ទីក្រុងយេរូសាឡឹម៖ ចលាចលនយោបាយយ៉ាងខ្លាំងនៅក្នុងប្រទេសអេហ្ស៊ីប និងប្រទេសអារ៉ាប់ផ្សេងៗទៀតបានធ្វើឲ្យមានអស្ថេរភាពនៅក្នុងតំបន់ដែលគម្រាមកំហែងកិច្ចខិតខំប្រឹងប្រែងស្តារការចរចាសន្តិភាពឡើងវិញរវាងប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ក៏ប៉ុន្តែ មន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសដែលគាំទ្រការចរចាសន្តិភាពកំពុងជម្រុញឲ្យបន្តការចរចានោះឡើងវិញដោយនិយាយថាការចរចានោះមានសារៈសំខាន់ដល់ស្ថេរភាពនិងសន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ា។
សក្តានុពលសម្រាប់ការផ្លាស់ប្តូរស្ថានការណ៍សន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យមានភាពអាប់អួរដល់សេចក្តីសង្ឃឹមនៃការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន យ៉ាងហោចណាស់រហូតដល់ការបះបោរក្នុងប្រទេសអេហ្ស៊ីបនិងរដ្ឋាភិបាលនាថ្ងៃអនាគតក្នុងទីក្រុងឡឺគែ អាចទាយទុកមុនបាន។
ថ្លែងកាលពីពេលថ្មីៗនេះនៅមុខសភា នាយករដ្ឋមន្រ្តី Benjamin Netanyahu បាននិយាយថា ក្នុងប្រវត្តិសាស្រ្តកាលពីពេលថ្មីៗនេះ ក្នុងតំបន់មជ្ឈិមបូព៌ា ពួកជ្រុលនិយមអ៊ីស្លាម បានឆ្លៀតឱកាសពីការផ្លាស់ប្តូរបរិយាកាសនយោបាយដ៍ឆាប់រហ័ស ដើម្បីត្រួតត្រាហើយនឹងបង្កើតរបបប្រឆាំងលទ្ធិប្រជាធិបតេយ្យ។
លោក Netanyahu បានប្រាប់សភាថាពួកជ្រុលនិយមអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ង់ពួក Hezbollah ក្នុងប្រទេសលីបង់ ហើយនឹងក្រុមប៉ាឡេស្ទីនហាម៉ាសក្នុងតំបន់ Gaza Strip បានចូលរួមក្នុងការបោះឆ្នោតដើម្បីពង្រឹងអំណាច។ លោកនិយាយទៀតថា អ៊ីស្រាអែលត្រូវតែធ្វើឲ្យប្រាកដថាបញ្ហានេះ មិនកើតឡើងម្តងទៀតទេ។
អ៊ីស្រាអែលមានការព្រួយកង្វល់ជាពិសេសអំពីគណបក្ស Muslim Brotherhood នៃប្រទេសអេហ្ស៊ីប។ នៅខណៈពេលដែល គណៈបក្សនោះត្រូវបានហាមឃាត់ជាផ្លូវការ ហើយមិនបញ្ចេញសកម្មភាពខ្លាំងពេកក្នុងការប្រឆាំងតវ៉ានាពេលបច្ចុប្បន្ន គណៈបក្សនេះត្រូវគេចាត់ទុកជាគណៈបក្សប្រឆាំងដែលមានការរៀបចំដ៍ល្អជាងគេនៅក្នុងប្រទេសអេហ្ស៊ីប។ ពួកបាតុករក្នុងទីក្រុងឡឺគែ បានផ្តោតកំហឹងរបស់ខ្លួនលើប្រធានាធិបតីHosni Mubarak ក៏ប៉ុន្តែ ពួកអ្នកវិភាគអ៊ីស្រាអែលខ្លះ បារម្ភថា កំហឹងដ៍ខ្លាំងនោះ នៅថ្ងៃណាមួយអាចតម្រង់ទៅរកប្រទេសអ៊ីស្រាអែល។
លោក Mark Heller ជាអ្នកស្រាវជ្រាវនៅវិជ្ជាស្ថានការសិក្សាសន្តិសុខជាតិក្នុងទីក្រុងតែល អាវីវ (Tel Aviv)។
«មានការព្រួយកង្វល់ថាអរិភាពចំពោះរបបនោះ នឹងត្រូវភ្ជាប់គ្នាជាមួយអរិភាពឆ្ពោះទៅកាន់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកហើយថាការដួលរលំដោយការផ្លាស់ប្តូររបបនយោបាយ នឹងក្លាយជានយោបាយគគ្លើន អរិភាពនិងសកម្មប្រយុទ្ធកាន់តែខ្លាំងឡើងដល់អ៊ីស្រាអែល។ នេះជាការបារម្ភមួយ»។
ការចរចាសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដែលចាប់ផ្តើមក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីខែកញ្ញាឆ្នាំទៅ បានទទួលបរាជ័យភ្លាមៗដោយសារអ៊ីស្រាអែលសម្រេចចិត្តមិនបន្តការផ្អាកជាបណ្តោះអាសន្នលើការសាងសង់ទីលំនៅរបស់អំបូជាតិជ្វីវក្នុងទីក្រុង Jerusalem ភាគខាងកើតនិងតំបន់ WestBank។
ប៉ាឡេស្ទីន បានបដិសេធពុំវិលត្រឡប់ទៅកាន់ការចរចាដោយគ្មានការផ្អាកការតាំងទីលំនៅ។
នៅខណៈពេលដែលមានភាពមិនប្រាកដប្រជានៅខាងមុខ លោក Mahdi AbdulHadi អ្នកវិភាគនយោបាយប៉ាឡេស្ទីន និយាយថាពួកមន្រ្តីអ៊ីស្រាអែល ចាំបាច់យល់ថាការបះបោររបស់អារ៉ាប់ អាចផ្លាស់ប្តូរការសន្មត់ជាមុនមានយូរមកហើយអំពីដំណើរការសន្តិភាពនេះ។
«សង្គមអ៊ីស្រាអែល សព្វថ្ងៃនេះ ពួកគេកំពុងរស់នៅភពមួយផ្សេងទៀត។ ពួកគេ មិនមើលឃើញការផ្លាស់ប្តូរទេ។ ពួកគេមិនមើលឃើញខ្យល់ទេ។ ពួកគេ មិនយល់ពីសន្ទុះនៅតាមផ្លូវទេ។ អ្វីដែលពួកគេបារម្ភគឺសន្តិសុខរបស់ខ្លួនគេ។ ចំពោះយើង ជាជនជាតិប៉ាឡេស្ទីន យើងបានមើលឃើញរឿងនេះជាព្រិត្តិការណ៍ប្រវត្តិសាស្រ្តមួយ»។
បញ្ហាមួយដែលជនជាតិប៉ាឡេស្ទីននិងអ៊ីស្រាអែលជាច្រើនមានការព្រួយកង្វល់ គឺការមិនអាចទស្សន៍ទាយបាននៃរដ្ឋាភិបាលថ្មីមួយ ប្រសិនបើការផ្លាស់ប្តូរកើតឡើងឆាប់រហ័សពេកនោះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន