ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សា​អឺរ៉ុប​រិះគន់​ប្រព័ន្ធ​តុលាការ​របស់​តួកគី


ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​អ្នក​សារព័ត៌មាន​នៅតួកគី
ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​អ្នក​សារព័ត៌មាន​នៅតួកគី

ក្រុម​ប្រឹក្សា​អឺរ៉ុប​ (Council of Europe) បានរិះគន់​ខ្លាំងៗ​ទៅលើ​ប្រព័ន្ធ​តុលាការ​របស់​ប្រទេសតួកគី​(Turkey) នៅក្នុង​របាយការណ៍​មួយ​នៅ​ខែ​នេះ។ ការិះគន់នេះ ត្រូវបាន​ធ្វើឡើង ខណៈពេល​ដែល​គណបក្ស​ប្រឆាំង​ធំៗ​ចំនួន​ពីរ​ អះអាង​ថា រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​សម្លេង​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​នេះ។

នៅក្នុង​របាយការណ៍​លម្អិត​មួយ លោក ថំម៉ាស ហាមម៉ាបឺក (Thomas Hammerberg) ស្នងការទទួល​បន្ទុក​សិទ្ធិមនុស្ស​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប​ បាន​លើកឡើង​ពី​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំងក្លា​ថា ប្រព័ន្ធ​តុលាការរបស់តួកគី កំពុង​គំរាម​កំហែង​ដល់​សិទ្ធិមនុស្ស​ជាមូលដ្ឋាន។

«មានបញ្ហា​ពិតប្រាកដ​ទាក់ទង​ទៅ​នឹង​របៀបដែល​ប្រព័ន្ធ​មុខងារយុត្តិធម៌ ដែល​រួមទាំង​ប្រព័ន្ធ​តុលាការ​ផង ហើយ​ប្រព័ន្ធ​នេះ​ ​មានឥទ្ធិពល​ទៅលើ​សិទ្ធិមនុស្ស។ នោះ ​ជា​ភាព​ជាក់លាក់​មួយ ដែលថា​អ្នក​មិន​អាចទទួលយុត្តិធម៌​សម្រាប់​រឿងក្តី​ទាំងអស់ ដែល​ត្រូវបានបញ្ចូល​ទៅក្នុង​ប្រព័ន្ធ​នេះ​ឡើយ»។

ការព្រួយបារម្ភ​ចម្បង​មួយ​ដែល​ត្រូវបាន​លើកឡើង​នៅក្នុង​របាយការណ៍ គឺ​ កំណើនតួលេខនៃ​ការចាប់ខ្លួនសមាជិក​គណបក្ស​នយោបាយ។ ការស៊ើប​អង្កេតដែល​កំពុងតែ​បន្ត​ទៅលើ​សហជីពសហគមន៍​ជនជាតិ ឃឺដ (Kurdistan Communities Union) ដែល​ហៅកាត់​ជា​ភាសា​អង់គ្លេស​ថា​ KCK ត្រូវបាន​លើកឡើង​ថា​ជា​ការ​ព្រួយ​បារម្ភជាក់ស្តែង​មួយ។ ក្រុម​អាជ្ញាធរតួកគី ជឿជាក់ថា សហគមន៍ KCK ជា​ក្រុម​នយោបាយ​មួយ​របស់​ក្រុម​ឧទ្ទាម​ជាតិ ឃឺដ ដែលជា​គណបក្ស​ពលករ​ឃឺដ ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា PKK។

យោងតាម​ក្រុម​សិទ្ធិមនុស្ស​ក្នុង​តំបន់ ប្រជាពលរដ្ឋ​ជាង​បួនពាន់​នាក់​ត្រូវបាន​ឃុំខ្លួន​ចាប់តាំង​ពី​ឆ្នាំ​២០០៩​មក​ម៉្លេះ ដែល​ភាគច្រើន​នៃ​ប្រជាពលរដ្ឋ​ទាំងនេះ ​ជា​សមាជិក​គាំទ្ររបស់​គណបក្ស​សន្តិភាព​និង​ប្រជាធិបតេយ្យ​(BDP) របស់​ប្រទេស​នេះ។ លោក អឺទុយហ្ក្រាល ឃឺកជូ (Ertugral Kurkcu) សមាជិកសភារបស់គណបក្ស BDP និយាយ​ថា ការឃុំខ្លួន មាន​ទំនាក់​ទំនងតិចតួចណាស់​ជាមួយ​នឹង​ការប្រយុទ្ធ​ប្រឆាំងអំពើភេរវកម្ម ហើយមាន​ការទាក់ទង​ខ្លាំងជាមួយ​នឹង​ការ​បំផ្លិច​បំផ្លាញគណបក្ស​នយោបាយ​ទៅ​វិញ​ទេ។

«ប្រជាពលរដ្ឋ​ទាំងនេះ ​ត្រូវបាន​ចាប់​ជំរិត។ ពួកគេ​គ្មាន​កំហុស​អ្វី​ទាំង​អស់។ ភាគច្រើន ជា​អ្នក​ដែលបានជាប់​ឆ្នោត​។ ភាគច្រើន​ ជា​មេដឹកនាំ​សហជីពពាណិជ្ជកម្ម​ ​អ្នកនយោបាយដ៏មាន​ឥទ្ធិពល និង​មនុស្ស​វណ្ណៈ​កណ្តាល​នៅក្នុង​នយោបាយ​របស់​ជនជាតិ ឃឺដ។ ពួកគេគ្មានទំនាក់​ទំនងជាមួយ​នឹង​អំពើ​ហិង្សាទាល់​តែ​សោះ។ ពួកគេ ​មិនត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ពាក់ព័ន្ធជាមួយ​នឹង ​សកម្មភាពហិង្សា​ណាមួយ​ឡើយ»។

លោក ហាមម៉ាបឺក (Hammerberg) បង្ហាញ​ការយល់ស្រប​ចំពោះ​ការព្រួយបារម្ភ​បែប​នេះ ដោយ​ថ្លែងថា លោក​ជឿជាក់​ថា នៅក្នុង​ករណី​ជាច្រើន វាបានស្តែង​ឲ្យឃើញ​ពីភស្តុតាង​តិចតួចណាស់ក្នុងការ​បង្ហាញ​ពី​ភាព​សមហេតុផលនៃ​ការឃុំឃាំង​។ ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ត្រូវបាន​ឃុំខ្លួន​សម្រាប់ការស៊ើបអង្កេត ត្រូវបាន​ឃុំខ្លួន​អស់​ជាច្រើន​ឆ្នាំ​ដោយ​គ្មាន​ការ​កាត់ទោស។ របាយការណ៍​របស់​ក្រុមប្រឹក្សា​អឺរ៉ុប​ ក៏បាន​លើកឡើង​អំពី​ការឃុំខ្លួន​មុន​ការកាត់ទោស ថាជាចំណុចមួយ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភយ៉ាង​ខ្លាំងក្លា។​

លោក ហាមម៉ាបឺក (Hammerberg) អះអាង​ថា បទសម្ភាសន៍​របស់​លោក​ជាមួយនឹង​សមាជិក​នៃ​ស្ថាប័ន​តុលាការ​ បង្ហាញ​ថា ការឃុំខ្លួន​មុន​ការកាត់ទោស​ កំពុង​ត្រូវបាន​ប្រើប្រាស់ដើម្បី​ដាក់​ទណ្ឌកម្ម។

«ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​រដ្ឋអាជ្ញា​ម្នាក់នៅ​ទីក្រុង ឌីយ៉ារបាគីរ៍ (Diyarbakir) ហើយ​បាន​ពន្យល់​យ៉ាងច្បាស់​ថា គួរ​តែ​មាន​ហេតុផល​សម្រាប់​ការឃុំខ្លួន​មនុស្សណា​ម្នាក់ ​មុនពេល​ការ​កាត់សេចក្តីចុងក្រោយ។ ហើយ លោក ​បាន​និយាយ​ថា យ៉ាងហោច​ណាស់ ​ពួកគេនឹង​រៀនមេរៀន​មួយ​ដែរ។ ប៉ុន្តែ ហេតុអ្វី​បានជា​ប្រព័ន្ធ​ពន្ធនាគារនៅតែ​បន្ត​អនុវត្តតទៅទៀត​ ហើយបង្រៀន​មេរៀន​ដល់អ្នកស្លូតត្រង់? ករណី​ខ្លះ​ ត្រូវចំណាយ​ពេល​រហូតដល់ទៅ​១០ឆ្នាំ។ នេះ ជាទង្វើដែលមិន​អាច​ទទួល​យក​ឡើយ។ គ្មានជនណា​ម្នាក់ ត្រូវបាន​ឃុំខ្លួន មុនពេល​ត្រូវបាន​បង្ហាញ​អំពី​ទោសកំហុស​ អស់រយៈពេលយ៉ាង​យូរ​បែប​នេះ​ទេ»។

លោក កេម៉ាល​គីលីដារ៉ូគ្លូ (Kemal Kilicdaroglu) មេដឹកនាំ​នៃ​គណបក្ស​ប្រឆាំងធំ​ជាងគេ គឺ​គណបក្ស​សាធារណរដ្ឋប្រជាមានិត ឬ​ហៅកាត់​ជា​ភាសា​អង់គ្លេស​ថា CHP បាន​វាយប្រហារ​យ៉ាង​ខ្លាំង​ ទៅលើ​ការ​ឃុំខ្លួនមុន​ការកាត់ទោស កាលពី​ដើម​ខែនេះ ហើយ​បាន​អះអាង​ថា ប្រទេសតួកគី​កំពុង​ក្លាយ​ទៅជា «គុក​ចំហ​មួយ»។ សមាជិករដ្ឋ​សភា​ចំនួន​ពីររូបរបស់​លោក​ ត្រូវបាន​ចាប់​ឃុំខ្លួនក្នុងពន្ធនាគារអស់​រយៈពេលជាង​បីឆ្នាំ ដែល​ជាផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ទៅលើ​ផែន​ការ​ផ្តួល​រំលំរដ្ឋាភិបាល តាម​ការ​ចោទ​ប្រកាន់។

តុលាការសិទ្ធិមនុស្ស​របស់អឺរ៉ុប (European Court of Human Rights)​ បាន​ចេញ​សេចក្តី​សម្រេច​ម្តងហើយ​ម្តងទៀត​ប្រឆាំង​ទៅនឹងតួកគីស្តីពី​បញ្ហា​នៃ​ការឃុំខ្លួន​មុន​ការ​កាត់​ទោស។ បន្ទាប់​ពី​ប្រឈមមុខ​ទៅនឹង​ការរិះគន់​កាន់​តែ​ខ្លាំង លោក សាឌូលាស់ អឺហ្គីន (Sadullah Ergin) រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ បានប្រកាស​អំពីផែនការកែទម្រង់ ដែល​រួមមាន​ទាំង​ការដោះស្រាយ​ជាមួយ​នឹង​ការឃុំខ្លួន​មុន​ការកាត់ទោស។

លោក​ បាននិយាយថា ឥឡូវនេះ សេចក្តី​សម្រេចទាក់ទង​ទៅ​នឹងការចាប់​ខ្លួន ​ឬការបដិសេធចំពោះ​សំណើសុំ​ដោះលែង​ដោយ​ការដាក់​តម្កល់​ប្រាក់ធានា ​ត្រូវ​តែចែង​ឱ្យបាន​ច្បាស់​លាស់។ លោក​បានបញ្ជាក់ថា តុលាការ​ត្រូវតែបង្ហាញពី​ភាព​សមហេតុផល​ដោយមានការពិត​ជាក់ស្តែង ចំពោះភាព​សង្ស័យយ៉ាង​ខ្លាំង ដែល​ចុងចោទ​ម្នាក់​ នឹង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​។ លោកបាន​និយាយ​ថា ពួកគេ​ត្រូវតែបញ្ជាក់​ឱ្យច្បាស់លាស់​ពី​គោលបំណង នៅពីក្រោយ​ការឃុំឃាំង​ ហើយ​ត្រូវធានា​ឱ្យ​ប្រាកដថា ការឃុំឃាំង​នេះ​ មាន​ភាពសមហេតុផល។

លោក រីហ្សា ធួរមែន (Riza Turman) សមាជិករដ្ឋសភា​របស់គណបក្សប្រឆាំង​ដ៏​សំខាន់មួយ​ ​និង​អតីត​ចៅក្រមនៃ​តុលាការ​សិទ្ធិមនុស្សរបស់​អឺរ៉ុប មាន​ប្រសាសន៍​ថា កំណែ​ទម្រង់​នេះ​ គ្រាន់តែជា​គ្រឿងលំអ​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ ហើយថា​កំណែទម្រង់នេះ​មិនអនុវត្ត​ទៅលើ​ជនណា ដែល​ត្រូវបាន​ឃុំឃាំង​ដោយជាប់ពាក់ព័ន្ធ​ជាមួយ​ច្បាប់​ប្រឆាំងនឹង​ភេរវកម្ម​ទេ។ លោក​បន្ថែមថា ផ្នែក​ដ៏ចម្រូង​ចម្រាស់​នៃ​ច្បាប់​ទាំងនេះ បាន​បណ្តាល​ឱ្យមាន​ការឃុំឃាំង​អ្នកកាសែត​ជិត១០០នាក់ ដែលជាចំណុច​ព្រួយ​បារម្ភ​មួយ​ទៀត ដែល​ត្រូវបាន​លើកឡើង​នៅក្នុង​របាយការណ៍​របស់​ក្រុមប្រឹក្សា​អឺរ៉ុប។

ប៉ុន្តែ លោក ធួរមែន អះអាងថា តួកគី កំពុងតែ​ប្រឈមមុខ​នឹង​ការគំរាមកំហែងកាន់តែ​ខ្លាំងថែមទៀត។

«បច្ចុប្បន្ន​នេះ បញ្ហា​ ​នៅ​តួកគី គឺថា មាន​ការប្រមូល​ផ្តុំ​អំណាច​យ៉ាងធំធេង​នៅក្នុងកណ្តាប់​ដៃ​របស់​គណបក្ស​មួយ។ រដ្ឋាភិបាល​ គ្រប់គ្រងប្រព័ន្ធតុលាការ។ រដ្ឋាភិបាល​គ្រប់គ្រង​ស្ថាប័ន​ឯករាជ្យ​ទាំងអស់។ តួកគីមិនដែល​ឃើញការ​ប្រមូល​ផ្តុំ​អំណាច​យ៉ាងធំ​បែប​នេះ​ទេ ហើយ​ការប្រមូលផ្តុំ​អំណាចរបៀបនេះ​ ​អាច​ធ្វើ​ឱ្យអន្តរាយដល់លទ្ធិ​ប្រជាធិបតេយ្យ»។

នៅក្នុង​របាយការណ៍​របស់​លោក លោក ហាមម៉ាបឺក (Hammerberg) សម្តែង​ការព្រួយបារម្ភ​អំពី​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ទៅលើប្រព័ន្ធតុលាការ​របស់តួកគី។ លោក​ទទួលស្គាល់ថា ប្រទេសតួកគី​ប្រឈមមុខ​នឹងបញ្ហា​ភេរវកម្ម​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​និយាយ​ថា ការបេ្តជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុងការ​ធ្វើ​កំណែរទម្រង់ ​ហាក់ដូច​ជាមាន​ភាព​ពិតប្រាកដ ប៉ុន្តែ ឥឡូវនេះ​គឺជាពេលវេលា​សម្រាប់​សកម្មភាព។

«យើង​កំពុងតែ​រង់ចាំ​សញ្ញា​ដើម្បី​អនុវត្ត ដែល​យើង​បាន​ទទួល​ពី​រដ្ឋាភិបាល។ វា​ជា​បញ្ហា​នៃ​ការអនុវត្ត​ពិតប្រាកដ ដែល​មិន​មែនត្រឹមតែ​ជា​ការនិយាយ​និង​សេចក្តី​ថ្លែងការ​នោះទេ នៅ​ពេល​ដែល​និយាយ​ដល់ការ​ធ្វើកំណែ​ទម្រង់​និង​ការផ្លាស់ប្តូរ​ពិតប្រាកដ»។

នៅក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ដំបូងៗ​នៃការ​គ្រប់គ្រង​អំណាច​រយៈ​ពេល​មួយទសវត្សរ៍​របស់​ខ្លួន គណបក្ស អាកា (AK Party) ទទួលបាន​ការសរសើរ​ចំពោះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការធ្វើ​ទារុណកម្ម និង​ការបញ្ចប់​ការសម្លាប់​ក្រៅប្រព័ន្ធ​តុលាការ។ ប៉ុន្តែ ក្រុម​អ្នក​សង្កេតការ ​ព្រមានថា ​ឆន្ទៈ​ល្អ​ ​កំពុងតែ​បញ្ចប់​ទៅវិញ​យ៉ាង​ឆាប់​រហ័ស ជាមួយ​គណបក្ស​ប្រឆាំង​ចម្បងៗ រួម​ជាមួយ​នឹងការកើនឡើង​នូវ​ភស្តុតាង​ជាច្រើន ដែល​ក្នុង​ចំណោមនោះ របាយការណ៍​របស់​ក្រុមប្រឹក្សា​អឺរ៉ុប ​គឺជា​ភស្តុតាង​ចុងក្រោយបង្អស់​ ដែល​បានលើកឡើង​ពី​ការព្រួយបារម្ភ​អំពីទំនោរ​ទៅរក​អំណាច​ផ្តាច់ការ ដែល​ចេះ​តែកើន​ឡើង៕

ប្រែសម្រួលដោយ៖ ឌីខាំបូលី

XS
SM
MD
LG