ការរួមបញ្ចូលសំឡេងពីសហគមន៍ដែលត្រូវបានប៉ះពាល់ដោយផ្ទាល់ពីទន្លេមេគង្គជាប្រធានបទមួយដែលត្រូវបានពិភាក្សាជាច្រើនដងនៅក្នុងកិច្ចសន្ទនាមួយ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌល Stimson ដែលជាអង្គការតាក់តែងគោលនយោបាយមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
អ្នកជំនាញមកពីសហរដ្ឋអាមេរិកនិងប្រទេសជុំវិញទន្លេមេគង្គ ដូចជាកម្ពុជា ថៃ ឡាវ វៀតណាម និងភូមា បានយល់ព្រមផ្តល់ជាការណែនាំថា អ្នកសិក្សា និងអ្នកបង្កើតគោលនយោបាយគួរតែបង្កើនការចូលរួមពីសហគមន៍នៅក្នុងការស្រាវជ្រាវឬផែនការនានា ហើយធានាថាសំឡេងពួកគេត្រូវបានយកចិត្តទុកដាក់ស្តាប់និងអនុម័ត។
អ្នកស្រី កែវ កណិកា ប្រធានគម្រោងអាងទឹកទន្លេមេគង្គ នៃអង្គការ Oxfarm បានលើកឡើងថា កិច្ចពិភាក្សាដើម្បីបង្កើតគោលនយោបាយនានាទាក់ទិននឹងទន្លេមេគង្គឲ្យកាន់តែប្រសើរ ការសិក្សាឬស្រាវជ្រាវនានាគួរតែបើកឲ្យមានការចូលរួមពីសហគមន៍ដែលត្រូវបានប៉ះពាល់ដោយផ្ទាល់ដោយសារការផ្លាស់ប្តូរទឹកទន្លេ ឬបញ្ហាផ្សេងៗទៀតទាក់ទងនឹងទន្លេមេគង្គ។
អ្នកស្រីនិយាយថា៖ «យើងកំពុងនិយាយពីគោលនយោបាយដែលត្រូវបានបង្កើតឡើងដោយសារបញ្ហានៅទន្លេមេគង្គ។ តើយើងមានសហគមន៍នៅជួរមុខគ្រប់គ្រាន់ឬទេ? សហគមន៍ដែលត្រូវបានប៉ះពាល់ដោយសារការផ្លាស់ប្តូរកម្រិតទឹកទន្លេនៅក្នុងបន្ទប់នេះជាមួយយើង។ តើយើងបានស្តាប់គ្រប់គ្រាន់ទេ ជាពិសេសសហគមន៍ជនជាតិភាគតិចដែលបានការពារធនធានធម្មជាតិនិងទន្លេនេះយូរមកហើយនោះ?»
អ្នកស្រីបន្តថា៖ «យើងចង់ឲ្យ MRC និងភាគីពាក់ព័ន្ធដែលដឹកនាំការសិក្សានិងការស្រាវជ្រាវក្នុងតំបន់មេគង្គទទួលស្គាល់សហគមន៍ ដែលនៅតាមភូមិនេសាទ ដែលមានបទពិសោធន៍ជាផ្នែកមួយនៃការសិក្សារបស់ពួកគេ»។
ដើម្បីធ្វើឲ្យវាមានប្រសិទ្ធភាព អ្នកជំនាញបន្តថា កិច្ចពិភាក្សាបច្ចេកទេសនានាត្រូវតែបានសម្រួលឲ្យសហគមន៍ប្រជាពលរដ្ឋងាយស្រួលយល់ ដែលមានរួមការប្រែសម្រួលឬបកស្រាយពាក្យគន្លឹះ ក្នុងការសិក្សាឬស្រាវជ្រាវ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពជឿជាក់និងសុវត្ថិភាពដើម្បីបញ្ចេញមតិបន្ថែមទៀតក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនៅទន្លេមេគង្គ ដែលមានពលរដ្ឋរាប់សិបលាននាក់រស់នៅពឹងផ្អែកលើទន្លេមេគង្គជាប្រចាំតាំងពីបុរាណមកនេះ។
អ្នកស្រី Margaret Owensby វិស្វករស្រាវជ្រាវធារាសាស្ត្រជាមួយកងវិស្វកររបស់កងទ័ពសហរដ្ឋអាមេរិក (Research Hydraulic Engineer with the U.S. Army Corps of Engineers) បាននិយាយថា៖ «បើសិនជាអ្នកនិយាយជាមួយសហគមន៍ ខ្ញុំគិតថា វាជាការសន្ទនាមួយ។ អ្នកត្រូវតែធានាថា អ្នកយល់ពីការបារម្ភរបស់ពួកគេហើយដោះស្រាយនិងទំនាក់ទំនងជាមួយពួកគេ ថាតើវានឹងប៉ះពាល់ជីវភាព គ្រួសារ ផ្ទះនិងលុយពួកគេបែបណា»។
ការស្រាវជ្រាវមួយរបស់ទស្សនាវដ្ដី ScieneDirect បានរកឃើញថា ចំនួនត្រីបានធ្លាក់ចុះ ៨៧,៧% ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៩ ដោយសារការប្រមូលផលហួសកម្រិត ការបំបែកទីជម្រក និងការប្រែលនៃជលសាស្ត្រ ជាពិសេសការផ្លាស់ប្តូរទាក់ទងនឹងចរន្តទឹកជំនន់តាមរដូវនៃទន្លេមេគង្គ ដែលវាទាមទារឲ្យមានការគ្រប់គ្រងប្រព័ន្ធទឹកប្រសើរជាងមុនពីភាគីពាក់ព័ន្ធ។
មជ្ឈមណ្ឌល Stimson ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកបានរៀបចំកិច្ចសន្ទនាដើម្បីពិភាក្សាស្វែងរកដំណោះស្រាយកិច្ចប្រឈម និងគោលនយោបាយនានាដើម្បីធ្វើឲ្យទំនាក់ទំនងរវាងប្រទេសនៅជុំវិញទន្លេមេគង្គ សុខមាលភាពរបស់ទន្លេមួយនេះ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញតំបន់នេះប្រសើរឡើងវិញ។
នៅក្នុងកិច្ចសន្ទនាទាំងនោះត្រូវបានធ្វើឡើងក្រោមកិច្ចសន្ទនាភាពជាដៃគូរវាងប្រទេសនៅជាប់ទន្លេមេគង្គនិងមន្ត្រីសហរដ្ឋអាមេរិកទាក់ទងនឹងគោលនយោបាយមេគង្គ ហៅថា Mekong-U.S. Partnership Track 1.5 Policy Dialogue ដែលមានទាំងអស់ ៨ កិច្ចសន្ទនាត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣។ ហើយមានកិច្ចសន្ទនាតែមួយប៉ុណ្ណោះដែលត្រូវបានធ្វើឡើងដោយមានកិច្ចពិភាក្សាទល់មុខគ្នានៅខេត្តឈៀងរ៉ៃ ប្រទេសថៃកាលពីខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។ ដោយឡែកកិច្ចសន្ទនាចុងក្រោយត្រូវបានបញ្ចប់កាលពីថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០២៣ តាមប្រព័ន្ធ Zoom។
កិច្ចពិភាក្សាដែលចង់ឃើញការធ្វើការរួមគ្នារវាងរដ្ឋាភិបាលក្នុងតំបន់ទន្លេមេគង្គនិងដៃគូនានា ដើម្បីដោះស្រាយបញ្ហាមេគង្គរួមគ្នាឲ្យបានទាន់ពេលវេលានោះ មានការចូលរួមពីប្រទេសដែលស្ថិតនៅជុំវិញទន្លេមេគង្គដូចជាភូមា ថៃ កម្ពុជា វៀតណាមនិងឡាវ ដែលភាគីពាក់ព័ន្ធទាំងអស់បានមកពិភាក្សាលើប្រធានបទ ដូចជាតម្រូវការ និងឱកាសទាក់ទងនឹងបទប្បញ្ញត្តិ និងការអភិរក្សធនធានធម្មជាតិ ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងទំនប់ គោលនយោបាយ ការគ្រប់គ្រងទឹក ការប៉ះពាល់ដល់កសិឧស្សហកម្ម ការជីកខ្សាច់អនាធិបតេយ្យដែលជាការគំរាមដល់ការបាក់ដីនៅក្នុងតំបន់មេគង្គនិងដំណោះស្រាយផ្អែកលើធម្មជាតិសម្រាប់អភិបាលកិច្ចទឹកជាដើម។
យោងតាមរបាយការណ៍របស់អង្គការ Stimson គណៈកម្មការទន្លេមេគង្គ (MRC) គួរតែបង្កើតគណៈកម្មការអន្តរសហគមន៍ទន្លេមេគង្គ (MRICC) ដែលមានអ្នកតំណាងពីសហគមន៍ទន្លេមេគង្គនិងអង្គការសង្គមស៊ីវិលទូទាំងប្រទេសអនុតំបន់មេគង្គ ដើម្បីដោះស្រាយបញ្ហាមច្ឆជាតិនិងបញ្ហាទាក់ទងផ្សេងៗទៀត។ ដោយហេតុផលថា សំឡេងពីសហគមន៍មិនត្រូវបានដោះស្រាយពីស្ថាប័នរដ្ឋាភិបាល ហើយវាបណ្តាលឲ្យមានការផ្តាច់ទំនាក់ទំនង និងកង្វះកិច្ចសហប្រតិបត្តិការរវាងសហគមន៍មូលដ្ឋាន និងអាជ្ញាធរ។
លោក យុក សេងឡុង នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សសកម្មភាពជលផល (FACT) ក៏បានលើកឡើងពីសារៈសំខាន់នៃការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់តាំងពីរដ្ឋាភិបាល ប្រជាពលរដ្ឋនិងអ្នកជំនាញផ្សេងៗ។
លោកថ្លែងថា៖ «ខ្ញុំគិតថា វាសំខាន់ណាស់សម្រាប់ភាគីពាន់ព័ន្ធទាំងអស់ នៅតំបន់មេគង្គក្រោមជាពិសេស MRC ឃើញពីសារ:សំខាន់របស់ត្រីសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងទន្លេមេគង្គ»។
ខណៈដែលទន្លេមេគង្គជាប្រភពអាហារដ៏សំខាន់និងបានផ្គត់ផ្គង់មច្ឆជាតិទឹកសាបជាង ១៥% នៃផលិតផលមច្ឆជាតិសកលដល់បណ្តាប្រទេសជុំវិញទន្លេមេគង្គនេះ ជាង ២០ ឆ្នាំមកហើយ ដែលវារីអគ្គិសនី និងប្រព័ន្ធធារាសាស្រ្តបានគ្របជះឥទ្ធិពលលើផែនការ និងការវិនិយោគ ដែលជាការដោះដូររវាងអាហារ ទឹកនិងថាមពលដ៏គួរឲ្យបារម្ភមួយ។ នេះបើយោងតាមរបាយការណ៍របស់អង្គការ Stimson៕