ក្រុមអ្នកតាក់តែងច្បាប់របស់សហភាពអឺរ៉ុបកាលពីថ្ងៃពុធបានចាត់វិធានការមិនដែលធ្លាប់មានពីមុនមកដើម្បីចាប់ផ្តើមដំណើរការដាក់ទណ្ឌកម្មលើប្រទេសហុងគ្រីដោយសារតែប្រទេសនេះបានបង្ហាញការគំរាមកំហែងជាប្រព័ន្ធទៅលើតម្លៃនៃប្រជាធិបតេយ្យ។
សភាអឺរ៉ុបបានបោះឆ្នោតដោយបានទទួលសំឡេង ៤៤៨ ទល់នឹង១៩៧ដើម្បីចាប់ផ្តើមអនុវត្តតាមមាត្រទី៧ ដែលអាចឈានទៅដល់ការផ្អាកសិទ្ធិបោះឆ្នោតរបស់ប្រទេសហុងគ្រីក្នុងសហភាពអឺរ៉ុប។ លទ្ធផលពីការបោះឆ្នោតនេះបានដាក់ឲ្យនាយករដ្ឋមន្រ្តីប្រទេសហុងគ្រី លោកViktor Orban នៅឯកោពីសម្ព័ន្ធមិត្តមានអំណាចនានា ខណៈលោកកំពុងព្យាយាមរុញអ៊ឺរ៉ុបចូលទៅក្នុងប្រជាធិបតេយ្យដែលមានភាពមិនប្រាកដប្រជា។
នៅអំឡុងការកាន់អំណាចរយៈពេល៨ឆ្នាំ លោក Viktor Orban បានព្យាយាមបង្វែរការរិះគន់របស់លោក ដែលបានអះអាងថា ប្រព័ន្ធបោះឆ្នោតក្នុងប្រទេសហុងគ្រីមិនប្រក្រតី សេរីភាពសារពត៌មាន និងឯករាជ្យភាពរបស់តុលាការកំពុងធ្លាក់ចុះ ហើយពួកជនភៀសខ្លួន និង អ្នកសុំសិទ្ធិជ្រកកោនត្រូវបានរំលោភបំពាន។
រដ្ឋមន្រ្តីការបរទេសហុងគ្រី លោក Peter Szijjartoបានរិះគន់ថា ការបោះឆ្នោតនេះគ្មានលទ្ធផលអ្វីទាល់តែសោះ ក្រៅតែពីការសងសឹកដាក់គ្នានៃអ្នកនយោបាយ ដែលគាំទ្រជនអន្តោប្រវេសន៍តែប៉ុណ្ណោះ។ លោកបានថ្លែងបន្ថែមទៀតថា ប្រទេសហុងគ្រីកំពុងពិចារណាអំពីវិធានការស្របច្បាប់នានា ដោយសារតែការបោះឆ្នោតនោះត្រូវបានបំផ្លាញដោយការលួចបន្លំនៅអំឡុងពេលការរាប់សន្លឹកឆ្នោតចុងក្រោយ៕