ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីរបស់កម្ពុជា ជានរណា?


លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំង ឈរនៅមុខរដ្ឋសភាជាតិ មុនពេលចូលរួមសម័យប្រជុំដំបូង សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំង ឈរនៅមុខរដ្ឋសភាជាតិ មុនពេលចូលរួមសម័យប្រជុំដំបូង សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ដែល​កាន់អំណាច​ដ៏​យូរ​អង្វែង​នៅ​កម្ពុជា បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ ទី​ ២៦ ខែ​កក្កដាថា លោក​ចុះចេញពីតំណែង ហើយកូនប្រុស​ច្បងរបស់​លោក​ គឺ​លោក ហ៊ុន ម៉ាណែត នឹងឡើងកាន់តំណែងនេះ។ ការ​ផ្ទេរតំណែងនេះ​នឹង​បញ្ចប់​ការ​ដឹកនាំ​រយៈពេល​ជិត​បួន​ទសវត្សរ៍របស់​លោក ហ៊ុន សែន​ នៅ​កម្ពុជា។ ​

​ការ​ប្រកាសត្រូវ​បាន​ធ្វើ​ឡើង​ បី​ថ្ងៃ​បន្ទាប់​ពី​គណបក្ស​កាន់​អំណាច​គឺគណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន ទទួល​បាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​នៅ​ក្នុង​ការ​បោះឆ្នោត​មួយដែល​គ្មាន​គូប្រជែង​មាំទាំ។

កាលពីថ្ងៃទី ៧ ខែសីហា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន​ត្រាស់​បង្គាប់ «ចាត់​តាំង​ឯកឧត្តម​បណ្ឌិត​ ហ៊ុន ម៉ាណែត ជា​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្រាប់​នីតិកាល​ទី​៧​ នៃ​រដ្ឋ​សភា»។ ព្រះរាជក្រឹត្យ​បញ្ជាក់​ទៀត​ថា ​នាយករដ្ឋ​មន្រ្តី​ដែល​ទទួល​បាន​កា​រចាត់​តាំង​នេះ​ មាន​ភារកិច្ច​រៀបចំ​សមាស​ភាព​រាជរដ្ឋាភិបាល​ដើម្បី​សុំ​សេចក្តី​អនុម័ត​ទុក​ចិត្ត​ពី​រដ្ឋ​សភា។

នៅថ្ងៃទី ២២ ខែ​សីហា សមាជិក​សភា​ចំនួន​ ១២ ៣​រូប ​ក្នុង​ចំណោម​ ១២ ៥​រូប​ ​បាន​បោះឆ្នោត​គាំទ្រ​លោក ​ហ៊ុន ម៉ាណែត​ ជានាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រី វ័យ ៤៥ឆ្នាំរូបនេះ ចាប់​ផ្តើម​ការងារ​ជា​ផ្លូវ​ការ​ជា​មួយ​គណៈ​រដ្ឋមន្ត្រី​ថ្មី​របស់​លោក ​នៅ​ថ្ងៃ​ទី​ ២៣ ​ខែ​សីហា​។

ខាងក្រោម​នេះ​ជា​ព័ត៌មានលម្អិតខ្លះៗ​អំពី​លោក ហ៊ុន ម៉ាណែត វ័យ ៤៥​ឆ្នាំ ដែល​នឹងក្លាយជានាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា៖

តើ​លោក ហ៊ុន ម៉ាណែត ជា​នរណា?

លោក​ ហ៊ុន ម៉ាណែត ជា​កូនប្រុស​ច្បង​ក្នុង​ចំណោម​កូន​សរុប​ទាំង​ប្រាំ​នាក់​របស់​លោក​ ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានី ហ៊ុនសែន។ លោក​បាន​កើត​នៅ​ថ្ងៃ​ទី ២០ ខែ​តុលា ឆ្នាំ​ ១៩៧៧ នៅស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ)។ ឪពុករបស់លោក គឺលោក ហ៊ុន សែន​ បានពណ៌នា​ការ​ចាប់កំណើត​របស់​លោក​ ហ៊ុន ម៉ាណែត ថា​ លោក​ ហ៊ុន ម៉ាណែត ​ជា​ដួងព្រលឹង​កើតពី​ពន្លឺចែងចាំង​លេច​ចេញ​ពី​ដើម​ពោធិ៍​មួយ។

នៅឆ្នាំ ២០០៦ លោក ហ៊ុន ម៉ាណែត បាន​រៀបអាពាហ៍ពិពាហ៍ជាមួយ ​អ្នកស្រី ពេជ្រ ចន្ទ​មុនី កូនស្រី​របស់អ្នកនយោបាយ​ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា។ លោក​និង​អ្នកស្រី​ ចន្ទមុនី មាន​កូន​ចំនួន​បី​នាក់ ស្រី ២ និង ប្រុស ១។

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលសញ្ញាបត្រពេលបញ្ចប់ការសិក្សានៅរាជបណ្ឌិត្យសភាយោធាអាមេរិក West Point កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ១៩៩៩។
រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលសញ្ញាបត្រពេលបញ្ចប់ការសិក្សានៅរាជបណ្ឌិត្យសភាយោធាអាមេរិក West Point កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ១៩៩៩។

ការអប់រំពីបស្ចឹមលោក

លោក ហ៊ុន ម៉ាណែត បាន​ធំ​ដឹង​ក្តី​នៅ​រាជធានី​ភ្នំពេញ។ លោកបាន​ចូលបម្រើយោធា​កម្ពុជានៅ​ឆ្នាំ​ ១៩៩៥ ប៉ុន្តែលោក​ទទួល​បាន​ការ​អប់រំ​ថ្នាក់​ឧត្តមសិក្សានៅ​សហរដ្ឋអាមេរិក​ និង​ចក្រភពអង់គ្លេស។

​លោក​ជា​ជនជាតិខ្មែរ​ដំបូងគេ ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​បណ្ឌិត្យ​សភា​យោធា West Point របស់សហរដ្ឋអាមេរិក នៅ​ឆ្នាំ ១៩៩៩។

បន្ទាប់​មក​ លោក​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​ ពីសាកលវិទ្យាល័យ​ក្រុង​ញូវយ៉ក​ នៅ​ឆ្នាំ ២០០២ និង​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ចពី​សាកលវិទ្យាល័យ​ក្រុង​ Bristol នៅ​ឆ្នាំ​ ២០០៨។

អាជីព​យោធា​និង​នយោបាយ

បន្ទាប់ពីបញ្ចប់ការសិក្សា លោក ហ៊ុន ម៉ាណែត ក៏​បាន​ឡើង​ដំណែង​ជាបន្តបន្ទាប់​ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ​ រួម​មាន​តំណែងជា​មេបញ្ជាការ​រង​កង​អង្គរក្ស​របស់​ឪពុក​លោក មេបញ្ជាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម មេបញ្ជាការ​កងទ័ព​ជើង​គោក និង​អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ។

លោក​ក៏​បាន​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ក្លាយជា​សមាជិក​ម្នាក់​នៃ​គណៈកម្មការ​អចិន្ត្រៃយ៍​ដ៏​មាន​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ចាប់​តាំង​ពី​ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​លើក​ដំបូង​ក្នុង​តំណែង​ជា​អគ្គមេបញ្ជាការ​កងកម្លាំង​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​នៅ​ឆ្នាំ ២០០៨ លោក​ ហ៊ុន ម៉ាណែត បាន​ប្រឡូក​នៅ​ក្នុង​កិច្ចការ​កែទម្រង់​យោធា​ ការ​ចរចា​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ​នៅ​ឆ្នាំ ២០១១ ការ​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា និង​កិច្ចការ​ការទូត សង្គម​ និង​មនុស្សធម៌​ផ្សេងៗ​ទៀត​ ដែល​ជា​គោលការណ៍​នយោបាយ​របស់​រាជរដ្ឋាភិបាល ក៏​ដូចជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០២១ លោក​ ហ៊ុន សែន បាន​ដាក់​ឈ្មោះ​លោក ហ៊ុន ម៉ាណែត ​ជា​ជម្រើស​នៃអ្នក​ស្នង​តំណែង​បន្ត​ជា​មេដឹកនាំ ហើយ​ភ្លាមៗ គណបក្ស​ប្រជាជន​កម្ពុជា​បាន​គាំទ្រ​លោក ហ៊ុន ម៉ាណែត​ ជា «អនាគតនាយក​រដ្ឋមន្រ្តី​»។

តើលោក​ ហ៊ុន ម៉ាណែត មាន​ទស្សនៈ​នយោបាយយ៉ាង​ដូចម្តេច?

លោក ហ៊ុន ម៉ាណែត មិនបាន​ផ្តល់​បទសម្ភាសន៍​ និង​តម្រុយ​ច្រើន​នោះ​ទេ អំពី​ទស្សនៈវិស័យ​របស់​លោក​សម្រាប់​កម្ពុជា​និង​ពលរដ្ឋ​ចំនួន ១៦​ លាន​នាក់​ក្នុង​ប្រទេស​នេះ។

ជាទូទៅ លោក​ជៀសវាង​ការ​ថ្លែងសុន្ទរកថា​វែងៗ​នៅ​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដោយ​កម្រិត​ត្រឹម​ញញឹម និង​បក់ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​តែ​ប៉ុណ្ណោះ។ នៅ​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទ្រង់ទ្រាយ​ធំ​កាល​ពី​ពេល​កន្លង​ទៅ លោក​បាន​និយាយ​ថា ការ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ជាការ​បោះឆ្នោត​សម្រាប់​អនាគត​ត្រចះត្រង់ ហើយ​លោក​បាន​ព្រមាន​ពី​ការ​ប៉ុនប៉ង​របស់​ «ក្រុម​ឧទ្ទាម» ដែល​លោក​មិន​បាន​បញ្ជាក់​លម្អិត​មួយ​ក្នុង​ការ «បំផ្លាញ​ការ​បោះឆ្នោត»។

កាល​ពី​ឆ្នាំ ២០១៥ លោក​ ហ៊ុន ម៉ាណែត បាន​ប្រាប់​ទៅ​កាន់​បណ្តាញ​ផ្សព្វផ្សាយ ABC របស់អូស្ត្រាលី ថា កម្ពុជា​ត្រូវ​រក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ «ជា​ដាច់ខាត»។

រូបឯកសារ៖ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ចូលរួមក្បួនហែព្យុហយាត្រាមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩។
រូបឯកសារ៖ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ចូលរួមក្បួនហែព្យុហយាត្រាមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩។

តើ​លោក ហ៊ុន ម៉ាណែត ​នឹង​ធ្វើការ​ដឹកនាំ​ខុស​ពី​ឪពុក​របស់​លោក​ឬទេ?

បណ្តា​ប្រទេស​មហា​អំណាច​នានា​នឹង​សម្លឹង​មើល​យ៉ាង​ដិតដល់​ពី​សញ្ញា​ថា​ តើ​លោក ហ៊ុន ម៉ាណែត នឹង​រក្សា​របៀប​ដឹកនាំ ដែល​រង​ការ​រិះគន់​ថាមាន​ភាពផ្តាច់ការ ​ដូច​ឪពុក​របស់​លោក ឬ​ជំរុញ​ឱ្យ​មាន​សេរីភាវូបនីយកម្ម និង​របៀប​ដឹកនាំតាម​លទ្ធិ​ប្រជាធិបតេយ្យ​បែប​បស្ចឹមលោក​ប្រសើរ​ជាង​មុនឬយ៉ាងណា។ ​

​លោក ហ៊ុន សែន​ ធ្លាប់បាន​បញ្ជាក់​ថា លោក​រំពឹង​ថា អ្នក​ស្នង​តំណែង​ពី​រូប​លោក​នឹង​បន្ត​គំរូ​ដឹកនាំ​របស់​លោក។

​នៅ​ពេល​សារព័ត៌មាន Phnom Penh Post សួរ​ថា​ តើកូនប្រុស​របស់​លោក​នឹង​ធ្វើ​ការ​ដឹកនាំ​ខុស​ពី​រូប​លោក​ឬទេ លោក ហ៊ុន សែន ​បាន​អស់​សំណើច។

លោក ហ៊ុន សែន ​ថ្លែង​ថា៖ «ខុស​តាមរបៀប​ណា? រាល់​ការ​ប្រាសចាក​ណា​មួយ​មាន​ន័យ​ថា បង្អាក់​សន្តិសុខ និង​ប៉ះពាល់​ដល់​សមិទ្ធផល​របស់​អ្នក​ជំនាន់​មុន»។

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំង រួមទាំងគណៈរដ្ឋមន្ត្រីរបស់លោក កំពុងត្រៀមខ្លួន​ចូលបំពេញ​កាតព្វកិច្ចរបស់ខ្លួន នៅថ្ងៃទី ២២ ខែសីហានេះតទៅ ជាពេលដែលលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាលថ្មី នឹងចាប់ផ្តើមអាណត្តិរបស់ខ្លួន៕

ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG