មេដឹកនាំសហគមន៍អឺរ៉ុបអាចនឹងរៀបចំការប្រជុំកំពូលមួយផ្សេងទៀតស្តីពីវិបត្តិក្នុងប្រទេសប្រើរូបិយប័ណ្ណអឺរ៉ូ នៅថ្ងៃសុក្រនេះ។ នាង Lisa Bryant រាយការណ៍ពីទីក្រុងបារីសមកថា តំបន់ដែលប្រើរូបិយប័ណ្ណអឺរ៉ូគឺកំពុងតែជួបប្រទះនឹងបញ្ហាអាក្រក់ ហើយបញ្ហាបំណុលរបស់សហរដ្ឋអាមេរិកគឺបន្ថែមទៅលើភាពមិនប្រាកដនេះ។
មានព័ត៌មានដ៏អាប់អួរជាច្រើនសម្រាប់១៧ប្រទេសដែលប្រើរូបិយប័ណ្ណអឺរ៉ូ។ សប្តាហ៍នេះ ការកាត់បន្ថយបំណុលរបស់ប្រទេសអៀឡង់ដោយភ្នាក់ងារអត្រាហិញ្ញវត្ថុMoody ដែលបង្ហាញពីស្ថានភាពអាក្រក់នោះគឺជាសកម្មភាពទី២ស្រដៀងគ្នានឹងវិធានការធ្វើទៅលើប្រទេសព័រទុយហ្កាល់ (Portugal) កាលពីសប្តាហ៍មុន។ ភ្នាក់ងារនេះបានធ្វើការទស្សន៍ទាយថា ប្រទេសទាំងពីរនេះនឹងត្រូវការប្រាក់ជួយសង្រ្គោះជាលើកទីពីរ ដូចប្រទេសដែលប្រើរូបិយប័ណ្ណអឺរ៉ូដែរ។ កាលពីថ្ងៃអង្គារ ប្រធានសហគមន៍អឺរ៉ុប លោកHerman Van Rompuy ដែលកំពុងនៅប្រទេសអេស្បាញ និយាយថា មានការស្វះស្វែងធ្វើឲ្យទីផ្សារដែលរង្គោះរង្គើរនេះស្ងប់ស្ងាត់ទៅវិញ។
«ខ្ញុំដឹងយ៉ាងច្បាស់ពីភាពតានតឹងក្នុងពេលបច្ចុប្បន្ននេះនៅក្នុងទីផ្សារបំណុល។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា មានការប្តេជ្ញាចិត្តយ៉ាងមុតមាំនៅកម្រិតខ្ពស់បំផុតថា នឹងធ្វើអ្វីៗទាំងអស់ដើម្បីរក្សាការពារស្ថិរភាពហិរញ្ញវត្ថុនៅតំបន់ដែលប្រើរូបិយប័ណ្ណអឺរ៉ូ។ មេដឹកនាំប្រទេសនានាត្រូវតែលើកយកបញ្ហានេះមកដាក់ពីលើរបៀបវារៈនយោបាយក្នុងស្រុក ហើយពួកគេនឹងធ្វើដូច្នេះ»។
ក៏ប៉ុន្តែ កាលពីដើមសប្តាហ៍នេះ ជំនួបរដ្ឋមន្រ្តីហិរញ្ញវត្ថុនៃសហគន៍អឺរ៉ុបនៅក្នុងទីក្រុងប្រ៊ុសែស(Brussels) ខកខានមិនបានដាក់ចេញគម្រោងសកម្មភាពច្បាស់លាស់ទេ។ គេប្រហែលជាទុកតួនាទីនេះឲ្យមេដឹកនាំសហគមន៍អឺរ៉ុបសម្រេច ថាតើពួកគេនឹងរៀបចំប្រជុំជាបន្ទាន់នៅថ្ងៃសុក្រនេះឬយ៉ាងណា។
គេពិភាក្សាថា តើវិស័យឯកជនអាចចូលរួមភាគទានប៉ុន្មាននៅក្នុងកញ្ចប់ប្រាក់សង្រ្គោះប្រទេសហ្គ្រិចម្តងទៀត និងថា តើគេអាចដោះស្រាយវិបត្តិកញ្ចប់ប្រាក់សង្រ្គោះបានទាំងស្រុងដើម្បីធ្វើឲ្យវាកាន់តែមានលទ្ធភាពអាចបត់បែនបានតាមស្ថានការណ៍ដែរឬទេ។
លោក Gilles Moec សហប្រធានស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចសហគមន៍អឺរ៉ុបសម្រាប់ធនាគារ Deutsche Bank ប្រចាំនៅទីក្រុងឡុងដ៍ មានប្រសាសន៍ថា ការពាក់ព័ន្ធរបស់វិស័យឯកជនគឺជាបញ្ហានយោបាយដ៏សំខាន់មួយ។
«គំនិតនេះបង្ហាញថា អ្នកបង់ពន្ធមិនគួរជាក្រុមតែមួយគត់ក្នុងប្រព័ន្ធដែលធ្វើការបង់ប្រាក់សង្រ្គោះទេ ជាពិសេស អ្នកបង់ពន្ធក្នុងប្រទេសដែលប្រើប្រាស់ប្រាក់អឺរ៉ូ»។
លទ្ធផលបានពីអ្វីដែលគេហៅថា ការសាកល្បងសមត្ថភាពរបស់ធនាគារអឺរ៉ុបនេះត្រូវបានកំណត់ធ្វើនៅសប្តាហ៍នេះ ហើយការសាកល្បងនេះគួរតែបង្ហាញពីលទ្ធភាពរបស់ធនាគារក្នុងការទប់ស្កាត់វិបត្តិដែលរីករាលដាលនេះ ហើយការសាកល្បងនេះក៏បង្ហាញពីលទ្ធភាពរបស់ធនាគារអឺរ៉ុបក្នុងការផ្តល់ភាគទានសម្រាប់ប្រាក់សង្រ្គោះផងដែរ៕
ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស