ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង​សុំ​ឱ្យ​ប្តូរ​រូបមន្ត​បែងចែក​អសនៈ

  • គង់ សុឋានរិទ្ធ

ទិដ្ឋភាពទូទៅនៃការប្រជុំសភាកម្ពុជា
ភ្នំពេញ៖ គណបក្ស​ក្រៅ​រដ្ឋាភិបាល​និង​អង្គការ​ក្រៅរដ្ឋាភិបាល​ចង់​ឃើញ​ការ​ផ្តាស់​ប្តូរ​រូបមន្ត​គណនា​សំឡេង​ឆ្នោត​សម្រាប់​បែងចែក​អសនៈ​និង​ស្នើ​សុំ​ឲ្យ​បង្កើន​ចំនួន​អសនៈ​ក្នុង​រដ្ឋសភា​សម្រាប់​នីតិ​កាល​លើក​ក្រោយ។​

ការ​ទាមទារ​ដើម្បី​ប្រយោជន៍​បង្កើន​បន្ថែម​ឲ្យ​មាន​គណបក្ស​ចំរុះ​កាន់តែ​ច្រើន​និង​បង្កើន​អ្នកតំណាង​ម្ចាស់​ឆ្នោត​កាន់តែ​ច្រើន​ក្នុង​សភា​ជាន់​ទាប​នេះ។​

ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ​បាន​ប្រើ​របៀប​គណនា​សំឡេង​ឆ្នោត​សម្រាប់​បែងចែក​កៅអី​ក្នុង​រដ្ឋសភា​ចំនួន​ពីរ។​ នោះ​គឺ​របៀប​គណនា​ដែល​ប្រើ​ដោយ​អាជ្ញា​ធរ​បណ្តោះ​អាសន្ន​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ អ៊ុ​ន​តាក់​ នៅ​ឆ្នាំ​១៩៩៣​ និង​រូបមន្ត​ដែល​ធ្វើ​វិសោធនកម្ម​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨​។​

រូបមន្ត​ដែល​បង្កើត​ឡើង​ដោយ​អ៊ុ​ន​តាក់​គឺ​ក្រោយ​ពី​ការ​បែងចែក​អសនៈ​រួច​ សំឡេង​ឆ្នោត​ដែល​នៅ​សល់​របស់​គណបក្ស​ដែល​ទទួល​បាន​អសនៈ​រួច​នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​គណបក្ស​ណា​ដែល​មាន​សំឡេង​គាំទ្រ​នៅ​សល់​ច្រើន​ជាងគេ។​

ដោយឡែក​ការ​បែងចែក​អសនៈ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គជ​ប)​ កំពុង​អនុវត្តន៍​នៅ​ពេល​នេះ​គឺជា​ការ​បែងចែក​អ​សនៈ​តាម​រូបមន្ត​មធ្យមភាគ​ខ្ពស់​បំផុត​គឺជា​រូបមន្ត​ដែល​អនុញ្ញាត​ឲ្យ​ធ្វើការ​គណនា​ការ​បែងចែក​អ​សនៈ​ច្រើន​ដង​ក្នុង​មណ្ឌល​តែ​មួយ​ក្នុង​ករណី​ដែល​ការ​បែងចែក​អ​សនៈ​ជំហាន​ដំបូង​មិន​ដាច់ស្រេច។​

លោក​យ៉ែ​ម​ បុញ្ញឫទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រជែង​អំណាច​មាន​សក្តានុពល​មួយ​ មាន​ប្រសាសន៍​ថា​វា​មានការ​ចាំបាច់​ដែល​កម្ពុជា​គួរតែ​ធ្វើការ​ផ្លាស់​ប្តូរ​រូបមន្ត​គណនា​អសនៈ​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​នឹង​មក​ដល់​ប្រាំ​ឆ្នាំ​ក្រោយមក​ទៀត​នេះ។​

«ចំពោះ​ការ​បែងចែក​រូបមន្ត​ហ្នឹង​ក៏​គួរតែ​គិតគូ​ឡើង​វិញ​ដែរ។​យើង​ចង់​ឲ្យ​តំណាងរាស្ដ្រ​គ្រប់​រូប​ជា​តំណាងរាស្ដ្រ​ពិតប្រាកដ​ពីព្រោះ​បច្ចុប្បន្ន​ជា​តំណាងរាស្ដ្រ​ផង​ ជា​តំណាង​បក្ស​ផង»​។​

មួយវិញ​ទៀត​ លោក​យ៉ែ​ម​ បុញ្ញឫទ្ធិ​ ក៏​យល់​ឃើញ​ដែរ​ថា​គួរតែ​ត្រូវ​បង្កើន​កៅអី​បន្ថែម​សម្រាប់​តំណាងរាស្ដ្រ​អង្គុយ​ដោយសារ​ចំនួន​អ្នកបោះឆ្នោត​ក៏​បាន​កើន​ជា​លំដាប់​ផង​ដែរ។​ មាន​ពលរដ្ឋ​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ ខែកក្កដា​នេះ​សរុប​ជាង​៩,៦​លាន​នាក់។​

លោក​ក្រ​វ៉ា​ញ​ ដា​រ៉​ន​ ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ​យល់​ស្រប​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ​។​

«​យក​តាម​របៀបរបប​អ៊ុ​ន​តាក់​គេ​ធ្វើ​ហ្នឹង​ល្អ​ជាង​ពីព្រោះ​ជា​ឱកាស​របស់​គណបក្ស​ផ្សេងៗ​ទៀត​ជា​ពិសេស​គណបក្ស​តូចៗ​ដែល​មិន​មាន​ចំនួន​គ្រប់​ម៉ា​កៅអី​ ហើយ​គណបក្ស​តូចៗ​ដែល​មាន​បំណង​ចង់​ជួយ​ប្រទេស​ដែរ​គួរតែ​រៀបចំ​រូបមន្ត​ថ្មី​ ហើយ​គួរតែ​បន្ថែម​អសនៈ។​ ឧទាហរណ៍​បើ​៤​ម៉ឺន​សំឡេង​សម្រាប់​មួយ​កៅអី​ យើង​នៅ​សល់​តែ​២​ម៉ឺន​កន្លះ​ឬ​បី​ម៉ឺន​វា​ជា​ការ​ផ្តល់​ឲ្យ​មាន​តំណាងរាស្ដ្រ​កាន់តែ​ច្រើន»​។​

លោក​ក្រវ៉ាញ​ដារ៉ន​យល់​ថាតំណាងរាស្ដ្រ​កាន់តែ​ច្រើន​នឹង​ធ្វើ​ឲ្យ​អ្នកតំណាង​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន។​

លោក​បណ្ឌិត​ហង្ស​ ពុទ្ធា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យា​ក្រិត​និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​(​និក​ហ្វិ​ក​)​ គិត​ថា​គួរ​មាន​ការ​វិល​ត្រឡប់​ទៅ​ជ្រើសរើស​យក​រូបមន្ត​គណនា​សំឡេង​ឆ្នោត​បែប​អ៊ុនតាក់។​

«ខ្ញុំ​គិត​ថា​រូបមន្ត​បច្ចុប្បន្ន​ ទោះបីជា​ប្រទេស​មួយ​ចំនួន​បាន​ប្រើប្រាស់​ ហាក់ដូចជា​មិន​ផ្តល់​អំណោយ​ផល​ដល់​គណបក្ស​តូចតាច​ទេ​ ដោយសារ​តែ​សំណល់​នៃ​រូបមន្ត​បូក​ទៅ​ឲ្យ​គណបក្ស​ដែល​មាន​សំឡេង​ច្រើន​ទៅ​វិញ។​ដូច្នេះ​សំឡេង​តិច​កាន់តែ​បាត់​ទៅ​ហើយ​រឹតតែ​បាត់​ទៅ​ទៀត»។​

លោក​ហង្ស​ ពុទ្ធា​ លើក​ឡើង​ថា​ការ​ផ្តល់​ឱកាស​ដល់​គណបក្ស​កាន់តែ​ច្រើន​ក្នុង​រដ្ឋសភា​នឹង​ជួយ​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ស្ថាប័ន​នេះ។​

ជាមួយ​គ្នា​នេះ​ដែរ​លោក​គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​ថា​ ខុមហ្វ្រែល​ បន្ថែម​ថា​ត្រូវ​តែ​មានការ​បង្កើន​កៅអី​នៅ​ក្នុង​រដ្ឋសភា​បន្ថែម​ទៀត​ដើម្បី​ឲ្យ​មាន​តំណាង​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​នៅ​តាម​មូលដ្ឋាន​និង​ខេត្ត​ដែល​ជា​ប្រការ​ធានា​ដល់​ការ​ត្រួតពិនិត្យ​សកម្មភាព​រដ្ឋាភិបាល​កាន់តែ​មាន​ប្រសិទ្ធភាព។​

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​លោក​ជាម​ យៀ​ប​ តំណាងរាស្ដ្រ​ចាស់វស្សា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ ការ​បង្កើន​អសនៈ​ក្នុង​រដ្ឋសភា​ត្រូវ​គិតគូរ​ឲ្យ​ល្អិតល្អន់​ ជា​ពិសេស​លើ​បញ្ហា​ថវិកា​ដែល​ជា​បញ្ហា​ប្រឈម​របស់​រដ្ឋាភិបាល​ត្រូវ​បង្កើន​ចំណាយ​បន្ថែម។​

ម្យ៉ាងវិញទៀត​លោក​ជាម​ យៀ​ប​ យល់​ថា​ការ​បង្កើន​អ​សនៈ​នេះ​នឹង​ត្រូវ​យក​មក​ពិចារណា​រាល់ពេល​មុន​ចប់​នីតិកាល​របស់​រដ្ឋសភា​ម្តងៗ។​

«មុន​ចប់​អណត្តិ​ សភា​និង​រាជរដ្ឋាភិបាល​ត្រូវ​សហការ​គ្នា​បង្កើត​នូវ​គណៈកម្មការ​ជាតិ​មួយ​ដើម្បី​កំណត់​នូវ​អសនៈ។​ ដូច្នេះ​គណៈកម្មការ​នេះ​ដែល​ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​រឿង​នេះ​បាន​រៀបចំ​ឡើង​ជាង​មួយ​ឆ្នាំ​មុន​ ហើយ​គណៈកម្មការ​បាន​ឯកភាព​គ្នា​ហើយ​ គឺ​អត់​ឡើង​ចុះ​អី​បាន​ទេ​។​ គឺ​នៅ​១២៣​កៅអី​តទៅ​ទៀត​ក្នុង​អាណត្តិ​ទី​៥»។​

ក៏​ប៉ុន្តែ​លោក​គល់​ បញ្ញា​ គិត​ថា​ការ​បង្កើន​ចំនួន​កៅអី​ក្នុង​រដ្ឋសភា​គឺជា​គ​ន្លឹះ​នយោបាយ​មួយ។​

«កន្លង​មក​ការ​មិន​ឲ្យ​កើន​នេះ​ដោយសារ​តែ​ហេតុផល​នយោបាយ​ព្រោះ​ប្រហែលជា​ប្រសិនបើ​ដូរ​ចុះ​ដូរ​ឡើង​វា​អាច​បាត់បង់​អសនៈ​ឬ​បាត់បង់​ឥទ្ធិពល​នយោបាយ។​ តាម​ពិត​ត្រូវ​តែ​បន្ថែម​អណត្តិ​នេះ​ត្រូវ​បន្ថែម​បី​បួន​អសនៈ​ដែរ។​ អណត្តិ​ក្រោយ​ត្រូវ​បន្ថែម​ដាច់ខាត។​ ដូច​ជា​នៅ​កំពង់សោម​ត្រូវ​តែ​មាន​ពីរ​អសនៈ​ទើបត្រូវ។​ ខេត្ត​មួយ​ចំនួន​ប្រជាជន​កើនឡើង​ច្រើន​មែនទែន​ ហើយ​យើង​នៅ​ទុក​អសនៈ​
ដដែល»។​

លោក​ជាម​ យៀ​ប​ ត្រឡប់​មក​បកស្រាយ​វិញ​ថា​រូបមន្ត​គណនា​សំឡេង​ឆ្នោត​សម្រាប់​ធ្វើការ​បែងចែក​អសនៈ​សភា​សព្វថ្ងៃ​មិន​អាចយ​កតាម​គំរូ​រូបមន្ត​បង្កើត​ឡើង​ដោយ​អ៊ុ​នតា​ក់បាន​ទេ។​ មួយវិញ​ទៀត​រូបមន្ត​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​គណបក្ស​ចូល​ប្រកួតប្រជែង​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​ប្រកួត​និង​ពង្រីក​ខ្លួន​ពី​គណបក្ស​តូច​ទៅ​ជា​គណបក្ស​ដែល​មាន​សក្តានុពល។​

លោក​គល់​ បញ្ញា​ ហាក់ដូចជា​យល់​ស្រប​លើ​ទស្សនៈ​នេះ​ខ្លះ​ដែរ​ដោយសារ​លោក​យល់​ថា​ ដោយសារ​តែ​រូបមន្ត​នេះ​ គណបក្ស​ដែល​ចូល​ប្រកួត​ប្រជែង​ត្រូវ​ចៀសវាង​ដាច់ខាត​ការ​បំបែក​ខ្លួន​ដោយសារ​ទំនាស់​ផ្ទៃក្នុង។​ ផ្ទុយ​ទៅ​វិញ​គណបក្ស​ទាំងនោះ​ត្រូវ​ចេះ​ប្រមូលគ្នា​បង្កើត​ជា​គណបក្ស​រឹង​មាំ​តែ​មួយ​ទើប​អាច​ប្រជែង​បាន​អសនៈ​ក្នុង​រដ្ឋសភា​បាន​។​ បន្ថែម​ពី​នេះ​ទៀត​ ដោយសារ​តែ​រូបមន្ត​នេះ​ ធ្វើ​ឲ្យ​ការ​បង្កើត​គណបក្ស​ថ្មីៗ​នឹង​ពិបាក​ទទួល​បាន​អសនៈ​ក្នុង​សភា។​

ទោះជា​មានការលើក​ឡើង​ខាងលើ​នេះ​ក្តី​លោក​ទេព​ នី​ថា​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​ប្រសាសន៍​ថា​ គ.ជ.ប​ មិន​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​អ្វី​ក្រៅពី​តួនាទី​អនុវត្តន៍​រូបមន្ត​ដែល​មាន​ចែង​ក្នុង​ច្បាប់​រួច​ទៅ​ហើយ​នោះ​ទេ។​

«​តាម​ពិត​ទៅ​វា​មាន​ផលប្រយោជន៍​ផ្សេង​គ្នា​ គ្រាន់តែ​ថា​រូបមន្ត​ដែល​យើង​យក​មក​អនុវត្តន៍​នេះ​ យើង​មិន​បង្កើត​ខ្លួន​យើង​ទេ​សុទ្ធតែ​រូបមន្ត​អន្តរជាតិ​ ហើយ​សម្រាប់​បោះ​ឆ្នោត​ប្រជាធិបតេយ្យ​ទាំងអស់។​ដូច្នេះ​ការ​កំណត់​រូបមន្ត​នេះ​គឺ​សភា​អនុម័ត​ច្បាប់​ ហើយ​យើង​គ្រាន់តែ​ធ្វើ​តាម​ទេ»។​

ថ្វីបើ​មាន​ការពិភាក្សា​លើ​រូបមន្ត​នៃ​ការ​បែងចែក​អសនៈ​និង​ការ​បង្កើន​ចំនួន​អសនៈ​ក្នុង​សភា​ជាន់​ទាប​ ប៉ុន្តែ​អ្វី​ដែល​ជាក់ច្បាស់​គឺថា​វា​នឹង​មាន​ផ្តល់​លទ្ធភាព​ណាមួយ​សម្រាប់​ដើរ​ត្រឡប់​ថយក្រោយ​លើ​បញ្ហា​នេះ​នៅ​មុន​ការបោះ​ឆ្នោត​ប្រាំ​ឆ្នាំ​ខាង​មុខ​ទៀត​នេះ​ទេ៕
XS
SM
MD
LG