ជាមួយ​នឹង​ក្រុម​គ្រួសារ (ស្តាំ) លោក អ៊ូច ចាន់ហេង (Ouch Chan Heng) ជាមួយ​ក្រុម​គ្រួសារ (កណ្តាល) និង​លោក ផាន ចំរើន (ឆ្វេង) (Phan Chamroeun)ជាមួយ​ភរិយា និង​កូនស្រី។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)
លោក អន រ៉ន (An Ron) ជាមួយ​នឹង​ក្រុម​គ្រួសារ (ស្តាំ) លោក អ៊ូច ចាន់ហេង (Ouch Chan Heng) ជាមួយ​ក្រុម​គ្រួសារ (កណ្តាល) និង​លោក ផាន ចំរើន (ឆ្វេង) (Phan Chamroeun)ជាមួយ​ភរិយា និង​កូនស្រី។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)

នា​ពេល​បច្ចុប្បន្ន អ្នក​ទាំង​៨នាក់​នេះ​កំពុង​ជាប់​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​គយ និង​អន្តោប្រវេសន៍​នៅ​រដ្ឋ​មីនីសូតា​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក្តី សមាជិក​គ្រួសារ​របស់​អ្នក​ទាំង​៨​នេះ​ អះអាង​ថា ពួកគេ​នឹង​បន្ត​តស៊ូ​មតិ និង​រង់ចាំ​ការ​ឆ្លើយតប​ពី​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​មាន​ការ​កែប្រែ​កិច្ច​ព្រមព្រៀង​មាតុភូមិ​និវត្ត​ឆ្នាំ​២០០២​ជាមួយ​រដ្ឋាភិបាល​អាមេរិក៕

XS
SM
MD
LG