ភ្នំពេញ
សហរដ្ឋអាមេរិកបានបដិសេធនៅថ្ងៃព្រហស្បតិ៍នេះថា មិនបានកំណត់កាលបរិច្ឆេទអំពីការសុំកូនកម្ពុជាយកទៅចិញ្ចឹមនៅឆ្នាំក្រោយទេ។
កាលពីថ្ងៃច័ន្ទ ក្រោយពីជួបជាមួយលោកស្រី Susan Jacobs ឯកអគ្គរដ្ឋទូតនិងជាទីប្រឹក្សាពិសេសទទួលបន្ទុកកុមារអាមេរិក លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា កម្ពុជាអនុញ្ញាតឲ្យមានការស្មុំកូនទៅចិញ្ចឹមនៅសហរដ្ឋអាមេរិកឡើងវិញ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ខាងមុខនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍នៅរសៀលនេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញបានច្រានចោលព័ត៌មានខាងលើ ដោយលើកឡើងថា ក្នុងអំឡុងពេលដែលលោកស្រី Susan Jacobs ជួបពិភាក្សាជាមួយមន្ដ្រីរដ្ឋាភិបាលកម្ពុជានៃក្រសួងការបរទេសនិងក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងស្តារនិតិសម្បទាចន្លោះពីថ្ងៃទី២៨និងថ្ងៃទី២៩តុលានោះ«មិនមានការសម្រេចចិត្ត ឬកំណត់ពេលវេលារវាងកម្ពុជានិងសហរដ្ឋអាមេរិក សម្រាប់ដំណើរការឡើងវិញនូវការសុំកូនខ្មែរទៅចិញ្ចឹមនៅបរទេសទេ»។
លោកកុយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងបានទេនៅថ្ងៃព្រហស្បតិ៍នេះ ដោយទូរស័ព្ទរបស់លោករោទិ៍ដោយគ្មានអ្នកទទួល។
កម្ពុជាធ្លាប់បានអនុញ្ញាតឲ្យមានការយកកូនពីកម្ពុជាទៅចិញ្ចឹមចន្លោះពី១០០ទៅ២០០នាក់ក្នុងមួយឆ្នាំ ក៏ប៉ុន្តែក្រោយមកមានកើតរឿងអាស្រូវនៃការជួញដូរកុមារតាមរយៈការសុំកូននេះ ហើយរដ្ឋាភិបាលប្រទេសទាំងពីរក៏បានផ្អាកនិតិវិធីនេះ។
ហើយគ្រួសារជនជាតិអាមេរិកមួយត្រូវបានរដ្ឋាភិបាលសហរដ្ឋចាប់ខ្លួន រួចត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ បន្ទាប់ពីយកកូនចិញ្ចឹម ដែលសុំពីប្រទេសកម្ពុជា យកទៅលក់។
ស្ថានទូតអាមេរិកបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ដំណើរទស្សនកិច្ចរបស់លោកស្រីឯកអគ្គរដ្ឋទូតនិងជាទីប្រឹក្សាពិសេសទទួលបន្ទុកកុមារអាមេរិកគឺដើម្បីបន្តពិភាក្សាពីផែនការរបស់កម្ពុជាក្នុងការចាប់ផ្តើមឡើងវិញនូវដំណើរការសុំកូនទៅចិញ្ចឹមនៅក្រៅប្រទេស។
ក្រៅពីសហរដ្ឋអាមេរិក កម្ពុជាអនុញ្ញាតឲ្យមានការយកកូនទៅចិញ្ចឹមនៅប្រទេសអ៊ីតាលីចំនួន៥០ទៅ៦០នាក់ក្នុងមួយឆ្នាំ ហើយក្រៅពីនោះ មានប្រទេសបារាំង អូស្ត្រាលី និងប្រទេសអង់គ្លេសផងដែរ៕