ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​ដាក់​ការ​រឹតបន្តឹង​ឡើង​វិញ​លើ​ទេសចរ​​អាមេរិក


រូបឯកសារ៖ អ្នក​ដំណើរ​ដើរ​​រុញ​ឥវ៉ាន់​របស់​ពួកគេ​នៅ​អាកាសយានដ្ឋាន ​Fiumicino បន្ទាប់​ពី​អ៊ីតាលី​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​អ្នក​ដំណើរ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
រូបឯកសារ៖ អ្នក​ដំណើរ​ដើរ​​រុញ​ឥវ៉ាន់​របស់​ពួកគេ​នៅ​អាកាសយានដ្ឋាន ​Fiumicino បន្ទាប់​ពី​អ៊ីតាលី​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​អ្នក​ដំណើរ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

ក្រុម​មន្ត្រី​សហភាព​អឺរ៉ុប​និយាយ​ថា សហភាព​អឺរ៉ុប​ត្រូវ​គេ​រំពឹង​ថា នឹង​ស្នើ​បណ្តា​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ឲ្យ​ដាក់​ការ​រឹតបន្តឹងការធ្វើ​ដំណើរ​ឡើងវិញ​ ទៅ​លើ​ក្រុមអ្នក​ធ្វើ​ដំណើរ​មកពី​សហរដ្ឋ​អាមេរិក ជា​ទីកន្លែង​ដែល​ករណី​ឆ្លង​ថ្មីនិង​ការសម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗនេះ។

ក្រុម​មន្ត្រី​ដែល​បាន​ថ្លែង​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ​ស្រប​ពេល​ដែល​គោលនយោបាយ​នៃ​ការធ្វើ​ដំណើរ​របស់​សហភាព​អឺរ៉ុប​កំពុង​ត្រូវ​បាន​គេ​ត្រួតពិនិត្យមើល​ឡើង​វិញនោះ និយាយ​ថា យ៉ាងឆាប់​បំផុត​នៅ​ដើម​សប្តាហ៍​នេះ សហរដ្ឋ​អាមេរិក​អាច​ត្រូវ​បាន​គេ​ដកចេញពី«បញ្ជី​សុវត្ថិភាព»នៃ​បណ្តា​ប្រទេស​ដែល​ពលរដ្ឋ​អាច​ធ្វើដំណើរ​ទៅ​កាន់​សហភាព​អឺរ៉ុប​ដែល​មាន​២៧​ប្រទេស​ដោយ​មិន​មាន​ការ​បន្ថែម​ការ​រឹត្បិត​ដូចជា​ការតម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​និង​ការធ្វើតេស្ត​ហើយ។

ការស្នើ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយក្រុម​ប្រឹក្សា​អឺរ៉ុប​ដែល​ពិនិត្យ​មើល​ឡើង​វិញ​នូវ​បញ្ជី​នៃ​ការធ្វើ​ដំណើរ​របស់​សហភាព​អឺរ៉ុប​ជារៀងរាល់​២សប្តាហ៍​ម្តង។ ទោះ​ជាយ៉ាងណា ការរឹតបន្តឹងដែល​ស្នើ​ឡើង​នេះ នឹង​មិន​តម្រូវ​ឲ្យ​បណ្តា​ប្រទេស​ដែល​ជាសមាជិក​ទាំង​អស់​អនុវត្ត​នោះ​ទេ នៅពេលដែល​មិន​មាន​គោលនយោបាយ​នៃ​ការធ្វើដំណើរ​ឯកភាព​គ្នា​ ហើយ​ប្រទេស​ជា​សមាជិក​មាន​សិទ្ធិ​កំណត់​បទបញ្ញត្តិ​ដោយ​ខ្លួន​ឯង។

សហភាព​អឺរ៉ុប​បាន​លុបចោល​ការរឹតបន្តឹងការធ្វើ​ដំណើរ​សម្រាប់​អ្នកទេសចរណ៍​អាមេរិក​កាលពី​ខែ​មិថុនា ថ្វីបើសហរដ្ឋ​អាមេរិក​នៅ​តែ​រក្សា​ការហាមឃាត់​អ្នក​ធ្វើដំណើរមក​ពីអឺរ៉ុប​ក៏​ដោយ។

កាលពី​សប្តាហ៍​មុន ការឆ្លង​ថ្មី​ក្នុង​មួយ​ថ្ងៃ​មាន​ជាមធ្យម​ចំនួន១៥០.០០០ករណី ជា​ចំនួន​ឆ្លង​កើនឡើង​ខ្លាំង​ដូចជា​ខែ​មករា​និង​កុម្ភៈ​នៅ​ឆ្នាំ​នេះ។ ការចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩ ក៏​បាន​កើនឡើង​ប្រហែល១០០.000ករណីដែរ ដែល​ជា​ចំនួន​មួយដែល​មិន​បាន​ឃើញមាន​ចាប់តាំង​ពីដើម​ខែ​កុម្ភៈ​មក៕

(ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP។)

XS
SM
MD
LG