ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាប័ន​បោះឆ្នោត​ជាតិ​​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ជិត​២សែន​នាក់​សម្រាប់​ឆ្នាំ​២០១៨


រូបឯកសារ៖ មន្ត្រី​ការិយាល័យ​បោះឆ្នោត​កាន់​ដៃ​ក្រុម​ប្រឹក្សា​​សង្កាត់​មួយរូប​ជ្រលក់​ទឹក​ថ្នាំ​បន្ទាប់​ពី​បាន​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ​នៅ​ភ្នំពេញ ​កាល​ពី​ថ្ងៃទី២៥ ​ខែកុម្ភៈ ​ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)
រូបឯកសារ៖ មន្ត្រី​ការិយាល័យ​បោះឆ្នោត​កាន់​ដៃ​ក្រុម​ប្រឹក្សា​​សង្កាត់​មួយរូប​ជ្រលក់​ទឹក​ថ្នាំ​បន្ទាប់​ពី​បាន​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ​នៅ​ភ្នំពេញ ​កាល​ពី​ថ្ងៃទី២៥ ​ខែកុម្ភៈ ​ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)

បន្ទាប់ពី​ដំណើរ​ការ​ពិនិត្យ​ឈ្មោះ​ ​និងចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​បាន​ឈាន​ដល់​ថ្ងៃ​ចុង​ក្រោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​មាន​ពលរដ្ឋ​ចំនួន​ជិត​២សែន​នាក់​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ ​ហើយ​មាន​ពល​រដ្ឋ​ជាង​៤០.០០០នាក់​ផ្សេងទៀត​ត្រូវ​បាន​លុបចេញ​ពី​បញ្ជី។​ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រ​កាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ហៅ​កាត់​ថា​ គ.ជ.ប ដែល​ ​VOA​ ​ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍។

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ ​គ.ជ.ប​ ​ចុះ​ថ្ងៃ​ទី​១៨​ ​ខែ​តុលា​ ​ឆ្នាំ​២០១៨​នេះ​ ​បាន​បញ្ជាក់​ថា​ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះបោះឆ្នោត​ឆ្នាំ​២០១៨។​ ​ដំណើរ​ការ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះឈ្មោះបោះឆ្នោត​ឆ្នាំ​២០១៨​ត្រូវ​ប្រើ​ពេល​១៨ថ្ងៃ។​ ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៧​នេះ​ តួលេខ​នៃ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន១៨៨.៦២៧​នាក់​អ្នក​ដែល​បានលុប​ចេញ​ពី​បញ្ជី​មាន​ចំនួន​៤៥.២៥១នាក់​ ​និង​អ្នក​ដែល​បាន​កែតម្រូវ​ទិន្នន័យ​មាន​ចំនួន​ ​១.៤២៤​នាក់។

គ.ជ.ប.​ ​បាន​ថ្លែង​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា​ ​អ្នក​មក​សុំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ​គឺ​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឃុំ​សង្កាត់​ ​ដែល​មិនទាន់បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ ​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ឃុំ​ ​សង្កាត់​ ​ដែល​ទើប​គ្រប់​អាយុ​ ​១៨ឆ្នាំ​ (កើតមុន​ ឬ​កើត​ត្រឹម​ថ្ងៃ​ទី១​ ខែ​មករា​ ឆ្នាំ​ ​២០០១)​និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ផ្លាស់​លំនៅឋាន​ ​ឬ​ទីសំណាក់​ចូល​ក្នុង​ឃុំ​ សង្កាត់​ថ្មី។​

គ.ជ.ប.​ ​បាន​ឲ្យ​ដឹង​ផង​ដែរ​អំពី​អ្នក​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ ​ដែល​រួមមាន​ ​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ ​ឆ្នាំ​២០១៧​រួច​ហើយ​ ​ប៉ុន្តែ​ឈ្មោះ​ ​ឬ/និង​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​ ​កត់ត្រា​មិន​ត្រឹម​ត្រូវ​ ​ប្រជា​ពល​រដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ ឆ្នាំ​២០១៧​រួចហើយ​ ​ប៉ុន្តែ​ស្នើ​សុំ​ប្តូរ​ការិយាល័យ​ពី​ភូមិ​មួយ​ ​ទៅ​ភូមិ​មួយ​ទៀត​ក្នុង​ឃុំ​ ​សង្កាត់​ដដែល​ ​ឬ​សុំ​ប្ដូរ​ពី​ការិយាល័យ​មួយ​ទៅ​ការិយាល័យ​មួយ​ទៀត​ ​ក្នុង​ភូមិ​តែមួយ​ ​និង​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត​ឆ្នាំ​២០១៧​ ​ដែល​បាន​ទទួល​មរណភាព​ ហើយ​ត្រូវ​បានសមាជិក​គ្រួសារ​រាយការណ៍​ផ្ទាល់​ជូន​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​ (ក.ច.ប)​ ក្នុង​អំឡុង​ពេល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

លោក​ ​កន សាវាង្ស​ ​មន្ត្រី​អង្កេត​ការ​បោះឆ្នោត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ ​(Comfrel)​ ​យល់​ថា​ ​ដំណើរ​ការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​នេះ​ គឺ​មិន​គ្រប់គ្រាន់​សម្រាប់​អ្នក​ដែល​មាន​សិទ្ធិ​ចូល​រួម​បោះឆ្នោត​ទេ ហើយ​ថា​អ្នកបោះឆ្នោត​មួយ​ចំនួន​ហាក់​មិន​អើពើ​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ផង​ដែរ​ដោយសារ​តែ​ស្ថានភាព​នយោបាយ​ល្អក់​កករ​នា​ពេល​បច្ចុប្បន្ន។​

​«បើ​សិន​ជា​ប្រជាពលរដ្ឋ​ ​ចូលរួម​មែន​ទែន​ គឺ​ក្នុង​រយៈពេល​ហ្នឹង​គឺ​វា​អត់​ មែនទែន​ទៅ​អត់​គ្រប់​គ្រាន់​ទេ​ ​បើ​សិន​ជា​តាម​ចំនួន​ហ្នឹង​ ក៏ប៉ុន្តែ​យើង​ដឹង​ហើយ​ថា​ ​ស្ថានភាព​ហ្នឹង​អ្វី​ដែល​យើង​ទទួល​បាន​ ​ពេល​ខ្លះ​ប្រជាពលរដ្ឋ​ហាក់​ដូច​ជា​ លោក​អស់​អារម្មណ៍​បាទ​ ​អស់​អារម្មណ៍​ជា​មួយ​នឹងការចូលរួម​នយោបាយ​ហ្នឹង​ ​ភាគ​ច្រើន​គឺលោក​អស់​អារម្មណ៍​តែ​ម្តង។​ ​អ៊ីចឹង​ទៅ​ ​លោក​ដូច​ជាអត់​សូវ​ខ្វាយខ្វល់​ទេ​ មែនទែន​ទៅ​នៅ​តាម​មូលដ្ឋាន​ដូច​អត់​សូវ​ខ្វាយខ្វល់​ទេ»។​

មន្ត្រី​អង្កេត​ការ​បោះឆ្នោត​រូប​នេះ​ ​មិនបាន​បញ្ជាក់​អំពី​ស្ថានការណ៍​នយោបាយ​ ​ដែល​អាប់អួ​នោះ​ទេ​ ​តែ​អ្វី​ដែល​លោកលើកឡើង​នោះ​ ​ត្រូវ​អ្នក​សង្កេតការណ៍​ផ្សេង​ទៀត​អះអាង​ថា​ ទំនង​ជា​សំដៅ​ដល់​ស្ថានភាព​នៃ​ការ​បោះឆ្នោត​មួយ​ដែល​គ្មាន​ការ​ចូល​រួម​របស់​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ និង​ការ​គំរាម​របស់​សហភាព​អឺរ៉ុប​ ដែល​ព្រមាន​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា​ដែល​នាំចូល​ទៅ​ទី​ផ្សារ​សហភាព​អឺរ៉ុប​ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​ដុន​ដាប​ នៃ​ដំណើរ​ការ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​និង​ការ​រំលោភ​សិទ្ធិមនុស្ស​ជាដើម។​

ក្រៅ​តែ​ពី​ការ​លើកឡើង​អំពី​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា​នោះ​ លោក​ កន សាវាង្ស​ ក៏បាន​បញ្ជាក់​ជា​ថ្មី​ថា​ កម្ពុជា​គួរ​បើក​ឲ្យ​មាន​ការ​ចុះឈ្មោះ​ពលករ​ចំណាក​ស្រុក​ដែល​មាន​ចំនួន​ជិត​២​លាន​នាក់ តាមរយៈ​ការ​បង្កើត​ការិយាល័យ​ចុះឈ្មោះ​នៅ​តាម​ស្ថានកុងស៊ុល ឬក៏​ប្រើ​វិធីសាស្ត្រ​ណា​ផ្សេង​ទៀត​ ដូច​ដែល​ប្រទេស​ក្នុង​តំបន់​បាន​ធ្វើ។​

លោក​មាន​ប្រសាស​ន៍ថា៖​

«យើង​មើល​បទពិសោធន៍​ប្រទេស​មួយ​ចំនួន​នែ! សូម្បី​ប្រទេស​តែ​ប្រទេស​នៅ​ក្នុង​ភូមា​ហ្នឹង​ ក៏​អ៊ីចឹង​ ហើយ​ប្រទេស​ម៉ាឡេស៊ី​ហ្នឹង​អ៊ីចឹង​ដែរ​ គេ​អត់​មាន​បច្ចេកទេស​ទំនើប​ដូច​យើង​សម្រាប់​ថា​ ចុះ​ឈ្មោះ​តាម​បែប​កុំព្យូទ័រ​ផង​!​ គេ​ប្រើ​ប្រាស់​តែ​ postal [ប៉ុស្តិ៍​ប្រៃសណីយ៍]​ប៉ុន្តែ​គេ​អាច​ធ្វើការ​ចុះឈ្មោះ​នៅ​ខាង​ក្រៅ​ប្រទេស​បាន​ ជាពិសេស​ដូច​ម៉ាឡេ​ហ្នឹង​ យើង​បាន​សិក្សា​រៀន​សូត្រ​ហ្នឹង​គឺថា​ ប្រទេស​ម៉ាឡេ​ហ្នឹងគឺ​ អាច​ចុះ​ឈ្មោះ​ខាង​ក្រៅ​តាមរយៈ​ posterតាមរយៈ​ឯកសារ​ផ្សេងៗ​ មិនមែន​ជា​ការ​ចុះ​តាម​បែប​កុំព្យូទ័រ​ គេ​ហៅ​លក្ខណៈ បែប​ biometric ​ដូច​យើង​ផង​ ក៏ប៉ុន្តែ​គេ​អាច​ធ្វើ​បាន​តាមរយៈ​កុងស៊ុល​ តាមរយៈ​ស្ថានទូត​នៅ​ខាង​ក្រៅ»។

លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប.)​ ​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​ធ្វើ​ដូចនេះ​ ​គឺ​មិនទាន់​អាច​ធ្វើ​បាន​ឡើយ​នៅ​កម្ពុជា​ ​បើ​ពិនិត្យ​ទៅ​លើ​ទិដ្ឋភាព​ច្បាប់។

«​មិន​អាច​ធ្វើ​បាន​ដដែល​ដោយសារ​ទិដ្ឋភាព​ច្បាប់​ ព្រោះ​គ.ជ.ប.​ ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​ ច្បាប់​ចែង​ឲ្យ​ រៀបចំ​ការិយាល័យ​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​ បាទ​អ៊ីចឹង​ នៅ​ជាយ​ដែន​ ឬ​ក៏​នៅ​ស្ថាន​ទូត​ មិនមែន​ជា​ឃុំ​សង្កាត់​បាទ អ៊ីចឹង​ មិន​អាច​អនុវត្ត​បាន​ទេ»។

ការ​ចុះឈ្មោះ​បញ្ជី​អ្នក​បោះឆ្នោត​ថ្មី​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​នេះ​ បាន​ធ្វើឡើង​ បន្ទាប់ពី​ប្រ​ទេស​នេះ​ ​បាន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ ​ដែល​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​ប្រទេស​នៅ​បស្ចិម​លោក​ ​និង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ឯទៀត​ថា​ ជា​ការ​បោះឆ្នោត​ដែល​ខ្វះ​ភាព​ស្រប​ច្បាប់​ ​ដោយ​សា​រ​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ប្រ​ទេស​កម្ពុជា​រំលាយ​ចោល​ទៅតាម​សំណើ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ។

ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​ ​បាន​ចោទ​ថា​ ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ កន្លង​ទៅ​នោះ​ ​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ។​ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិអ្នកស្រី​រ៉ូណា ស្មីត​ ​(Rhona Smith)​ ​ក៏​បាន​លើកឡើង​ច្បាស់ៗ​ផង​ដែរ​ថា​ ​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ​គឺ​ការ​បោះឆ្នោត​ក្លែង​ក្លាយ​ ​ដោយ​សារ​តែ​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​មួយ​ ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG