ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​គ្រួសារ​កម្មករ​រោងចក្រ​កាត់ដេរ​ដែល​ត្រូវ​​បាញ់​ស្លាប់​ទន្ទឹង​រង់ចាំ​យុត្តិធម៌


ក្រុម​គ្រួសារ​របស់​កម្មករ​រោងចក្រ​កាត់​ដេរ ដែល​ត្រូវ​បាន​កងកម្លាំង​រដ្ឋាភិបាល​កម្ពុជាបាញ់​ស្លាប់​នៅក្នុង​ការ​បង្រ្កាប​បាតុកម្ម​ដោយ​ហិង្សា​នៅ​លើ​ផ្លូវ​វ៉េងស្រេង​ក្នុង​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ទន្ទឹងរង់ចាំ​យុត្តិធម៌​សម្រាប់​ប្តី​និង​កូនៗ​របស់​ពួក​គេ។

អ្នក​ស្រី ខាត់ សំនាង នៅ​ពេល​នេះ​ បាន​ឃើញ​ត្រឹម​តែ​រូបថត​សព​ប្តី​ជា​ទី​ស្រឡាញ់​របស់​អ្នក​ស្រីប៉ុណ្ណោះ។​

ប្តី​របស់​អ្នក​ស្រី​គឺ​លោក​កឹម ផល្លាប​ស្ថិត​ក្នុងចំណោម​កម្មករ​រោងចក្រ​កាត់ដេរ​យ៉ាង​តិច​៤​នាក់​ដែល​ត្រូវ​បាន​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​កម្ពុជា​បាញ់​ស្លាប់​នៅ​ក្នុង​ការ​ប៉ះទង្គិចគ្នា​ដោយ​ហិង្សា​មួយ​នៅ​ខាង​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​លើ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា។​

ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ដែរ អ្នក​ស្រី​ខាត់ សំនាង​ដែល​ទើប​សម្រាលកូន​បាន​២​ខែ បាន​ថ្លែង​ថា​ អ្នក​ស្រី​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​ជីវិត​ប្តី​ជាទី​ស្រឡាញ់របស់​អ្នកស្រី។​

«បាត់​ប្តីមួយ ហើយ​ខ្លួន​ជា​ស្រ្តី​មេម៉ាយ មាន​កូន​អាយុ​២ខែ​នេះ ពេល​វា​ធំឡើង​អត់​ឪ​ហៅ​នឹង​គេ តើ​វា​មាន​អារម្មណ៍​ឈឺ​ចាប់​ប៉ុន្មាន? មាន​សង្ឃឹម​អី​ទៅ​ បើ​ខ្ញុំ​សរសៃ​ខ្ចី​ផង មិន​ដឹង​ទៅ​ទីពឹង​នរណា​ទេ»។​

អ្នកស្រី​សំនាង ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​តូច​មួយ​ក្បែរ​រោងចក្រជាមួយ​ប្តី​របស់​អ្នកស្រី​មុន​ពេល​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ និង​កម្មករ​រោងចក្រ​កាត់​ដេរ​ដែល​ធ្វើ​បាតុកម្ម​ទាម​ទារ​ដំឡើងប្រាក់ខែ។​

«សូម​ជួយ​រក​យុត្តិធម៌​ឲ្យ​ប្តី​ខ្ញុំ​ផង ព្រោះ​ប្តី​ខ្ញុំ​អត់​មាន​អ្វី​ទេ មាន​តែ​ដៃ​ទទេ ហើយ​គេ​យក​គ្រាប់​កាំភ្លើង​ពិតៗ​មក​បាញ់​ប្តី​ខ្ញុំ​តែ​ម្តង។ គាត់​គ្រាន់​តែ​តវ៉ា​ប្រាក់ខែ​ឲ្យ​បាន​១៦០​ដុល្លារ និង​ទំនិញ​ចុះ​ថោក និង​ដំឡើង​ប្រាក់ខែ​ដល់​គ្រូ​បង្រៀន​តែ​ប៉ុណ្ណឹង​សោះ»។​

នៅ​ថ្ងៃ​ទី​៣​ ខែ​មករា កម្មករ​រោងចក្រ​កាត់​ដេរ​ជាច្រើន​រយ​នាក់​បាន​តវ៉ា ទាមទារ​ដំឡើងប្រាក់​ឈ្នួល​តិច​បំផុត​បច្ចុប្បន្ន​ពី​៨០​ដុល្លារឲ្យ​បាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ។ ​ប៉ុន្តែ​ការ​តវ៉ា​របស់​ពួក​គេ​ត្រូវ​បាន​បង្រ្កាប​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ដែល​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត​ដើម្បី​បំបែក​ហ្វូង​បាតុករ។​

ក្រៅ​ពី​បណ្តាល​ឲ្យ​ស្លាប់​កម្មករ​ហើយ​នោះ ប្រតិបត្តិការ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ក៏​បាន​បណ្តាល​ឲ្យ​រង​របួស​កម្មករ​ជាង​៣០​នាក់​ និង​ការ​ចាប់​ខ្លួន​មនុស្ស​២៣​នាក់​ផ្សេង​ទៀត។​

លោក​សួស សំអុល​គឺ​ជា​ឪពុក​របស់​សព​កម្មករ​កឹម ផល្លាប។​
«សូម​លោក​មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​កូន​ខ្ញុំ​បាទ​ផង ព្រោះ​កូន​ខ្ញុំ​បាទ​ធ្វើ​បាតុកម្ម​នេះ សុំ​ទាមទារ​ប្រាក់​ខែ​ត្រឹមតែ​មួយ​រស់​ទេ អត់​មាន​យក​ទៅទិញ​វីឡា ទិញ​ឡាន​ ធ្វើ​មាន​បាន​អី​ទេ ​សុំត្រឹមតែ​រស់​សមរម្យ​នឹង​គេ​នឹង​ឯង។ ឥឡូវ​គ្នា​ស្លាប់​បាត់​បង់ជីវិត​ហ្នឹង ខ្ញុំ​មាន​ការ​សោកស្តាយ ព្រោះ​ទើប​នឹង​បាន​កូន​មួយ​អាយុ​ទើប​តែ​បាន​២​ខែ»។​

ក្រុម​គ្រួសារ​នៃ​សព​កម្មករ​ដែល​ត្រូវបាន​បាញ់​ស្លាប់​បាន​មក​ជួបជុំ​គ្នា​នៅ​ក្នុង​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​នៃ​សពកម្មករ​ទាំងនោះ ដែល​រៀបចំ​ឡើង​ដោយ​ប្រជា​សហគមន៍​បឹងកក់​ និង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម។​

តំណាង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​មានសង្ឃដីកាថា៖​ «កាល​ពី​ថ្ងៃ​ទី២និង​ទី៣ ខែ​មករា​ កម្មករ​យើង​បាន​តស៊ូ​ទាមទារ​ដំឡើង​ប្រាក់​ខែ​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​នោះ​ ត្រូវ​បាន​បង្ក្រាប​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​ផ្តាច់ការ​របស់​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ អញ្ចឹង​ទេ​ ថ្ងៃ​នេះ​ បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​បាន​ផ្តួចផ្តើម​គំនិត​គ្នា​ជាមួយ​សមាគម សហគមន៍​នានា ធ្វើ​បុណ្យ​ទក្ខិណានុប្បទាន ឧទ្ទិសកុសល​ដល់វិញ្ញាណក្ខន្ធ​នៃ​វីរបុរស​យើង»។​

អ្នក​ស្រី​ ទេព វន្នី គឺ​ជា​តំណាង​ប្រជា​សហគមន៍​បឹងកក់​នេះ។​

អ្នកស្រី​និយាយ​ថា៖​ «ពួកគាត់​ទាំង​បួននាក់​ដែល​បាន​លះបង់​ជីវិត​ មិន​បាន​ធ្វើ​ដើម្បី​តែ​ខ្លួន​ឯង​ទេ គឺ​សម្រាប់​កម្មករ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បីឲ្យ​មាន​ប្រាក់​ខែ​អប្បបរមា​១៦០​ដុល្លារ ដើម្បី​ក្រពះ និង​រស់​រាន​មានជីវិត​ឲ្យ​បាន​សមរម្យ​ដូច​គេ​ដូច​ឯង។ ដូច្នេះ ពួក​យើង​បានចារ​ទុកក្នុង​ក្រអៅ​បេះដូង​ថា ​ពួកគាត់​ជា​វីរ​កម្មករ​ដ៏​អស្ចារ្យ​ជា​ទីបំផុត​សម្រាប់​ពួក​យើង​ទាំង​អស់​គ្នា»។​

អ្នកស្រី​សំ ថៃ​គឺ​ជាម្តាយ​របស់​សព​កម្មករ សំ រ៉ាវី​ ដែល​ស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​របស់​កងកម្លាំង​រដ្ឋាភិបាល។​

«ខ្ញុំ​សោក​ស្តាយ ​កូន​ខ្ញុំណាស់!​ ខ្ញុំ​ចង់​ឲ្យ​ក្មួយ​ជួយ​ឲ្យ​ខាង​បរទេស​ទាំង​ក្នុង​ប្រទេស​ ទាំង​ក្រៅ​ប្រទេស​ជួយ​រក​យុត្តិធម៌​ឲ្យ​កូន​ខ្ញុំ​ ព្រោះ​ខ្ញុំ​សោកស្តាយ​កូន​ខ្ញុំ​ជា​ពន់ពេក។ គ្មាន​នរណា​រកស៊ី​ចិញ្ចឹម​ខ្ញុំទេ​គឺ​មាន​តែ​កូន​ខ្ញុំ​ហ្នឹង​ហើយ​ដែល​តស៊ូ​ដើម្បី​ម៉ែ បងប្អូន​ និង​កូនចៅ​ទាំងអស់»។​

មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែង​ជា​ហូរហែ​ថា អាជ្ញាធរ​នឹង​ធ្វើការ​ស៊ើប​អង្កេត​ទៅលើ​ករណី​នេះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ឲ្យ​ពិតប្រាកដ​ ថាតើ​ដំណើរ​ការ​ស៊ើប​អង្កេត​នោះ​បាន​ចាប់​ផ្តើម​ហើយ​ឬ​នៅ ឬ​មាន​ការ​វិវត្ត​ដល់ណា​នៅ​ឡើយ​ទេ។​

លោក​ផៃ ស៊ីផាន​គឺ​ជា​អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

លោក​និយាយ​ថា៖​ «ត្រូវតែ​រក​អ្នក​ទទួល​ខុសត្រូវ ប៉ុន្តែ​ចាប់ផ្តើម​ពី​អ្នក​ញុះញង់​និង​អ្នក​បាតុកម្ម​ បាទ»។​

លោក​ខេង ទីតូ​ គឺ​ជា​អ្នក​នាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។ លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា អាជ្ញាធរ​មិន​អាច​ស្វែងរក​អ្នកទទួល​ខុសត្រូវ​លើ​ការ​បាញ់​កម្មករ​ទាំង​នោះ​បាន​នៅ​ឡើយ​ទេ។​

លោក​និយាយ​ថា៖​ «យើង​ម៉េច​ដឹង​ថា ​នរណា​ជា​អ្នក​បាញ់​គាត់។ យើង​អត់​ដឹង ព្រោះ​ស្ថានភាព​ពេល​នោះ វា​ច្របូក​ច្របល់ មិន​ដឹង​នរណា​ជា​នរណា។​ អញ្ចឹង​យើង​ម៉េច​អាច​ចោទប្រកាន់​នរណា​ម្នាក់​ថា ​បាន​បាញ់?»​

យ៉ាង​ណា​ក៏​ដោយ ក្រុមគ្រួសារ​សព​កម្មករបាន​លើក​ឡើង​ថា ពួក​គេ​កំពុង​ទទឹង​រង់​ចាំ​យុត្តិធម៌​មួយ​សម្រាប់​ប្តី និង​កូនៗ​ជាទី​ស្រឡាញ់​របស់​ពួកគេ ​ដែល​បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​របស់​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល៕
XS
SM
MD
LG