សភាសហភាពអឺរ៉ុបបានផ្តល់សច្ចានុមតិលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយចក្រភពអង់គ្លេស ក្រោយប្រទេសនេះ ចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនោះ។
លទ្ធផលបោះឆ្នោតដែលត្រូវបានប្រកាសនៅថ្ងៃពុធនេះបានបង្ហាញថា សមាជិកសភាសហភាពអឺរ៉ុបជាច្រើនលើសលប់ បានគាំទ្រនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះក្នុងសំឡេងគាំទ្រចំនួន ៦៦០សំឡេង និងសំឡេងប្រឆាំងចំនួន៥សំឡេង ដោយក្នុងនោះមានសមាជិកសភាចំនួន៣២រូបបោះឆ្នោតអនុប្បវាទ។
ការបោះឆ្នោតនេះ ជាជំហានចុងក្រោយមួយនៅក្នុងដំណើរការដែលមានរយៈពេលជាច្រើនឆ្នាំនៃការកំណត់លក្ខខណ្ឌពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេសនោះ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michelបានស្វាគមន៍លទ្ធផលបោះឆ្នោតនៅថ្ងៃពុធនេះ ដោយនិយាយថា៖ «នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខនៃទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ហើយវាបើកនូវទំព័រសករាជថ្មីមួយ»។
ភាគីទាំងពីរបានអនុវត្តនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ក្នុងលក្ខខណ្ឌបណ្តោះអាសន្នចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២០មក ក្នុងពេលដែលខ្លួនកំពុងរង់ចាំការផ្តល់សច្ចានុមតិយល់ព្រមពីសភាសហភាពអឺរ៉ុបនោះ។
ក្រោយការពន្យារពេលជាច្រើនលើក ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការក្នុងខែមករា ឆ្នាំ២០២០ បន្ទាប់ពីធ្លាប់ជាសមាជិករបស់សហគមន៍នេះចាប់តាំងពីឆ្នាំ១៩៧៣មក៕