កាលពីខែឧសភា ឆ្នាំ ២០១៧ លោក អូន ភាព និងលោក Zsomber Peter ដែលជាអ្នកយកព័ត៌មានជើងចាស់របស់កាសែត The Cambodia Daily បានធ្វើដំណើរទៅកាន់ឃុំប៉ាតេ ដែលជាមណ្ឌលបោះឆ្នោតតែមួយគត់ក្នុងចំណោមមណ្ឌលបោះឆ្នោតទាំង ៥០ នៅក្នុងខេត្តរតនគីរី ដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០១២។
ក្នុងគោលបំណងដើម្បីស្វែងរកមូលហេតុដែលឃុំប៉ាតេជាឃុំតែមួយគត់នៅក្នុងខេត្តរតនគីរីដែលគាំទ្រគណបក្សសម រង្ស៊ី កាលពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១២ លោក អូន ភាព និងលោក Zsomber Peter បានចំណាយពេលមួយថ្ងៃសាកសួរអ្នកស្រុកទូទៅអំពីការបោះឆ្នោតដែលជិតចូលមកដល់ និងបានសម្ភាសលោក យ៉ុត រម៉ាំ ដែលជាមេឃុំប៉ាតេនៅពេលនោះមកពីកូតាគណបក្សសម រង្ស៊ី។
បន្ទាប់ពីបានផ្សព្វផ្សាយសេចក្ដីរាយការណ៍របស់ពួកគេមក អ្នកកាសែតទាំងពីរបានរងការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» ហើយនៅពេលនោះដែរ កាសែត The Cambodia Daily បានប្រឈមនឹងការតម្រូវឲ្យបង់ពន្ធចំនួន ៦ លាន ៣ សែនដុល្លារអាមេរិក រួមទាំងការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបង់ពន្ធនេះផងដែរ បើមិនដូច្នេះទេត្រូវតម្រូវឲ្យបិទ។
កាសែត The Cambodia Daily ដែលគេស្គាល់ជាយូរមកហើយថាបានរាយការណ៍យ៉ាងហ្មត់ចត់អំពីអំពើពុករលួយរបស់រដ្ឋាភិបាល និងការរំលោភសិទ្ធិមនុស្សនានា រួមទាំងបានរាយការណ៍ជាច្រើនផងដែរអំពីការកាប់ព្រៃឈើខុសច្បាប់ និងការរំលោភសិទ្ធិការងារនៅក្នុងវិស័យកាត់ដេរជាដើមនោះ បានចេញផ្សាយកាសែតច្បាប់ចុងក្រោយរបស់ខ្លួននៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៧។
ដោយសវនាការអំពី «បទញុះញង់» សម្រាប់អ្នកកាសែតទាំងពីរ ដែលបានគ្រោងធ្វើឡើងដំបូងនៅថ្ងៃពុធទី ២៥ ខែធ្នូកន្លងទៅនេះ ត្រូវបានពន្យារពេលរហូតដល់មានការជូនដំណឹងជាថ្មី អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានអំពាវនាវឲ្យមានការទម្លាក់ចោលនូវអ្វីដែលអង្គការនេះអះអាងថាជា «បទចោទប្រកាន់មិនសមហេតុផល និងប្រតិដ្ឋឡើង»។
ជាងនេះទៀត អង្គការអ្នកសារព័ត៌មានគ្មានព្រំដែននេះបានចាត់ថ្នាក់ប្រទេសកម្ពុជាឲ្យស្ថិតនៅលំដាប់ថ្នាក់ទី ១៤៣ ក្នុងចំណោមប្រទេសចំនួន ១៨០ ដែលខ្លួនបានសិក្សាស្រាវជ្រាវនៅក្នុងសន្ទស្សន៍ស្ដីពីសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០១៩។
អង្គការនេះក៏ដូចជាអង្គការតស៊ូមតិដើម្បីសេរីភាពសារព័ត៌មានអន្តរជាតិដទៃទៀតផងដែរ បានបញ្ជាក់ថា បទចោទប្រកាន់ប្រឆាំងនឹងលោក អូន ភាព និងលោក Zsomber Peter នេះ ទំនងជាមិនពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ពីឃុំប៉ាតេកាលពីឆ្នាំ ២០១៧ របស់អ្នកទាំងពីរទេ ប៉ុន្តែគ្រាន់តែដើម្បីជាការបង្ហាញជាឧទាហរណ៍ឲ្យអ្នកដទៃទៀតបានឃើញតែប៉ុណ្ណោះ។
លោក Daniel Bastard អ្នកជំនាញខាងកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានបញ្ជាក់ដូច្នេះថា៖ «ដំណើរការប្រតិដ្ឋទាំងស្រុងនេះគឺបង្ហាញយ៉ាងច្បាស់ថាជាមធ្យោបាយសម្រាប់ក្រុមរបស់លោក ហ៊ុន សែន នៅក្នុងការជូនដំណឹងដល់អ្នកកាសែតនានាថា នេះគឺជាហានិភ័យដែលអ្នកកាសែតទាំងនោះនឹងប្រឈម ប្រសិនបើពួកគេហ៊ានរាយការណ៍ព័ត៌មានឯករាជ្យ»។
លោក អូន ភាព អាយុ ៥៥ ឆ្នាំ ដែលបាននិរទេសខ្លួនទៅកាន់សហរដ្ឋអាមេរិកតាំងពីពេលនោះមក និងលោក Zsomber Peter អាយុ ៤១ ឆ្នាំ ដែលនៅតែបន្តរាយការណ៍ពីក្រៅប្រទេសអំពីតំបន់អាស៊ីអាគ្នេយ៍ ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ២ ឆ្នាំ ប្រសិនបើត្រូវគេរកឃើញថាមានទោស។
ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍ជាមួយនឹងលោក Zsomber Peter ដែលជាអ្នកកាសែតជនជាតិកាណាដា និងជាអ្នករាយការណ៍ព័ត៌មានជាប្រចាំឲ្យ VOA អំពីតំបន់អាស៊ីអាគ្នេយ៍៖
VOA: តើការចោទប្រកាន់ទាំងនេះ គឺជាការចោទប្រកាន់អំពីរបាយការណ៍របស់លោកស្ដីអំពីឃុំមួយដែលបោះឆ្នោតប្រឆាំងនឹងការដឹកនាំជាបន្តរបស់លោក ហ៊ុន សែន មែនទេ? ឬក៏បទចោទប្រកាន់ទាំងនេះពិតជាបទចោទប្រកាន់អំពីរបាយការណ៍អំពីការកាប់ព្រៃឈើខុសច្បាប់?
Zsomber Peter: ខ្ញុំក៏មិនដឹងដែរ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចផ្ដល់ចម្លើយដ៏ពេញចិត្តជាងនេះដល់លោកបាន។ ប្រសិនបើខ្ញុំអាចផ្ដល់ចម្លើយដល់លោកអំពីការចោទប្រកាន់នេះបាន នោះមានន័យថា ខ្ញុំដឹងថានរណាដែលពិតជានៅពីក្រោយរឿងនេះជាមិនខាន។ ប៉ុន្តែខ្ញុំមិនដឹងនោះទេ ដូច្នេះទាំងអស់នេះគឺគ្រាន់តែជាការស្មានតែប៉ុណ្ណោះ។ រឿងដែលធ្វើឲ្យខ្ញុំមិនអស់ចិត្តខ្លាំងជាងគេនោះ គឺរឿងមិនដឹងថានរណាដែលប្ដឹងពួកយើង។ អ្នកដែលដាក់ពាក្យបណ្ដឹងនេះគឺជាអ្នកដែលធ្វើតាមគេបញ្ជាតែប៉ុណ្ណោះ។
អ្នកដែលបញ្ជាពួកគេទាំងនេះអាចជាអង្គការចាត់តាំងកាប់ឈើខុសច្បាប់ ដែលពួកយើងបានធ្វើឲ្យពួកគេខឹងដោយសារអត្ថបទរាយការណ៍បែបស៊ើបអង្កេតរបស់ពួកយើង ឬក៏អាចជាអ្នកនយោបាយខាងគណបក្សកាន់អំណាចដែលភ័យខ្លាចអំពីការរាយការណ៍ព័ត៌មានត្រឹមត្រូវអំពីការបោះឆ្នោត ឬក៏អាចទាំងពីរក៏ថាបាន។
អ្វីដែលខ្ញុំច្បាស់គឺថា បទចោទប្រកាន់មកលើលោក អូន ភាព និងខ្ញុំ គឺមិនត្រឹមតែគ្មានមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនសមហេតុផល និងមិនដឹងជាប្រតិដ្ឋឡើងពីណាមកទេ។
មនុស្សពីរនាក់ក្នុងចំណោមមនុស្ស ៣ នាក់ ដែលបានចោទប្រកាន់ពួកយើងពីបទញុះញង់ បាននិយាយជាមួយពួកយើងដោយគ្មាននរណាបង្ខំ។ ចំណែកឯមនុស្សម្នាក់ទៀត គឺពួកយើងមិនដែលបានសុំសម្ភាសន៍ម្ដងណាទេ។ តើវាអាចទៅជា «ការញុះញង់ដើម្បីបង្កបទឧក្រិដ្ឋជាអាទិតាមវិធីណា?»។
ជាងនេះទៀត គ្មាននរណាម្នាក់ធ្លាប់ពន្យល់ប្រាប់ថាបទឧក្រិដ្ឋអ្វីដែលពួកយើងរងការចោទប្រកាន់ថាបានញុះញង់គេនោះទេ ដោយសារតែរឿងនេះគឺកុហកច្បាស់នឹងភ្នែកពេក ដែលពួកគេមិនអាចរកបទឧក្រិដ្ឋណាមួយបានមកចោទប្រកាន់ពួកយើងនោះ។ ដូច្នេះមានន័យថា រឿងនេះគឺមានលក្ខណៈនយោបាយទាំងស្រុង។
VOA: លោក អូន ភាព បាននិរទេសខ្លួនទៅសហរដ្ឋអាមេរិករួចហើយ ប៉ុន្តែសម្រាប់លោកវិញគឺនៅតែបន្តរាយការណ៍ចេញពីតំបន់ជុំវិញប្រទេសកម្ពុជាដដែល។ តើការប្រកាសអំពីថ្ងៃសវនាការដែលត្រូវបានពន្យារពេលនេះ បង្កជាបញ្ហាអ្វីខ្លះដល់ជីវិតផ្ទាល់ខ្លួន និងជីវិតការងាររបស់លោក? តើឥឡូវនេះ លោកត្រូវបង្ខំខ្លួនមិនសូវចេញមុខ ឬក៏ចេញឈ្មោះជាសាធារណៈមែនទេ?
Zsomber Peter: រឿងនេះបានបង្កបញ្ហាដល់ខ្ញុំតាំងពីបទចោទត្រូវបានប្រកាសកាលពីខែតុលា ឆ្នាំ ២០១៧ មក។ ការឃុំខ្លួនមុនពេលកាត់ទោសគឺជាការអនុវត្តជាទូទៅនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងសំណុំរឿងដែលមានលក្ខណៈនយោបាយ ដូច្នេះលទ្ធភាពដែលខ្ញុំអាចត្រូវគេចាប់ខ្លួនគឺពិតប្រាកដណាស់ត្រង់ចំណុចនេះ។
ករណីនេះធ្វើឲ្យការត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញគឺគ្រោះថ្នាក់ណាស់ ជាពិសេសក្នុងករណីទៅរាយការណ៍ព័ត៌មាន។ ចំណុចនេះមានន័យថា ចំណេះដឹងអំពីប្រទេសកម្ពុជារយៈពេល ៨ ឆ្នាំ ដែលខ្ញុំបានឆ្លងកាត់កន្លងមក គឺខ្ញុំមិនអាចប្រើប្រាស់បានទេ។ ក្នុងនាមជាអ្នកកាសែតដែលនៅរាយការណ៍អំពីតំបន់អាស៊ីអាគ្នេយ៍ នោះមានន័យថា ខ្ញុំមានឱកាសការងារតិចតួចប៉ុណ្ណោះ។
ប្រសិនបើខ្ញុំត្រូវគេកាត់ទោស នោះខ្ញុំអាចត្រូវគេធ្វើបត្យាប័នបញ្ជូនទៅកាន់ប្រទេសកម្ពុជាដើម្បីបំពេញទោសរបស់ខ្ញុំ។
VOA: តើលោកអាចមានដំបូន្មានអ្វីខ្លះដល់អ្នកកាសែតដទៃទៀត ដែលប្រឈមនឹងការចោទប្រកាន់ដែលមានលក្ខណៈនយោបាយស្រដៀងគ្នានេះដែរ? តើលោកជំរុញកុំឲ្យពួកគេរត់គេចទៅទីណា ហើយនៅបន្តរាយការណ៍ព័ត៌មាន ទោះបីជាមានការគំរាមកំហែងចាប់ដាក់ពន្ធនាគារ ឬក៏ការគំរាមកំហែងធ្ងន់ធ្ងរជាងនេះក៏ដោយ? ឬក៏លោកលើកទឹកចិត្តអ្នកកាសែតផ្សេងទៀតឲ្យរាយការណ៍ពីកន្លែងដែលមានសុវត្ថិភាពវិញ?
Zsomber Peter: ខ្ញុំបានចាកចេញពីប្រទេសកម្ពុជាកាលពីខែតុលា ឆ្នាំ ២០១៧ នៅពេលដែលខ្ញុំត្រូវគេចោទប្រកាន់។ ដូច្នេះ ខ្ញុំគ្មានសមត្ថភាពនៅក្នុងការផ្ដល់ប្រឹក្សាថាតើអ្នកដទៃគួរតែចាកចេញ ឬក៏នៅបន្តរាយការណ៍នោះទេ។
VOA: ប្រសិនបើលោកអាចត្រៀមសេចក្ដីថ្លែងការណ៍មួយសម្រាប់តុលាការអំពីការចោទប្រកាន់ទាំងនេះ តើលោកនឹងនិយាយអ្វីខ្លះ?
Zsomber Peter: ខ្ញុំមិនអាចត្រៀមសេចក្ដីថ្លែងការណ៍សម្រាប់ «តុលាការ» នេះបានទេ។ ខ្ញុំត្រៀមសេចក្ដីថ្លែងការណ៍នេះទុកសម្រាប់តែតុលាការពិតប្រាកដតែប៉ុណ្ណោះ ដែលនោះគឺតុលាការមួយដែលផ្ដោតលើការពិត។ ការពិតដែលថា សំណុំរឿងនេះបានវិវត្តរហូតឈានដល់ដំណាក់កាលសវនាការរបស់តុលាការដោយគ្មានភស្តុតាងណាមួយ គឺជាតឹកតាងគ្រប់គ្រាន់ដែលបង្ហាញថា នេះមិនមែនជាតុលាការពិតប្រាកដនោះទេ។
VOA: ប្រសិនបើលោកអាចត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ និងរាយការណ៍អំពីប្រធានបទណាមួយដែលលោកពេញចិត្តដោយមិនខ្លាចមានការសងសឹក តើលោកនឹងរាយការណ៍អំពីប្រធានបទអ្វី?
Zsomber Peter: ខ្ញុំនឹងរាយការណ៍អំពីរឿងដដែល ដែលខ្ញុំធ្លាប់បានរាយការណ៍មុនពេលដែលខ្ញុំចាកចេញពីប្រទេសកម្ពុជា។ មានប្រធានបទជាច្រើនក្នុងរយៈពេល ៨ ឆ្នាំនៃការរាយការណ៍របស់ខ្ញុំក្នុងប្រទេសកម្ពុជា។
ប្រធានបទទាំងនោះមានដូចជាអាជីវកម្មកាប់ឈើខុសច្បាប់ អំពើពុករលួយគ្រប់ទម្រង់ ការជិះជាន់របស់រដ្ឋាភិបាលលើអ្នកប្រឆាំងដោយសន្តិវិធី ការរំលោភបំពានសិទ្ធិការងារ ជាពិសេសនៅក្នុងវិស័យកាត់ដេរ ការរំលោភសិទ្ធិមនុស្សជាទូទៅ វិធានការរបស់កម្ពុជានៅក្នុងការធ្វើឲ្យមានតុល្យភាពរវាងប្រទេសចិន និងទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិក រួមទាំងការសាងសង់ទំនប់វារីអគ្គិសនីរបស់រដ្ឋាភិបាលលើទន្លេមេគង្គ និងដៃទន្លេនានាជាដើម។
ខ្ញុំក៏ធ្លាប់រាយការណ៍ផងដែរអំពីការប្រយុទ្ធប្រឆាំងរបស់រដ្ឋាភិបាលកម្ពុជាជាមួយនឹងមេរោគដែលប្រឆាំងនឹងថ្នាំព្យាបាលជំងឺគ្រុនចាញ់ និងអំពីគ្រាប់មិនទាន់ផ្ទុះ។ ខ្ញុំក៏ចង់រាយការណ៍អំពីរឿងទាំងពីរនេះឡើងវិញផងដែរ៕
ប្រែសម្រួលដោយ ភី សុភាដា