ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក អូបាម៉ា សុំ​ឱ្យ​មាន​«បទបញ្ញត្តិ​ខ្លាំង​ជាង​មុន» ដើម្បី​ការពារ​អព្យាក្រឹតភាព​នៃ​បណ្តាញ​អ៊ីនធឺណិត

  • VOA

ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន at and t ដែល​ជា​ក្រុមហ៊ុន​ផ្តល់​​សេវាកម្ម​​អ៊ីនធឺណិត​ដ៏​ធំ​មួយ​នៅ​សហរដ្ឋ​អាមេរិក។

លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា​បាន​សុំ​ឱ្យ​មាន​«បទបញ្ញត្តិ​ខ្លាំង​ជាង​មុន» ​ដើម្បី​ការពារ​អព្យាក្រឹតភាព​នៃ​បណ្តាញ​អ៊ីនធឺណិត និង​ធ្វើឱ្យ​ប្រាកដ​ថា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធឺណិត ប្រព្រឹត្ត​ដោយ​ស្មើភាព​គ្នា​ដល់​ចរាចរណ៍​អ៊ីនធឺណិត​ទាំងអស់»។

លោក​បាន​ស្នើសុំ​ដូច​នេះ​ដល់​គណកម្មការ​គមនាគមន៍​សហព័ន្ធ​ហៅ​កាត់​ថា FCC ដែល​កំពុង​សរសេរ​បទបញ្ញត្តិ​ថ្មីៗ​នៃ​ចរាចរណ៍​អ៊ីនធឺណិត កាលពី​ថ្ងៃ​ចន្ទ​។

លោកអូបាម៉ា​បាន​សុំ​ដល់​គណកម្មការ FCC ឱ្យ​ហាម​ប្រាម​កុំ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ណា​មួយ ដែល​នឹង​អនុញ្ញាត​អ្នក​ផ្តល់​អត្ថបទ​តាម​អ៊ីនធឺណិត​ឱ្យ​បង់​ប្រាក់​ឱ្យ​ក្រុម​ហ៊ុន​ផ្តល់​អ៊ីនធឺណិត ដើម្បី​ផ្តល់​អត្ថបទ​របស់​ពួក​គេ​ឱ្យ​បាន​ឆាប់​ជាង​មុន​ដែល​គេ​ស្គាល់​ថា​ជា​ការ​បង់​ប្រាក់​ដើម្បី​ទទួល​អាទិភាព។ លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​ក្រុម​ហ៊ុន​ផ្តល់​សេវាកម្ម អ៊ីនធឺណិត​ដែល​ហៅ​កាត់​ថា​ ISPs ​មិន​គួរ​ត្រូវ​អនុញ្ញាត​ឱ្យ​រាំង​ខ្ទប់​អត្ថបទ​ស្រប​ច្បាប់​តាម​អ៊ីនធឺណិត​មិន​ឱ្យ​ពួក​អ្នក​ប្រើប្រាស់​ឃើញ​ទេ។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ គណកម្មការ ​FCC គួរ​ដាក់​បទបញ្ញ័ត្តិ​លើ​សេវាកម្ម​អ៊ីនធឺណិត​លឿន​សម្រាប់​ពួក​អ្នក​ប្រើប្រាស់ដូចជា​ការ​ប្រើប្រាស់​ទឹក​ភ្លើង​សាធារណៈ​ដែរ។

កាលពី​ពេល​មុន​នេះ​ក្នុង​ឆ្នាំ​នេះ គណៈកម្មការ​ FCC បាន​ស្នើ​ឱ្យ​មាន​ការកែប្រែ​

ច្រើន​ក្នុង​វិធិ​ដែល​បណ្តាញ​អ៊ីនធឺណិត ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ស.រ.អា។

កាលពី​ខែ​ឧសភា​គណៈកម្មការ​គមនាគមន៍​សហព័ន្ធ បាន​បោះឆ្នោត​ផ្តល់​ផែនការ​មួយ​ដែល​អាច​អនុញ្ញាត​ក្រុម​ហ៊ុន​ធំៗ​ផ្តល់​សេវាកម្ម​អ៊ីនធឺណិត ដូចជា​ក្រុម​ហ៊ុន​ at and t និង Comcast ជាដើម ឱ្យ​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​នានា​ដូច​ជា​ក្រុមហ៊ុន Google និង Facebook ជាដើម ដើម្បី​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ការផ្សព្វផ្សាយ​អត្ថបទ​របស់​ពួក​គេ​ឱ្យ​បាន​លឿន​ជាង​ដល់​ពួក​អ្នក​ប្រើប្រាស់។

ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយក៏​សំណើ​ដ៏​ចម្រូងចម្រាស់​នេះ បាន​ត្រូវ​ជំទាស់​ដោយ​ក្រុម​អ្នក​ប្រើប្រាស់​និង​ក្រុម​ហ៊ុន​អ៊ីនធឺណិត​ឯទៀតៗ។ សេតវិមាន​ឲ្យ​ដឹង​ថា មាន​អត្ថាធិប្បាយ​សាធារណៈ​ជិត​បួន​លាន​អំពី​សំណើ​នេះ​បាន​ត្រូវ​ដាក់​ជូន​គណកម្មាការ FCC។

សេតវិមាន​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា សំណើ​របស់​លោក អូបាម៉ា នឹង«ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​បណ្តាញ​ អ៊ីនធឺណិត បម្រើការ​មនុស្ស​គ្រប់គ្នា​មិន​មែន​បម្រើ​តែ​ក្រុមហ៊ុន​មួយ​ឬ​ពីរ​នោះ​ទេ»៕

ប្រែសម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG