ពួកជនជាតិ Kurd បានឆ្លើយតបទាំងខឹងសម្បាលើការណ៍ដែលកងទ័ពសហរដ្ឋអាមេរិកបោះបង់ខ្លួនចោលនៅក្នុងប្រទេសស៊ីរី ដោយពួកគេបានសង្កត់ធ្ងន់ចំពោះការរិះគន់ជាទូទៅលើការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងការដកទាហានអាមេរិកាំងចេញពីប្រទេសស៊ីរី នៅពេលដែលតួកគីកំពុងធ្វើការលុកលុយ។
លោក Trump និយាយថា៖ «អ្នកដឹងទេ ប្រេងគឺមានតម្លៃណាស់ដោយសារមូលហេតុជាច្រើន។ មូលហេតុទីមួយគឺវាជួយផ្គត់ផ្គង់ដល់ពួក ISIS។ មូលហេតុទីពីរគឺវាជួយពួក Kurd ដោយសារតែវាធ្លាប់ត្រូវបានគេដណ្ដើមយកពីពួក Kurd ហើយមូលហេតុទីបី គឺវាអាចជួយសហរដ្ឋអាមេរិកបាន ដោយសារតែសហរដ្ឋអាមេរិកអាចទទួលបានចំណែកមួយចំនួនផងដែរ។ អ្វីដែលខ្ញុំប្រហែលជាចង់ធ្វើនោះគឺការចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Exxon Mobil ឬក៏ជាមួយនឹងក្រុមហ៊ុនប្រេងដ៏អស្ចារ្យណាមួយរបស់សហរដ្ឋអាមេរិក ដើម្បីឲ្យទៅធ្វើអាជីវកម្មប្រេងដ៏ត្រឹមត្រូវនៅទីនោះ»។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសសហរដ្ឋអាមេរិកលោក Mark Esper ក៏បានពន្យល់បន្ថែមអំពីហេតុផលនេះដែរ។
លោក Esper បញ្ជាក់ដូច្នេះថា៖ «ឥឡូវនេះ ពួកយើងកំពុងតែចាត់វិធានការមួយចំនួន ដែលខ្ញុំនឹងមិននិយាយលម្អិតនោះទេ ដើម្បីពង្រឹងជំហររបស់ពួកយើងនៅទីក្រុង Deir al-Zor ដើម្បីធានាថា យើងអាចរារាំងលទ្ធភាពរបស់ពួក ISIS មិនឲ្យចូលទៅកាន់តំបន់ប្រេងបាន ដោយសារតែពួកយើងចង់ធ្វើឲ្យច្បាស់ថា ពួក ISIS ពិតជាមិនអាចមានលទ្ធភាពចូលយកធនធានទាំងនោះបាន ដែលធនធានទាំងនោះអាចជួយពួកគេឲ្យធ្វើការវាយប្រហារនៅក្នុងតំបន់ លើទ្វីបអឺរ៉ុប និងលើសហរដ្ឋអាមេរិកបាន»។
ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមបានពឹងផ្អែកលើប្រេងនេះកាលពីប៉ុន្មានឆ្នាំមុន។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Laurie Blank អ្នកជំនាញនៃសាកលវិទ្យាល័យ Emory។
អ្នកស្រីនិយាយដូច្នេះថា៖ «នៅពេលពួក ISIS គ្រប់គ្រងដែនដីជាច្រើននៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ ពួកនេះបានប្រើតំបន់ប្រេងដើម្បីជាប្រយោជន៍របស់ខ្លួន ដូចជាការផ្គត់ផ្គង់ដល់ប្រតិបត្តិការយោធារបស់ពួកគេ និងការរត់ពន្ធប្រេងក្នុងបរិមាណដ៏ច្រើននៅក្នុងទីផ្សារងងឹតជាដើម»។
ប៉ុន្តែ អ្នកជំនាញភាគច្រើនច្រានចោលនូវគោលគំនិតដែលថា ក្រុមហ៊ុនអាមេរិកាំងអាចទទួលបានប្រយោជន៍ពីប្រេងរបស់ប្រទេសស៊ីរី។
លោក Jeff Colgan នៃសាកលវិទ្យាល័យ Brown និយាយថា៖ «ក្រុមហ៊ុនប្រេងអាមេរិកាំងនានានឹងប្រឈមនឹងការលំបាកមួយចំនួននៅពេលធ្វើប្រតិបត្តិការនៅទីនោះដូចជា បញ្ហាផ្នែកក្បួនច្បាប់នានា និងបញ្ហាជាក់ស្ដែងនានាជាដើម។ ដូច្នេះហើយ ករណីនេះប្រហែលជាមិនងាយស្រួលធ្វើនោះទេ ហើយខ្ញុំមិនប្រាកដថាពួកគេនឹងចង់ធ្វើរឿងនេះនោះឡើយ»។
លោក Jeff Colgan បានប្រាប់ VOA ថា ពួកភេរវជន ដែលមានតាំងពីជន Osama bin Laden ជាដើម ធ្លាប់អះអាងមិនត្រឹមត្រូវថា សហរដ្ឋអាមេរិកប្រឡូកក្នុងតំបន់មជ្ឈិមបូព៌ាដើម្បីបានប្រេងពីបណ្ដាប្រទេសនានានៅក្នុងតំបន់នោះតែប៉ុណ្ណោះ។
លោក Jeff Colgan បញ្ជាក់ច្នេះថា៖ «ការលើកឡើង និងស្នើឡើងរបស់លោកប្រធានាធិបតី Trump [អំពីប្រេងនៅក្នុងប្រទេសស៊ីរី] គឺស្របទៅនឹងការអះអាងនេះ ហើយការចាត់ទុករឿងនេះថាជារឿងត្រឹមត្រូវនៅក្នុងតំបន់មជ្ឈិមបូព៌ានោះ គឺពិតជាការប្រឆាំងទៅនឹងសុវត្ថិភាពដ៏យូរអង្វែងរបស់ពលរដ្ឋអាមេរិកាំង»។
អ្នកស្រី Laurie Blank និយាយថា លោកប្រធានាធិបតី Donald Trump ផ្ដោតលើប្រេងនេះ គឺដោយសារតែទស្សនៈអំពីការធ្វើសង្គ្រាមតាំងពីបុរាណ ដែលហួសសម័យ។
អ្នកស្រីថ្លែងដូច្នេះថា៖ «យ៉ាងហោចណាស់ ខ្ញុំគិតថា ចំណាប់អារម្មណ៍នេះទំនងជាផ្អែកលើទស្សនៈកាលពីបុរាណអំពីការធ្វើសង្គ្រាម ដែលទស្សនៈនេះមិនត្រូវបានគេប្រើទៀតទេ។ ទស្សនៈដែលថាចេញទៅច្បាំងដណ្ដើមយកនោះគឺមិនត្រូវនឹងកាលៈទេសៈនាពេលបច្ចុប្បន្នរបស់ពិភពលោកទៀតទេ។
ដោយសារតែមានភាគីជាច្រើនពាក់ព័ន្ធនៅក្នុងជម្លោះក្នុងប្រទេសស៊ីរី ដូចជាប្រទេសរុស្ស៊ី ពួក Kurd ទាហានស៊ីរី និងពួកយុទ្ធជនអ៊ីរ៉ង់ជាដើម អ្នកជំនាញនានាអះអាងថា ភាគីទាំងនោះទំនងជាប្រជែងគ្នាដើម្បីគ្រប់គ្រងលើតំបន់ប្រេង៕
ប្រែសម្រួលដោយ ភី សុភាដា