មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំង បានឱ្យដឹងនាពេលថ្មីៗនេះថា លោកនឹងស្នើឱ្យមេធាវីលោកពិនិត្យលទ្ធភាពក្នុងការដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគំរាមប្រើអាវុធកាំជ្រួចហ្វូង BM-21 បើសិនលោកត្រឡប់ចូលប្រទេសកម្ពុជា។
កាលពីចុងខែឧសភា លោក ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានក្នុងរាជធានីភ្នំពេញថា លោកនឹងស្វាគមន៍លោក សម រង្ស៊ី និងក្រុមរបស់លោក ជាមួយអាវុធធន់ធ្ងន់ប្រភេទ BM-21 ដែលជាប្រភេទអាវុធកាំជ្រួចហ្វូងបាញ់បានចម្ងាយជាង៣៥គីឡូម៉ែត្រ។
លោក ហ៊ុន សែនថ្លែងថា៖ «អួតនោះ មិនត្រឹមតែអួតនៅក្នុងបានមកជាន់ទឹកដីម៉ាឡេទេ អួតមកដល់ជាន់ទឹកដីថៃទៀត។ ចំាមើលមើ! ចាំមើលវាអួតដល់ណាទៀត? ហើយថែមអីដូចបណ្ឌិត សេង សារី ថា សល់តែមួយទេ គឺឆ្លងកាត់ដីថៃចូលមកហ្មង។ អាឱ្យយោបល់ហ្នឹង ល្អតើ! អាហ្នឹងត្រូវ BM-21 តើ! អញ អញផ្គុំបាញ់រំបល់យក៍ហ្មង!»
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣ ខែមិថុនា លោក សម រង្ស៊ី ថ្លែងថា លោកនឹងពិភាក្សាជាមួយមេធាវីរបស់លោកនៅប្រទេសបារាំងដើម្បីពិនិត្យមើលលទ្ធភាពប្តឹងលោក ហ៊ុន សែន។
លោកថ្លែងថា៖ «ខ្ញុំពិនិត្យលទ្ធភាពនេះ ជាមួយមេធាវីខ្ញុំ...ខ្ញុំទាក់ទងមេធាវីខ្ញុំ។ ខ្ញុំទាក់ទងមិនទាន់បាន។ ខ្ញុំឱ្យគាត់ពិនិត្យលទ្ធភាពដាក់ពាក្យបណ្តឹងមួយទៀត»។
លោក សម រង្ស៊ី ប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃចន្ទនេះថា លោកកំពុងពិភាក្សាជាមួយមេធាវីរបស់លោកអំពីបញ្ហាខាងលើ ហើយលោកនឹងប្រាប់អំពីដំណើរការលើរឿងនេះថានឹងធ្វើយ៉ាងណា នៅពេលក្រោយទៀត។
វីអូអេមិនទាន់ទទួលបានការឆ្លើយតបពីប្រធានក្រុមមេធាវីការពារក្តីឱ្យរដ្ឋាភិបាល គឺលោក គី តិច តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមបាននៅឡើយទេ ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី ដែលថានឹងពិនិត្យលទ្ធភាពច្បាប់ប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រឿងគំរាមប្រើអាវុធ BM-21។
កាលពីឆ្នាំ២០១៥ លោក សម រង្ស៊ី បានភៀសខ្លួនចេញពីប្រទេសកម្ពុជា ដើម្បីគេចពីការប្រឈមមុខនឹងការផ្តន្ទាទោសសំណុំរឿងព្រហ្មទណ្ឌជាច្រើនករណី។ លោកនិងសហការីរបស់លោកមួយចំនួនទៀតក៏បានរងការចោទប្រកាន់មួយចំនួន ពាក់ព័ន្ធនឹងការរៀបចំផែនការត្រឡប់មកកម្ពុជាវិញ។
ក្រុមមេធាវីការពារក្តីលោក សម រង្ស៊ី និងលោក ហ៊ុន សែន ធ្លាប់បានតទល់គ្នាលើបណ្តឹងបរិហារកេរ្តិ៍លេចធ្លោមួយនៅតុលាការប្រទេសបារាំង ពាក់ព័ន្ធនឹងការស្លាប់អតីតអគ្គស្នងការនគរបាលជាតិលោក ហុក ឡង់ឌី ដែលក្រោយមកភាគីទាំងសងខាងប្រកាសជ័យជម្នះរៀងៗខ្លួន។
អ្នកវិភាគនយោបាយលោក សេង សារី យល់ថា លោក សម រង្ស៊ី នៅមានឥទិ្ធពលនយោបាយនៅប្រទេសកម្ពុជា ទើបរដ្ឋាភិបាលទីក្រុងភ្នំពេញព្យាយាមរារាំងមិនឱ្យមេបក្សជំទាស់រូបនោះបានជាន់ដីកម្ពុជាសាជាថ្មី។ លោកបន្ថែមថា បើលោក សម រង្ស៊ី បានត្រឹមចូលក្នុងទឹកដីថៃនោះ ការរំខានចិត្តក៏នឹងកើតមានឡើងចំពោះមេដឹកនាំកម្ពុជាបច្ចុប្បន្ននេះ។
លោកថ្លែងថា៖ «ទោះបីជាចូលកម្ពុជាមិនបាន អាចចូលបានត្រឹមថៃ ក៏វត្តមានរបស់លោក សម រង្ស៊ី ហ្នឹងនឹងរំខានទៅដល់ដំណើរការនៅក្នុងការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាការត្រៀមផ្ទេរអំណាចទៅកូនប្រុសរបស់ខ្លួននោះ»។
យូរៗម្តង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកយកការប្រើប្រាស់អាវុធ BM-21 មកសម្លុតក្រុមដែលធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ដូចយ៉ាងករណីគំរាមប្រើអាវុធនេះ នៅតំបន់អារ៉ែងនៃខេត្តកោះកុង ប្រសិនបើមានការប៉ុនប៉ងបង្កើតតំបន់នេះទៅជាតំបន់អបគមន៍នោះ។
កាលពីមុនពេលបោះឆ្នោតជាតិ ឆ្នាំ២០១៨ លោក ហ៊ុន សែន បានព្រមានថា លោកនឹងស្វែងរកសមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយនៅគ្រប់ទីកន្លែងក្នុងតំបន់អាស៊ី ដោយចោទថា គណបក្សនេះគឺជាក្រុមភេរវកម្ម។ អំឡុងពេលនោះ លោក ហ៊ុន សែន ក៏គំរាមប្រើអាវុធ BM-21 ប្រសិនបើមានការបង្កើតតំបន់អបគមន៍ ឬតំបន់បំបែកខ្លួន៕