សង្រ្គាម និងជម្លោះដែលបានយកជីវិតមនុស្សជាង៣០០.០០០នាក់ ក្នុងរយៈពេលជាងប្រាំឆ្នាំមកហើយ នៅតែបន្តគ្មានឈប់។ អង្គការសហប្រជាជាតិនិយាយថា មានតែដំណោះស្រាយតាមនយោបាយតែមួយគត់ ទើបអាចបញ្ចប់ជម្លោះបង្ហូរឈាមនេះបាន។
អនុបេសកកជនពិសេសប្រចាំប្រទេសស៊ីរី លោក Ramzy Ezzeldin Ramzy មានប្រសាសន៍ថា អង្គការសហប្រជាជាតិប្តេជ្ញាដាច់ខាតនឹងនាំយកភាគីជម្លោះទាំងអស់មកចូលរួមតុប្រជុំចរចា នៅចុងខែនេះ។
«ដើម្បីឲ្យកិច្ចចរចានេះ បានផលមានផ្លែផ្កា ខ្ញុំគិតថា ត្រូវផ្អាកការវាយប្រហារ ត្រូវតែពង្រឹងបន្ថែម ហើយនៅទីនេះ សហរដ្ឋអាមេរិក និងសហព័ន្ធសហភាពសូវៀត ជាសហប្រធានរួមនៅក្នុងកិច្ចពិភាក្សាចំពោះបញ្ហានោះផ្ទាល់។ ប៉ុន្តែស្ថានភាពមនុស្សធម៌ ក៏ត្រូវធ្វើឲ្យប្រសើរឡើងដែរ។ កាលពីខែកន្លងទៅ មិនសូវមានផលសម្រេចអ្វីច្រើនឡើយ ដោយសារការកើនឡើងនៃសកម្មភាពយោធា»។
អង្គការសហប្រជាជាតិបានសង្ឃឹមថា នឹងផ្តល់ជំនួយមនុស្សធម៌ ទៅឲ្យប្រជាជន១,២លាននាក់ដែលត្រូវជាប់ឃាំង និងនៅតំបន់ពិបាកទៅដល់ ដែលទទួលរងផលប៉ះពាល់ពីជម្លោះនៅក្នុងខែកក្កដា។ ប៉ុន្តែ លោក Jan Egeland ទីប្រឹក្សាជាន់ខ្ពស់របស់បេសកកជនពិសេសប្រចាំស៊ីរី បាននិយាយថា ជំនួយមនុស្សធម៌បានទៅដល់ប្រជាជនតែ៤០ភាគរយប៉ុណ្ណោះ។
«វាពិតជាគួរឲ្យឈឺចាប់ខ្លាំងណាស់ សម្រាប់អ្នកធ្វើការផ្នែកមនុស្សធម៌ដែលបានត្រៀមសម្ភារៈផ្គត់ផ្គង់ ជាមួយនឹងឡានដឹកទំនិញ ជាមួយអ្នកស្ម័គ្រចិត្តប្រឈមនឹងគ្រោះថ្នាក់ជាច្រើននៅតំបន់ផ្សេងៗ នៅពេលដែលយើងត្រូវបានរារាំងមិនឲ្យទៅដល់ ៦០ភាគរយនៃមនុស្ស១,២លាននាក់ ដែលយើងបានសង្ឃឹមថា នឹងទៅជួប»។
អង្គការសហប្រជាជាតិ បានពិពណ៌នាស្ថានភាពនៅក្នុងទីក្រុង Aleppo ថា ជាការខាតបង់ដ៏ធ្ងន់ធ្ងរ។ ប្រជាជនស៊ីវិលជាង៣០០.០០០នាក់ បានកាត់ផ្តាច់ពីជំនួយស្បៀងអាហារ និងជំនួយផ្សេងៗទៀត ក្នុងរយៈពេលបីសប្តាហ៍កន្លងទៅនេះ នៅខណៈពេលដែលកងទ័ពរដ្ឋាភិបាលប្រទេសស៊ីរី បានរឹតបន្តឹងកម្លាំងរបស់ពួកគេនៅភាគខាងកើតក្រុង ដែលកាន់កាប់ដោយក្រុមឧទ្ទាម។
អង្គការសហប្រជាជាតិ បានអំពាវនាវដដែលៗ ក្នុងការសុំផ្អាកជម្លោះ៤៨ម៉ោង ដើម្បីឲ្យជំនួយមនុស្សធម៌បានទៅដល់ប្រជាពលរដ្ឋដែលជាប់ក្នុងការឡោមព័ទ្ធ។ លោក Jan Egeland បាននិយាយថា សកម្មភាពផ្នែកការទូតកំពុងបន្តដំណើរការយ៉ាងខ្លាំងក្លា ដើម្បីឲ្យប្រតិបត្តិការមនុស្សធម៌នេះអនុវត្តទៅបាន។
លោកមានប្រសាសន៍ថា ភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ បានត្រៀមរួចជាស្រេច ដើម្បីចេញទៅកាន់ទីក្រុង Aleppo ភ្លាម នៅពេលណាការផ្អាកប្រយុទ្ធបានអនុម័ត។ លោកបាននិយាយថា វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការធ្វើដូច្នេះ គឺត្រូវបង្កើតផ្លូវមួយមានច្រកពីរ។ ច្រកមួយគឺឲ្យមនុស្សចេញពីទីក្រុង Aleppo ដោយស្ម័គ្រចិត្ត និងច្រកមួយទៀត គឺឲ្យជំនួយចូលទៅទីក្រុងដែលត្រូវរងការឡោមព័ទ្ធនេះ។
ប្រែសម្រួលដោយ សើ សាយ្យាណា