វិសោធនកម្មទី ២៥ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកចែងយ៉ាងលម្អិត អំពីនីតិវិធីតែងតាំងតំណែងជំនួសប្រធានាធិបតី ឬអនុប្រធានាធិបតីនៅពេល ដែលអ្នកណាម្នាក់ក្នុងចំណោមអ្នកទាំងពីរ មិនអាចបំពេញភារកិច្ចបាន។
ហេតុផលដើម្បីជំនួសតំណែងប្រមុខរដ្ឋ ឬអនុប្រធានាធិបតីដែលជាមន្រ្តីជាន់ខ្ពស់បំផុត គឺរួមមានការបាត់បង់ជីវិត ការបណ្តេញចេញពីតំណែង ការលាលែងពីតំណែង ឬអសមត្ថភាពបំពេញការងារ។
ឧទាហរណ៍ដូចជាការធ្វើឃាតលោកអតីតប្រធានាធិបតី John F. Kennedy កាលពីខែវិច្ឆិកា ឆ្នាំ ១៩៦៣ និងការលាលែងពីតំណែងរបស់អតីតប្រធានាធិបតីលោក Richard Nixon កាលពីឆ្នាំ ១៩៧៤ ដោយសារមានរឿងអាស្រូវ Watergate។
ការពិភាក្សាអំពីវិសោធនកម្មទី ២៥ ត្រូវបានធ្វើឡើងជាថ្មី បន្ទាប់ពីការប្រកាសកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុនថា លោកប្រធានាធិបតី Donald Trump បានឆ្លងជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសកូរ៉ូណា។ ភរិយារបស់លោកគឺលោកស្រី MelaniaTrump ក៏បានឆ្លងជំងឺកូវីដ១៩ ដែរ។
សេតវិមានកាលពីថ្ងៃសុក្របានប្រកាសថា លោក Trump មានរោគសញ្ញាកម្រិតស្រាល។
អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា អនុប្រធានាធិបតីលោក Mike Pence និងភរិយារបស់លោក គឺលោកស្រី Karen Pence បានធ្វើតេស្ត និងមានលទ្ធផលអវិជ្ជមាន។
នៅក្រោមវិសោធនកម្មទី ២៥ ប្រសិនបើលោក Trump ធ្លាក់ខ្លួនឈឺធ្ងន់ នោះលោកអាចលើកយកវិសោធនកម្មទី ២៥ នៃរដ្ឋធម្មនុញ្ញ មកប្រើដោយផ្តល់អំណាចបណ្តោះអាសន្នទៅឲ្យលោក Pence ធ្វើជាប្រធានាធិបតីស្តីទី។
ដើម្បីធ្វើដូច្នេះបាន លោកនឹងត្រូវផ្ញើលិខិតបញ្ជាក់ទៅប្រធានព្រឹទ្ធសភា ដែលមានឋានៈលំដាប់ទីពីរខាងគណបក្សសាធារណៈរដ្ឋ គឺលោក Chuck Grassley និងប្រធានរដ្ឋសភាលោកស្រី Nancy Pelosi ខាងគណបក្សប្រជាធិបតេយ្យ។
មន្រ្តីសេតវិមានម្នាក់និយាយថា៖ «យើងស្ថិតនៅឆ្ងាយ ពីស្ថានភាពនោះខ្លាំងណាស់»។
វិសោធនកម្មនេះក៏ចែងដែរថា អនុប្រធានាធិបតីនិងសំឡេងភាគច្រើននៅក្នុងគណៈរដ្ឋមន្រ្តី ឬនៅក្នុងសភា អាចសម្រេចដកមេដឹកនាំសហរដ្ឋអាមេរិក នៅពេលដែលប្រធានាធិបតីមិនអាចបំពេញភារកិច្ចបាន ហើយភ្លាមៗត្រូវតែងតាំងអនុប្រធានាធិបតី ឲ្យកាន់តំណែងបន្ត។
ប្រសិនបើប្រធានាធិបតីអាចត្រឡប់មកធ្វើការវិញបាន នោះលោកត្រូវប្រកាសជាលាយលក្ខណ៍អក្សរទៅកាន់ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាអំពីសមត្ថភាពផ្លូវកាយ និងផ្លូវចិត្តរបស់លោកថា អាចចូលបំពេញភារកិច្ចវិញបាន។
ប្រធានាធិបតីអាចចូលកាន់តំណែងវិញបាន លើកលែងតែអនុប្រធានាធិបតី និងសំឡេងភាគច្រើននៅក្នុងគណៈរដ្ឋមន្រ្តី ជូនដំណឹងទៅសភាជាលាយលក្ខណ៍អក្សរ ក្នុងរយៈពេល ៤ ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់ប្រធានាធិបតីថា ប្រធានាធិបតីនៅតែមិនអាចបំពេញភារកិច្ចបាន។ បន្ទាប់មក សភានឹងកោះប្រជុំក្នុងរយៈពេល ៤៨ ម៉ោង និងបើកកិច្ចពិភាក្សាអាចរហូតដល់ ២១ ថ្ងៃ។
ការសម្រេចណាមួយរបស់សភាថា ប្រធានាធិបតីមិនអាចបំពេញភារកិច្ចបាននោះ ត្រូវតែសម្រេចដោយសំឡេងភាគច្រើន ២ ភាគ ៣ ទាំងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា។
ប្រសិនបើមិនទទួលបានសំឡេង ២ ភាគ ៣ ទេ នោះប្រធានាធិបតី នឹងត្រូវអនុញ្ញាតឲ្យត្រឡប់ចូលកាន់តំណែងវិញ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា