ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​សន្យា​ផ្តល់​ថវិកា​១១​លាន​ដុល្លារ​ដល់​​គ.ជ.ប.ថ្មី


សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)
សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)

សហភាព​អឺរ៉ុប ​នៅ​ថ្ងៃច័ន្ទ​នេះ បាន​សន្យា​ផ្តល់ថវិកា​១០លាន​អឺរ៉ូ​មាន​តម្លៃ​ប្រមាណ​ជា​១១លាន​ដុល្លារ ​ដើម្បី​ជួយ​ក្នុង​ដំណើរ​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ និង​ការ​ចូល​រួម​រៀបចំ​ដំណើរ​ប្រព្រឹត្ត​ទៅនៃ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧ ​និង​២០១៨​ ខាង​មុខ​នេះ​ ខណៈ​ពេល​ដែល​ប្រទេស​ជប៉ុន​ពុំ​ទាន់​បញ្ជាក់​ជំហរ​ច្បាស់​ក្នុង​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​នៅ​ឡើយ​ទេ។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​របស់​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.​។)។

ការ​សន្យាផ្តល់​ជំនួយ​ហិរញ្ញ​វត្ថុ​របស់​អ្នក​ជំនាញ​សហ​ភាព​អឺរ៉ុប​នេះ​ធ្វើ​ឡើង​នៅ​ឯ​កិច្ច​ប្រជុំ​មួយ​រវាង​លោក ​ស៊ិក ប៊ុនហុក​ ប្រធាន ​គ.ជ.ប.​ និង​លោក​ឯក​អគ្គ​រដ្ឋទូត​សហ​ភាព​អឺរ៉ុប​គឺ​លោក​ Jean Francois Cautain​ និង​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​គឺ​លោក​ Yuji Kumamaru ​ដែល​រៀបចំ​ឡើង​ នៅ​ឯ​ទី​ស្នាក់​កណា្តល​នៃ​គ.ប.ជ.​ស្ថិត​នៅ​ក្នុង​បរិវេណ​ក្រសួង​មហា​ផ្ទៃ។​

បន្ទាប់​ពី​ប្រជុំ​នេះ ​លោក​ ហង្ស ពុទ្ធា ​អ្នក​នាំ​ពាក្យ​ គ.ជ.ប.​ បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មានថា​ ​សហ​ភាព​អឺរ៉ុប​នឹង​សម្រេច​ជួយ​គ.ជ.ប.​ លើ​គម្រោង​បី​សំខាន់ៗ​ចាប់​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៩​ ដោយ​ទី១ ​គឺ​ជួយ​លើ​ការ​ផ្តល់​អនុសាសន៍​លើ​បទ​បញ្ជា ​និង​នីតិ​វិធី​នៃ​ការ​បោះ​ឆ្នោត​ ទី២​ ការ​បញ្ជូន​អ្នក​ជំនាញ​ការ​ឲ្យ​មក​ធ្វើ​ការ​ជាមួយ​មន្ត្រី ​គ.ជ.ប.​ក្នុង​រយៈ​ពេល​វែង​ និង​រយៈពេល​ខ្លី ​ហើយ​ទី៣ ​គឺ​ការ​ជួយ​ជា​សម្ភារៈ​បច្ចេកទេស​សម្រាប់​ការ​ចុះ​ឈ្មោះ ​និង​រៀបចំដំណើរការ​បោះឆ្នោត។​

លោក​បញ្ជាក់​ថា ​ដំណើរ​ការ​ចុះ​ឈ្មោះ​សាកល្បង​នឹង​ចាប់​ផ្តើម ​នៅ​ខែ​តុលា​ខាង​មុខ​នេះ ​ហើយ​ថា​ ប្រទេស​ជប៉ុន​ក៏​នឹង​បញ្ជូន​ក្រុម​អ្នក​ជំនាញ​របស់​គេ​មក​ជួយ​ គ.ជ.ប.​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា ​និង​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ក្នុង​មួយ​រយៈពេល​ខ្លី​ដែរ។

«ដំណើរការ​សាកល្បង​ពីមុន​មក​យើង​ធ្លាប់​ផ្សព្វផ្សាយ​ថា ​នៅ​ក្នុង​ដើម​ខែ៨​ ប៉ុន្តែ​យើង​មើល​ទៅ​វា​មាន​ការ​យឺតយ៉ាវ។ ​អញ្ចឹងអាច​ចូល​ខែ​៩ ​ប៉ុន្តែ​ខែ​១០​នោះ​ គឺ​ជា​ខែច្បាស់​លាស់​តែ​ម្តង»។​

លោក​បន្ត​ថា៖​«ឥឡូវ​ហ្នឹង​យើង​បាន​ទទួល​ព័ត៌មាន​ពី​ខាង​ជប៉ុន​ថ្ងៃ៦​ ដល់​ថ្ងៃ​១០​ គឺក្រុម​បច្ចេកទេស​កំព្យូទ័រ​នឹង​មក​ធ្វើការ​ មាន​គ្នា​បី​នាក់​ ហើយ​ក្រុម​ទី២ ​គឺ​ក្រុម​របស់​ជប៉ុន​ដដែល​មាន​ជំនាញ​ការ​ខាងចុះ​ឈោ្មះ​ គាត់​នឹង​ធ្វើការ​ជាមួយ​ គ.ជ.ប. ​នេះ​នៅ​ថ្ងៃ​ទី៨​តទៅ ​ប្រហែល​ជា​រយៈពេល​មួយ​សប្តាហ៍»។​

​លោក ​ហង្ស ពុទ្ធា ​ថ្លែង​ថា​ ក្រៅពី​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សហភាព​អឺរ៉ុប​ និង​ប្រទេស​ជប៉ុន ​ក៏​នៅ​មានអង្គទូត​នៃ​ប្រទេស​ដទៃ​ និង​ទី​ភ្នាក់ងារ​ជំនួយ​មួយ​ចំនួន​បាន​ទាក់​ទង​មក​ គ.ជ.ប. រួច​ទៅ​ហើយ​ដែរ ​ក្រោយ​ការ​បង្កើត​ គ.ជ.ប. ​ថ្មី​នេះ​ដែល​មាន​សមាភាព​មក​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​នៅ​ក្នុង​សភា​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​និង​បុគ្គល​ឯករាជ្យ៕

XS
SM
MD
LG