ទីក្រុងបាងកក៖ ទឹកជំនន់កាលពីចុងឆ្នាំមុននៅប្រទេសថៃ បានបំផ្លាញសហគមន៍ថៃរាប់ពាន់ និងធ្វើ ឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចដែលមានតម្លៃរាប់រយលានដុល្លារ។ កន្លងមកប្រទេសថៃបានជួបប្រទះតែទឹកជំនន់ធម្មតាប៉ុណ្ណោះ តែនៅឆ្នាំមុននេះ ទឹកជំនន់បានឡើងខ្ពស់ខុសពីធម្មតា។ ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ប្រទេសថៃត្រូវអភិវឌ្ឍផែនការរយៈពេលយូរដើម្បីអាចទប់ទល់នឹងគ្រោះទឹកជំនន់ដ៏ធំបំផុតបាន។
ទឹកជំនន់ដ៏អាក្រក់បំផុតក្នុងពេល៥០ឆ្នាំកន្លងមកនៅក្នុងប្រទេសថៃកាលពីចុងឆ្នាំមុនបានសម្លាប់មនុស្សប្រមាណជាង២៣០នាក់ បំផ្លាញទ្រព្យសម្បត្តិដែលមានតម្លៃ១.៧០០រយលានដុល្លារ និងបានជន់លិចដីស្រែចម្ការរាប់ម៉ឺនហិកតា។
ទឹកជំនន់ដែលបានចាប់ផ្តើមនៅក្នុងខែតុលា បានធ្វើឲ្យប៉ះពាល់ដល់ខេត្តចំនួន៧៦របស់ប្រទេសថៃ។ ចូលមកដល់ខែមករានេះហើយ បណ្តាខេត្តភាគខាងត្បូងនៅតែរងការប៉ះពាល់ដោយសារទឹកជំនន់ថ្មីៗទៀត និងការបាក់ដី។
អ្នកព្យាករណ៍ឧតុនិយមថ្លែងថា ទឹកជំនន់កាន់តែមានសភាពអាក្រក់ដោយសារអព្ភូតហេតុអាកាសធាតុ ឡានីណា (La Nina) ដែលបានកើតឡើងនៅពេលដែលសីតុណ្ហភាពផ្ទៃទឹកសមុទ្រប៉ាស៊ីហ្វិកទាបជាងធម្មតា ដែលនាំឲ្យមានភ្លៀងធ្លាក់នៅលើដីគោកច្រើនជាងធម្មតា។
ក៏ប៉ុន្តែ បើទោះជាគ្មានអព្ភូតហេតុអាកាសធាតុឡានីណាក៏ដោយ ទឹកជំនន់មិនមែនជារឿងថ្មីសម្រាប់ប្រទេសថៃទេ។ នៅតំបន់ភាគច្រើននៃតំបន់អាស៊ីអាគ្នេយ៍ និងភាគខាងត្បូងប្រទេសចិន ទឹកភ្លៀងមូសុងប្រចាំឆ្នាំចាប់ផ្តើមនៅខែមេសា ឬឧសភា ក្រោយពីរដូវប្រាំងមានរយៈពេលដ៏យូរបានបញ្ចប់ ហើយជាញឹកញាប់ទឹកភ្លៀងនោះបានបង្កឲ្យមានទឹកជំនន់។
លោកដាណៃ ថៃទុកគូ (Danai Thaitukoo) គ្រូបង្រៀនផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យាល័យ ជុឡាឡុងកន (Chulalongkorn)មានប្រសាសន៍ថា ទឹកជំនន់ធម្មតាបានគូសបញ្ជាក់អំពីតម្រូវការនយោបាយគ្រប់គ្រងទឹករយៈពេលយូរដែលមានប្រសិទ្ធិភាពទូទាំងប្រទេស។
«យើងគ្រាន់តែអាចដោះស្រាយបញ្ហានៅចំពោះមុខបានតែប៉ុណ្ណោះ ក៏បុន្តែយើងមិនបានត្រៀមខ្លួនសម្រាប់កម្រិតទឹកជំនន់តូចធំរយៈពេលយូរនោះទេ។ គឺដូចជាថា យើងមានដំណោះស្រាយ តែយើងមិនបានអនុវត្តដំណោះស្រាយនោះ។ ប្រទេសនេះ ត្រូវចាត់ទុកថា បញ្ហាទឹកជាសន្តិសុខជាតិ ដូច្នេះមិនត្រឹមតែសន្តិសុខស្បៀងអាហារប៉ុណ្ណោះទេ គឺសន្តិសុខទឹកផងដែរ។ ក៏ប៉ុន្តែ នៅគោលនយោបាយថ្នាក់ខ្ពស់ គ្រប់ក្រសួងទាំងអស់មិនបានយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់លើបញ្ហានេះទេ»។
ក្រុមអ្នកវិទ្យាសាស្រ្ត និងអ្នករៀបចំសហគមន៍នៅប្រទេសថៃថ្លែងថា រដូវប្រាំងដែលមានរយៈពេលយូរនៅប្រទេសថៃក៏ត្រូវគិតគូរផងដែរ ពីព្រោះជាញឹកញាប់ណាស់ ដែលសហគមន៍ជាច្រើនបានខ្វះទឹកក្នុងរដូវប្រាំង។
លោក អានុន ស្នីដវង់ (Anond Snidvongs) ជាអ្នកជំនាញខាងអាកាសធាតុនៅសាកលវិទ្យាល័យជុឡាលុងកនមានប្រសាសន៍ថា៖
«យើងតែងតែគិតថា នៅរដូវភ្លៀងមានទឹកលើសតម្រូវការ។ យើងមិនត្រូវការ មិនចង់បាន ហើយចង់បង្ហូរវាចោល។ ហើយដល់ពេលរដូវប្រាំងយើងត្អូញត្អែរថា យើងគ្មានទឹកគ្រប់គ្រាន់។ ដូច្នេះយើងត្រូវប្រកាន់ជំហរថ្មីចំពោះទឹក។ យើងមិនត្រូវគិតថា ទឹកជារបស់ឥតបានការនោះទេ ត្រូវគិតថា ទឹកជាទ្រព្យសម្បត្តិមួយ»។
លោក អានុន មានប្រសាសន៍ថា គួរតែមានកិច្ចប្រឹងប្រែងដើម្បីបំពេញតម្រូវការទឹកក្នុងរដូវប្រាំង ដោយសង់អាងស្តុកទឹក ទំនប់ទឹកដែលមានទ្វារបិទបើកដើម្បីស្តុកទឹកនៅក្នុងរដូវភ្លៀង។
ប្រទេសថៃបានទទួលជោគជ័យខ្លះៗក្នុងការគ្រប់គ្រងលំហូរទឹក។ ការងារវិស្វកម្មដ៏ធំក្នុងកំឡុងទសវត្សរ៍កន្លងទៅនេះបានកាត់បន្ថយគ្រោះថ្នាក់ទឹកជំនន់ក្នុងទីក្រុងបាងកក។ ទីក្រុងនេះបានសង់ទំនប់ចម្ងាយប្រមាណជាង៧០គីឡូម៉ែត្រ តាមបណ្តោយទន្លេចៅប្រាយ៉ា និងទំនប់ការពារទឹកជំនន់នៅក្រៅទីក្រុងនេះ។
ទឹកជំនន់កាលពីឆ្នាំមុនបានធ្វើឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី អាភិសិត វិចាជីវ៉ាពិចារណាឡើងវិញអំពីប្រព័ន្ធការពារទឹកជំនន់ និងធារាសាស្រ្ត។ រដ្ឋាភិបាលសង្ឃឹមថា នឹងធ្វើមឈ្ឈការកម្មវិធីគ្រប់គ្រងទឹក។ លោក ប៉ានីថាន វ៉ាត់តានាយ៉ាកន(Panitan Wattanayagorn) អ្នកនាំពាក្យរដ្ឋាភិបាលមានប្រសាសន៍ថា៖
«ឥឡូវនេះ លោកនាយករដ្ឋមន្រ្តីបានស្នើទៅគ្រប់ក្រសួងទាំងអស់ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងទឹក ឲ្យសម្របសម្រួលផែនការរបស់ពួកគេ ដែលមានមជ្ឈមណ្ឌនៅការិយាល័យរបស់នាយករដ្ឋមន្រ្តី។ ផែនការគ្រប់គ្រងទឹកដែលជាទូទៅសម្រាប់កសិកម្មនោះ ឥឡូវនេះត្រូវបានសម្របសម្រួលនៅក្រោមផែនការមេថ្មីមួយ។ ហើយជាលើកដំបូងហើយ ដែលយើងមានការវិនិយោគដ៏ធំមួយដែលផ្តោតទៅលើបញ្ហានេះ ជាជាងអនុញ្ញាតឲ្យក្រសួងផ្សេងៗគ្រប់គ្រងតាមប្រព័ន្ធរៀងៗខ្លួននោះ»។
មេដឹកនាំពាណិជ្ជកម្ម និងកសិដ្ឋាន រួមជាមួយនឹងអ្នកជំនាញគ្រប់គ្រងទឹក និយាយថា ការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធិភាពជាបញ្ហាសំខាន់សម្រាប់ប្រទេសថៃ ដែលជាប្រទេសនាំអង្ករចេញនាំមុខគេ។
ពួកគេនិយាយថា ការពង្រឹងប្រព័ន្ធគ្រប់គ្រងទឹកនឹងបង្កើនផលិតផលកសិកម្ម និងផលិតផលចំរុះ ហើយនឹងពង្រឹងប្រាក់ចំណូល ដោយចាត់ទុកថា ទឹកជាទ្រព្យសម្បត្តិ ជាជាងរបស់ដែលឥតបានការ។
ប្រែសម្រួលដោយលី ម៉ូរីវ៉ាន់៕