ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​​និង​សហជីព​ថា​ប្រាក់​ឈ្នួល​ ២០៨​ដុល្លារ​មិន​ឆ្លើយ​តប​នឹង​ការ​ចំណាយ


រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ ខណៈពួកគេសម្រាកពីការងារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ ខណៈពួកគេសម្រាកពីការងារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

កម្មករ​រោងចក្រ​ និង​មេ​ដឹកនាំ​សហជីព​ការពារ​សិទ្ធិ​កម្មករ​មួយ​ចំនួន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​លទ្ធផល​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្រាប់​ឆ្នាំ​២០២៥​ ដែល​ដំឡើង​បាន​ត្រឹម​៤ ​ដុល្លារ ​គឺ​ពី​២០៤​ដុល្លារ មក​ ២០៨ ​ដុល្លារ​ក្នុង​មួយ​ខែ។​

លោក ​អ៊ឹម ភ័ស្ស​ អាយុ ​៣០​ឆ្នាំ​ កម្មករ​រោងចក្រ​YTC​ ក្នុង​ខេត្ត​កំពង់ស្ពឺ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រាក់​ឈ្នួល​គោល​ចំនួន​២០៨​ដុល្លារ​នៅ​មិន​ទាន់​ធានា​ដល់​ការ​រស់​នៅ​សមរម្យ​ដល់​កម្មករ​និយោជិត​បាន​ឡើយ ​ខណៈ​កម្មករ​និយោជិត​ភាគ​ច្រើន​កំពុង​ជាប់​បំណុល​ ហើយ​តម្លៃ​ទំនិញ​តាម​ទីផ្សារ​ក៏​បន្ត​ឡើង​ថ្លៃ។​ លោក​បន្ថែម​ដោយ​ជំរុញ​ឱ្យ​មាន​ការ​ទប់​ស្កាត់​តម្លៃ​ទំនិញ​ និង​តម្លៃ​ផ្ទះ​ជួល​សម្រាប់​កម្មករ​និយោជិត។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​សុំ​ថា ​បើ​សិន​ជា​ឡើង​ប៉ុណ្ណឹង​ហើយ​ ក៏​ឡើង​ទៅ​ចុះ​! ប៉ុន្តែ​ស្នើ​សុំ​ឱ្យ​ កុំ​ឱ្យ​មាន​ការ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​ ការ​ធ្វើ​ដំណើរ។​ ភាគ​ច្រើន​មើល​ឃើញ​ថា ​ វិស័យ​កាត់​ដេរ​របស់​យើង​បាន​ពង្រីក​តាម​ខេត្ត​ច្រើន​ អ៊ីចឹង​កម្មករ​និយោជិត​ភាគ​ច្រើន​ក៏​នៅ​តាម​ជនបទ​ដែរ។ ​គាត់​ជិះ​ឡាន​ឈ្នួល​អី​ហ្នឹង​ កុំ​ឱ្យ​ឡាន​ឡើង​ថ្លៃ​ ពិសេស​តម្លៃ​អតិផរណា​ តម្លៃ​ទិនិញ​ទីផ្សារ​ផ្សេងៗ»។​

ចំណែក​អ្នកស្រី​ ឆាន ចន្នី​ អាយុ​៣៥​ឆ្នាំ ​កម្មការិនី​រោងចក្រ​យីដា​ ប្រាប់​វីអូអេ​ដែរ​ថា ​ អ្នកស្រី​មិន​ទាន់​ពេញ​ចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០២៥​នេះ​ទេ ​ខណៈ​តម្លៃ​ផ្ទះ​ជួល​បន្ត​ឡើង​ថ្លៃ។​

អ្នកស្រី​ថ្លែង​ថា៖​ «បន្ថែម​ដំឡើង​បាន​៤​ដុល្លារ​បន្ថែម​ពី​រដ្ឋាភិបាល​ ​២​ដុល្លារ​ពី​និយោជក​ ២​ដុល្លារ…​ពី​កម្មករ​មិន​ទាន់​គ្រប់គ្រាន់​ មិន​ទាន់​ពេញ​ចិត្ត​ទេ។ ​ខ្ញុំ​មើល​ឃើញ​អ៊ីចឹង​ណា៎ ​ព្រោះ​ការ​ឡើង​ថ្លៃ​ផ្ទះជួល​គឺ​ជា​លំដាប់។ ​តំបន់​ខ្លះ​ពី​១០​ដុល្លារ ​ទៅ​១៥​ដុល្លារ​….​ គ្រាន់​ជា​ប្រាក់​តិច​តួច​មិន​បាន​ពាក់​កណ្តាល​នៃ​ការ​ឡើង​ថ្លៃ​ផ្ទះ​ជួល​ផង»។​

អ្នកស្រី​ស្នើ​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ឱ្យ​បាន​ច្រើន​ជាង​ឆ្នាំ​នេះ​ ដើម្បី​បំពេញ​តម្រូវ​ការ​ចាយ​វាយ​ការ​រស់​នៅ​របស់​កម្មករ​និយោជិត​បាន​គ្រប់គ្រាន់។​

តួលេខ​ ២០៦​ដុល្លារ​ជា​លទ្ធផល​បោះ​ឆ្នោត​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ ដែល​ទទួល​បាន​សំឡេង​បោះ​ឆ្នោត​គាំទ្រ​ខ្ពស់​ជាង​គេ​រហូត​ទៅ​ដល់​៤៦​សំឡេង​នៃ​សំឡេង​សរុប​៥១​សំឡេង​ កាលពី​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា។​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​បាន​បន្ថែម​ចំនួន​ ២​ដុល្លារ​ដើម្បី​កំណត់​បាន​ចំនួន​២០៨​ដុល្លារ​ ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០២៥។​

អ្នកស្រី ​យ៉ាង សុភ័ណ្ឌ ​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​កំណត់​ប្រាក់​ឈ្នួល​គោលដែរ​នោះលើក​ឡើង​ថា​ លោក​ស្រី​សោក​ស្តាយ​ចំពោះ​លទ្ធ​ផល​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ។​ អ្នកស្រី​ថា​ ក្នុង​ឆ្នាំ​២០២៥​ កម្មករ​និយោជិត​គួរតែ​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ច្រើន​ជាង​នេះ​ ព្រោះ​អតិផរណា​ទីផ្សារ​នៅ​តែ​បន្ត​ឡើង​ថ្លៃ។​

អ្នកស្រី​ថ្លែង​ថា៖​ «សោក​ស្តាយ​ណាស់! ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​គួរតែ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​បាន​ប្រសើរ​ជាង​ឆ្នាំ​មុនៗ​ តែ​បែរ​ជា​ប្រាក់​ឈ្នួល​ឡើង​បាន​តែ​២០៨​ដុល្លារ។​ ខ្ញុំ​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​សម្រាប់​ការ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ឆ្នាំ​នេះ»។​

អ្នកស្រី​ស្នើ​ឱ្យ​កម្មករ​និយោជិត​ទាំង​អស់​ចូលរួម​តាម​ដាន​កិច្ចការ​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​របស់​ខ្លួន​ និង​ស្នើ​ឱ្យ​ភាគី​រដ្ឋាភិបាល​ក៏ត្រូវ​តែ​តាម​ដាន​អំពី​ប្រាក់​ឈ្នួល​កម្មករ​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ឆ្លើយតប​នឹង​ការ​រស់​នៅ​របស់​កម្មករ​និយោជិត។​

ក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍​ដល់អ្នក​សារ​ព័ត៌មាន​ក្រោយ​ការ​បោះឆ្នោត​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០២៥​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក ​ហេង សួរ ​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​លើក​ឡើង​ថា៖​ «និយាយ​ដោយ​ត្រង់​ កម្មករ​និយោជិត​អាច​ថា​ ឱ្យ​ពេញ​ចិត្ត​១០០% ​ក៏​ប្រហែល​ជា​ថា​មិន​ពេញ​ចិត្ត​១០០%​ ព្រោះ​ខ្ញុំ​ជឿ​ថា​ កម្មករ​និយោជិត​ប្រហែល​ជា​អាច​ចង់​បាន​ច្រើន​ជាង​ហ្នឹង​ តែ​បន្ទាប់​ពី​មាន​ការ​ពន្យល់​ ការ​ដឹង​ថា ​ប្រទេស​ជិត​ខាង​យើង​យ៉ាង​ម៉េច?​ ស្ថានភាព​សេដ្ឋកិច្ច​សកល​យ៉ាង​ម៉េច?​ ស្ថាន​ភាព​ប្រកួត​ប្រជែង​ក្នុង​តំបន់​យ៉ាង​ម៉េច​ បងប្អូន​យើង​ក៏​ទទួល​ស្គាល់​ថា​ អាច​ទទួល​យក​បាន។ ​ភាគ​ច្រើន​អាច​ទទួល​យក​បាន»។​

លោក​ថា​ ក្រៅ​ពី​ដំឡើង​ប្រាក់​ឈ្នួល​ រាជ​រដ្ឋាភិបាល​នឹង​បន្ត​ធ្វើ​អន្តរាគមន៍​រក្សា​នូវ​ស្ថិរភាព​តម្លៃ​ទំនិញ​ ដើម្បី​ឱ្យ​ការ​ចំណាយ​របស់​កម្មករ​និយោជិត​មាន​ភាព​សម​ស្រប​ក្នុង​ការ​រស់​នៅ។

លោក​ ណាង សុធី ​អនុ​ប្រធាន​តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​និយោជក​ ប្រាប់​អ្នក​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ និង​ថា​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​ មិន​មាន​ការ​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ដល់​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ផលិតផល​នោះ​ទេ។​

លោក​ថា៖​ «ជា​រួម​មិន​ប៉ះពាល់​អី​ធ្ងន់ធ្ងរ​ទេ​ ដោយ​សារ​រោងចក្រ​កាត់​ដេរ​វាយនភ័ណ្ឌ​ស្បែកជើង​កាបូប​ស្ពាយ​នេះ​ គឺ​តែងតែ​បាន​ដាក់​បញ្ជា​ទិញ​ពី​ប្រទេស​ និង​ក្រុមហ៊ុន​ធំៗ​នៅ​លើ​លោក​ លើ​អន្តរជាតិ។​ ដូច្នេះ​តម្លៃ​ពលកម្ម​ឡើង​កម្រិត​ណា​ នោះ​នឹង​មាន​ការ​សម្រប​សម្រួល​តួលេខ​មួយ​ដើម្បី​ឱ្យ​រោងចក្រ​ដំណើរ​ការ​បាន​ ហើយ​ដើម្បី​ឱ្យ​កម្មករ​យើង​បាន​ផល​ប្រយោជន៍​ដែរ​បាទ»។

គួរ​បញ្ជាក់​ថា​ ​ប្រាក់​ឈ្នួល​របស់​កម្មករ​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ចំនួន​២០៤​ដុល្លារ​ បន្ទាប់​ពី​បាន​ដំឡើង​ចំនួន​៤​ដុល្លារ ​កាលពី​ឆ្នាំ​២០២៣​ ដែល​មាន​ចំនួន​២០០​ដុល្លារ។​ អ្នក​ឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា ប្រាក់​ឈ្នួល​នេះ​តែង​ឡើង​ទាប​ជាង ​និង​យឺតជាង​តម្លៃ​ទំនិញ​លើ​ទីផ្សារ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG