ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជីវប្រវត្តិ​​សង្ខេប​របស់​លោកស្រី Aung San Suu Kyi


ពលករចំណាកស្រុកមីយ៉ាន់ម៉ាកាន់រូបអ្នកស្រី Aung San Suu Kyi ពេលធ្វើបាតុកម្មនៅមុខស្ថានទូតមីយ៉ាន់ម៉ាក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

នេះ​គឺ​ជា​ជីវប្រវត្តិ​សង្ខេបរបស់​លោកស្រី Aung San Suu Kyi​ មេដឹកនាំ​នៃ​ប្រទេស​មីយ៉ាន់ម៉ា។

លោកស្រី​ Aung San Suu Kyi ​មាន​អាយុ​៧៥​ឆ្នាំ បាន​ឡើង​កាន់​អំណាច​បន្ទាប់​ពីទទួល​បាន​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ពី​ការបោះឆ្នោត​ក្នុង​ឆ្នាំ​ ២០១៥ ​ដែល​បាន​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​លើក​ទីមួយ​ក្នុង​រយៈពេល​កន្លះ​សតវត្សរ៍កន្លង​ទៅ​នេះ។

លោកស្រី​ Aung San Suu Kyi គឺ​ជា​កូន​របស់លោក Aung San ដែល​ជា​វីរជន​ដណ្តើម​ឯករាជ្យ​ពី​ចក្រ​ភព​អង់គ្លេស​។ លោកស្រី​បាន​ចំណាយ​ពេល​វេលា​យុវវ័យ​របស់​លោកស្រី​ភាគ​ច្រើន​នៅ​បរទេស។

នៅ​ឆ្នាំ​ ១៩៨៨ លោក​ស្រី​ Aung San Suu Kyi បាន​វិល​ត្រឡប់​ទៅកាន់​ទីក្រុងរ៉ង់ហ្គូន ដែល​កាល​ពី​ពេល​នោះ​ជា​រដ្ឋធានី​នៃ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​មើល​ថែទាំ​ម្តាយ​របស់​លោកស្រី​ ហើយ​លោកស្រី​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ដឹកនាំ​ការ​តវ៉ា​ប្រឆាំង​ ដែល​ដឹកនាំ​ដោយ​ពួក​និស្សិត​ប្រឆាំង​នឹង​ពួក​យោធា​ ដែល​បាន​គ្រប់គ្រង​ប្រទេស​ចាប់តាំង​ពី​រដ្ឋប្រហារ​នៅ​ឆ្នាំ​ ១៩៦២​ មក។

ក្នុង​នាម​ជាវាគ្មិន​សាធារណៈ​ដ៏​ពូកែ​ម្នាក់ លោកស្រី​បាន​ក្លាយ​ជា​បេក្ខជន​ម្នាក់​ដែល​អាច​ដឹកនាំ​ចលនា​នោះ ប៉ុន្តែ​ការ​តវ៉ា​ប្រឆាំង​នោះត្រូវ​បានបង្ក្រាប ហើយ​បណ្ដា​មេដឹកនាំ​របស់​ចលនា​នោះត្រូវបាន​គេ​សម្លាប់​និង​ចាប់​ដាក់​ពន្ធនាគារ។​ លោកស្រី​ Aung San Suu Kyi ភ្លាម​ៗ​នោះ​ ក៏ត្រូវ​បាន​គេ​ឃុំ​ឃាំង​នៅ​ក្នុង​ផ្ទះ​របស់​លោកស្រី ​ក្បែរ​មាត់បឹង​ដែល​លោក​ស្រី​បាន​ស្ថិត​នៅ​ទីនោះ​រហូត​ដល់​ឆ្នាំ ២០១០។

លោកស្រី​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ​ ១៩៩១ ដែល​កូនប្រុស​របស់​លោកស្រី​ឈ្មោះ Alexander បាន​ទទួល​រង្វាន់​នោះ​ជំនួស​លោកស្រី។

នៅ​ខែ​សីហា ឆ្នាំ ២០១១ លោកស្រី​ Aung San Suu Kyi បាន​ជួប​ជា​លើក​ទី១​ ជាមួយ​នឹង​លោក Thein Sein ដែល​កាល​ពី​ពេល​នោះ​គឺ​ជា​ប្រធានាធិបតី​មីយ៉ាន់ម៉ា ដែល​នោះ​គឺ​ជា​ការ​ចាប់ផ្ដើម​នៃ​អំឡុង​ពេល​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​អតីត​យោធា។ លោក Thein Sein គឺ​ជា​អតីត​ឧត្ដមសេនីយ៍​និង​ជា​ប្រធាន​រដ្ឋបាល​ស៊ីវិល​។

នៅ​ឆ្នាំ​ ២០១៥ លោកស្រី Aung San Suu Kyi បាន​ឡើង​កាន់​អំណាច​នៅ​ក្នុង​តួនាទី​មួយ​ ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល បង្កើន​ការវិនិយោគទុន​បរទេស ហើយ​និង​កាត់​បន្ថយ​តួនាទី​យោធា​នៅ​ក្នុង​នយោបាយ។ លោក​ស្រី​ក៏បាន​សន្យា​ជាមួយ​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​ថា លោកស្រី​នឹង​ដោះស្រាយ​បញ្ហា​ជន​ជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ផង​ដែរ។

កងជីវពល​ជន​ជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា បាន​វាយ​ប្រហារ​កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​រដ្ឋ Rakhine នៅ​ខែ​សីហា ឆ្នាំ​២០១៧។ យោធា​បាន​ឆ្លើយតប​វិញ​ដោយ​យុទ្ធនាការ​ ដែល​រួមមាន​ការដុត​បំផ្លាញភូមិ​រាប់រយ​និង​សម្លាប់​មនុស្ស​ផង​ដែរ។ លោកស្រី ​Aung San Suu Kyi បាន​ស្តី​បន្ទោស​ «ភេរវជន» ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​អំពី​វិបត្តិ​នេះ​ ហើយ​បាន​និយាយ​ថា ពួក​យោធា​បាន​អនុវត្ត​តាម «នីតិរដ្ឋ»។

លោកស្រី​បាន​ទៅ​ទីក្រុង​ឡាអេ​ នៅ​ឆ្នាំ ​២០១៩​ ដើម្បី​ប្រឈមនឹង​ការចោទ​ប្រកាន់​ពី​ការ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​មីយ៉ាន់ម៉ា​ នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ។ លោក​ស្រី​បាន​ទទួល​ស្គាល់​ពី​លទ្ធភាព​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ដែល​បាន​ធ្វើ​ឡើង ក៏ប៉ុន្តែ ចាត់​ទុក​ការ​បង្ក្រាប​នោះ​ថា ​ជា​កិច្ចប្រតិបត្តិការ​យោធា​ស្រប​ច្បាប់​ប្រឆាំង​នឹង​ពួក​ភេរវជន។

លទ្ធផល​នៃ​ការបោះឆ្នោត​សភា​ខែ​វិច្ឆិកា ឆ្នាំ​ ២០២០ បាន​បង្ហាញ​ថា គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោក​ស្រី បាន​ឈ្នះ​អាសនៈ​សភា​គ្រប់​គ្រាន់​ដើម្បី​បង្កើត​រដ្ឋបាល​ថ្មី។ គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ បាន​បញ្ជាក់​ថា ខ្លួន​នឹង​ស្វះស្វែង​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ​មួយ។

បន្ទាប់ពី​ការ​តវ៉ា​អស់​រយៈពេល​ប៉ុន្មាន​សប្តាហ៍​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត ​ដែល​ទាក់​ទិន​ជាមួយ​យោធា​មក កាលពី​ព្រឹក​ថ្ងៃ​ទី១ ខែ​កុម្ភៈនេះ លោក​ស្រី ​Aung San Suu Kyi លោក​ប្រធានាធិបតី Win Myint និង​ឥស្សរជន​ជាន់​ខ្ពស់​ផ្សេង​ទៀត​មក​ពី​គណបក្ស​កាន់​អំណាច​ ​ត្រូវបាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ការ​វាយ​ឆ្មក់មួយ ​កាលពី​ពេល​ព្រឹក​ថ្ងៃ​ច័ន្ទ៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG