ទីក្រុងម៉ាឌ្រីដ៖ ជនជាតិអេហ្ស៊ីបដែលចេញទៅធ្វើការនៅក្រៅប្រទេស តាមដានស្ថានការណ៍នៅប្រទេសរបស់ខ្លួនយ៉ាងអន្ទះសារ តាមរយៈវីដេអូស្តីអំពីភាពវឹកវរដែលកំពុងកើតមាននៅតាមផ្លូវនានាក្នុងទីក្រុងឡឺគែរ ដោយចង់ដឹងថា តើអ្វីដែលកំពុងកើតឡើងនោះ មានន័យយ៉ាងណាចំពោះអនាគតរបស់ពួកគេ ហើយថាតើពួកគេនឹងអាចវិលត្រឡប់ទៅមាតុភូមិរបស់ខ្លួនបានដែរឬទេ។
ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋអេហ្ស៊ីប ជាច្រើនបានចាកចេញពីប្រទេសកំណើតរបស់ខ្លួន ដើម្បីស្វែងរកការងារ និងជីវភាពប្រសើរឡើងនៅឯក្រៅប្រទេស។ ដោយឡែកប្រជាពលរដ្ឋអេហ្ស៊ីបដែលកំពុងរស់នៅក្នុងប្រទេសអេស្ប៉ាញ បានប្រមូលផ្តុំគ្នានៅស្ថានទូតអេហ្ស៊ីប ដើម្បីធ្វើការតវ៉ាដូចញាតិសន្តានរបស់ខ្លួនដែលកំពុងធ្វើនៅក្នុងប្រទេសដែរ។
ព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងសប្តាហ៍កន្លងទៅនេះ ជាការលំបាកនឹងមើលសម្រាប់ប្រជាពលរដ្ឋអេហ្ស៊ីបដែលរស់នៅឯក្រៅប្រទេស។ អ្នកខ្លះចង់វិលត្រឡប់ទៅទីក្រុងឡឺគែរវិញភ្លាមដើម្បីចូលរួមធ្វើបាតុកម្ម។ បេសល រ៉ាមស៊ីស (Basel Ramsis) ដែលទើបតែទិញសំបុត្រយន្តហោះ ដើម្បីធ្វើដំណើរទៅទីក្រុងឡឺគែរ ថ្លែងថា៖
«វាជាប្រទេសរបស់ខ្ញុំ និងជាប្រជាពលរដ្ឋរបស់ខ្ញុំ។ ខ្ញុំគិតថា ពលរដ្ឋអេហ្ស៊ីបណាក៏ដោយ ដែលមានទំនាក់ទំនងពិតប្រាកដជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួននោះនឹងមានអារម្មណ៍ក្តុកក្តួលណាស់ ដែលខ្លួនឋិតនៅឯក្រៅប្រទេស។ នោះជាមូលហេតុដែលខ្ញុំទៅទីក្រុងឡឺគែរវិញ»។
ប្រជាពលរដ្ឋអេហ្ស៊ីបភាគច្រើននៅទីក្រុងម៉ាឌ្រីដនេះ និយាយថា ពួកគេមានអារម្មណ៍រំភើបចំពោះអនាគតរដ្ឋាភិបាលថ្មីនៅឯមាតុភូមិរបស់ខ្លួន។ ពួកគេជាច្រើនបានចាកចេញពីប្រទេសអេហ្ស៊ីប ដោយសារតែនៅក្រោមការដឹកនាំរបស់លោកមូបារ៉ាក់ ពួកគេគ្មានឱកាស គ្មានការងារ និងគ្មានប្រាក់កាសដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ។
ហ៊ូសេន អាប់ដែល ការ៉េម (Hussein Abdel-Karem) ជាជនអេហ្ស៊ីបម្នាក់ទៀតដែលកំពុងមើលវីដេអូនៃសកម្មភាពបាតុកម្ម។ លោកថ្លែងថា៖
«រហូតមកដល់ពេលនេះ ខ្ញុំបានមកនៅប្រទេសអេស្ប៉ាញនេះ១០ខែហើយ។ ខ្ញុំកំពុងសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅសាលាអេស្ប៉ាញមួយ។ ខ្ញុំកំពុងសិក្សាយកបរិញាប័ត្រជាន់ខ្ពស់ផ្នែករដ្ឋបាលពាណិជ្ជកម្ម។ ខ្ញុំអាយុ៣១ឆ្នាំហើយ។ ខ្ញុំបានរស់នៅប្រទេសអេហ្ស៊ីបអស់មួយជីវិតខ្ញុំហើយ»។
ហ៊ូសេន បានពណ៌នាអំពីអារម្មណ៍របស់លោក នៅពេលដែលលោកមើលវីដេអូដែលជនរួមជាតិរបស់លោកធ្វើបាតុកម្ម។ លោកបន្តថា៖
«ខ្ញុំមានចិត្តសប្បាយរីករាយណាស់។ នេះជាពេលវេលា និងជាឱកាសតែមួយគត់ ដែលប្រជាពលរដ្ឋអេហ្ស៊ីប អាចស្តារសកម្មភាពវីរភាព និងទឹកចិត្តល្អរបស់ពួកគេឡើងវិញ។ ពួកគេត្រូវបានជិះជាន់អស់រយៈពេល៣០ឆ្នាំហើយ»។
នូរេឌីន អេសាវី (Noureddin Essawi) បានចេញពីទីក្រុងឡឺគែរ ទៅរស់នៅប្រទេសអេស្ប៉ាញ កាលពី៦ឆ្នាំមុន។ លោកបានប្រៀបធៀបជីវិតរបស់លោកនៅទីនេះ ទៅនឹងជីដូនមួយម្នាក់របស់លោកនៅអេហ្ស៊ីបថា លោកមានគូដណ្តឹង មានការងារល្អ និងមានការថែទាំសុខភាពឥតគិតថ្លៃ រីឯជីដូនមួយរបស់លោកនៅអេហ្ស៊ីបវិញមិនមានអ្វីទាំងនេះទេ។ លោកនិយាយថា៖
«ជីដូនមួយខ្ញុំនោះ នឹងគ្មានអនាគតរីករាយទេ គាត់គ្មានផ្ទះ គ្មានអ្វីៗទាល់តែសោះ។ ឧទាហរណ៍ នៅប្រទេសអេស្ប៉ាញនេះ ខ្ញុំមានឱកាសធ្វើការងារ។ ខ្ញុំមានឱសថព្យាបាល។ ខែក្រោយនេះ ខ្ញុំនឹងរៀបការ។ ខ្ញុំជួលផ្ទះនៅដោយខ្លួនឯង ខ្ញុំមានការងារធ្វើ។ នៅទីនេះ សម្រាប់មនុស្សសាមញ្ញម្នាក់ ខ្ញុំអាចមានអ្វីដែលខ្ញុំត្រូវការ»។
អ្នកស្រីម៉ាហា អាហ្សាម (Maha Azzam) ជាអ្នកសិក្សាស្រាវជ្រាវអំពីមជ្ឈិមបូព៌ាប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវ ឆាថាម ហោស (Chatham House) នៅទីក្រុងឡុងដ៍ និងជាជនជាតិអេហ្ស៊ីបម្នាក់ដែលធ្វើការនៅក្រៅប្រទេស។ អ្នកស្រី អាហ្សាម មានប្រសាសន៍ថា មិនថាគេរស់នៅក្រៅប្រទេសយូរប៉ុណ្ណានោះទេ ពួកគេមិនអាចផ្តាច់ទំនាក់ទំនងជាមួយប្រទេសរបស់ពួកគេបានឡើយ។ អ្នកស្រីបន្តថា៖
«ចំណងទាក់ទង គឺខ្លាំងណាស់ ហើយខ្ញុំគិតថា ចំណងទាក់ទងនោះ នឹងបើកទ្វារទទួលពលរដ្ឋអេហ្ស៊ីបគ្រប់រូប ដែលចង់វិលត្រឡប់ទៅមាតុភូមិវិញ បើមិនមែនក្នុងពេលឆាប់ៗនេះ គឺក្នុងពេលណាមួយដែលស្ថានការណ៍នយោបាយអំណោយផល»។
ប្រជាពលរដ្ឋអេហ្ស៊ីបដែលធ្វើការនៅក្រៅប្រទេសជាច្រើនសង្ឃឹមថា ស្ថានការណ៍អំណោយផលនោះអាចនឹងកើតមានក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់