ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហគមន៍​អឺរ៉ុប​ជំរុញ​ឲ្យ​គជប​ចាត់​វិធាន​ការ​​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះឆ្នោត​


មហាជន​អ្នកបោះឆ្នោត​ដុតឡាន​កងរាជអាវុធ​ហត្ថ​ ក្រោយ​ពីមាន​ជម្លោះ​ទាក់ទងនឹង​សិទ្ធិ​បោះឆ្នោត។​
សហគមន៍​អឺរ៉ុប​បាន​ស្នើ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោតចាត់​វិធានការណ៍​លើពាក្យ​បណ្តឹង​និង​ភាព​មិន​ប្រក្រតី​នៅ​ពេល​បោះឆ្នោត។ សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង ក្រោយ​ពី​គណបក្ស​សង្គ្រោះជាតិ​ ​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​ស្នើ​ឱ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតីទាំង​នោះ។

សហគមន៍​អឺរ៉ុបបាន​ជំរុញ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដោះស្រាយ​ជម្លោះ​នានា​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់បំផុត។ ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៨ ខែ​កក្កដា​នេះ ដែល​លទ្ធផល​ក្រៅ​ផ្លូវការ​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រជែង។ ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​បាន​បរិហារ​ពី​ភាព​មិនប្រក្រតី​ជាច្រើន​ហើយ​បាន​ប្រកាស​ច្រាន​ចោល​លទ្ធផល​បោះឆ្នោត​នេះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​នៅទី​ក្រុង​ព្រុចសែល នៅថ្ងៃ​ទី​២៩ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃអង្គារ​នេះ អ្នកស្រី ខេតធឺរីន អាស្តុន (Catherine Ashton) តំណាង​ជាន់​ខ្ពស់​នៃ​សហគមន៍​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស​និង​សន្តិសុខ ថ្លែង​ថា គជប​គួរ​ដោះ​ស្រាយបញ្ហា​ទាំងនេះ​ក្នុងពេល​ឆាប់ៗ។ អ្នកស្រី​បញ្ជាក់​ថា សហគមន៍​អឺរ៉ុប «អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ឱ្យ​រក្សា​ស្មារតី​សន្តិភាព​និង​ប្រជាធិបតេយ្យ​ឱ្យ​បាន។»

ជាមួយ​គ្នា​នេះ​សហគមន៍​អឺរ៉ុប​យល់​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) ​បាន​ចាត់​វិធានការណ៍​មួយ​ចំនួន​មុន​ការ​បោះឆ្នោត ​ដើម្បី​ឆ្លើយ​តប​នឹង​អនុសាសន៍​របស់​អ្នក​សង្កេតការណ៍​សហគមន៍​អឺរ៉ុប​នា​ពេល​កន្លង​មក។ ប៉ុន្តែ​តំណាង​សហគមន៍​នៃ​ប្រទេស​ចំនួន​២៧​នេះ​បាន​សម្តែង​ការ​សោកស្តាយ​ដែល​អាជ្ញាធរ​«មិន​បាន​ចាត់វិធានការណ៍​ចាំ​បាច់​ផ្សេង​ទៀត ដើម្បី​ដោះស្រាយឧបសគ្គ​ចម្បង​មួយ​ចំនួន​ដូចជា​ការ​ពង្រឹង​សុក្រិតភាពនៃ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ការ​ធានា​លទ្ធភាព​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ស្មើ​ភាព​និង​ការ​មិន​ប្រើ​ធនធាន​របស់​រដ្ឋ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដោយ​មន្ត្រីរាជការ​និងកង​កម្លាំង​ប្រដាប់​អាវុធ»។

សេចក្តី​ថ្លែង​ការ​ណ៍​របស់​សហគមន៍​អឺរ៉ុប​ធ្វើ​ឡើង បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​បាន​បដិសេដ​ចោល​លទ្ធផល​បោះឆ្នោត ដោយ​អះអាង​ថា មក​ពី​ដំណើរការ​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ច្រើន​លើសលុប ដូចជា​ពលរដ្ឋ​ជាង​១​លាន​នាក់​ត្រូវ​បាន​លុប​ចោល​ដោយ​មិន​ត្រឹមត្រូវ បញ្ជី​ឈ្មោះ​ស្ទួន​និង​ឈ្មោះ​ខ្មោចរាប់​សែន​នាក់ ឈ្មោះ​អ្នក​បោះឆ្នោតត្រូវ​បាន​គេ​បោះជំនួស និងភាព​មិន​ឯករាជ្យរបស់​គ.ជ.ប​ជា​ដើម។ គណបក្ស​នេះ​បានស្នើ​ឱ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ស៊ើប​អង្កេត​លើភាព​មិន​ប្រក្រតី​ទាំង​នេះ។

ទោះ​បី​ជា​យ៉ាង​ណា សេចក្តី​ថ្លែងការណ៍​នេះ ក៏​បាន​មើល​ឃើញ​ពី​ដំណើរ​វិវត្ត​ជា​វិជ្ជមាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជាមួយ​ចំនួនផង​ដែរ។ ដំណើរ​វិវត្ត​ទាំង​នោះ​ រួមមាន​ការចូលរួមបោះឆ្នោតយ៉ាង​ច្រើន​កុះករ​របស់​ប្រជាពលរដ្ឋប្រកប​ដោយ​សន្តិភាព​ និង​ការ​ចូលរួម​យ៉ាង​សកម្ម​របស់យុវជន​ក្នុង​កំឡុងពេល​ឃោសនារក​សំឡេង​ឆ្នោត។

ស្រដៀង​គ្នា​នេះដែរ សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលម៉ិញ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ការ​រាយការណ៍អំពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​នៅ​ពេល​បោះឆ្នោត ​និង​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ពេញ​លេញ​និង​តម្លាភាព​មួយ​លើ​របាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ទាំង​នោះ។

ស្របពេល​ដែល​មាន​ភាព​ចម្រូង​ចម្រាស​អំពី​លទ្ធផល​បោះឆ្នោត​បឋម​ដែល​ចេញ​ផ្សាយ​ដោយ​គ.ជ.ប ក្រុម​អង្គការ​សង្គម​ស៊ីវិល​រួម​មាន​អង្គការខុមហ្វ្រែល​និង​អង្គការ​និកហ្វិក នៅ​ថ្ងៃ​នេះបាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ ដោយ​ស្នើ​ឱ្យ​គជប​បង្កើន​តម្លាភាព​បន្ថែម​ក្នុង​ការ​បើក​ចំហ​ឯកសារ​បោះឆ្នោត​ដូចជា​កំណត់​ហេតុ​រាប់​សន្លឹក​ឆ្នោត​ទម្រង់១១០២ គល់​បញ្ជី​នៃ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណបណ្ណ និង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​តាម​ការិល័យ​នី​មួយ​ៗ ដើម្បី​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្ទៀងផ្ទាត់​និង​វាយ​តម្លៃ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិគណៈកម្មការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) រក​ឃើញ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​នៅ​ថ្ងៃ​បោះឆ្នោត។
«រឿង​ដែល​កើត​ឡើង​ច្រើន​និង​ច្រើន​កន្លែង​ហ្នឹង​គឺ​បញ្ហាប្រជាពលរដ្ឋ​រក​ឈ្មោះ​មិន​ឃើញ​ជា​ពិសេស​នៅ​មណ្ឌល​ធំៗ​ រក​ការិយាល័យ​មិន​ឃើញ ការ​ប្រើប្រាស់​ឯកសារ​យក​ទៅ​បោះឆ្នោត​មិន​បាន​ច្បាស់លាស់ ហើយ​កន្លង​មក​ក៏​ឃើញ​មាន​ឈ្មោះ​ប៉ោង​ច្រើន​ដែរ ហើយ​ពេល​គាត់​បោះឆ្នោត​មាន​គេ​បោះ​ឈ្មោះ​គាត់​ហើយ។ បញ្ហា​នៅ​ត្រង់​ហ្នឹង។»

លោក ទេព នីថា អគ្គលេខធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត មិន​អាច​ទំនាក់​ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ ដោយ​ទូរសព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។ ប៉ុន្តែលោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា ការ​បង្កើត​គណៈកម្មការ​ចម្រុះ​គឺ​ហួសដែនសមត្ថកិច្ច​របស់ខ្លួន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG