សេចក្តីរាយការណ៍មួយ ចេញផ្សាយកាលពីថ្ងៃពុធ ដោយទីភ្នាក់ងារមួយរបស់រដ្ឋ តិចសាស់ (Texas) នៅភាគនីរតីនៃសហរដ្ឋអាមេរិក ហៅ Texas Agrilife Extension Service បង្ហាញថា ភាពរាំងស្ងួតនៅក្នុងរដ្ឋនេះ មានសភាពធ្ងន់ធ្ងរជាទីបំផុតក្នុងប្រវត្តិសាស្រ្ត ហើយថាផលិតផលកសិកម្មបានថយចុះដោយសារតែភាពរាំងស្ងួតនេះ ដែលជាព័ត៌មានអាក្រក់មួយសម្រាប់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។
រដ្ឋ តិចសាស់ (Texas) ជាង ៩០ភាគរយកំពុងទទួលផលប៉ះពាល់ពីភាពរាំងស្ងួតដ៏ធ្ងន់ធ្ងរ ឬដ៏អាក្រក់បំផុត។ សេដ្ឋវិទូ ដេវិត អានដឺរសុន(David Anderson) បាននិយាយប្រាប់វីអូអេ តាមរយៈសេវា ស្កែព (Skype) ពីការិយាល័យរបស់លោកនៅទីភ្នាក់ងារ Texas Agrilife Extension Service ក្នុងសាកលវិទ្យាល័យ តិចសាស់ អេ&អិម (Texas A&M) ថា ការខូចខាតមានចំនួនលើសពីឆ្នាំណាៗទាំងអស់។
«រហូតមកទល់និងថ្ងៃទី ១ ខែសីហា ការកាក់ស្មានអំពីផលប៉ះពាល់នៃភាពរាំងស្ងួតមានចំនួន ៥ពាន់ ២រយលានដុល្លារ។ ការខូចខាតនេះមានរួមទាំងសត្វពាហណៈនិងដំណាំ។ ចំនួននេះច្រើនជាងការខូចខាតក្នុងឆ្នាំ ២០០៦ ដែលមានចំនួន ៤ពាន់ ១រយលានដុល្លារ។ ដូច្នេះយើងមានការខូចខាតជាងមួយពាន់លានដុល្លារលើសពីឆ្នាំ ២០០៦»។
លោក អានដឺរសុន ថ្លែងថា ការខូចខាតសត្វពាហណៈមានចំនួនប្រហែល ២ពាន់លានដុល្លារ។ អ្នកចំការនិងកសិករជាច្រើននាក់បានលក់សត្វទាំងហ្វូងៗ ដោយមកពីតំបន់ខ្លះមិនមានទឹកគ្រប់គ្រាន់ ហើយដោយសារផលិតកម្មចំបើងនៅក្នុងរដ្ឋធ្លាក់ចុះទាបពេក ដែលបង្ខំឲ្យពួកគេទិញចំបើងថ្លៃខ្ពស់ពីរដ្ឋក្រៅ ដើម្បីចិញ្ចឹមសត្វរបស់គេ។
លោក ដេវិត អានដឺរសុន និយាយថាចំនួនសត្វចុះថយដែលបណ្តាលពីភាពរាំងស្ងួត នឹងមានផលប៉ះពាល់ទៅលើចំនួនសាច់គោនៅពាសពេញពិភពលោក ក្នុងរយៈពេលយូរទៅថ្ងៃមុខទៀត។
«យើងជាប្រទេសលក់សាច់គោចេញទៅបរទេសដ៏ធំមួយ។ រដ្ឋ តិចសាស់ ជាអ្នកផលិតសាច់គោច្រើនជាងគេនៅក្នុងសហរដ្ឋអាមេរិក។ យើងមានហ្វូងសត្វគោដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក ច្រើនជាងរដ្ឋណាទាំងអស់។ ដូច្នេះ ផលប៉ះពាល់មួយក្នុងពេលអនាគតគឺសាច់គោនឹងឡើងថ្លៃ»។
លោក អានដឺរសុន ពន្យល់ថា រដ្ឋ តិចសាស់ មិនផលិតពោតដែលដាំនៅក្នុងសហរដ្ឋអាមេរិកច្រើនប៉ុន្មានទេ ក៏ប៉ុន្តែផលិតកម្មធ្លាក់ចុះ ៣០ភាគរយនៅក្នុងរដ្ឋនេះ នឹងមានផលប៉ះពាល់ទៅលើទីផ្សារអន្តរជាតិ ដែលត្រូវការពោតយ៉ាងច្រើន។
រដ្ឋ តិចសាស់ ក៏ជារដ្ឋផលិតស្រូវសាលីមួយដែរ។ លោក អានដឺរសុន និយាយថា សេចក្តីព្រួយបារម្ភឥឡូវនេះគឺថាតើទឹកភ្លៀងនឹងមានធ្លាក់ទាន់ពេលវេលាដើម្បីជួយស្រោចស្រង់ដំណាំស្រូវសាលីនៅឆ្នាំក្រោយបានឬទេ។
«ស្រូវសាលីជាច្រើនដែលដាំនៅក្នុងរដ្ឋ តិចសាស់ ត្រូវបណ្តុះនៅរដូវស្លឹកឈើជ្រុះ ហើយឥឡូវនេះយើងកំពុងតែខិតជិតដល់ពេលដែលយើងត្រូវការភ្លៀងហើយ ដើម្បីឲ្យសើមដី យ៉ាងហោចណាស់ឲ្យយើងអាចប្រុងប្រៀបខ្លួនដើម្បីដាំស្រូវសាលីដែលយើងនឹងអាចច្រូតកាត់បាននៅឆ្នាំក្រោយ»។
ភាពរាំងស្ងួតមិនជារឿងថ្មីទេសម្រាប់រដ្ឋ តិចសាស់។ រដ្ឋ ផ្កាយតែមួយ (Lone Star) នេះ ទទួលរងការរាំងស្ងួតជាច្រើនដងមកហើយ។ តែភាពរាំងស្ងួតដ៏យូរជាងគេបំផុត បានកើតមានក្នុងរយៈពេលជាច្រើនឆ្នាំ ដែលបានចាប់ផ្តើមពីឆ្នាំ ១៩៤៩ ទៅដល់ឆ្នាំ ១៩៥៧។ ភាពរាំងស្ងួតក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះមិនមានរយៈពេលយូរដូចនោះទេ ក៏ប៉ុន្តែបានកើតមានជាញឹកញាប់ ដែលធ្វើឲ្យរំខានដល់ផលិតផលកសិកម្ម ហើយបង្ខំឲ្យផលិតករខ្លះឈប់ប្រកបអាជីវកម្ម។
លោក ដេវិត អានដឺរសុន និយាយថា មនុស្សភាគច្រើនដែលប្រកបរបរកសិកម្មនៅក្នុងរដ្ឋមួយដែលមានធាតុអាកាសមិនទៀងទាត់នេះ ដឹងអំពីគ្រោះថ្នាក់ ហើយព្យាយាមដោះស្រាយបញ្ហានេះ។
«នេះជារដ្ឋមួយដែលពិតជាមានធាតុអាកាសនិងបរិយាកាសមិនទៀងទាត់ទាល់តែសោះ។ ហើយខ្ញុំគិតថាកសករនិងអ្នកចំការដឹងអំពីរឿងនេះ ហើយពួកគេធ្វើអាជីវកម្មសម្របទៅតាមស្ថានភាពទាំងនេះ។ នៅពេលដែលយើងមានភាពរាំងស្ងួតកើតឡើង យើងក៏មានឆ្នាំល្អមួយដែរ ដែលជាចាំបាច់អាចជួយឲ្យយើងឆ្លងកាត់ឆ្នាំអាក្រក់ទាំងនោះបានដែរ»។
តាមធម្មតា ពេលនេះជាពេលដែលមនុស្សរស់នៅក្បែរឆ្នេរឈូងសមុទ្រម៉េចស៊ីក (Gulf of Mexico) ត្រូវព្រួយបារម្ភអំពីខ្យល់ព្យុះនិវន្តនិងខ្យល់ព្យុះសង្ឃរា។ តែឆ្នាំនេះ អ្នកស្រុករីងស្ងួតក្នុងរដ្ឋ តិចសាស់ សង្ឃឹមថាខ្យល់ព្យុះមួយនឹងនាំយកទឹកភ្លៀងដែលត្រូវការយ៉ាងខ្លាំងមកឲ្យពួកគេក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួលដោយ កែរ យ៉ាន