ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហភាព​អឺរ៉ុប​ចាត់​ទុក​សកម្មភាព​រុស្ស៊ី​នៅ​ស៊ីរី​ថា​ជាការលេងល្បែង​ផ្លាស់​ប្តូរមួយ


រូប​ភាព​ឯកសារ ៖ ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោកស្រី​ Federica Mogherini និយាយ​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​សហគមន៍​អ៊ឺរ៉ុប​ កាល​ពី​ខែ​កញ្ញា​កន្លង​មក។​

ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោកស្រី​ Federica Mogherini បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​សកម្មភាព​យោធា​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី​ គឺ​ជា​«ល្បែង​ផ្លាស់​ប្តូរ‍»មួយ ​ដែល​មាន​«សមាសធាតុ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​មួយ​ចំនួន‍»។

លោកស្រី​បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​មុន​ពេល​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​សហគមន៍​អឺរ៉ុប​នៅ​ប្រទេស​លុចសំបួ​ (Luxembourg) ថា​ សកម្មភាព​ដែល​ធ្វើ​ប្រឆាំង​នឹង​ជនសកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ច្បាស់​លាស់​ប្រឆាំង​នឹង​ក្រុម​នេះ​និង​ក្រុម​ដទៃ​ទៀត ​ដែល​កំណត់​ដោយ​អង្គការ​សហប្រជាជាតិ។​

ប្រទេស​រុស្ស៊ី​កំពុង​ប្រឈម​នឹង​ការរិះគន់​ពី​បស្ចិម​ប្រទេស​ថា​ យុទ្ធនាការ​តាម​អាកាស​នៅ​ក្នុង​ប្រទេស​ស៊ីរី​ វាយ​ប្រហារ​លើ​ក្រុម​ប្រឆាំង​នឹង​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​រុស្ស៊ី​នោះ​ ​គឺ​មិន​មែន​ក្រុម​រដ្ឋ​ឥស្លាម​ទេ។

លោកស្រី Mogherini បន្ថែម​ថា​ លោកស្រី​ជឿថា​សហភាពអឺរ៉ុប​ ប្រទេស​រុស្ស៊ី​ និង​សហរដ្ឋ​អាមេរិក​មាន​ហេតុផល​រួម​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ដោយ​ផ្អែក​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​និង​ក្របខណ្ឌ​អង្គការ​សហប្រជាជាតិ​។ ប៉ុន្តែ​សកម្មភាព​របស់​ពួកគេ​ត្រូវ​តែ​មាន​ការ​សម្រប​សម្រួល​គ្នា។​ បើ​មិន​ដូច្នេះ​ទេ​នឹង​មាន​គ្រោះថ្នាក់​ដ៏ធ្ងន់​ធ្ងរ​បំផុត​ជា​ពិសេស​ខាង​ផ្នែក​យោធា។ ​

លោកស្រី​ Mogherini សង្ឃឹម​ថា​កិច្ច​ប្រជុំ​ក្រុម​រដ្ឋ​មន្ត្រី​នេះ​ នឹង​គ្របដណ្តប់​លើ​អ្វី​ដែល​សហគមន៍​អឺរ៉ុប​អាចរួម​ចំណែក​ជំរុញ​ឱ្យ​មាន​ដំណើរ​ការ​មួយ​ទៅមុខ​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​មួយ​ចំពោះ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ដែល​បាន​សម្លាប់​មនុស្ស​អស់​២៤០.០០០​នាក់ ​ចាប់​តាំង​ពី​ខែ​មិនា​ឆ្នាំ​២០១១៕​

XS
SM
MD
LG