ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិធីសាស្ត្រ​ថ្មី​សម្រាប់​កា​រធ្វើ​តេស្ត​មេរោគ​អេជអាយវី​នាំ​ឲ្យ​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​


ប្រជាពលរដ្ឋ​កេនយ៉ា​ប្រហែល​១​លាន​៥​សែន​នាក់​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​បាន​ផ្ទុក​មេរោគ​អេជអាយវី​ ឬ​ស្មើ​នឹង​ប្រហែល​៦.៣​ភាគ​រយ​នៃ​ក្រុម​មនុស្ស​ពេញ​វ័យ។​
ប្រជាពលរដ្ឋ​កេនយ៉ា​ប្រហែល​១​លាន​៥​សែន​នាក់​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​បាន​ផ្ទុក​មេរោគ​អេជអាយវី​ ឬ​ស្មើ​នឹង​ប្រហែល​៦.៣​ភាគ​រយ​នៃ​ក្រុម​មនុស្ស​ពេញ​វ័យ។​

ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ប្រយុទ្ធ​នឹង​ការ​រីក​រាលដាល​មេរោគ​ អេជអាយវី​ (HIV)​ ប្រទេស​កេន​យ៉ា​កំពុង​ពិចារណា​អំពី​ការ​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេជអាយវី​ដោយ​បង្ខំ។​ កម្មវិធី​នេះ​ធ្វើ​ឡើង​សំដៅ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​បុគ្គល​ម្នាក់ៗ​ ប៉ុន្តែ​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​ក្រម​សីលធម៌​ដែរ។

ក្រុម​ប្រឹក្សា​គ្រប់​គ្រង​ជម្ងឺ​អេដស៍​ជាតិ​របស់​កេនយ៉ា​ (National​ Aids​ Control​ Council)​ និង​កម្មវិធី​គ្រប់​គ្រង​ STI​ ឬ​ហៅ​កាត់​ថា​ Nascop​ អាច​ងាក​ទៅ​រក​ការ​ធ្វើ​តេស្ត​រក​មេរោគ​អេជអាយវី​ដោយ​បង្ខំ​ នៅ​តាម​បណ្ឌល​សុខភាព​របស់កេនយ៉ា​ ដើម្បី​ទប់​ស្កាត់​កំណើន​នៃ​ការ​ចម្លង​មេរោគ​ អេជអាយវី​ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​កើត​មួយ​នេះ។

ប្រជាពលរដ្ឋ​កេនយ៉ា​ ប្រហែល​១​លាន​៥​សែន​នាក់​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​បាន​ផ្ទុក​មេរោគ​អេជអាយវី​ ឬ​ស្មើ​នឹង​ប្រហែល​៦.៣​ភាគ​រយ​នៃ​ក្រុម​មនុស្ស​ពេញ​វ័យ។​ អត្រា​រីក​រាលដាល​នៃ​មេរោគ​អេជអាយវី​ នៅ​កេនយ៉ា​ គឺ​មាន​តែ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​(South​ Africa)​ និង​នីហ្សីរីយ៉ា​(Nigeria)​ ទេ​ ដែល​មាន​ពលរដ្ឋ​ផ្ទុក​មេរោគ​អេជអាយវី​ច្រើន​ជាង​ នៅ​ក្នុង​អនុ​តំបន់​វាល​ខ្សាច់​សា​ហារ៉ា​ (Saharan)​ របស់​ទ្វីប​អាហ្វ្រិក។

ខណៈ​ដែល​ប្រទេស​នេះ​បាន​ទទួល​ជោគ​ជ័យ​មួយ​ចំនួន​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ចម្លង​រោគ​ ក្នុង​ទសវត្សរ៍​កន្លង​ទៅ ​តាម​ការ​ប៉ាន់​ស្មាន​ថា​ មាន​តែ​ប្រហែល​៦០​ភាគ​រយ​នៃ​ពលរដ្ឋ​កេនយ៉ា​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​អេជអាយវី។​ Nascop​ សង្ឃឹម​ថា​នឹង​តម្រូវ​ឲ្យ​ពលរដ្ឋ​ដល់​ទៅ​ជាង​៨០​ភាគ​រយ​ បាន​ធ្វើ​តេស្ត​ឈាម​នៅ​ត្រឹម​ឆ្នាំ​២០១៣​ ហើយ​កំពុង​ពិចារណា​វិធីសាស្ត្រ​ថ្មី​ដើម្បី​ឲ្យ​បាន​សម្រេច​គោល​ដៅ​នោះ។

កាល​ពី​ដើម​សប្តាហ៍​នេះ​ កាសែត​ Daily​ Nation​ របស់​កេនយ៉ា​ បាន​រាយ​ការណ៍​ថា​ ប្រទេស​នេះ​អាច​ប្រកាន់​យក​ទម្រង់ការ​ថ្មី​នៅ​តាម​មន្ទីរ​ពេទ្យ​ ដែល​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​រក​មេរោគ​អេជអាយវី​ ទៅ​លើ​ក្រុម​យុវជន​ ដែល​ស្វែង​រក​ការ​ព្យាបាល​ជម្ងឺ​ផ្សេងៗ​ មាន​ដូច​ជា​ជម្ងឺ​គ្រុន​ចាញ់​ជា​ដើម។​ ទម្រង់​ការ​ដូច​គ្នា​នេះ​ដែរ​ នឹង​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ឈាម​ទៅ​លើ​កុមារ​ដែល​ស្វែង​រក​ការ​ព្យាបាល​ខាង​វេជ្ជសាស្ត្រ​ណា​មួយ​ក៏​ដោយ។

ការ​ធ្វើ​តេស្ត​រក​មេរោគ​អេជអាយវី​ដោយ​បង្ខំ​ ត្រូវ​បាន​ចាត់​ទុក​ជា​ទូទៅ​ដោយ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​ ថា​ជា​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស។​ ក្រុម​គាំពារ​សិទ្ធិ​ទាំង​នោះ​អះ​អាង​ថា​ ការ​ធ្វើ​តេស្ត​ឈាម​ដោយ​បង្ខំ​ គឺ​ជា​ការ​រំលោភ​រឿង​ផ្ទាល់​ខ្លួន​ និង​ការ​បង្កើត​ឲ្យ​មាន​ការ​រើស​អើង​ជា​ចំហរ​តែ​ម្តង។​ លោក​ ម៉ាទីន​ វូឌ​ (Martin​ Wood)​ អ្នក​នាំ​ពាក្យ​របស់​អង្គ​ការ​អេជ​អាយវី​របស់​ប្រទេស​អង់គ្លេស​ ឈ្មោះ​ Avert​ ថ្លែង​ថា​ ការ​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​ដោយ​បង្ខំ​នៅ​កេនយ៉ា​មាន​លក្ខណៈ​គួរ​ឲ្យ​ស្ងើច​សរសើរ​ ប៉ុន្តែ​នាំ​ទៅ​រក​ផ្លូវ​ខុស​ទៅ​វិញ​ទេ​ ហើយ​នៅ​ទី​បញ្ចប់​ អាច​ធ្វើ​ឈឺ​ចាប់​ដល់​អ្នក​ជម្ងឺ។

«ប្រសិន​បើ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ជា​ការ​បង្ខំ​ឲ្យ​ពួក​គេ​ធ្វើ​តេស្ត​រក​មេរោគ​អេជអាយវី​ ខណៈ​ពេល​ដែល​ពួក​គេ​ស្វែង​រក​ការ​ព្យាបាល​ខាង​វេជ្ជសាស្ត្រ​ នោះ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មនុស្ស​ពិត​ជា​មិន​ទៅ​ស្វែង​រក​ការ​ព្យាបាល​បែប​នោះ​ឡើយ​ ដោយ​សារ​តែ​ពួក​គេ​បារម្ភ​ចំពោះ​ការ​លាត​ត្រដាង​អំពី​ការ​ផ្ទុក​មេរោគ​អេជអាយវី»។

បញ្ហា​នៃ​ស្នាម​ទុយស៌​ខាង​សង្គម​ អាច​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ផែន​ការ​ធ្វើ​តេស្ត​ឈាម​ នៅ​ប្រទេស​កេនយ៉ា​ ដូច​ដែល​បាន​រាយ​ការណ៍​នោះ​ដែរ។

កាល​ពី​មុនៗ​ ប្រទេស​កេនយ៉ា​បាន​ព្យាយាម​បង្កើន​ការ​ធ្វើ​តេស្ត​រក​មេរោគ​អេជអាយវី​ តាម​រយៈ​កម្ម​វិធី​ផ្តល់​ការ​ប្រឹក្សា​និង​តេស្ត​ឈាម​ ដោយ​ស្ម័គ្រ​ចិត្ត​ ឬ​ហៅ​កាត់​ថា​ VCT។​ មជ្ឈ​មណ្ឌល​ VCT​ ត្រូវ​បាន​បើក​ដំណើរ​ការ​នៅ​ទូ​ទាំងប្រទេសនេះ​ ដើម្បី​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​កេនយ៉ា​នូវ​ទី​តាំង​សុវត្ថិភាព​សម្រាប់​ការ​ធ្វើ​តេស្ត​ឈាម​ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ មាន​ដូច​ជា​ វេជ្ជ​បណ្ឌិត​ ភីតធើ​ ជើរុធិច​ (Peter​ Cherutich)​ នាយក​នៃ​អង្គការ​ Nascop​ បាន​និយាយ​ថា​ គ្រោះថ្នាក់​នៃ​ការ​អាច​ចាត់​ទុក​ថា​ជា​អ្នក​ចូល​ចិត្ត​រួម​ភេទ​ជា​មួយ​ដៃគូ​ច្រើន​ បាន​រា​រាំង​ស្ត្រី​ជា​ច្រើន​មិន​ឲ្យ​ទទួល​យក​សេវា​កម្ម​ទាំង​នោះ​ទេ។

ខណៈ​ដែល​កម្រិត​នៃ​ការ​អប់រំ​នៅ​ក្នុង​ប្រទេស​បាន​កើន​ឡើង​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ លទ្ធផល​តេស្ត​ឈាម​វិជ្ជ​មាន​អាច​គំរាម​កំហែងដល់​ឋានៈ​ក្នុង​សង្គម​ ឬ​ការ​ងារ​របស់​មនុស្ស​ម្នាក់​នោះ​ ប្រសិន​បើ​លទ្ធផល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ។​ ហើយ​បើ​យោង​តាម​ លោក​ អាស៊ុនតា​ វ៉ាហ្គូរ៉ា​ (Asunta​ Wagura)​ នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​ស្ត្រី​កេនយ៉ា​ផ្ទុក​ជម្ងឺ​អេដស៍​ (Kenya​ Network​ of​ Women​ with​ AIDS)​ សហគមន៍​ជាច្រើន​នៅ​កេនយ៉ា​នៅ​តែ​ភ្ជាប់លទ្ធផល​តេស្ត​ឈាម​វិជ្ជ​មាន​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​និង​ការ​យល់​ខុស។

«ឥឡូវ​នេះ​ វា​មិន​អាក្រក់​ដូច​ធ្លាប់​មាន​ពី​មុន​មក​ទេ។​ អ្វីៗ​មាន​ភាព​ប្រសើរ​ឡើង​ហើយ។​ ប៉ុន្តែ​នៅ​ពេល​មនុស្ស​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​អេជអាយវី​ អ្នក​នៅ​ទទួល​បាន​ស្នាម​ទុយស៌​ និង​ការ​រើស​អើង​ខ្លះ​នៅ​ឡើយ។​ ឥឡូវ​នេះ​ ខ្ញុំ​កំពុង​ឆ្ងល់​ថា​នៅ​ពេល​មនុស្ស​ម្នាក់​មក​ព្យាបាល​ជម្ងឺ​គ្រុន​ចាញ់​ ហើយ​អ្នក​នោះ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេ​រោគ​អេជអាយវី​ដែរ​ តើ​យើង​មាន​សមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​ដែរ​ឬ​អត់។​ ករណី​ជា​ច្រើន​អាច​ងាក​ទៅ​រក​ការ​ធ្វើ​អត្តឃាដ​ជា​មិន​ខាន»។

លោក​ វ៉ាហ្គូរ៉ា​ ក៏​បាន​ប្រាប់​វីអូអេ​ដែរ​ថា​ កម្ម​វិធី​នេះ​គួរ​ភ្ជាប់​ជា​មួយ​ការ​ផ្តល់​ការ​ពិគ្រោះ​យោបល់​ក្រោយ​ការ​ធ្វើ​តេស្ត​ឈាមដល់​អ្នក​ដែល​ទទួល​បាន​លទ្ធផល​វិជ្ជ​មាន​សម្រាប់​មេរោគ​ ដែល​បង្ក​ទៅ​ជា​ជម្ងឺ​អេដស៍​ ដែល​គ្មាន​ថ្នាំ​ព្យាបាល​នេះ។​ ប្រធាន​របស់​ KENWA​ អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ផ្តល់​ឱកាស​ច្រើន​ថែម​ទៀត​សម្រាប់​សេវា​ព្យាបាល​ជម្ងឺ​ ដល់​ពលរដ្ឋ​កេនយ៉ា​ ដែល​ផ្ទុក​មេ​រោគ​អេជអាយវី​ និង​ជម្ងឺ​អេដស៍។

ប៉ុន្តែ​ សម្រាប់​ពេល​ឥឡូវ​នេះ​ ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ធ្វើ​តេស្ត​ឈាម​ដោយ​បង្ខំ​នៅ​កេនយ៉ា​ ហាក់​ដូច​ជា​ឆាប់​រហ័ស​ពេក។​ បច្ចុប្បន្ន​ ច្បាប់​របស់​ប្រទេស​នេះ​ហាម​ឃាត់​ការ​អនុវត្តន៍​បែប​នោះ។​ វេជ្ជបណ្ឌិត​ អាន់ឌ្រូ​ ស៊ូឡេះ​ (Andrew​ Suleh)​ ជា​ប្រធាន​សមាគម​វេជ្ជសាស្ត្រ​របស់​កេនយ៉ា​ (Kenya​ Medical​ Association)​ និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​គោល​នយោបាយ​ផ្សេងៗ​សម្រាប់​ Nascop។​ លោក​ ស៊ូឡេះ​ មាន​ប្រសាសន៍​ថា​ ច្បាប់​ស្តី​ពី​ការ​ការ​ពារ​និង​គ្រប់​គ្រង​មេរោគ​អេជអាយវី​និង​ជម្ងឺ​អេដស៍​ របស់​កេនយ៉ា​ (Kenya's​ HIV​ and​ AIDS​ Prevention​ and​ Control​ Act)​ ត្រូវ​តែ​ធ្វើ​វិសោធនកម្ម​ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​ដោយ​បង្ខំ។​ ហើយ​ Nascop​ ប្រហែល​មិន​គ្រាន់​តែ​ពិនិត្យ​មើល​ការ​ធ្វើ​តេស្ត​ដោយ​បង្ខំ​ប៉ុណ្ណោះ​ទេ។

«ប្រសិន​បើ​មាន​នរណា​ម្នាក់​មាន​ជម្ងឺ​គ្រុន​ចាញ់​ ហេតុ​អ្វី​បាន​ជា​អ្នក​បដិសេធ​មិន​ព្រម​ព្យាបាល​ជម្ងឺ​គ្រុន​ចាញ់ ដោយ​សារ​តែ​អ្នក​មិន​បាន​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេជអាយវី។​ គឺ​វា​គ្មាន​ន័យ​ទាល់​តែ​សោះ»។

តែ​ទោះ​យ៉ាង​ណា​ ប្រធាន​រូប​នេះ​ បាន​និយាយ​ថា​ គោល​ដៅ​ដ៏​សំខាន់​បំផុត​សម្រាប់​ប្រទេស​កេនយ៉ា​ គឺ​ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​ឈាម​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន។​ ជាជាង​រង់​ចាំ​ឲ្យ​មនុស្ស​ណា​ម្នាក់ធ្វើ​តេស្ត​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​ធ្លាក់​ខ្លួន​ឈឺ​ Nascop​ សង្ឃឹម​ថា​នឹង​រក​ឃើញ​ការ​ចម្លង​រោគ​ថ្មីឲ្យ​បាន​ភ្លាមៗ​ ដើម្បី​កម្រិត​ការ​រីក​រាល​ដាល​មេរោគ​អេជអាយវី។

លោក​ស៊ូឡេះ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ចំណុច​ចាប់​ផ្តើម​សម្រាប់​វិធី​សាស្ត្រ​ថ្មី​របស់​កេនយ៉ា​ ទំនង​ជា​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ជម្ងឺ​ជ្រើស​រើស​យក​ការ​មិន​ធ្វើ​តេស្ត​ ដែល​នឹង​ត្រូវ​ផ្តល់​ជូន​ក្នុង​ពេល​មាន​ការ​ព្យាបាល​ជម្ងឺ​ធម្មតា។​ ការ​ធ្វើ​តេស្ត​ឈាម​នឹង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ក្លា​ ក្នុង​អំឡុង​ពេល​ព្យាបាល​ជម្ងឺ​គ្រុន​ចាញ់​ និង​ជម្ងឺ​ដទៃ​ទៀត​ ប៉ុន្តែ​នឹង​មិន​មាន​លក្ខណៈ​បង្ខំ​យ៉ាង​តឹង​រ៉ឹង​នោះ​ឡើយ។​ ប៉ុន្តែ​វិធី​សាស្រ្ត​ថ្មី​ណា​មួយ​ត្រូវ​តែ​មាន​ភាព​សម​ស្រប​ជា​មួយ​ច្បាប់​របស់​កេនយ៉ា។​ លោក​ ស៊ូឡេះ​ សម្តែង​នូវ​ការ​សង្ស័យ​ថា​ កិច្ច​ការ​នេះ​នឹង​កើត​ឡើង​បាន​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ខែ​ក្រោយ​នេះ។​ ដរាប​ណា​បញ្ហា​ផ្លូវ​ច្បាប់​ត្រូវ​បាន​ដោះ​ស្រាយ ការ​ប្រយុទ្ធ​នឹង​មេរោគ​អេជ​អាយវី​របស់​កេនយ៉ា​ នឹង​នៅ​តែ​ផ្អែក​លើ​មូល​ដ្ឋាន​ស្ម័គ្រ​ចិត្ត​ជា​ដដែល៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG