ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការអប់រំ​របស់​កូន​អ្នក​គង្វាល​​សត្វ​ជនជាតិ​កេនយ៉ា​​ត្រូវ​​រំខាន​ដោយ​គ្រោះ​រាំងស្ងួត​ដែល​បង្ខំ​ឱ្យ​​ឈប់​រៀន


រូបឯកសារ៖ កុមារ​ដើរ​កាត់​សាកសព​សត្វ​គោ​មួយ​ក្បាល​នៅ​លើ​វាលខ្សាច់​ក្បែរ​ក្រុង Dertu ក្នុង​ស្រុក Wajir ប្រទេស​កេនយ៉ា ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២១។

គេ​ឃើញ​មាន​បំណែក​សាកសព​សត្វ​ជាច្រើន​គំនរនៅគ្រប់ទីកន្លែង​អំឡុង​គ្រោះ​រាំង​ស្ងួត​មួយ​ក្នុង​ប្រទេស​កេនយ៉ា​ ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​ជិត​៤លាន៥សែន​នាក់​ត្រូវការ​ជំនួយ។​

ក្នុង​ភូមិ​ Quley (ឃូឡេ) ភាគ​ឦសាន​ប្រទេស​កេនយ៉ា​ក្នុង​ស្រុក Wajir (វ៉ាជែរ) មាន​កុមារា​អាយុ​១១​ឆ្នាំ​ម្នាក់​ឈ្មោះ Nadir Mohamed និង​បងប្អូន​ពីរ​នាក់​របស់​គាត់​ក្នុង​ចំណោម​បងប្អូន​សរុប​ប្រាំពីរ​នាក់​ត្រូវ​បាន​គ្រួសារ​ឱ្យ​ឈប់​រៀន​កាល​ពី​ខែ​សីហា​ដើម្បី​មក​ថែ​ទាំ​បសុសត្វរបស់​គ្រួសារ​គាត់។

ម្តាយ​របស់​ពួកគេ​ គឺ​អ្នក​ស្រី​ Hindiya Abdi និយាយ​ថា​គ្រួសារ​គាត់​ត្រូវ​បាន​បង្ខំ​ឱ្យ​ផ្លាស់ទៅ​កន្លែង​ដែល​មាន​វាល​ស្មៅអំណោយ​ផល​ជាង​ បើ​មិន​ដូច្នោះ​ទេ​សត្វ​នានា​នឹង​ត្រូវ​ស្លាប់ ហើយ​ពួកគេ​នឹង​ត្រូវ​អត់ឃ្លាន។

អ្នក​ស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ឱ្យ​កូនៗ​បន្ត​រៀន​សូត្រ។ ប៉ុន្តែ​យើង​ត្រូវ​ការ​ពួកគាត់​ជួយ​ដើម្បី​យើង​រស់រាន​បាន។»

នៅ​ក្នុង​ភូមិ​មួយ​ទៀត​គឺ Karu (ខារូ) យុវជន Sadik Dakane អាយុ​១៧ឆ្នាំ មកដល់​អណ្តូង​មួយ​ក្នុង​ចំណោម​អណ្តូង​ពីរបី​ដែល​មាន​ទឹក​ក្នុង​តំបន់​នេះ។

លោក​បាន​ដើរ​អស់​រយៈពេល​ពីរម៉ោង​ក្រោម​ពន្លឺ​ថ្ងៃ​ដ៏​ក្តៅ​ដើម្បី​មក​យក​ទឹក​ដែលគាត់​ត្រូវ​ការ​ខ្លាំង។

យុវជន Sadik Mohamed បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ឈប់​រៀន​ពេល​ដែល​គ្រោះ​រាំង​ស្ងួត​ចាប់​ផ្តើម។ ឪពុក​របស់​ខ្ញុំ​បាន​ផ្លាស់​ទី​ជាមួយ​ហ្វូង​គោ​របស់​គាត់​ទៅ​ប្រទេស​សូម៉ាលី ទុក​ឱ្យ​ម្តាយ​ខ្ញុំ​និង​ខ្ញុំ​នៅ​ទី​នេះ។»

មូលនិធិ​កុមារ​របស់​អង្គការ​សហប្រជាជាតិ (UNICEF) បាន​និយាយ​ក្នុង​របាយការណ៍​មួយ​កាលពី​ខែ​តុលា​ថា សិស្ស​កេនយ៉ា​ជាង៤សែន​នាក់​ត្រូវ​បាន​ប៉ះពាល់​ដោយ​គ្រោះ​រាំង​ស្ងួត​ ​ហើយ​ប្រមាណ​៦ម៉ឺន​៦ពាន់​នាក់​បាន​ឈប់​រៀន​ទូទាំង​ប្រទេស។

ប៉ុន្តែ​ស្ថានភាព​សម្រាប់​ការ​អប់រំ​របស់​កុមារ​ពិត​ជា​អាច​នឹង​យ៉ាប់យ៉ឺន​ជាង​នេះ។

ប្រភព​នានា​បាន​ប្រាប់​វីអូអេ​ថា​ ការ​ប៉ាន់ស្មាន​ផ្លូវ​ការ​ដែល​មិន​ទាន់ចេញ​ផ្សាយ​បង្ហាញ​ថា​ កុមារ​១០ម៉ឺន​នាក់​បាន​ឈប់​រៀនគ្រាន់​តែ​ក្នុង​ស្រុក​ចំនួន​បី​ប៉ុណ្ណោះ​ ក្នុង​ប្រទេស​កេនយ៉ា គឺ​ស្រុក​ Garissa​ ស្រុក Mandera និង​ស្រុក​ Wajir។

លោក Hashim Elmoge (អេលម៉ូលហ្គេ) ជា​សកម្មជន​អភិបាលកិច្ច​ល្អ​ក្នុង​ស្រុក​ម្នាក់​ដែល​បារម្ភ​ពី​ផល​ប៉ះពាល់​រយៈពេល​វែង​លើ​អនាគត​របស់​កុមារ។

លោក​បាន​និយាយ​ថា៖ «បើសិន​ជា​និន្នាការ​នេះ​នៅតែ​បន្ត យើង​នឹង​អាច​ឃើញ​អត្រា​សិស្ស​ឈប់​រៀន​ធំ​បំផុត។ គឺ​មួយជំនាន់​នេះ​ទាំង​មូល​នឹង​ស្ថិត​ក្នុង​ហានិភ័យ​ ហើយ​អ្នក​ដឹង​ហើយ​ថា​វា​មាន​ន័យ​ថា​យ៉ាង​ដូចម្តេច នៅ​ពេល​ដែល​ជំនាន់​មួយ​មិន​ទទួល​បាន​ការ​អប់រំ​មាន​គុណភាព វា​នឹងបង្កើត​ជាបន្ទុក​[សង្គម]មួយ ដូចជា​ការ​ប្រើប្រាស់​ថ្នាំ​ញៀន អសន្តិសុខ បណ្តាញ​ភេរវកម្ម គំនិត​ជ្រុលនិយម ហើយ​ប្រទេស​ជាតិ​ទាំង​មូល​នឹង​ស្ថិត​ក្នុង​ហានិភ័យ។»

ដើម្បី​បន្ធូរ​ផល​ប៉ះពាល់​នៃ​គ្រោះ​រាំង​ស្ងួត រដ្ឋាភិបាល​និង​ក្រុម​ជំនួយ​បាន​ជីក​អណ្តូង​បន្ថែម​ទៀត ហើយ​និង​នាំ​យក​អាហារ​សង្រ្គោះ​បន្ទាន់​ទៅ​កាន់​ក្រុម​អ្នក​ចិញ្ចឹម​សត្វ​និង​បសុសត្វ​របស់​ពួកគេ។

ទោះ​យ៉ាង​ណា​លោក Jilo Roba អ្នក​សម្របសម្រួល​នៃ​នាយកដ្ឋាន​កុមារ​នៃ​ស្រុក Wajir និយាយ​ថា ​តម្រូវការ​គឺ​ធំធេង​ពេក ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​វត្តមាន​ក្នុង​ថ្នាក់​រៀន​ក្នុង​ចំណោម​សហគមន៍​អ្នក​គង្វាល​សត្វ​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ។

លោក Jilo Roba និយាយ​ថា៖ «ផល​វិជ្ជមាន​ដែល​យើងទទួល​បាន​កាលពី​មុន​កំពុង​ត្រូវ​ប្រែ​ក្រឡាស់​ទៅវិញ​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​នៃ​បាតុភូត​ ឡា នីញ៉ា (La Nina) បច្ចុប្បន្ន។»

ក្រុមមន្ត្រី​និង​សកម្មជន​បារម្ភ​ថា​ បើ​សិន​ជាភ្លៀង​មិន​ធ្លាក់ឆាប់ៗ​នេះ​ទេ​ គ្រួសារ​អ្នក​គង្វាលសត្វ​នឹង​ឱ្យ​កូនៗ​ពួកគេ​ឈប់រៀន ហើយ​គេ​អាច​នឹង​ត្រូវការ​រយៈ​ពេល​យូរ​ខែ​ឬ​ឆ្នាំ ​ដើម្បី​អាច​ឱ្យ​ពួកគេ​ចូល​ថ្នាក់រៀន​វិញ»៕



ប្រែសម្រួល​ដោយកញ្ញា ទុំ ម្លិះ

XS
SM
MD
LG