ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេហ៊្សីប​ចរចា​អំពី​ប្រាក់​កម្ចី​ចំនួន​៤,៨​ពាន់​លាន​ដុល្លារ​ជាមួយ​IMF


ជំនួប​រវាងប្រធាន​មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ​ ជាមួយ​ប្រធានាធិបតី​អេហ្ស៊ីប
ជំនួប​រវាងប្រធាន​មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ​ ជាមួយ​ប្រធានាធិបតី​អេហ្ស៊ីប

ប្រាក់​កម្ចី​របស់​​មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ​(International Monetary Fund) អាច​ជួយបន្ទាប​តម្លៃ​​​​ប្រាក់​កម្ចី​របស់​​អេហ្ស៊ីប ដោយ​កាត់​បន្ថយ​​បន្ទុក​នៃភាព​ខ្វះ​​ខាត​​ថវិកាដែល​​កំពុង​បន្ត។

ដោយ Edward Yeranian
ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា
ប្រធាន​មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ​(International Monetary Fund) លោកស្រី គ្រីស្ទីន ឡាហ្គាដ(Christine Lagarde) បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​ប្រធានាធិបតី​អេហ្ស៊ីប លោក មូហាមេដ ម៉ស៊ី(Mohamed Morsi) នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ចាប់ផ្តើម​ការ​ចរចា​ស្តី​ពី​ប្រាក់​កម្ចី​ចំនួន​៤,៨​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ចរបស់​ប្រទេស​អេហ្ស៊ីប​ បន្ទាប់ពី​មាន​ភាព​ចលាចលខាង​នយោបាយ​ជា​ច្រើន​ខែ​មក​។
នាយករដ្ឋមន្ត្រី​អេហ្ស៊ីប លោក ហ៊ីស្សាម គ្វាន់ឌីល​(Hisham Qandil) បាន​ប្រាប់ ក្រុមអ្នក​សារព័ត៌មាន​ថា ​ប្រាក់​កម្ចី​របស់មូលនិធិ​រូបីយវត្ថុ​អន្តរជាតិ​(International Monetary Fund) អាច​ជួយបន្ទាប​តម្លៃប្រាក់​កម្ចី​របស់អេហ្ស៊ីប ដោយ​កាត់​បន្ថយបន្ទុក​នៃភាព​ខ្វះខាតថវិកាដែលកំពុង​បន្ត។
«​លក្ខខណ្ឌ​ក្នុង​ការខ្ចីប្រាក់​ ​កាន់តែ​មាន​ការ​ប្រាក់​ទាប​ខ្លាំង​ជាង​មុន​ ហើយ​វា​នឹង​ផ្តល់​ប្រយោជន៍​ផ្ទាល់​ដល់​ការ​កាត់បន្ថយ​ឱនភាព​ថវិកា ​តាម​រយៈការ​កាត់​បន្ថយ​ចំណាយ​លើ​ការ​ខ្ចី​សម្រាប់​ប្រទេស​នេះ។»
លោកស្រី​ប្រធាន​ IMF គ្រីស្ទីន ឡាហ្គាដ បាន​ជួប​ជាមួយ​ប្រធានាធិបតី​ ​អេហ្ស៊ីប លោក មូហាមេដ ម៉ស៊ី លោក គ្វាន់ឌីល ​និងក្រុមមន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​ដើម្បី​ពិភាក្សា​គ្នា​អំពី​កញ្ចប់​ថវិកា​សារពើពន្ធ​នេះ។ ប្រាក់កម្ចី​ចំនួន​២,៨​ពាន់​លាន​ដុល្លារ ​មិន​អាចសម្រេច​បានទេ ​កាល​ពី​ឆ្នាំ​មុន​បន្ទាប់​ពី​មាន​ជម្លោះនយោបាយ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក។
លោក មូមតាហ្ស អេល​សេដ(Momtaz el-Said) រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​អេហ្ស៊ីប បាន​ប្រាប់​សារព័ត៌មាន​អារ៉ាប់​ថា ​ប្រាក់​កម្ចី​នេះ​មាន​ភាពចាំបាច់​ដើម្បី​បំពេញ​ចន្លោះ​ថវិកា​ប្រចាំឆ្នាំ​របស់​ប្រទេស​នេះ ដែល​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​ខាង​វិស័យ​ទេសចរណ៍​និង​ការ​វិនិយោគ​ពី​បរទេស។ សារពើពន្ធ​ប្រចាំ​ឆ្នាំ​របស់​អេហ្ស៊ីប ​បាន​ចាប់ផ្តើម​កាល​ពី​ខែ​កក្កដា ​ហើយភាព​ខ្វះខាតថវិកា​យ៉ាងធំធេង​ ​កំពុងតែ​លេច​ជារូប​រាង​មក​ហើយ។
លោកស្រី ឡាហ្គាដ បាន​ប្រាប់ក្រុមអ្នក​សារ​ពត៌មាន​ថា​ ប្រាក់​កម្ចី​ដែល​អេហ្ស៊ីប​បាន​ស្នើ​ឡើង នឹង​ប្រើ​ប្រាស់ដើម្បី​ធ្វើ​ឱ្យ​ប្រសើរឡើងនូវសុខភាព​ទូទៅ​របស់​សេដ្ជកិច្ច​ប្រទេស​នេះ និង​ជា​ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ​របស់​ខ្លួន។
«​គោលបំណង​នេះ​ សំដៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថិរភាព ស្តារ​ទំនុកចិត្ត​ឡើង​វិញ ទាក់​ទង​នឹង​ការលើក​ទឹកចិត្ត​ក្រុម​អ្នក​វិនិយោគឱ្យ​មក​វិនិយោគ​និង​បង្កើត​ការងារ​ដើម្បី​កាត់​បន្ថយ​បន្ទុកនៃ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​យ៉ាង​ខ្ពស់ផ្នែកហិរញ្ញវត្ថុ។ វា​ជា​ការ​ច្បាស់​ណាស់​ថា គោលបំណង​នេះ​នឹង​តម្រូវ​ឱ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត និង​ភាពក្លាហាន​ខាងនយោបាយ។ វា​នឹង​មាន​សារសំខាន់ក្នុងរយៈពេលខ្លីខាងហិរញ្ញវត្ថុ និងការ​តាំងចិត្ត​ពី​រយៈពេល​មធ្យម​ទៅរយៈ​ពេល​វែង​របស់​ខ្លួន។ វា​មាន​ទិដ្ឋភាព​សារពើពន្ធ។ វា​មាន​ទិដ្ឋភាព​រូបីយវត្ថុ ហើយ​វា​មាន​ទិដ្ឋភាព​កំណែ​ទម្រង់តាម​បែបប្រព័ន្ធ​ទៀត​ផង។»
លោកស្រី ឡាហ្គាដ បាន​ចាត់​ទុក​ដំណើរការ​នៃ​ការអនុម័តយល់ព្រម​លើ​ប្រាក់​កម្ចីនេះ ថា​ជា«​មាគ៌ា​»មួយ​ ដែល​ IMF កំពុងតែ​បង្កើត​ភាព​ជា​ដៃ​គូ​ជាមួយអេហ្ស៊ីប។ លោកស្រី​ បាន​បន្ថែម​ថា នៅ​ពេល​មាន​ការ​ព្រម​ព្រៀងគ្នា រូបីយវត្ថុទាំងនេះ​ ​នឹង​ត្រូវ​បាន​បញ្ចេញទៅ​តាមតួលេខ​នៃ​ការ​សងប្រាក់។
លោក ខាត់តា អាប៊ូឌាប(KhattarAbouDiab) ដែល​បង្រៀនមុខ​វិជ្ជាវិទ្យាសាស្ត្រនយោបាយ​ នៅ​ឯ​សាកលវិទ្យាល័យ​បារីស(​University of Paris) មាន​ប្រសាសន៍​ថា វា​ទំនងជា​ថា ​លោក ម៉ស៊ី នឹង​ជំរុញ​ទៅ​មុខ​ទាក់​ទង​នឹងកិច្ច​ព្រម​ព្រៀង​នេះ។
លោក ​ថ្លែង​ថា គណបក្ស​ភាតរភាព​ឥស្លាម​(Muslim Brotherhood) របស់​លោក​ម៉ស៊ី បាន​គាំទ្រ​ទស្សន​សេដ្ឋកិច្ច​សេរី​បែប​បស្ចិម​ប្រទេស។ ដូច្នេះ​វា​មិន​ទំនង​ទេ​ដែលថា ​ប្រាក់​កម្ចី​នេះ​នឹង​ត្រូវ​បាន​ជំទាស់​ទេ ដរាប​ណា​លក្ខខណ្ឌទាំងនោះ​ មាន​ភាព​សមរម្យ។
​លោក អូម៉ា អាសហ៊ួរ(Omar Ashour) ដែល​ជាអ្នក​វិភាគ និង​ប្រធាន​កម្មវិធី​មជ្ឈិមបូព៌ា​របស់​សាកលវិទ្យាល័យ​អេចសឺធឺ(University of Exeter) នៃ​ចក្រភព​អង់គ្លេស និយាយ​ថា ​លោក​ម៉ស៊ី​ ​អន្ទះសា​ចង់​បាន​ប្រាក់​កម្ចី​នេះ​ណាស់ ដោយសារ​តែ​លោក «ត្រូវបំពេញតាមអ្វី​ដែលលោកបាន​សន្យា​ផ្នែក​សេដ្ឋកិច្ច»។ នៅ​ទី​បំផុត លោក អាសហ៊ួរ និយាយ​ថា «​លោកត្រូវ​តែ​គោរព​តាម​ពាក្យ​សន្យា​ទាំង​នោះ​ ដើម្បី​ទទួល​បាន​ការ​បោះ​ឆ្នោតជ្រើស​រើស​សារ​ជា​ថ្មី»៕
XS
SM
MD
LG