ក្រោយមានការចាប់ខ្លួនលោក គា វិសាល មន្រ្តីម្នាក់នៃគណបក្សកម្លាំងជាតិនិងឃុំខ្លួនក្នុងពន្ធនាគារពីបទ «ញុះញង់បង្កឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ» ភរិយារបស់សកម្មជននយោបាយរូបនោះបានទាមទារឱ្យមានការដោះលែងស្វាមី ដោយបដិសេធថាស្វាមីមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ឡើយ។
ការចាប់ខ្លួនលោក មឺ សេងហ៊ ហៅ គា វិសាល អនុប្រធានបណ្តោះអាសន្ននៃគណបក្សកម្លាំងជាតិខេត្តកំពង់ចាម និងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះលេខរៀងទី ១សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ អាណត្តិទី ៤ នៅក្នុងខែឧសភាខាងមុខ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តុលាការ កាលពីថ្ងៃ ១៥ ខែមីនា ឆ្នាំ ២០២៤។ លោករងបទចោទប្រកាន់«ញុះញង់បង្កឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ» តាមបណ្តឹងរបស់បុគ្គលម្នាក់ឈ្មោះ ម៉ៃ ហុងស្រៀង។
អ្នកស្រី ញ៉ែ សុខឿន អាយុ៤៤ឆ្នាំ ជំទប់ទី ២ នៃឃុំកោះមិត្តមកពីគណបក្សភ្លើងទៀនដែលជាភរិយារបស់លោក គា វិសាល ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រី គឺជារឿងអយុត្តិធម៌មួយ ហើយថាវាជាការបំបាក់ស្មារតីសកម្មជនគណបក្សប្រឆាំង។
អ្នកស្រីបញ្ជាក់ថា៖ «សម្រាប់ខ្ញុំជាគ្រួសារ វាអយុត្តិធម៌ណាស់ ដោយសាររឿងហ្នឹងវាអត់មានរឿងអីទេ។ វាជារឿងបំបាក់ស្មារតីក្នុងនាមពួកខ្ញុំដែលគេគិតថាមាននិន្នាការផ្សេង និយាយឱ្យងាយស្តាប់គេគិតថាពួកខ្ញុំជាបក្សប្រឆាំង»។
អ្នកស្រីស្នើសុំឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួយពន្លឿនដោះលែងស្វាមីរបស់អ្នកស្រី ដោយអ្នកស្រីបញ្ជាក់ថា ស្វាមីរបស់អ្នកស្រីមិនបានប្រព្រឹត្តអ្វីខុសដូចការចោទប្រកាន់ឡើយ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំនៅតែទទូចសុំឱ្យនាយករដ្ឋមន្រ្តីថ្មី រាជរដ្ឋាភិបាលឱ្យដោះលែងគ្រួសារខ្ញុំ និងអ្នកទោសមនសិការចេញ។ ទោះយ៉ាងណាសុំឱ្យជួយពន្លឿនរឿងហ្នឹងឱ្យបានជាក់លាក់ឱ្យបានច្បាស់ គាត់មានករណីអីយ៉ាងម៉េចទទូចសុំឱ្យគាត់ដោះលែងឱ្យបានមកជួបគ្រួសារវិញ»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងជាអតីតអនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ប្រាប់វីអូអេថា ការចាប់ខ្លួនលោកគា វិសាល អនុប្រធានក្រុមការងារបណ្តោះអាសន្នគណបក្សកម្លាំងជាតិខេត្តកំពង់ចាម ជារឿងអយុត្តិធម៌មួយ ព្រោះលោកថាករណីនេះ អាចចរចាគ្នាបាន ដោយមិនចាំបាច់ឃាត់ខ្លួនដាក់ពន្ធនាគារឡើយ។
លោកថ្លែងថា៖ «យើងមើលឃើញថាវាជារឿងមួយដែលអយុត្តិធម៌ចំពោះគាត់។ រឿងទាំងអស់ហ្នឹងយើងអាចជជែកគ្នាក្រៅប្រព័ន្ធតុលាការបាន បើមើលទៅតាមការចោទប្រកាន់ វាមិនរហូតទៅដល់ថ្នាក់ឃាតខ្លួនយកទៅដាក់ក្នុងពន្ធនាគារនោះទេ»។
លោកបន្ថែមថា លោក គា វិសាល គួរតែត្រូវបានដោះលែង ព្រោះលោកមិនបានប្រព្រឹត្តខុសដូចទៅនឹងការចោទប្រកាន់ឡើយ។
លោក រ៉ុង ឈុន ថ្លែងថា៖ «បទញុះញង់កំពុងតែពេញនិយមហើយនៅកម្ពុជាយើង។ ស្អីក៏ដោយក៏ញុះញង់ បង្ក ប៉ះពាល់សណ្តាប់ធ្នាប់ សន្តិសុខជាតិក្តីប៉ុន្តែ តាមការអះអាងរបស់គាត់ក៏ដូចជាគ្រួសាររបស់គាត់ គាត់មិនបានញុះញង់ ជេរប្រមាថដូចការចោទប្រកាន់ទេ គ្រាន់តែគាត់ចូលរួមរិះគន់ស្ថាបនានោះទេ»។
កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ គណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចដោះលែងលោក មឺ សេងហ៊ ហៅ គា វិសាល ឱ្យមានសេរីភាពឡើងវិញ និងថា ការចាប់ខ្លួនសកម្មជននយោបាយរូបនេះថា៖«ជារូបភាពបំភិតបំភ័យ និង បង្កបរិយាកាសនយោបាយអាប់អួ ក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ឆ្នាំ ២០២៤»។
កាលពីថ្ងៃទី ១៦ ខែមីនា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើកឡើងថាលោក មឺ សេងហ៊ ហៅគា វិសាល មន្រ្តីមួយរូបរបស់គណបក្សកម្លាំងជាតិត្រូវបានប្តឹងដោយលោក ម៉ៃ ហុងស្រៀង ពីបទ«ញុះញង់បង្កឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ»។ សេចក្តីប្រកាសព័ត៌មានដដែលនេះបញ្ជាក់ថាការឃាត់ខ្លួនសកម្មជននយោបាយរូបនេះគឺជាការអនុវត្តតាមវិធានការច្បាប់តែប៉ុណ្ណោះ។
សមត្ថកិច្ចបញ្ជាក់ថា ខ្លួនបានទទួលពាក្យបណ្តឹងពីឈ្មោះ ម៉ៃ ហុងស្រៀង ដែលប្តឹងម្ចាស់គណនីហ្វសប៊ុកឈ្មោះ Kea Visal ដែលសមត្ថកិច្ចថាមានឈ្មោះមឺ សេងហ៊ ហៅគា វិសាល ជាម្ចាស់។
កាលពីថ្ងៃទី ១៤ ខែមីនា នៅលើហ្វេសប៊ុកឈ្មោះ Kea Visal មានការបង្ហោះសារមួយចំនួនដែលនិយាយអំពី«របបផ្តាច់ការឆ្ពោះទៅប្រជាធិបតេយ្យ»។ សារនៅលើហ្វេសប៊ុកនោះសរសេរថា៖ «រដ្ឋប្រហារយោធាប្រឆាំងនឹងរបបផ្តាច់ការហាក់ដូចជាមធ្យោបាយមួយ ដែលងាយស្រួល និងឆាប់បំផុតសម្រាប់រំលំរបបឃោរឃៅ ។ ប៉ុន្តែមធ្យោបាយនេះ មានបញ្ហាធំៗមួយចំនួន។ សំខាន់ជាងនេះទៅទៀត រដ្ឋប្រហាររក្សាទុកដដែល នូវការចែកអំណាចមិនត្រឹមត្រូវបច្ចុប្បន្ន រវាងប្រជាពលរដ្ឋ និងពួកថ្មីដែលគ្រប់គ្រងរដ្ឋបាល និងកងកម្លាំងយោធារបស់គេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ករណីរបស់លោក គា វិសាល ជាករណីប្តឹងផ្តល់រវាងបុគ្គលនិងបុគ្គល។ ប៉ុន្តែលោកសង្កេតឃើញថាបទញុះញង់ ឬជេរប្រមាថជាសាធារណៈ តែងតែកើតឡើងជារឿយៗទៅលើសកម្មជនគណបក្សនយោបាយ។
លោកថា៖ «ជាការកត់សម្គាល់កន្លងមក ឱ្យតែជិតដល់ពេលបោះឆ្នោតម្តងៗ ទោះបីបោះឆ្នោតជាសកលក៏ដោយ ជាអសកលក៏ដោយវាតែងតែមានបញ្ហាប្តឹងផ្តល់ បញ្ហាការចាប់ខ្លួនទៅលើសកម្មជននៃគណបក្សប្រឆាំង។ ចំណុចហ្នឹងដែលគេលើកឡើងថាវាជាការបង្កបរិយាកាសនយោបាយមិនល្អនៅពេលមុនបោះឆ្នោត»។
លោក អំ សំអាត បញ្ជាក់ថា ក្នុងនាមជាអង្គការសង្គមស៊ីវិលលោកមិនចង់ឃើញសកម្មភាពបែបនេះកើតឡើង ក្នុងកំឡុងពេលនៃការបោះឆ្នោតនោះទេ។ លោកចង់ឃើញលំហសេរីភាពនយោបាយមានភាពទូលំទូលាយ និងបើកចំហ ដើម្បីកុំឱ្យមានការរិះគន់ពីសហគមន៍ជាតិ ឬអន្តរជាតិមកលើប្រទេសកម្ពុជា៕
វេទិកាបញ្ចេញមតិ