ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​អេហ្ស៊ីប​ប្រារព្ធ​​ពិធី​អបអរ​បចេ្ចក​វិទ្យា​សម័យ​ទំនើប​និង​វិទ្យាសាស្ត្រ​អ៊ីស្លាម


លោក វ៉េល ហ្គោនីម (Wael Ghonim) សកម្មជន​អេហ្ស៊ីប​
លោក វ៉េល ហ្គោនីម (Wael Ghonim) សកម្មជន​អេហ្ស៊ីប​

ការតាំង​ពិព័រណ៌​ស្តីពី​របក​គំហើញ​ខាង​វិទ្យាសាស្ត្រ​នៅ​ក្នុង​ពិភព​អ៊ីស្លាម​ បាន​បើក​ហើយ​នៅ​ទី​ក្រុង​ឡូស​អាន់​ជឺ​ឡេស ​ហើយ​សកម្មជន​នាំ​មុខ​គេ​មួយ​រូបជាតិ​អេហ្ស៊ីប​ បាន​ឈប់សំចត​ដើម្បីទស្សនា។ ដោយ​បាន​ដាក់​ចំណង​ជើង​ថា គំនិតច្នៃប្រឌិត​១០០១ ការតាំង​ពិព័រណ៌​នេះ កត់​ត្រា​ហេតុ​ការណ៍​ក្នុង​យុគ​សម័យ​មាស (Golden Age) ស្តីពី​វិទ្យា​សាស្ត្រ​នៅ​ក្នុង​ពិភព​អ៊ីស្លាម ចាប់​តាំង​ពី​សតវត្សរ៍​ទី​៧រហូត​ដល់​ទី​១៧។

លោក វ៉េល ហ្គោនីម (Wael Ghonim) សកម្មជន​អេហ្ស៊ីប​ ដែល​បាន​ប្រើ​បណ្តាញសង្គម​អ៊ីន​ធឺណិត ដើម្បី​ជួយ​ជំរុញ​ឲ្យ​មាន​បដិវត្តន៍ បាន​និយាយ​ថា បច្ចេក​វិទ្យាមាន​តួនាទី​សំខាន់នៅ​ក្នុង​ផ្នែក​មួយ​របស់​ពិភព​លោក នា​ពេល​បច្ចុប្បន្ន​នេះ។

ប្រព័ន្ធ​លេខ​នពន្ធ​របស់​លោក​ខាងលិចបាន​រីក​ដុះដាល​តាម​រយៈ​គណិត​វិទូរបស់​មូស្លីម​ ដែល​ជា​ការរួម​ចំណែក​មួយ​របស់ពិភព​អ៊ីស្លាម​ក្នុង​យុគ​សម័យ​កណ្តាល ដែល​អារ្យធម៌​មួយ​នេះបាន​លាត​សន្ធឹង​ចាប់​ពី​ប្រទេស​អេស្ប៉ាញ​ រហូត​ដល់​ប្រទេស​ចិន។

លោកវ៉េល ហ្គោនីម នាយក​ប្រតិបត្តិ​បច្ចេក​វិទ្យា​ជាន់​ខ្ពស់​របស់​អេហ្ស៊ីប ដែល​បច្ចុប្បន្ន​សុំ​ច្បាប់ឈប់​សម្រាក​ពី​ក្រុម​ហ៊ុន​ហ្គូហ្គល (Google) បាន​ឈប់​សំចត​ដើម្បីធ្វើ​ទស្សនកិច្ច នៅ​ឯ​មជ្ឈមណ្ឌល​វិទ្យា​សាស្រ្តរដ្ឋ​កាលីហ្វ័រញ៉ា (California Science Center)។

លោក ស្ថិត​នៅ​សហរដ្ឋ​អាមេរិកដើម្បី​ទទួល​ពាន​រង្វាន់ ជំនួស​ឲ្យ​ប្រជាពលរដ្ឋ​អេហ្ស៊ីប​ទាំង​អស់។ លោក​ ហ្គោនីម បាន​ជួយ​ផ្តួចផ្តើមធ្វើបដិវត្តន៍​ដែល​បាន​ផ្តួល​រំលំ​លោក​ប្រធានាធិបតី ហូស្នី​ ម៉ូបារ៉ាក់ (Hosni Mubarak) បន្ទាប់​ពី​រយៈ​ពេល​១៨​ថ្ងៃនៃ​ការតវ៉ា​ កាលពី​ដើម​ឆ្នាំ​នេះ។

«ជា​ទូទៅ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ និង​អ៊ីន​ធឺ​ណិត បច្ចេក​វិទ្យា មាន​សារៈសំខាន់​យ៉ាង​ខ្លាំងក្នុង​ការជំរុញ​ឲ្យ​មាន​បដិវត្តន៍​នៅ​អេហ្ស៊ីប​ ហើយ​ប្រការ​នោះ​បង្ហាញ​ថា ​អ្នក​ពិត​ជា​អាច​ប្រើ​បច្ចេក​វិទ្យា​សម្រាប់​ក្រុម​មនុស្ស​ដែល​ចង់​ធ្វើ​កិច្ចការ​អ្វី​មួយ ដែលតាម​ទ្រឹស្តីហាក់​ដូច​ជា​មិនអាចទៅ​រួច​ទេ ​កាល​ពី​អតីតកាល»។

លោក​ហ្គោនីម និយាយ​ថា បច្ចេកវិទ្យា​ថ្មី​មាន​ភាព​សម​ស្រប​ជាមួយ​អេហ្ស៊ីប​ ដែលការប្រាស្រ័យគ្នាពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀតមាន​សារៈ​សំខាន់។ លោក​ថ្លែង​ថា ​ការផ្លាស់​ប្តូរ​យោបល់​គ្នា​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត មាន​ដូច​ជា Facebook បាន​ក្លាយ​ជា​ឧបករណ៍​នយោបាយសម្រាប់​ពលរដ្ឋ​អេហ្ស៊ីប​វ័យ​ក្មេង។

«ពួក​គេ​បាន​ប្រើ​ប្រាស់​បណ្តាញ​នោះ​ជា​មធ្យោបាយ​ក្នុង​ការបញ្ចេញ​មតិ​របស់​ខ្លួន​ និង​ជា​មធ្យោបាយដើម្បី​សហការនិង​រៀប​ចំ​ខ្លួន មាន​ដូច​ជា​ការបដិសេធ​ចំពោះ​ភាព​អយុត្តិធម៌​ អំពើ​ទារុណកម្ម​ និង​អំពើ​ពុក​រលួយ​ជា​ដើម»។

ការតាំង​ពិព័រណ៌​មជ្ឈមណ្ឌល​វិទ្យា​សាស្ត្រ​ ដែល​បាន​ដាក់​តាំង​បង្ហាញកាល​ពី​មុនៗ ​នៅ​ទី​ក្រុង​ឡុងដ៍ ​អ៊ីស្តាន​ប៊ូល​ និង​ញូវយ៉ក ពន្យល់​ពី​ភាព​ជឿន​លឿន​ខាង​វិទ្យា​សាស្ត្រ​នៅ​ក្នុង​ពិភព​អ៊ីស្លាម​ លើវិស័យ​មួយ​ចំនួន​ដូច​ជា​ថ្នាំ​ពេទ្យ​ ដែល​ក្រុមវេជ្ជ​បណ្ឌិត​កំពុង​ប្រើប្រាស់​ឧបករណ៍​វះកាត់​បែប​សម័យ​ទំនើប​ កាល​ពី​១​ពាន់​ឆ្នាំ​មុន។ ក្រុម​អ្នក​ទេសចរណ៍​រៀន​សូត្រ​អំពី​ក្រុម​អ្នក​ច្នៃ​ប្រឌិត​ ដូច​ជា​លោក​ អាបាស់ អ៊ីប៊នហ្វើណាស់ (Abbas Ibn Firnas) ដែល​បាន​បង្កើតឧបករណ៍​ជិះ​បង្ហោះ កាល​ពី​សតវត្សរ៍​ទី​៩។

មាន​ការកសាង​កំពូល​ប៉ម​នាឡិកា​ក្នុង​សតវត្សរ៍​ទី​១៣ ដោយ​មាន​ក្បាច់​ចម្លាក់​ផុសចេញ​ពី​ផ្នែក​ផ្សេងៗ​គ្នា​ក្នុងពិភព​អ៊ីស្លាម​ មាន​ដូច​ជា​សត្វ​ដំរី​របស់​ឥណ្ឌា បក្សី​ហ្វូនីក​របស់​អេហ្ស៊ីប​ និង​នាគ​របស់​ចិន។ កំពូល​ប៉ម​នោះ​បាន​ក្លាយ​ទៅ​ជា​គំរូ​មុន​គេ ដែល​បង្កើត​ឡើង​ដោយ​អ្នក​ច្នៃប្រឌិត​ អាល់ ចាហ្សារី (al-Jazari) ។​ មាន​គំរូ​មួយស្តី​ពីកប៉ាល់របស់ លោក ហ្សេង ហេ (Zheng He) ឧត្តម​នាវី​ឯក​និង​អ្នកស្រាវជ្រាវ​ជនជាតិ​ចិន​កាន់​សាសនា​អ៊ីស្លាមក្នុង​សតវត្សរ៌​ទី​១៥។

លោក​គ្រូ ម៉ូរីស ខូល (Maurice Coles) បង្កើត​កម្មវិធី​បង្រៀន​នៅ​តាម​សាលា ស្តីពី​អំឡុង​ពេល​នោះ ​ដែល​លោក​ពិពណ៌នា​ថា​ជា​យុគ​សម័យ​សកល​លោក​លើក​ដំបូង។

«អ្នកមានមនុស្ស​មក​ពី​គ្រប់​ជំនឿ គ្រប់​សាវតា និង​ស្ទើរ​តែ​គ្រប់​វប្បធម៌និង​ពណ៌​សម្បុរ ធ្វើកិច្ចការ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​រួម​មួយ។ ហើយ​ដូច្នេះ​ នៅ​ពេល​ដែល​អ្នកដើរ​ទស្សនា​ការតាំង​ពិព័រណ៌​នេះ អ្នក​នឹង​មើល​ឃើញ​ក្រុម​អ្នក​កាន់​សាសនា​គ្រឹស្ត​ អ្នក​ប្រហែល​ជា​នឹង​មើល​ឃើញ​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម មាន​ក្រុមអ្នក​កាន់​សាសនា​ហ៊ីន​ឌូ ​មាន​ក្រុម​មួយ​ដែល​គេ​ហៅ​ថា​ជា សាប៊ៀន​ដែល​លែង​មាន​ទៀត​ហើយ ហើយ​ពួក​គេ​រួម​រស់​នៅជាមួយ​គ្នាយ៉ាង​សុខ​ដុម​រមនា​ ​ជាយូរ​មក​ហើយ»។

ក្រុម​អ្នក​រៀបចំ​បង្កើត​រូប​ឡើង​វិញ​ធ្វើឲ្យ​ ​អ្នកបង្កើត ​ស្នាដៃ​ថ្មី​ទាំង​នោះ​មាន​ជីវិតឡើង​វិញ ហើយ​ពន្យល់​ពី​ការបង្កើត​ថ្មី​របស់​ពួកគេ។ ការ​ដាក់​តាំង​បង្ហាញ​ដែល​មាន​ទំនាក់​ទំនង​គ្នា ស្តែង​ឲ្យ​ឃើញ​ពី​ភាព​ជឿន​លឿន​ខាង​វិស័យសិល្បៈ​ និង​ស្ថាបត្យកម្ម។

លោក ដាយ៉ានី ភើឡូ (Diane Perlov) នៃ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​រដ្ឋ​កាលីហ្វ័រញ៉ា (California Science Center) ថ្លែង​ថា​ការរីកដុះដាល​នេះ បាន​កើត​ឡើង ​តាំង​ពី​មុន​ពេល​អឺរ៉ុប​រីកចម្រើន។

«វា​ពិត​ជា​ការរីក​លូត​លាស់​ខាង​សិល្បៈនិង​វិទ្យាសាស្ត្រ​នៅ​ចំ​យុគ​សម័យ​កណ្តាល​ ដែល​ទ្វីប​អឺរ៉ុប​ស្ថិត​ក្នុង​ដំណាក់​កាល​មួយ ដែល​មនុស្ស​ភាគ​ច្រើនចាត់​ទុក​ថា​ជា យុគ​សម័យ​ងងឹត»។

នៅ​ក្នុង​ការតវ៉ា​នៅ​ទីលាន​តាហៀរ (Tahir) កាលពី​ពេល​ថ្មី​នេះ ជនជាតិ​អេហ្ស៊ីបបាន​ប្រកាន់​យកវិធីសាស្ត្រ​ប្រើប្រាស់បណ្តាញទំនាក់​ទំនងសង្គមតាម​អ៊ីនធឺណិតនិង​ទូរស័ព្ទ​ចល័ត ដែល​មានកាម៉េរ៉ា​ឌីជីថល។លោកវ៉េល ហ្គោនីម មាន​ប្រសាសន៍ទៀត​ថា៖

«នៅ​ក្នុង​ពិភព​មួយ​ដែល​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ស្អិត​រមួត​ ដែល​បច្ចេកវិទ្យា​កំពុង​បំពេញ​គម្លាត​ទាំង​អស់​នោះ យើង​ត្រូវ​តែ​យល់​ថា យើង​ទាំង​អស់​គ្នា​គឺ​ដូចៗ​គ្នា​ ហើយ​យើង​មាន​អ្វី​ច្រើន​ដែល​ដូច​គ្នា ច្រើន​ជាង​អ្វី​ដែល​យើង​មាន​ភាព​ខុស​ប្លែក​គ្នា។ ហើយ​នោះ​គឺ​ជា​ពេលវេលា​ដែល​យើង​ត្រូវតែ​ដឹង​រឿង​រ៉ាវ​នោះ។ មនុស្ស​គ្រប់​រូប​មាន​តួនាទី​របស់​ខ្លួននៅ​ក្នុង​ពិភព​លោក​នេះ ដើម្បី​ឲ្យ​មនុស្ស​គ្រប់​រូប​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា»។

ហើយ​បើ​ទោះ​ជា​បច្ចេក​វិទ្យា​មិន​បានបោះ​ជំហាន​ចូល​ក្នុង​យុគសម័យ​មាស​ថ្មី​មួយក៏​ដោយ ​លោក​ហ្គោនីម និយាយ​ថា បច្ចេកវិទ្យា​នឹង​ជួយ​ឲ្យ​ពិភព​លោក​កាន់​តែ​ប្រសើរ​ឡើង​ជា​លំដាប់៕

ប្រែសម្រួល​ដោយ លី សុខឃាង

XS
SM
MD
LG