ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរបស់លោកគ្រាន់តែការពារសន្តិសុខរបស់ខ្លួនប៉ុណ្ណោះ នៅពេលដែលយន្តហោះចម្បាំងរបស់តួកគី បានបាញ់ទម្លាក់យន្តហោះមួយរបស់រុស្ស៊ី។ លោក Erdogan និយាយថា លោកមិនចង់ឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រទេសរុស្ស៊ីនោះទេ។
ថ្លែងនៅឯពិធីមួយក្នុងក្រុងអ៊ីស្តង់ប៊ុល (Istanbul) លោក Erdogan និយាយថា យន្តហោះនោះបានធ្លាក់នៅក្នុងប្រទេសស៊ីរី ប៉ុន្តែវាស្ថិតនៅក្នុងដែនអាកាសរបស់តួកគីនៅឡើយទេ នៅពេលដែលយន្តហោះនោះត្រូវបានបាញ់កាលពីថ្ងៃអង្គារនោះ។
មន្ត្រីតួកគីផ្សេងទៀតបាននិយាយថា យន្តហោះនោះបានឆ្លងចូលព្រំដែនតួកគីរហូតដល់ទៅ២គីឡូម៉ែត្រអស់រយៈពេលប្រមាណ១៧វិនាទី ហើយកងកម្លាំងតួកគីបានព្រមានយន្តហោះនោះ ចំនួន១០ដង ប៉ុន្តែការព្រមានទាំងនោះមិនត្រូវបានអើពើឡើយ ដូច្នេះហើយ ពួកគេក៏បានបាញ់ទម្លាក់យន្តហោះតែម្តងទៅ។
ក៏ប៉ុន្តែ ប្រទេសរុស្ស៊ីបានទទូចថា យន្តហោះនោះមិនបានចេញពីដែនអាកាសស៊ីរីនោះទេ។
មន្ត្រីអាមេរិកម្នាក់បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters ដោយស្នើសុំមិនបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិកជឿថា យន្តហោះនោះបានហោះចូលដែនអាកាសស៊ីរីវិញ មុនពេលត្រូវបានបាញ់។ ចំណែកឯក្រុមអ្នកកាទូតដែលបានថ្លែងប្រាប់កាសែត The New York Times និយាយថា យន្តហោះនោះ បានឆ្លងដែនត្រឡប់ចូលទៅប្រទេសស៊ីរីវិញ ក្រោយពីយន្តហោះ ត្រូវបានគេបាញ់ចំ។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បាននិយាយនៅថ្ងៃពុធនេះថា៖ «ការកើនឡើងនូវភាពតានតឹងដ៏គ្រោះថ្នាក់» ក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិងក្រុមសម្ព័ន្ធមិត្តណាតូ មិនអាចលើកលែងឲ្យបានទេ សូម្បីតែក្នុងករណីការពារព្រំដែនក៏ដោយ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានហៅឧបទ្ទវហេតុនោះថាជា «ការចាក់ពីក្រោយខ្នង» ហើយបានចោទប្រកាន់ប្រទេសតួកគី ថាបានគាំទ្រក្រុមភេរវករ។
ប្រទេសរុស្ស៊ីបានប្រកាសតបតវិញ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយនៅថ្ងៃពុធនេះថាក្រុមយោធារុស្ស៊ីនឹងបញ្ជូនប្រព័ន្ធម៉ីស៊ីល S-400 ដ៏ទំនើបរបស់ខ្លួនទៅកាន់ខេត្ត Latakia របស់ប្រទេសស៊ីរី ដែលជាប់ព្រំដែនជាមួយតួកគី៕