ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​វិធានការ​​មាន​ប្រសិទ្ធភាព​លើ​អាជីវកម្ម​ខ្សាច់


រូបឯកសារ៖ កប៉ាល់​យក្ស​ពីរគ្រឿង​ កំពុង​ចត​ទល់​មុខ​ឃុំព្រែកខ្សាច់ ខេត្ត​កោះកុង ដែល​គេ​សង្ស័យ​ថា ដឹក​ខ្សាច់​ស៊ីលីកា នាំចេញ​ទៅ​ក្រៅ​ប្រទេស។ (Photo by Mother Nature Cambodia)
រូបឯកសារ៖ កប៉ាល់​យក្ស​ពីរគ្រឿង​ កំពុង​ចត​ទល់​មុខ​ឃុំព្រែកខ្សាច់ ខេត្ត​កោះកុង ដែល​គេ​សង្ស័យ​ថា ដឹក​ខ្សាច់​ស៊ីលីកា នាំចេញ​ទៅ​ក្រៅ​ប្រទេស។ (Photo by Mother Nature Cambodia)

សកម្មជន​បរិស្ថាន​មួយ​ចំនួន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ និង​ក្រសួង​ពាក់ព័ន្ធ​ពង្រឹង​ការអនុវត្ត​ការចាត់​វិធានការ​បន្ថែម​ឱ្យ​មាន​ប្រសិទ្ធភាព​លើ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ ខណៈ​ពួកគេ​ថា បញ្ហាពី​ការធ្វើ​អាជីវកម្ម​នេះ​នៅ​តែ​បន្ត​កើត​មាន។

ការលើក​ឡើង​របស់​ក្រុម​សកម្មជន​ទាំង​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​រដ្ឋាភិបាល​ចេញ​សេចក្តី​សម្រេច​ស្តី​ពី​ការកំណត់​គោល​ការណ៍​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​ធន​ធាន​ខ្សាច់​កាល​ពី​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០២៤​នេះ។

ក្នុង​សេចក្តី​សម្រច​ដែល​មាន​៩ប្រការ​នោះ​ រដ្ឋាភិបាល​បាន​ប្រគល់​ភារកិច្ច​ទៅ​ក្រសួង​រ៉ែ និង​ថាមពល ជា​អ្នក​ចេញ​អាជ្ញាបណ្ណ​ និង​ទទួល​ខុស​ត្រូវ​លើ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​គ្រប់​ប្រភេទ​នៅ​កម្ពុជា ដោយ​គិត​ចាប់​ពី​ពេល​ដាក់​ពាក្យ​ស្នើ​សុំ​រហូត​ដល់​ការ​ចេញ​អាជ្ញា​បណ្ណ​ ហើយ​រាល់​អាជ្ញា​បណ្ណ​ទាំង​អស់​ ក្រសួង​រ៉ែ​ និង​ថាមពល​ត្រូវ​ចម្លង​ជូន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។

ប្រធាន​កម្មវិ​ធី​បណ្តាញ និង​តស៊ូ​មតិ​នៃ​អង្គ​ការ​ភាព​ជា​ដៃគូ​ដើម្បី​បរិស្ថាន​ និង​ការ​អភិវឌ្ឍ​ លោក សាន់ ម៉ាឡា ប្រាប់​វីអូអេ​ថ្ងៃ​សុក្រ​នេះ​ថា លោកសាទរ​ចំពោះ​ការ​ចេញ​សេចក្តី​សម្រេច​នេះ​ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​គួរតែផ្សព្វផ្សាយ​ព័ត៌មាន​បន្ថែម​ដល់​សាធារណជន​ឱ្យ​បាន​យល់​ដឹង​ទូលំ​ទូលាយ​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​រាល់​អំពើ​ពុករលួយ​ដែល​កើត​មាន​ឡើង។

លោក​ថ្លែងថា​៖ «កន្លង​មក​មាន​រឿង​ចម្រូង​ចម្រាស់​ច្រើន​ទាក់ទង​ទៅ​នឹង​ការបូម​ខ្សាច់​ ដោយ​ហេតុ​ថា ក្រុម​អ្នក​ការងារ​លើ​វិស័យ​បរិស្ថាន​បាន​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​ពី​ការ​រត់​ពន្ធ​ខ្សាច់​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បរទេស​ ជា​ហេតុ​ធ្វើ​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពលសម្រេច​ផ្អាក​អាជីវកម្ម​នេះ​មួយ​រយៈ​ធំ។ ពិសេស​ក៏​បាន​ហាម​ឃាត់​ការនាំ​ចេញ​ខ្សាច់​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ផង​ដែរ»។

លោក​បន្ត​៖ «យើង​ក៏​ឃើញ​ផង​ដែរ​ថា ប្រជាជន​ដែល​រស់នៅ​ក្បែរ​ទីតាំង​បូម​ខ្សាច់​ហ្នឹង ​គាត់​តែងតែ​មិន​សប្បាយ​ចិត្ត​ ដោយ​សារ​ការបូម​ខ្សាច់​កន្លង​មក​បាន​ធ្វើ​ឱ្យ​បាក់​ច្រាំង​ បាក់​ផ្លូវ​ថ្នល់​ ផ្ទះ​របស់​ប្រជា​ពលរដ្ឋបាក់​ស្រុត​ចូល​ក្នុង​ទន្លេ​ជា​ដើម»។

ទោះ​ជា​យ៉ាង​ណា​លោក​សង្ឃឹម​ថា ការ​កំណត់​គោលការណ៍​គ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​ខ្សាច់​នេះ​ នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ ក៏​ដូច​ជា​ប្រមូល​ប្រយោជន៍​ជូន​ដ្ឋ ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជា​ពលរដ្ឋ និង​បរិស្ថាន។

កញ្ញា មាន លីសា យុវជន​ចលនា​មាតា​ធម្មជាតិ​លើក​ឡើង​ថា ប្រសិន​បើ​ចង់​ប្រជាពលរដ្ឋ​ជឿ​ថា​សេចក្ដី​សម្រច​នេះ​ពិត​ជា​បាន​គិត​គូរ​ដល់​ពលរដ្ឋ បរិស្ថាន និង​ប្រយោជន៍​ជាតិ​ នោះ​ការ​អនុវត្តត្រូវ​តែ​មាន​ប្រសិទ្ធភាព​ពិតប្រាកដ។

កញ្ញា មាន លីសា ថ្លែង​ថា៖ «ដូច​ខ្ញុំ​ឃើញ​នៅ​ក្នុង​ប្រការ​ទី៦ បាន​បញ្ជាក់​ថា ​ពលរដ្ឋ​នៅ​ពេល​ដែល​ឃើញ​ការ​បូម​ខ្សាច់​អនាធិបតេយ្យ គាត់​អាច​ផ្ដល់​ដំណឹង​ដល់​ចែក​ចាយ​ព័ត៌មាន​ជា​បន្ទាន់​ទៅ​ក្រសួង​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​។ ក៏​ប៉ុន្ដែ​វា​ជា​ការពិត​នៅ​ពេល​ដែល​ការអនុវត្ត​ហ្នឹង​ ថា​តើ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​ចែក​ព័ត៌មាន​ហ្នឹង​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ​ ឬក៏​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ហើយ​ តើ​មាន​ចំណាត់​ការ​ពិត​ប្រាកដ​ឬ​ក៏​អត់»។

រូបឯកសារ៖ កាណូត​ដឹកខ្សាច់​មួយ​កំពុង​ធ្វើដំណើរ​លើ​ទន្លេ​មេគង្គ នៅ​ជាយ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។
រូបឯកសារ៖ កាណូត​ដឹកខ្សាច់​មួយ​កំពុង​ធ្វើដំណើរ​លើ​ទន្លេ​មេគង្គ នៅ​ជាយ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។

យុវជន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ​បន្ថែម​ថា ចំពោះ​ការ​ផ្ដល់​អាជ្ញាបណ្ណ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ ក្រសួង​គួរ​តែ​បង្ហាញ​ពី​ការស្រាវជ្រាវ​នៃ​អាជីវកម្ម​នោះ​ជា​សាធារណៈ ​ដើម្បី​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ថា ​អាជីវកម្ម​ណា​ដែល​មាន​អាជ្ញាបណ្ណ​ត្រឹម​ត្រូវ និង​អាជីវកម្ម​ណា​ដែល​កំពុង​ធ្វើ​សកម្មភាព​ខុស​ច្បាប់។ កញ្ញា​បន្ត​ថា ​ការ​បង្ហាញ​ព័ត៌មាន​ដល់​ពលរដ្ឋ​ពី​អាជីវកម្ម​ធនធាន​ខ្សាច់​នេះ​ក៏ ដើម្បី​ឱ្យ​ពលរដ្ឋ​យល់​ដឹង​ពី​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​តំបន់​ណា​ខ្លះ​ដែល​ផ្ដល់​ផល​ប៉ះពាល់ និង​តំបន់​ណា​ដែល​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​សង្គមជាតិ​។

ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ លោក ហេង គឹមហុង ប្រាប់​វីអូអេ​ថា លោក​សាទរ​ចំពោះ​ការ​ចេញ​សេចក្ដី​សម្រេច​គ្រប់​គ្រង​អាជីវកម្ម​ខ្សាច់ តែ​លោក​ថា ប្រសិន​បើ​មិន​មាន​ការ​គ្រប់​គ្រង​ច្បាស់​លាស់​នោះ​ទេ វា​អាច​បង្ក​ឱ្យ​មានបញ្ហា​បាក់​ច្រាំង និង​ប៉ះពាល់​បរិស្ថាន​ដូចជា​ខូច​ដល់​ផ្ទៃ​ទន្លេ ប្រព័ន្ធ​អេកូឡូស៊ី​ទន្លេ បឹង សមុទ្រ​ជាដើម។ លោក​បន្ថែម​ថា ការ​គ្រប់​គ្រង​អាជីវកម្ម​ខ្សាច់​មិន​ច្បាស់​លាស់​ ក៏​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ខាត​បង់​ចំណូល​ផ្នែក​ពន្ធដា។

លោក ហេង គឹមហុង ថ្លែង​ថា៖ «ប៉ុន្ដែ​យ៉ាងណាមិញ​ត្រូវ​ពង្រឹង​គុណភាព​បន្ថែម​ទៀត​ដែល​កុំ​ឱ្យ​មាន​ភាព​ស៊ុំ​គ្រលំ ​ឬ​ក៏​ទំនាក់​ទំនង​ផល​ប្រយោជន៍​បុគ្គល​ ជាពិសេស​នៅ​មូលដ្ឋាន។ កន្លែង​ខ្លះ​យើង​ឃើញ​ថា​ អាជ្ញាធរ​មូលដ្ឋាន​ក៏​ពាក់ព័ន្ធ​ជាមួយ​ការ​មើលថែ ថែទាំ​ទៅ​ដល់​សកម្មភាព​ខុស​ច្បាប់​មួយ​ចំនួន​ដែរ។ ​បើសិន​ជា​មាន​សកម្មភាព​ដូច្នេះ​ មិន​ត្រូវ​លើក​លែង​ហើយ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ដោយ​ខាន​ពុំ​បាន​នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​គិតគូរ​ហើយ​ពិចារណា​ឱ្យ​បានខ្លាំង​មែនទែន»។

ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​រូបនេះ យល់​ថា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​មាន​ភារកិច្ច​ពិនិត្យ​មើល​ទៅលើ​សកម្មភាព​ឬ​ទប់ស្កាត់​អាជីវកម្ម​ខ្សាច់ខុស​ច្បាប់ និង​រាយការណ៍​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ស្ទើរតែ​រៀងរាល់​ឆ្នាំ គេ​តែង​ឃើញ​មាន​ការផ្សព្វ​ផ្សាយ​តាម​សារព័ត៌មាន​អំពី​ការ​បាក់ច្រាំង​ទន្លេ​ដែល​បណ្តាល​មក​ពី​ការបូម​ខ្សាច់។ ករណី​បាក់​ច្រាំង​ខ្លះ​ធ្វើ​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​រាប់​សិប​ខ្នង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ និង​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន តួយ៉ាង​ ករណី​បាក់​ច្រាំង​ទន្លេ​នៅ​ស្រុកស្អាង ខេត្ត​កណ្តាល និងនៅ​បណ្តា​ខេត្ត​ជាប់​ទន្លេ​មួយ​ចំនួន​ទៀត។​

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ប្រាប់​វីអូអេ​ថា រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​សម្រេច​ស្តីពី​ការ​គ្រប់គ្រង​ការធ្វើ​អាជីវកម្ម​ខ្សាច់​នេះ​តាំង​ពី​ឆ្នាំ​២០១៥ មក​ម្ល៉េះ។ លោក​ថា ការ​ចេញ​សេចក្តី​សម្រេច​នា​ពេល​ថ្មីៗ​នេះ គឺ​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​អាជីវកម្ម​ខ្សាច់​ឱ្យ​បាន​ជាក់​លាក់​ជាង​មុន​ ខណៈ​លោក​ថា ក្រុមហ៊ុន​អាជីវកម្ម​មួយ​ចំនួន​មិន​ទាន់​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ដែល​បាន​កំណត់​នៅ​ឡើយ​។

លោក​ថ្លែងថា៖ «​សេចក្តី​សម្រេច​ថ្មី​នេះ គឺ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ជាក់​លាក់​ជាង​មុន​ គោល​បំណង​របស់​រាជ​រដ្ឋាភិបាល​ហ្នឹង​គឺ​គ្រប់​គ្រង​អាជីវកម្ម​ខ្សាច់​ឱ្យ​មាន​ប្រសិទ្ធភាព​ ដោយ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការអភិវឌ្ឍ​ប្រទេស​ផង ហើយ​និង​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ផង»។

វីអូអេ​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក អ៊ឹង​ ឌីប៉ូឡា ​ អ្នក​នាំពាក្យ​ក្រសួង​រ៉ែ ​និង​ថាមពល​បាន​នៅ​ឡើយ​ទេ។

តាម​សេចក្តី​សម្រេច​ស្តី​ពី​ការគ្រប់គ្រង​ និង​ការធ្វើ​អាជីវកម្ម​ធានធន​ខ្សាច់បញ្ជាក់​ថា ក្រសួង​រ៉ែ និង​ថាមពល ត្រូវ​រៀប​ចំ​ឱ្យ​មាន​យន្តការ​ចែក​រំលែក​ព័ត៌មាន​ និង​យន្តការ​ឆ្លើយ​តប​បន្ទាន់​ចំពោះ​ ការ​រក​ឃើញ​ការបូម​ខ្សាច់​អនា​ធិបតេយ្យ​ខុស​ពេល​វេលា​ និង​ខុស​ពី​ការ​កំណត់​ក្នុង​អាជ្ញា​បណ្ណ​ ហើយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​ប្រជា​ពលរដ្ឋ​ ក៏​អាច​រាយការណ៍​អំពី​ការបូម​ខ្សាច់​ អនាធិបតេយ្យ​មក​ក្រសួង​រ៉ែ និង​ថាមពល​គ្រប់​ពេល​វេលា​។

តំបន់​ធន​ធាន​ខ្សាច់​ដែល​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​មាន​ និយាម​ការ​ឱ្យ​បាន​ច្បាស់​លាស់​គឺ​ តំបន់​ដែល​អនុញ្ញាត​ឱ្យ​ធ្វើ​អាជីវកម្ម​ តំបន់​ដែល​តម្រូវ​ឱ្យ​មាន​ការអនុញ្ញាត​តាម​ការស្នើ​សុំ​ពិសេស និង តំបន់​ដែល​ពុំ​អនុញ្ញាត​ឱ្យ​ធ្វើ​អាជីវកម្ម​។ ចំណែក​ក្រសួង​បរិស្ថាន​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រសួងរ៉ែ និង​ថាមពល​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​។

សេចក្តី​សម្រេច​នេះ​ឱ្យ​ដឹង​ទៀត​ថា អាជ្ញា​បណ្ណ​ធ្វើ​អាជីវកម្ម​ខ្សាច់​ ត្រូវ​មាន​សុពលភាព​កំណត់​រយៈ​ពេល​២ (ពីរ)ឆ្នាំ និង​ពុំ​អនុញ្ញាត​ឱ្យ​ចេញ អាជ្ញា​បណ្ណ​បណ្តោះ​អាសន្ន​ ជា​ដាច់​ខាត​។

គួរបញ្ជាក់​ថា តាម​ទិន្នន័យ​ស្តីពី​ការ​នាំចេញ​និង​នាំចូល​របស់​អង្គការ​សហប្រជាជាតិ ​នៅ​ឆ្នាំ ២០២១ កម្ពុជា​ជាប់​លំដាប់​លេខ ១២ ក្នុង​នាម​ជា​ប្រទេស​ដែល​នាំចេញ​ខ្សាច់​ច្រើន​ជាងគេ​នៅ​ក្នុង​ពិភព​លោក។ ក្នុង​ឆ្នាំ​ដដែល​នោះ កម្ពុជា​បាន​នាំ​ចេញ​ខ្សាច់​ជិត​ ៨ សែន​តោន​៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG